ដោយសារ​ទម្លាប់​ខ្វះ​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​គ្រូពេទ្យ​រដ្ឋ និង​ពលរដ្ឋ ឬ​​អ្នកជំងឺ​បាន​នាំ​ឲ្យ​អ្នកជំងឺ​ជាច្រើន​​តែងតែ​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន​ឯកជន ឬ​ក៏​ទៅរក​សេវា​សុខាភិបាល​ឯកជន​ជាមុនសិន ហើយ​ប្រសិន​បើ​ព្យាបាល​ទៅ​មិន​រួច ទើប​រត់​មក​រក​សេវា​ពេទ្យ​រដ្ឋ​។ ទម្លាប់​បែបនេះ​នៅតែ​ជាប់​ដិតដាម​លើ​អ្នក​ឈឺ​បន្តិចបន្តួច​ដែល​មិន​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទេ តែ​សុខចិត្ត​ទៅ​ទិញ​ថ្នាំ​ខ្លួនឯង​ ឬ​ក៏​ឲ្យ​បងប្អូន​ទៅ​ផ្សំ​ថ្នាំ​នៅ​ឱសថស្ថាន​ខាង​ក្រៅ​សិន​។ ករណី​ដូចជា​បុរស​ខ្មែរ​ជា​ពលករ​ចំណាកស្រុក​អាយុ​ ២១ ​ឆ្នាំ​ម្នាក់​ដែល​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​ស្លាប់​នៅ​មណ្ឌល​ចត្តាឡីស័ក​ទី​ ១ នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ២២ ខែ​កក្កដា ឆ្នាំ​ ២០២០ ថ្មីៗ​នេះ​ជាដើម​។

បើ​តាម​ក្រសួង​សុខាភិបាល ការស្លាប់​របស់​បុរស​រូប​នេះ មិនមែន​បណ្តាល​មកពី​ជំងឺ​កូវីដ​១៩​នោះទេ​ ខណៈ​ការធ្វើ​តេស្ត​លើក​ទី​ ១ ​របស់​គាត់​មិនឃើញ​មាន​ឆ្លង​ជំងឺ​កូវីដ​១៩ ថ្វីបើ​គាត់​ស្ថិត​ក្នុង​អំឡុងពេល​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ក៏ដោយ​។ ​ប៉ុន្តែ​គាត់​ក៏​អាច​កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ដំណាក់កាល​ថ្ងៃទី​ ១៣ ​ផង​ដែរ​ដែល​ត្រូវយក​សំណាក​ទៅ​ធ្វើ​តេស្ត​ម្តងទៀត​ដើម្បី​បញ្ជាក់​ថា​មាន​ ឬ​គ្មាន​មេរោគ​ឆ្លង​មួយ​នេះ​។ ​

ក្នុង​ដំណាក់កាល​តាមដាន​ជំងឺ​កូវីដ​ ១៩ ​នេះ គឺ​គាត់​មាន​អាការ​កណ្ដាស​ផ្តាសាយ តែ​គាត់​មិន​បាន​ប្រាប់​គ្រូពេទ្យ​ប្រចាំការ​នោះ​ទេ តែ​បែរ​ជា​ពឹង​ឲ្យ​បងប្រុស​ទៅ​ផ្សំ​ថ្នាំ​ផ្តាសាយ​ពី​ខាង​ក្រៅ​មក​លេប ហើយ​ ១ ​ម៉ោង​ក្រោយមក​គាត់​ក៏​ស្លាប់​។ លុះ​ពេល​ក្រុមគ្រូពេទ្យ​យក​សំណាក​គាត់​មក​តេស្ត​មិនឃើញ​មាន​មេរោគ​បង្ក​ជា​ជំងឺ​កូវីដ​ ១៩ ​ទេ​។

តាម​វិធាន​របស់​សុខាភិបាល​គឺ​គេ​បញ្ចុះសព​ទាំង​យប់​ បើទោះបី​ជា​មាន​ការរិះគន់​ក៏ដោយ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ទេ​ព្រោះ​គាត់​ត្រូវ​បាន​គេ​ចាត់​ចូល​ទៅក្នុង​ក្រុម​ដែល​មាន​ហានិភ័យ​។ អ៊ីចឹង​ការអនុវត្ត​វិធានការ​របស់​អាជ្ញាធរ​បែប​នេះ​គឺជា​កាតព្វកិច្ច​ក្នុង​ការការពារ​ជំងឺ​ឆ្លង​ជា​សកល ដើម្បី​ចៀសវាង​ការរីក​រាលដាល​ទៅក្នុង​សហគមន៍​។

បើ​តាម​បទពិសោធ ការឆ្លង​ជំងឺ​កូវីដ​ ១៩​ ទៅក្នុង​សហគមន៍​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ដោយសារ​តែ​ជំនឿ​សាសនា​ដែល​សាច់ញាតិ​បាន​ទៅ​គាស់​យក​សាកសព​ដែល​បាន​ស្លាប់​ដោយ​ជំងឺ​នេះ​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី តែ​ក្រោយមក​មាន​អ្នកចូលរួម​ពិធីបុណ្យ​ចំនួន​ ១៥ ​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ថ្មី​។

នេះ​បើ​តាម​សារព័ត៌មាន​ Asia one ​កាលពី​ខែ​ឧសភា​កន្លងទៅ​។ ​ករណី​ធ្វេសប្រហែស​ធ្វើឲ្យ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ថ្មី​នៅក្នុង​សហគមន៍​នេះ ក៏​មាន​នៅ​រដ្ឋ​វិចតូរៀ ប្រទេស​អូស្ត្រាលី​ផង​ដែរ ដោយ​គ្រាន់តែ​ធ្វើ​តេស្ត​ ១ ​ថ្ងៃ​រកឃើញ​អ្នក​មាន​ផ្ទុកមេរោគ​ដល់​ទៅ​ ៤៨៤ ​នាក់ ​លើ​អ្នក​ដែលមាន​អាការ​ផ្តាសាយ​បន្តិចបន្តួច​ហើយ​គិត​ថា​មិន​អី តែ​នៅ​ពេល​ចេញ​ដើរ​ក្រៅ​ផ្ទះ​ក៏​មាន​ការឆ្លង​កូវីដ​​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​បើ​តាម​សារព័ត៌មាន​ The Age កាលពី​ថ្ងៃទី​ ២២ ​ខែកក្កដា ឆ្នាំ​ ២០២០ កន្លង​ទៅ​នេះ​។

ដោយសារ​ការឆ្លង​កូវីដ​ថ្មី​ទៅក្នុង​សហគមន៍​មាន​លក្ខណៈ​ខុសគ្នា​បែបនេះ ទើប​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​សុខាភិបាល​តែងតែ​ក្រើន​រំឭក​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​ទប់ស្កាត់​ការឆ្លង​ទៅក្នុង​សហគមន៍ បើទោះបី​ជា​បាន​គ្រប់គ្រង​ល្អ​នៅ​ខាងក្នុង​ប្រទេស​ក្ដី​។

ថ្វីបើ​ករណី​ជំងឺ​កូវីដ​ ១៩ ​សុទ្ធតែ​នាំចូល​ពី​ក្រៅប្រទេស​ក្ដី តែ​បញ្ហា​ចម្លង​ពី​ក្រៅ​នេះ​កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​ដោយ​ផ្អែក​តាម​គោលការណ៍​ប្រតិបត្តិ​ (SOP) ​សម្រាប់​អនុវត្ត​ការងារ​នៅក្នុង​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​តាម​ព្រំដែន​អាកាស​ដែល​បាន​ចេញ​កាលពី​ថ្ងៃទី​ ២៩ ខែ មេសា​ ឆ្នាំ​ ២០២០ ​ដោយ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

ក្នុង​ករណី​រកឃើញ​លទ្ធផល​វិជ្ជមាន​​ពេល​ធ្វើ​តេស្ត​លើក​ទី​ ១ ​នៃ​អ្នកដំណើរ​ក្នុង​យន្តហោះ​តែ​ ១ គឺ​អ្នកដំណើរ​ទាំងអស់​ក៏​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ដែរ​រហូត​ដល់​មាន​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃទី​ ១៣ ទើប​គ្រូពេទ្យ​សម្រេច​តាម​ភាពជាក់ស្តែង​។ តែ​អ្វី​ដែល​កំពុង​បារម្ភ​នោះ​គឺ​របៀប​នៃ​ការឆ្លង​កូវីដ​ ១៩​ មាន​ហានិភ័យ​ខ្ពស់​ដូច​ករណី​ ១៥ ​នាក់ ​នៃ​អ្នកដំណើរ​តាម​ជើងយន្តហោះ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៩ ខែ​ កក្កដា​ ឆ្នាំ​ ២០២០ ​ជាដើម​គឺ​ទាល់តែ​ធ្វើ​តេស្ត​លើក​ទី​ ៣ ទើបបាន​រកឃើញ​វិជ្ជមាន​កាលពី​ថ្ងៃទី​ ២៤ ខែ​កក្កដា​។

អ៊ីចឹង​ករណី​នេះ​បាន​ន័យថា ពួកគាត់​អាច​ឆ្លង​តាំងពី​នៅក្នុង​យន្តហោះ​ជាមួយគ្នា​ ឬ​ក៏​តាមរយៈ​សេវា​ដឹកជញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក ឬ​ក៏​អាច​ឆ្លង​នៅ​មណ្ឌល​ចត្តាឡីស័ក​ទាំង​កម្រិត​១​ និង​កម្រិត​ ២ ប្រសិន​បើ​មណ្ឌល​ចត្តាឡីស័ក​ដែល​អាជ្ញាធរ​ផ្តល់​សេវា​ឲ្យ​ទាំងនោះ មិន​ឆ្លើយតប​តាម​ស្តង់ដា​ដែល​ជា​គោលការណ៍​ប្រតិបត្តិ​ (SOP) ​ដូចជា​កន្លែង​ស្នាក់នៅ​ខ្វះ​អនាម័យ​គ្រប់គ្រាន់​ក្នុង​នោះ​មាន​បន្ទប់ទឹក និង​បង្គន់ ឬក៏​ពុំមាន​មន្ត្រី​សុខាភិបាល​ប្រចាំ​ការពន្យល់​អ្នក​ដំណើរ​ឲ្យ​បាន​ច្បាស់​អំពី​វិធានការ​ដើម្បី​ឲ្យ​បាន​យល់​​ និង​អនុវត្ត​តាម​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ ឬ​ក៏​មាន​ការឆកល្វែង​របស់​មន្ត្រី​ប្រចាំការ​នៅពេល​ផ្លាស់ប្តូរ​វេន​គ្នា​​ និង​ការរាយការណ៍​ព័ត៌មាន​ឲ្យ​គ្នា​ណាមួយ​។

អ៊ីចឹង​ហើយ​ទើប​ថ្មីៗ​នេះ​មាន​កើត​ករណី​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​បាន​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​នៅ​​ភ្នំពេញ​ទៅ​ស្នាក់នៅ​ផ្ទះសំណាក់​ ១ ​ក្នុង​​ខេត្ត​កំពង់ចាម​។ តែ​ករណី​ស្ត្រី​ខ្មែរ​អាមេរិកាំង​ដែល​លួច​រត់ចេញ​នេះ​គឺ​ផ្ទុយ​ទៅនឹង​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ជា​​សកល​ឆ្នាំ​ ២០១៥​។ អ៊ីចឹង​ហើយ​ទើប​បាន​សមត្ថកិច្ច​តម្រូវ​ឲ្យ​គាត់​បង់ពិន័យ​ទៅ​តាម​ច្បាប់​នេះ​ចំនួន​ ១ ​លាន​រៀល​​ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​អនុវត្ត​ចត្តាឡីស័ក​របស់​ក្រសួង​សុខាភិបាល​គឺ​ស្នាក់នៅ​សណ្ឋាគារ​មេគង្គ​ដែល​ជា​កន្លែង​មាន​​ស្តង់ដា​។

ដោយសារ​មាន​ករណី​ចម្លង​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ច្រើន​លើសលប់​ដែល​លំបាក​គ្រប់គ្រង​ក្នុង​ការធ្វើ​ចត្តាឡីស័ក​នេះហើយ ទើប​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ជើងយន្តហោះ​មកពី​ប្រទេស​ទាំង​ ២ ​នេះ​ជា​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃទី​ ២៥ កក្កដា ឆ្នាំ​នេះ​។

បើ​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា​បាន​កើន​ដល់​ ២២៥ ​នាក់ ខណៈ​អ្នក​ជា​សះស្បើយ​មាន​ចំនួន​ ១៤៣ ​នាក់​។

បច្ចុប្បន្ននេះ មុខងារ​មន្ទីរ​សុខាភិបាល​ត្រូវបាន​ផ្ទេរ​ឲ្យ​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​រាជធានី-ខេត្ត​ទទួលខុសត្រូវ​លើ​ភារកិច្ច​ដែល​បាន​ផ្ទេរ​ពី​ថ្នាក់ជាតិ​គឺ​ក្រសួង​សុខាភិបាល​កាលពី​ដើម​ឆ្នាំ​នេះ​។

ក៏ប៉ុន្តែ​ករណី​ជំងឺឆ្លង​កូវីដ ​១៩​ នេះ គឺ​ក្រសួង​សុខាភិបាល​នៅតែ​ជួយ​សម្របសម្រួល​តាម​គោលការណ៍​ណែនាំ និង​គោលការណ៍​ប្រតិបត្តិ​ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដឹកនាំ​អនុវត្ត​ដូចជា​ការបង្កើត​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​រាជធានី-ខេត្ត​ដែល​មាន​អភិបាលខេត្ត​ជា​ប្រធាន​។

ហេតុដូច្នេះ​រដ្ឋបាល​រាជធានី-ខេត្ត​ក៏​ជា​សមត្ថកិច្ច​ដឹកនាំ​ផ្សព្វផ្សាយ​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩ នៅ​តាម​សហគមន៍​ឲ្យ​បាន​ខ្លាំងក្លា និង​ត្រួតពិនិត្យ​វាយតម្លៃ​ទៅលើ​ស្តង់ដា​របស់​មណ្ឌល​ចត្តាឡីស័ក​ទាំង​ទី​ ១ និង​ទី​ ២ ជាពិសេស​លើ​ការផ្តល់​សេវា​របស់​គ្រូពេទ្យ និង​ទីតាំង​សុវត្ថិភាព​ឲ្យ​បាន​សមស្រប​ទៅនឹង​អនាម័យ​ខ្ពស់​។ ​

ពីព្រោះ​ពលរដ្ឋ​មួយ​ចំនួន​បាន​យល់ដឹង​ច្រើន​ពី​អនាម័យ​នៅផ្ទះ​របស់គាត់ តែ​បើ​នៅ​មណ្ឌល​​ចត្តាឡីស័ក​មិន​ឆ្លើយតប​ទៅនឹង​អនាម័យ​ក៏​វា​ជា​បញ្ហា​ដែរ​។ ជាង​នេះ​ទៀត​ត្រូវ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទូរស័ព្ទ​មក​លេខ​ ១១៥ ឬ​ក៏​ទាក់ទង​ទៅ​គ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡីស័ក​ដើម្បី​តាមដាន​សុខភាព​របស់​ខ្លួន​ជាជាង​ទិញ​ថ្នាំ​ពី​ខាងក្រៅ មិនមាន​សុវត្ថិភាព​ដែល​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ព្រោះ​ថា​មិន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ តែ​បែរមក​ស្លាប់​ដោយសារ​ការភ័យខ្លាច ឬ​ក៏​មិន​ចង់​ជួប​គ្រូពេទ្យ​រួចមក​សម្រេចចិត្ត​ប្រើប្រាស់​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ទៅវិញ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ​ soprach.tong@phnompenhpost.com