ច​ត្តា​ឡី​ស័ក​ គឺជា​ពាក្យ​ដែល​ពិបាក​អាន ហើយ​មិនឃើញ​មាននៅ​ក្នុង​វចនានុក្រម​សម្តេច ជួន ណាត ឡើយ។ តែ​ពាក្យ​នេះ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ថា (Quarantine) វចនានុក្រម​របស់ Oxford មានន័យ​ថា៖ «ការ​កំណត់​ដែនដី​អំឡុង​ពេល​ ឬក៏​អំឡុង​ពេល​ និង​ទីន្លែង​ដាក់​ឲ្យ​ឆ្ងាយ​ពី​មនុស្ស ​ឬ​សត្វ​ដែល​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​ផ្សេង​ ឬក៏​បាន​បោះ​ទីតាំង​នៅ​កន្លែង​ឆ្លង ឬ​ឆ្លង​ជំងឺ។

សម្រាប់​ការងារ​របស់​មន្ត្រី​ច​ត្តា​ឡីស័ក​វិញ​គឺជា​មន្ត្រី​សុខាភិបាល​ដែល​ស្ថិត​នៅ​ក្រោម​នាយក​ដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ហើយ​តួនាទី​របស់​ពួកគាត់​មាន​ភារកិច្ច​ឈរ​ជើង​តាម​នៅ​ច្រក​ព្រំដែន​ទាំង​អស់​ ដើម្បីធ្វើការ​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​ឆ្លង​កាត់​តាម​បណ្ដា​ច្រក​ព្រំដែន​នានា និង​មាន​ការ​សហការ​ជាមួយ​ពេទ្យ​សត្វ​ដែរ ប្រសិន​បើ​មាន​ករណី​ឆ្លងជំងឺ​ពី​សត្វ​មក​មនុស្ស។

នៅ​ក្នុង​សេចក្តី​ថ្លែង​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ ​បាន​ឲ្យ​ដក​មន្ត្រី​ទាំង​អស់​នៅ​ច្រក​ព្រំដែន​គឺ​ទុក​តែ​មន្ត្រី​តែ ២ ផ្នែក​ទេ គឺ​មន្ត្រី​ប៉ូលិស​អន្តោ​ប្រវេសន៍ និង​មន្ត្រី​គយ ដែល​ទុក​យាម​ប្រចាំការ​នៅ​ច្រក​ទាំង​នោះ​ដែល​កាល​ពី​មុន​មាន​មន្ត្រី ៥ ស្ថាប័ន​ផ្សេង​គ្នា ដូចជា មន្ដ្រី​របស់​សាលា​ខេត្ដ​ជា​ប្រធាន​ទីស្នាក់ការ​ច្រក,មន្ដ្រី​នគរបាល​អន្ដោ​ប្រវេសន៍​នៃ​អគ្គ​នាយក​ដ្ឋាន​អន្ដោ​ប្រវេសន៍​ជា​អនុ​ប្រធាន,មន្ត្រី​គយ​និង​រដ្ឋាករ, មន្ដ្រី​ចត្តា​ឡីស័ក,មន្ត្រី​កាំកុង​ត្រូល កាំសាប​នៃ​អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល​ក្រសួង​ពាណិជ្ជកម្ម។ ក្រោយ​មក​មាន​ថែម ២ ស្ថាប័ន​ទៀត​គឺ​មន្ដ្រី​យោធា​ទំនាក់​ទំនង​ព្រំដែន​និង​មន្ដ្រី​នគរបាល​បង្ក្រាប​គ្រឿង​ញៀន​តាម​ព្រំដែន អ៊ីចឹង​ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េ​រញ៉ៃ​ពាក់ព័ន្ធ​លុយ​កាក់ និង​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ទំនិញ​នាំ​ចេញ​ចូល​នៅ​តាម​ច្រក​ព្រំដែន​នោះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​គេ។

បច្ចុប្បន្ននេះ​នៅតាម​ច្រកព្រំដែន​នៅសល់តែ​មន្ត្រី ២ ផ្នែក​ទេ​គឺ​អន្តោ​ប្រវេស្តន៍​និង​ស្ថាប័ន​គយ។ តែ​ថ្មីៗ​នេះ​មាន​ជំងឺ​ឆ្លង​សត្វ​ជ្រូក​ម្យ៉ាង​ឈ្មោះ ប៉េស​ដែល​កើត​ឡើង​នៅអាហ្្រវិកហើយ​ឆ្លង​មក​ដល់​ប្រទេស​វៀតណាម​ខាងជើង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សម្រេច​ចិត្ត​សម្លាប់​សត្វ​ជ្រូក​អស់​ជាច្រើន​ក្បាល​ដើម្បី​បង្ការ​ជំងឺឆ្លង​ប្រភេទ​ផ្តាសាយ​ប៉េស​នេះ។ចំពោះ​ជំងឺ​ប៉េស​ក្នុង​ចំណោះ​មេរោគ​ទាំង ៣ នៃ​ជំងឺ​នេះ​មាន​មេរោគ ១ ឈ្មោះ Pest Plaque តាម​ទ្រឹស្តី​ពេទ្យ​គឺអាច​ឆ្លង​ពីស​ត្វ​មក​មនុស្ស​អាច​សម្លាប់​មនុស្ស​បាន​តាមរយៈ​បាក់​តេរី​ឈ្មោះ «Yersinia» ប្រសិន​បើ​សត្វ​ជ្រូក​ដែល​មាន​មេរោគ​ប្រភេទ​នេះ​ខាំ​មនុស្ស (https://www.medicinenet.com)។

ករណី​ឆ្លង​ពី​សត្វ​មក​មនុស្ស​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជាថ្មី​សម្រាប់​កម្ពុជា ប្រសិន​បើ​មាន​ករណី​នេះ​ផ្ទុះ​ជំងឺ​ឆ្លងតាម​ព្រំដែន​ចូល​ពី​ប្រទេស​ជិត​ខាង ខណៈ​ដែល​នៅ​តាម​ព្រំដែន​ពុំមាន​ប្រព័ន្ធ​ការពារ​ជំងឺឆ្លង​មក​មនុស្ស​គ្រប់គ្រាន់​ហើយ​មន្ត្រី​ជំនាញ​ផ្នែក​ខ្លះ នៅ​តាម​បណ្ដា​ច្រក​ព្រំដែន​ត្រូវ​បាន​ដក​ចេញ​អស់​ហើយ​នោះ។

កន្លងមក បើទោះបីជា​មន្ត្រី​ច​ត្តា​ឡីស័ក​ម្តង​ដក ម្តង​ដាក់ ដោយ​រាជ​រដ្ឋា-ភិ​បាល​ក៏ដោយ ក៏​នៅ​ពេល​មុន​ការ​ដក​ចុង​ក្រោយ​នេះ​គឺមាន​រយៈពេល​ដ៏​យូរ​ជាង​គេ​ចាប់​តាំង​ពី​មាន​ករណី​ផ្ទុះ​កើត​ឡើង​ជំងឺសា (SARS) កាល​ពី​ឆ្នាំ ២០០៣ នៅ​ក្នុង​តំបន់​អាស៊ី​ដែល​រាជ​រដ្ឋាភិបាល​បាន​ចាត់​មន្ត្រី​ចត្តា​ឡីស័ក​ឲ្យ​ទៅ​ឈរ​ជើង​នៅ​ច្រក​ព្រំដែន​ទាំង​អស់​ឡើង​វិញ​ដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លង​ដ៏កាច​សាហាវ​នេះ ជាពិសេស​នៅ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង ២ នៅ​ភ្នំពេញ និង​សៀមរាប ក៏​ដូចជា​រាល់​អ្នក​ដំណើរ​តាម​ច្រក​កំពង់ផែ​កំពង់សោម​ចូល​មក​ប្រទេស​កម្ពុជា។

ដោយឡែក​ងាក​មក​មើល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​វិញ​បែរជា​នាំគ្នា​ផ្អើល​ហូប​បបរ​សណ្តែក​ខៀវ​ទាំង​យប់​ដោយ​មាន​ជំនឿ​ថា អាច​ការពារ​ជំងឺសា នេះ​បាន ដែល​ធាតុ​ពិត​បបរ​សណ្តែក​ខៀវ​មិន​អាច​ទប់ទល់​ជំងឺ​សា​នេះ​បាន​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​មន្ត្រី​ចត្តា​ឡីស័ក​ធ្វើការ​ត្រួត​ពិនិត្យ​បាន​ល្អ​ជាមួយ​នឹង​ការ​បំពាក់​ម៉ាស៊ីន​ស្គែន​កម្ដៅ​អ្នក​ជំងឺ​បាន​ល្អ បើ​ទោះបី​ជា​មាន​ការ​ភ្លាត់ភ្លាំង​រឿង​កូន​សិស្ស​ខ្មែរ​ទៅ​រៀន​នៅ​ប្រទេស​ចិន​រួច​ហើយ​បាន​ត្រឡប់​មក​ប្រទេស​វិញ​ជាមួយ​នឹង ការ​រាយ​ការណ៍​ថា មាន​កម្ដៅ​លើស​ពី​ធម្មតា តែ​ត្រូវ​បាន​មន្ត្រី​តាម​ដាន​ហើយ​ធ្វើ​តេស្ត​ឈាម​មាន​មេរោគ​ជំងឺសា និង​ខ្នះខ្នែង​ព្យាបាល​បាន​ទាន់​ពេល​មិន​ឲ្យ​ឆ្លង។

រីឯ​ជំងឺឆ្លង​អេបូឡា (Ebola) ក៏​មន្ត្រី​ចត្តា​ឡីស័ក​ធ្លាប់​បាន​ចូលរួម​ចំណែក​ទប់ស្កាត់​បាន​តាំង​ពី​ច្រក​ចូល​តាម​ព្រំដែន​មក​ម្ល៉េះ។

តាមរយៈ​នាយកដ្ឋាន​ការពារ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​រាយការណ៍​ថា ក្រៅពី​ជំងឺសា​និង​ជំងឺ​អេបូឡា​ក៏មាន​ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត​ដូចជា ជំងឺ​ផ្តាសាយ​បក្សី (H5N1) និង​ជំងឺ​ផ្តាសាយ​ជ្រូក (H1N1) ដែល​ផ្ទុះ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ ២០០៥ ដល់ ២០១៤ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​ដល់​ទៅ ៣៧ នាក់។

ក្រៅ​ពី​នោះ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​ក៏មាន​ករណី​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​តាម​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​ផងដែរ តែ​អាជ្ញាធរ​បាន​គ្រប់គ្រង​និង​ទប់​ទល់​បាន​ចំពោះ​ការរីក​រាល​ដាល​ជំងឺ​នេះ​ទាំង​ក្នុង​ស្រុក​និង​ទាំង​ការ​ឆ្លង​ទៅ​ប្រទេស​ជិត​ខាង​បាន​តាមរយៈ​ការ​សម្លាប់​មាន់​ទា​ដែល​រក​ឃើញ​មេរោគ​និង​មាន់​ទា​ដែល​សង្ស័យ​ថា មាន​ជំងឺ​នេះ​នៅ​តំបន់​ដែល​បាន​ផ្ទុះ​ជំងឺ​នេះ។ នេះ​បើ​តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​បាន​រាយការណ៍។

ម្យ៉ាងវិញទៀត​មន្ត្រី​ច​ត្តា​ឡី​ស័ក​បាន​ចូលរួមចំណែក​លើកស្ទួយ​សុខភាព​អ្នក​ដំណើរ​ជាមួយ​នឹង​ការ​ដឹក​ទំនិញ​តាម​នាវា​តាមរយៈ​ការ​ពិនិត្យ​សុខភាព​អ្នក​នៅលើ​នាវា​ដឹក​ជញ្ជូន​ទាំង​អស់​ទាំង​ចេញ ទាំង​ចូល ហើយ​មន្ត្រី​ចត្តា​ឡីស័ក​ចេញ​វិញ្ញាបន​បត្រ​ដើម្បី​ឲ្យ​ឆ្លើយតប​ទៅ​នឹង​ស្តង់ដា​អន្តរជាតិ​ការពារ​ជំងឺ​ឆ្លង​តាម​នាវា​ទំនិញ​ដែល​នៅ​លើ​ផ្ទៃ​សមុទ្រ​រយៈពេល​យូរថ្ងៃ​នោះ។

ជាងនេះទៅទៀត គឺ​ឆ្លើយតបបានទៅនឹង​ស្តង់ដា​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ចូលរួម​ចំណែក​បង្ការ​និង​ការពារ​ជំងឺ​ឆ្លង​នៅ​ក្នុង​តំបន់​ផង​ដែរ តាមរយៈ​ការ​គ្រប់គ្រង​សុខភាព​អន្តរជាតិ ( International Health Regulations) ការ​ពិនិត្យ​តាម​ដាន​សុខភាព​តាម​ច្រក​ព្រំដែន​ហើយ​ក៏​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ផង​ដែរ នៅ​ពេល​ភ្ញៀវ​ទេសចរ​មក​ប្រទេស​កម្ពុជា​ដែល​ការពារ​ជំងឺ​ឆ្លង​បាន​ល្អ។

ជាក់​ស្តែង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ប្រគល់​នូវ Standy QR code ប្រព័ន្ធ​វាយ​តម្លៃ​បដិ​សណ្ឋារកិច្ច​ល្អ​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ចូលរួម​ធ្វើការ​វាយ​តម្លៃ​សេវា​បដិ​សណ្ឋារកិច្ច​ល្អ​របស់​ច្រកទ្វារ​អន្តរជាតិ​ចាំយាម៖ មន្ត្រី​អន្តោ​ប្រវេសន៍ មន្ត្រី​គយ និង​មន្ត្រី​ចត្តា​ឡីស័ក ។

ហេតុដូច្នេះ ហើយ​រាជរដ្ឋាភិបាល​គួរតែ​ពិចារណា​ក្នុងការ​ដាក់​ឲ្យ​មាន​មន្ត្រី​ចត្តា​ឡីស័ក​ឲ្យ​ត្រឡប់​មក​កាន់​កន្លែង​ច្រក​សំខាន់​សិន ដូចជា​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​ភ្នំពេញ​និង​នៅ​សៀមរាប​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ច្រក​ប៉ោយបែត ច្រក​បាវិត និង​ច្រក​ត្រពាំង​កៀស​ដើម្បី​ទប់ទល់​នឹង​ជំងឺឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​និង​ពី​សត្វ​មក​មនុស្ស​ក៏​ដូចជា ការ​ចូលរួម​លើក​ស្ទួយ​ដល់​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ផងដែរ៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com