សកម្មភាពវិវាទគ្នារវាងយុវជនកើតឡើងអាស្រ័យទៅនឹងទម្លាប់របស់ប្រទេស ឬក៏តំបន់នីមួយៗនៅក្នុងប្រទេសរៀងៗខ្លួន ដែលធ្វើឲ្យភាគីម្ខាងទៀតខឹងសម្បាតាមរយៈការធ្វើកាយវិការក្តី ការហៅត្រកូលគ្នាការដៀលគ្នាថាអា ឬក៏មីខ្ទើយ អាខ្វាក់ អាខ្វិន អាឆែប អាខ្មៅ អាតឿ អាក្រញាញ់ អារហាម មើលមុខឌឺដងដាក់គ្នា ជាដើម។
ករណីប្រើពាក្យអសុរោះដាក់គ្នានេះគឺជាដើមហេតុចម្បងដែលធ្វើឲ្យមនុស្សចាប់ផ្តើមតឹងសរសៃកដាក់គ្នារករឿងឈ្លោះប្រកែកគ្នា ហើយពេលខ្លះធ្វើឲ្យភាគីទាំងសងខាងលែងនិយាយរកគ្នា ខ្លះក៏ឈានដល់ការវ៉ៃតប់គ្នាឲ្យរងរបួសធ្ងន់ អាចឈានដល់ស្លាប់ក៏មាន ជាពិសេសក្នុងចំណោមយុវជន និងកុមារ ដែលងាយនឹងខឹងឈ្លោះគ្នាវាយគ្នាប្រាវៗ មិនថានៅក្នុងសាលារៀន ឬនៅសហគមន៍តាមភូមិនោះទេ។
ជួនកាលវាយចំកន្លែងទំនងឈានដល់ការស្លាប់ក៏មានដែរ ដូចកាលពីពេលថ្មីៗនេះ យុវជនសិស្សសាលាឯកជន AIS រាជធានីភ្នំពេញ បានឈ្លោះគ្នាវាយតប់គ្នានៅមុខសាលា ពេលចេញពីរៀន។ បើមើលតាមវីដេអូឃ្លីប កាមេរ៉ាតាមផ្ទះដែលបានចែករំលែកតាមហ្វេសប៊ុកដូចជាយុវជនទាំង ២ នាក់មិនឈ្លោះប្រកែកគ្នាអីធំដុំទេមិត្តភក្តិរបស់ពួកគេ ក៏មិនជួយឃាត់ដែរ សួរទៅថាមកពីភាគីម្ខាងទៀតហៅ «អា» ធ្វើឲ្យយុវជនម្ខាងទៀតខឹងសម្បាថា ឌឺក៏វាយគ្នាដៃទល់នឹងដៃ។
នៅពេលចប់មួយវគ្គក៏ឈប់វាយគ្នាពេលយកម៉ូតូបើកចេញក៏ឆ្លៀតហក់ធាក់គ្នា ហើយវាយគ្នាមួយប្រាវទៀតធ្វើឲ្យភាគីម្ខាងត្រូវចំកញ្ចឹងកភ្លាត់ស្នៀតស្លាប់ភ្លាមមួយរំពេច យកទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតមិនទាន់ក៏ក្លាយទៅជាជនរងគ្រោះ។ ឥឡូវនេះយុវជនដែលវាយមិត្តរួមសាលាជាមួយគ្នា ក្លាយទៅជាឃាតករទៅវិញ ត្រូវបានតុលាការសម្រេចឃុំខ្លួន។
តាមរយៈរបាយការណ៍ជាសកលមួយរបស់អង្គការ UNESCO ឆ្នាំ ២០១៩ ស្តីពីការបញ្ឈប់ការប្រើពាក្យអសុរោះ និងការវាយតប់គ្នានៅក្នុងសាលារៀនបានរកឃើញថា មានសិស្សសាលាម្នាក់ក្នុងចំណោម ៣ នាក់ធ្លាប់ទទួលរងការប្រើពាក្យមិនសមរម្យពីមិត្តរួមសាលារបស់ពួកគេយ៉ាងហោចណាស់ម្តងកាលពីខែមុន។ កូនសិស្សសាលា ៣៦ ភាគរយនៃអ្នកផ្តល់សម្ភាសន៍ធ្លាប់ចូលរួមវាយតប់គ្នាជាមួយសិស្សដូចគ្នាដោយសារតែការប្រើពាក្យចំអក។
រីឯការសិក្សាស្រាវជ្រាវយុវវ័យនៅរាជធានីភ្នំពេញចំនួន ៥៨០ នាក់ ដែលមានអាយុពី ១៣ ដល់ ២៨ ឆ្នាំ ស្តីអំពីឥរិយាបថយុវវ័យចំពោះក្មេងទំនើង និងវាយតប់គ្នាមានយុវវ័យចំនួន ៦៨ ភាគរយ ជាសិស្សសាលាមានការភ័យខ្លាចយុវវ័យវាយតប់គ្នា (Bearup &Soprach, 2003)។
ជាទូទៅការវាយតប់គ្នាក្នុងចំណោមយុវជន គឺច្រើនតែផ្តោតតែយុវវ័យជាប្រុសទេ មិនសូវឃើញយុវតីឡើយ។ តែមកដល់សម័យឌីជីថលនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានអនឡាញ ឥឡូវលឿននៅទីណាក៏ថតមកបង្ហាញបានចែករំលែក ក៏ឃើញមានសកម្មភាពលេចធ្លោឡើងដៃទៅលើយុវតីខាងបញ្ចេញហិង្សាដាក់គ្នាបង្ហោះឌឺដងដាក់គ្នាដោយមិនញញើតសមត្ថកិច្ចអ្វីបន្តិចសោះមិនថានៅសាលារៀន ឬក៏នៅសហគមន៍តាមភូមិនោះទេ គឺបញ្ចេញលក្ខណៈទំនើងដូចប្រុសៗដែរ។
ថ្មីៗនេះឃើញសុទ្ធតែទូរស័ព្ទហៅគ្នីគ្នាពីសាលាចិនទុនហ័រមកវាយមិត្តរួមសាលាជាមួយគ្នាតែម្នាក់ឯងនៅវិទ្យាល័យផ្សារដើមថ្កូវ រាជធានីភ្នំពេញគ្នាគេមានដល់ទៅ ៤ នាក់ទាត់ធាក់ដូចបាវសាក់ និងជេរដៀលត្មះ។ តែដល់រូបភាពហិង្សាហ្នឹងក្លាយជាភ័ស្តុតាងសម្រាប់សមត្ថកិច្ចល្មមដាក់បន្ទុកផងដែរទៅយុវតីទាំង ៤ នាក់ឲ្យទទួលកំហុស ហើយសុំទោសយុវតីជនរងគ្រោះ និងរៃលុយគ្នាប្រមូលបាន ២ ពាន់ដុល្លារ សងជំងឺចិត្តទៅជនរងគ្រោះ។
បន្ទាប់ពីមាន ២ ករណីខាងលើទាំងសាលាឯកជន និងសាលារដ្ឋធ្វើឲ្យក្រសួងអប់រំ យុវជន និងកីឡា ក៏ប្រតិកម្មចេញសេចក្តីប្រកាសភ្លាមៗផងដែរកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ ជាមួយនឹងការសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិត យុវសិស្សសាលាឯកជន AIS ផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននិយាយអំពីវិធានការពង្រឹង និងការលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌នៅតាមគ្រឹះស្ថានសិក្សាផ្សារភ្ជាប់នូវអ្វីដែលក្រសួងបានដាក់ចេញឲ្យអនុវត្តមានតាំងពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា និងសេចក្តីណែនាំការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីសាលានីមួយៗភ្ញាក់ស្មារតីឡើងកុំឲ្យធ្វេសប្រហែសទៀត។ តែបើកូនសិស្សនៅតែមិនព្រមស្តាប់បទបញ្ជាផ្ទៃក្នុងគឺក្រសួងនឹងបណ្តេញចេញពីសាលា។
សម្រាប់នៅសាលារៀន ក្រសួងអប់រំធ្វើបានប៉ុណ្ណឹង តែនៅតាមសហគមន៍វិញ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី សមត្ថកិច្ច និងកាតព្វកិច្ចរបស់ឪពុកម្តាយទៅវិញទេ។ ដូចករណីយុវតីបងធំនៅស្រុកមេសាងខេត្តព្រៃវែងបង្ហោះរូបភាពតាមហ្វេសប៊ុកបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅទឹកដីនោះត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រីឯករណីកាលពីពេលថ្មីៗនេះដែរនៅសួនច្បារមុខវត្តបទុមវតីក្រុមយុវតី ១ ក្រុមព្រួតវាយយុវតីម្នាក់ឡើងដេកនៅនឹងដីដូចកីឡាករវ៉ៃគ្នាដាក់ទ្រុង MMA ទម្រាំតែមានអ្នកឃាត់យុវតីរងគ្រោះឡើងទ្រម។ ការដែលយុវតីចេះជ្រួលជ្រើមតាមគ្នាដើរតួឯកជើងកាងដើរវ៉ៃគេឯងដូចនេះគឺមិនខុសពីប្រុសៗទេ បណ្តាលមកពីមូលហេតុខ្សោយក្នុងការសិក្សា គឺសម្ភារអូសទាញតាមរយៈរូបភាពហិង្សាតាមហ្វេសប៊ុក និងតាមបទចម្រៀង «ស្គាល់ឡានសារ៉ែនអត់បង» ដែលបង្ហាញរូបភាពស្ត្រីទាញប៉័ងតោ និងដាវដេញកាប់ កូនកំលោះ និងកូនក្រមុំផ្អើលពេញរោងការ។
ចំពោះការចូលរួមសកម្មភាពប្រើអំពើហិង្សាដាក់គ្នាក្នុងចំណោមយុវវ័យទាំងប្រុសទាំងស្រីបែបនេះ ដោយសារតែការប្រើពាក្យអសុរោះដាក់គ្នា តាមរយៈផ្ទាល់មាត់ និងតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិកទំនើបត្រូវបានអ្នកស្រាវជ្រាវធ្វើការប្រៀបធៀបគ្នានៃផលគ្រោះថ្នាក់។
ជាលទ្ធផលបានបញ្ជាក់ថា ការប្រើពាក្យអសុរោះដាក់គ្នាតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិកទំនើបកាន់តែអាក្រក់ជាងតាមរយៈផ្ទាល់មាត់ ហើយការប្រើពាក្យអសុរោះតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិកទំនើបហ្នឹងត្រូវបានគេរកឃើញមាន ៤ ទម្រង់រួមមាន៖ ការផ្ញើសារតាមឌីជីថលបណ្តាញសង្គមតាមអ៊ីមែលតាមទូរស័ព្ទ និងតាមរូបភាព ឬក៏វីដេអូឃ្លីប។ នេះបើតាមការសិក្សាស្រាវជ្រាវបែបគុណភាពចំពោះសិស្សសាលានៅសាធារណរដ្ឋអៀរឡង់ចំនួន ១២២ នាក់ដែលមានអាយុពី ១២ ដល់ ១៨ ឆ្នាំ (NUI, 2013)។
ម្យ៉ាងវិញទៀតនៅឆ្នាំ ២០១៩ កន្លងទៅនេះអង្គការ UNICEF នៅស្នាក់ការកណ្តាលបានធ្វើការស្រាវជ្រាវពីឥរិយាបថយុវជនអាយុពី ១៥ ដល់ ២៥ ឆ្នាំមានប្រទេសកម្ពុជាក្នុងចំណោមប្រទេសចំនួន ១៦០ ធ្វើសំណាកក្នុងការសិក្សានេះគឺរកឃើញថា ៨៥,៧ ភាគរយនៃពួកគេប្រឈមនឹងគ្រោះថ្នាក់ដោយសារតែអំពើហិង្សាតាមវេបសាយ ការប្រើពាក្យអសុរោះតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិកទំនើប និងការយាយីគ្នាតាមរយៈអនឡាញឌីជីថល។
រីឯអង្គការ UNICEF ប្រចាំនៅកម្ពុជាកាលពីឆ្នាំ ២០១៨ បានធ្វើការស្រាវជ្រាវឥរិយាបថកុមារ និងក្មេងជំទង់នៅសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញចំនួន ១១៤០ នាក់ដែលមានអាយុ ១៤ ឆ្នាំចុះក្រោម។ ជាលទ្ធផលរកឃើញថា ក្មេងជំទង់ជាងពាក់កណ្តាល (៥២,៤ ភាគរយ) មានមិត្តភក្តិជាសមាជិកក្រុមក្មេងទំនើងដែលតែងតែប្រព្រឹត្តអំពើហិង្សា និងវាយតប់គ្នា។
គ្រាន់តែរយៈពេល ៥ ឆ្នាំពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃបានដកស្រង់ទិន្នន័យអំពីសមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងដែលវាយតប់គ្នា និងប្រព្រឹត្តបទល្មើសបានចំនួន ២៦៦៦ នាក់។ បើតាមបទពិសោធដែលខ្ញុំធ្លាប់បានធ្វើការជាមួយយុវជន ១០ ឆ្នាំ និងជាអ្នកស្រាវជ្រាវទៅលើឥរិយាបថ និងសកម្មភាពរបស់ក្មេងទំនើងសង្កេតឃើញថា និន្នាការនៃសកម្មភាពឈ្លោះប្រកែកគ្នា និងវាយតប់គ្នារបស់ពួកគេមានលក្ខណៈរង្វើលជាងប៉ុន្មានឆ្នាំមុន។
មេរៀនដែលខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាល និងពីការធ្វើទស្សនកិច្ចសិក្សាស្តីពីការកសាងសន្តិភាព និងការដោះស្រាយបញ្ហាទំនាស់យុវជនតាមសាលារៀន និងសហគមន៍នៅប្រទេសមួយចំនួន និងសមាជិកអាស៊ានខ្លះផងដែរកន្លងមក។ បើទោះបីជាប្រទេសមួយចំនួនមានការរីកចម្រើនខាងសេដ្ឋកិច្ចហើយក៏ដោយ ក៏នៅមានវិបត្តិខ្លះមានទំនាស់គ្នាដោយសារតែការប្រើពាក្យអសុរោះក្នុងចំណោមកុមារ និងយុវជនដែលមានជាតិសាសន៍ខុសគ្នាច្រើន មិនថានៅសាលារៀន ឬនៅសហគមន៍ទេ។
ហេតុដូច្នេះហើយរាជរដ្ឋាភិបាលគួរតែរៀបចំឯកសារលម្អិតករណីសិក្សាខ្លីៗ និងអប់រំតាមឌីជីថលសម្រាប់អនុវត្តស្តីពីការប្រើពាក្យពេចន៍ឲ្យបានសមរម្យដែលឆ្លើយតបជាក់ស្តែងទៅតាមតំបន់ សាសនា វប្បធម៌ទម្លាប់ការរស់នៅរបស់កុមារ និងយុវជន ដើម្បីដោះស្រាយបញ្ហាទំនាស់គ្នាឲ្យកាន់តែលម្អិតបន្ថែមទៀតនៅរដ្ឋបាលមូលដ្ឋានកម្រិតក្រុង/ស្រុក/ខណ្ឌទាំងនៅតាមសាលារៀនដែលមានក្រុមប្រឹក្សាយុវជន និងកុមារ។
រីឯនៅសហគមន៍វិញ គួរមានមជ្ឈមណ្ឌលសម្រាប់យុវជន និងកុមារ ការរៀបចំជាសិល្បៈការសម្តែង មណ្ឌលស្ថារនីតិសម្បទា ការរកការងារធ្វើ សកម្មភាពផ្សព្វផ្សាយនៅតាមសហគមន៍ផ្ទាល់ និងមានប៉ូលិសមូលដ្ឋានការពារកុំឲ្យក្មេងទំនើងមកពីខាងក្រៅមកអុកឡុកក្នុងតំបន់របស់ពួកគេទៀតផង។ មានតែគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាពក៏អនុវត្តមិនគ្រប់គ្រាន់ដែរ។
មិនតែប៉ុណ្ណោះគឺក្រុមប្រឹក្សាស្រុកគួរមានប្រព័ន្ធតាមដាន និងវាយតម្លៃនូវការអនុវត្តការប្រើពាក្យពេចន៍សមរម្យ និងការទប់ស្កាត់អំពើហិង្សាក្នុងចំណោមយុវជន និងកុមារ។ បើនៅសាលារៀនគឺគេបណ្តុះបណ្តាលរបៀបផ្សះផ្សាគ្នា របៀបផ្តល់ប្រឹក្សាចំពោះកុមារ និងយុវជនដែលសកម្មធ្វើជាអ្នកផ្សព្វផ្សាយបន្តដល់មិត្តភក្តិរបស់ពួកគេ ជាពិសេសការអប់រំតាមឌីជីថលផងដែរ។ ចំណែកឯឪពុកម្តាយគឺមានតួនាទីតាមដានកូនៗពួកគេ និងផ្តល់ដំបូន្មានបន្ថែមទៀតនៅផ្ទះ ការប្រើប្រាស់ទូរស័ព្ទ ឬក៏ tablets ដែលប្រើពាក្យមិនសមរម្យ។
បើដូចអ្វីដែលក្រសួងអប់រំមានសព្វថ្ងៃនេះក្នុងការដោះស្រាយបញ្ហាទំនាស់នៅតាមសាលារៀនដូចជា គោលនយោបាយ និងសេចក្តីណែនាំនូវបទបញ្ជាផ្ទៃក្នុងមិនទាន់ស៊ីជម្រៅ និងមិនទាន់គ្រប់គ្រាន់ទៅតាមបច្ចុប្បន្នភាពសម័យឌីជីថលនៅឡើយទេ ទោះបីជាមានក្រុមប្រឹក្សាយុវជន និងកុមារ តែពួកគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ និងភាគច្រើនមិនសកម្ម៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com