កាលពី​សប្តាហ៍​មុន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បង្ក្រាប​ក្រុមហ៊ុន​ចែកចាយ​ឱសថ​ក្លែងក្លាយ​​ និង​ហួស​សុពលភាព​ «​ខេមបូឌា ខបភើរេសិនហ្វាម៉ា​» បន្ទាប់ពី​ធ្វើ​សកម្មភាព​អស់​ ៧ ​ឆ្នាំ​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដោយ​​សមត្ថកិច្ច​បាន​រឹបអូស​ឱសថ​​ក្លែងក្លាយ​ និង​ហួស​កាលកំណត់​រហូត​ដល់​ ៤០ ​តោន​ឯណោះ​។

នេះ​គ្រាន់​តែ​បង្ក្រាប​លើ​ក្រុមហ៊ុន​នាំ​ចូល​ឱសថ​ត្រឹម​ ១ ​កន្លែង​ផង រឹបអូស​បាន​ឱសថ​ក្លែងក្លាយ​ដល់​ ៤០ ​តោន​ទៅ​ហើយ ចុះ​ប្រសិន​បើ​ចុះ​ស៊ើបអង្កេត​​ និង​ធ្វើ​ឆែក ​(Spot check) តាម​ក្រុមហ៊ុន​នាំ​ឱសថ​ចូល​ពី​បរទេស​ផ្សេងៗ​ទៀត​គឺ​ច្បាស់​ជា​មាន​ជាប់​ជា​បន្តបន្ទាប់​គ្នា​ដូច​សម្ល​កំពឹស​អ៊ីចឹង រីឯ​ការ​រឹបអូស​ឱសថ​ក្លែងក្លាយ​ និង​ហួស​កាលកំណត់​ក៏​អាច​នឹង​មាន​រាប់រយ​តោន​ច្រើន​ជាង​នេះ​។

តែ​បើ​​សាកល្បង​ធ្វើ​លឿន​ដូច្នេះ គឺ​វា​អាច​ប៉ះ​សែស្រឡាយ​អ្នក​ធំៗ​ទាំង​នៅ​ក្រសួង​សុខាភិបាល​ទាំង​មន្ត្រី​មាន​បុណ្យ​ស័ក្ដិធំ​ដែល​នៅ​ពី​ក្រោយខ្នង ខណៈ​ការផ្ដល់​តម្រុយ​ឱ្យ​គ្នា​មិន​ទាន់​ពេល​ចំពោះ​នៅ​ទីតាំង​ដែល​ត្រូវ​ចុះបង្ក្រាប​។

ប៉ុន្តែ​បើ​ចាំ​ចាប់​ក្រុមហ៊ុន​ ១ ​ឱ្យ​ផ្អើល រួច​បាត់​ ៣ ​ខែ​សឹម​បង្ក្រាប​ទៀត​ ឬ​ក៏​ការបង្ក្រាប​រង្វើលៗ​ទៅ​ក៏​សម​ដែរ ដើម្បី​ងាយស្រួល​ក្នុង​បែកធ្លាយ​ការសម្ងាត់​ថា​នឹង​ចុះ​ចាប់​នៅ​តំបន់​ណា​ដែល​ការធ្វើ​បែប​នេះ​អាច​​ជួយ​ក្រុមហ៊ុន​នាំ​ចូល​ឱសថ​នោះ​មាន​លទ្ធភាព​លាក់បាំង​ឱសថ​ក្លែងក្លាយ​ដោយ​ផ្ទេរ​ទៅ​កន្លែង​ផ្សេង ហើយ​ទុក​តែ​ឱសថ​ចុះ​បញ្ជិកា និង​បង់ពន្ធ​រួច​ដាក់​លក់​សិន​ប៉ុណ្ណោះ ហើយ​ពេល​ស្ងប់​សឹម​យក​ឱសថ​ក្លែងក្លាយ​មក​ធ្វើ​ចរាចរណ៍​វិញ​ ឬ​ក៏​ដូរ​យុទ្ធសាស្ត្រ​ទៅ​លក់​តាម​​អនឡាញ ទាន់​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​តាម​អនឡាញ​ (E-commerce) មិន​ទាន់​អនុម័ត​។

ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើក​​នេះ វា​មិនមែន​ជា​រឿង​ចម្លែក​ ឬ​ក៏​កត្តា​ចៃដន្យ​នោះ​ទេ តែ​ជា​ការ​អនុវត្ត​ស្រប​គ្នា​នឹង​ការបារម្ភ​របស់​លោក​នាយករដ្ឋមន្ត្រី​ចំពោះ​សុខភាព​ពលរដ្ឋ​ ​និង​ឱ្យ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​ដល់​ជនល្មើស​ដែល​ចរាចរណ៍​ឱសថ​ក្លែងក្លាយ ខណៈ​លោក​ចូលរួម​ថ្លែង​បើក​សន្និសីទ​ថ្នាក់​តំបន់​ទន្លេមេគង្គ​ និង​ប្រទេស​បារាំង​រួម​គ្នា​ស្តីពី ​“​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​” ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កាលពី​ដើម​ខែ​នេះ​។

ស្ទើរតែ​ជាទូទៅ​ទៅ​ហើយ​ចំពោះ​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​បែប​នេះ​គឺ​ ១ ​ឆ្នាំ ឃើញ​ម្តង​រួច​​ក៏​ស្ងប់ស្ងាត់​ទៅវិញ​។ ប៉ុន្តែ​សំណួរ​សួរថា តើ​មាន​ការ​ឃុបឃិត​គ្នា​យ៉ាង​ដូចម្តេច​រវាង​មន្ត្រី​គយ​ និង​កាំកុងត្រូល​ដែល​បណ្ដោយ​ឱ្យ​ឱសថ​ក្លែងក្លាយ​ដល់​ទៅ​ ៤០ ​តោន​អាច​ចូល​ក្នុង​ស្រុក​បាន​​ស្រួលៗ​បែប​នេះ​? ​

បើ​តាម​នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធាន​គណៈកម្មាធិការ​ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​គឺ​នាំ​ចូល​តាម​ច្រក​កំពង់ផែ អ៊ីចឹង​សួរ​ថា​តើ​មន្ត្រី​ពាក់ព័ន្ធ​ណា​ខ្លះ​ដែល​ទទួល​បន្ទុក​ត្រួតពិនិត្យ​ទំនិញ​នោះ​? ព្រោះ​ក្រសួង​សុខាភិបាល​បាន​បញ្ជូន​បញ្ជី​រាយនាម​មុខ​ទំនិញ​ឱសថ​​ដែល​អាច​អនុញ្ញាត​ឱ្យ​ប្រើ​នៅ​កម្ពុជា​ដោយ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ទៅ​អគ្គនាយកគយ អគ្គនាយក​ពន្ធដារ និង​អគ្គនាយ​កាំកុងត្រូល​។ អ៊ីចឹង​បាន​ន័យ​ថា​ឱសថ​ណា​ដែល​មិន​មាន​ក្នុង​បញ្ជិកា គឺ​សុទ្ធតែ​ក្លែងក្លាយ​ ឬ​ហួស​កាលកំណត់​។

បើ​ឱ្យ​នាំ​ចូល​ឱសថ​ក្លែងក្លាយ​ស្រួលៗ​រាប់សិប​តោន​បែប​ហ្នឹង តើ​ឱ្យ​គណៈកម្មាធិការ​ចាប់​ម៉េច​អស់​ទៅ​? ​ដល់​ពេល​មាន​ការ​អី មន្ត្រីៗ​ឆ្លើយ​ដាក់​គ្នា​យក​តែ​រួច​​ខ្លួន​គឺ​ចប់ ឯ​អ្នក​រងគ្រោះ​ពី​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​ និង​ហួស​កាល​កំណត់​បែប​នេះ​គឺ​ពលរដ្ឋ​ដែល​មិន​មាន​ការយល់ដឹង​ពី​ផលប៉ះពាល់​របស់​វា​។

ចំពោះ​ពាក្យ​ថា​ «​ឱសថ​ក្លែងក្លាយ​» ​អាច​ត្រូវ​បាន​គេ​បកស្រាយ​បាន​ថា គឺជា​ឱសថ​មាន​ឈ្មោះ​ក្រុមហ៊ុន​ផលិត​ត្រឹមត្រូវ​ដែល​មាន​គុណភាព​ដែរ តែ​គេចពន្ធ​និង​មិន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​។

ម្យ៉ាងទៀត​ឱសថ​ក្លែងក្លាយ​គឺ​​ជា​ប្រភេទ​ឱសថ​ដែល​ត្រូវ​បាន​គេ​ក្លែង​គុណភាព​ដើម ដោយ​ធ្វើ​ភិនភាគ​ឱ្យ​ដូច​គ្នា តែ​មិន​សុទ្ធ​។ នេះ​ហើយ​ជា​បញ្ហា​ដែល​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​​ដែល​គ្មាន​សមត្ថភាព​អាច​ដឹង​បាន​ថា ឱសថ​ណា​ពិត ឱសថ​ណា​ក្លែងក្លាយ​។ រីឯ​ឱសថ​ហួស​សុពលភាព​ ឬ​ហួស​កាលកំណត់​​នោះ​គឺជា​ឱសថ​ល្អ តែ​ហួស​កាលកំណត់​ប្រើ​ដែល​លែង​មាន​ប្រសិទ្ធភាព​ ឬ​ក៏​អាច​ប្រើ​ទៅ​បែរ​ជា​ស៊ាំ​ (Resistance) ​ដែល​ពេល​ប្រើ​ឱសថ​ផ្សេង​ទៅ​លែង​មាន​ប្រសិទ្ធភាព​ក៏​មាន​។

មួយ​វិញ​ទៀត​ការហូរចូល​ឱសថ​ក្លែងក្លាយ​ និង​ហួស​កាលកំណត់​ទប់​មិន​ឈ្នះ​បែប​នេះ​ក៏​ជា​ហេតុផល​មួយ​បណ្តាល​ឱ្យ​អ្នកជំងឺ​មើល​មិន​ជា​សះស្បើយ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ជា​​ហេតុ​ធ្វើឱ្យ​មាន​កំណើន​នៃ​អ្នកជំងឺ​រ៉ាំរ៉ៃ​ផង​ដែរ​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​ផ្លូវដង្ហើម ជំងឺ​រលាក​ថ្លើម រលាក​ពោះវៀន ជំងឺ​​បេះដូង សរសៃឈាម និង​ជំងឺមហារីក​ជាដើម​។ នេះ​បើ​តាម​របាយការណ៍​សមិទ្ធផល​ក្នុង​ឆ្នាំ​ ២០១៧ ​និង​ទិសដៅ​ការងារ​​ឆ្នាំ​ ២០១៨ ​របស់​ក្រសួង​សុខាភិបាល​។

ម្យ៉ាង​វិញ​ទៀត​ការធ្វើ​ឱ្យ​មាន​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​ និង​ហួស​កាលកំណត់​កើតមាន​​បែប​នេះ​គឺ​ក្រៅ​ពី​ឈ្មួញ​ទុច្ចរិត​ និង​ក្រុមហ៊ុន​រកស៊ី​ខុស​ច្បាប់​ក៏​មាន​ការចូលរួម​ចំណែក​ពី​ការឃុបឃិត​របស់​គ្រូពេទ្យ និង​ឱសថការី​ឯកជន​ខ្លះ​ផង​ដែរ ខណៈ​ខ្លួន​ត្រូវ​បាន​គ្លីនិក​ ឬ​ឱសថស្ថាន​ជួល​ឱ្យ​ឈរ​ឈ្មោះ​កាន់​ការងារ​ពិនិត្យ​មើល​ឱសថ តែ​មិន​បាន​ឈរ​លក់​ឱ្យ​គេ បែរ​ជា​ទៅ​ធ្វើការ​នៅ​ស្ថាប័ន​ផ្សេង​។

ចំណុច​នេះ​គឺ​គួរ​ចាប់​ឱសថការី​ឯកជន​ហ្នឹង​មុន​គេ​ដូចជា​ករណី​បង្ក្រាប​ខាង​លើ រឿង​អី​ក៏​ក្រុមហ៊ុន​ដំណើរការ​ ៧ ​ឆ្នាំ​ហើយ​ឱសថការី​ប្រចាំការ​មិន​បាន​ដឹងថា​ជា​ឱសថ​ក្លែងក្លាយ​ និង​ហួស​សុពលភាព​ហើយ​បណ្ដោយ​ឱ្យ​ចែកចាយ​តាម​ទីផ្សារ​បាន​?

រីឯ​គ្រូពេទ្យ​វិញ​គឺ​បើក​គ្លីនិក​ខ្លួនឯង​ ឬ​ក៏​ឈរ​ឈ្មោះ​ឱ្យ​គេ​នៅ​តាម​គ្លីនិក នៅពេល​ក្រុមហ៊ុន​ដែល​ឱសថការី​ប្រចាំការ​មាន​ឱសថ​ក្លែងក្លាយ ឬ​ក៏​ហួស​កាលកំណត់​ដែល​គេចពន្ធ​ ឬ​ក៏​កែច្នៃ​កាលបរិច្ឆេទ​នោះ​គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ឱសថ​បំពាក់បំប៉ន​ឱ្យ​បញ្ជូន​ឱសថ​ទាំងនោះ​ទៅ​លក់​​បន្ត​ឱ្យ​អ្នក​ជំងឺ​ក្នុង​គ្លីនិក​របស់​ខ្លួន ហើយ​គ្រូពេទ្យ​ទាំង​នោះ​អាច​ត្រូវ​ក្រុមហ៊ុន​ឱ្យ​រង្វាន់​លួងចិត្ត​ដូចជា​ទិញ​ទូរស័ព្ទ ស្មាតហ្វូន​ល្អៗ​ឱ្យ​ ឬ​ក៏​ទូរទស្សន៍​ទំនើបៗ​​ ឬ​ក៏​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​។

តែ​បើ​គ្រូពេទ្យ​ណា​រាង​គីឡូ​ធ្ងន់​ទៅ​អាច​បាន​សំបុត្រ​ដើរ​កម្សាន្ត​នៅ​បរទេស​ដូចជា ប្រទេស​បារាំង បែលហ្ស៊ិក អាមេរិក អូស្ត្រាលី និង​ជប៉ុន ជាដើម​។

ក្នុង​ករណី​ដែល​មាន​ការចូលរួម​ពី​គ្រូពេទ្យ​ ឬ​ឱសថការី​ឯកជន​បែប​នេះ​ហើយ​ដែល​ធ្វើឱ្យ​បទល្មើស​លក់​ឱសថ​ក្លែងក្លាយ​ និង​ហួស​កាលកំណត់​មាន​វត្តមាន​លើ​​ទីផ្សារ ដែល​នេះ​គឺជា​កំហុស​ទាំង​ក្រមសីលធម៌​ និង​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​គ្រប់គ្រង​ឱសថ​ និង​វេជ្ជសាស្ត្រ​នោះ​។ ប៉ុន្តែ​ពុំ​ឃើញ​មាន​គណៈ​គ្រូពេទ្យ​ និង​គណៈ​ឱសថការី​ដែល​ប្រព្រឹត្ត​​ខុស​ណា​មួយ​ត្រូវ​បាន​ចាប់​ទោស​អូស​ដំណើរ​នោះ​ទេ​។

សរុប​មក​វិញ​ការធ្វើ​អន្តរាគមន៍​​លុបបំបាត់​ឱសថ​ដែល​ដាក់​លក់​តាម​កញ្ច្រែង​ចាប់ហួយ​ ឬ​​តាម​ភូមិ គឺ​ទាំង​ស្ថាប័ន​សុខាភិបាល​ និង​សមត្ថកិច្ច​អាច​បញ្ឈប់​បាន​ល្អ​ហើយ​គឺ​គ្មាន​ទៀត​ទេ នៅ​តាម​ភូមិ-ឃុំ​ទូទាំង​ប្រទេស​។

តែ​អ្វី​ដែល​ជា​ឆ្អឹង​ទទឹង​ក​នោះ គឺ​ក្រុមហ៊ុន​ឱសថ​នាំចូល​ធំៗ គ្លីនិក និង​ឱសថស្ថាន​ដែល​មាន​គ្រូពេទ្យ និង​ឱសថការី​ឯកជន​ខ្លះ​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ទៅវិញ​ទេ​​ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ត្រូវ​រកមុខ​ដើម្បី​ផ្តន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ​នោះ ហើយ​សូម​កុំ​អន្តរាគមន៍​ដូច​ភ្លើង​ចំបើង​។ ជាង​នេះ​ទៀត​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​អនឡាញ​ (E-commerce) គួរ​តែ​ត្រូវ​បាន​អនុម័ត​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​ចូលរួម​លុបបំបាត់​ឱសថ​ក្លែងក្លាយ​ និង​ហួស​កាលកំណត់​ប្រើប្រាស់​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com