កាល​ពី​ឆ្នាំ​​ ២០១៨ ក្រសួង​សាធារណការ និ​ង​ដឹក​ជញ្ជូន​បង្ហា​ញ​ទិន្នន័យ​យានយន្ត​ដែ​ល​​បាន​ចុះ​បញ្ជី​រួច​ហើយ ​ប្រមាណ​ជា​ ៤,៥ ​លានគ្រឿង ​ហើយ​គ្រា​ន់​តែ​រថ​យន្ត​មាន​ចំនួន​ ៦៨​ ម៉ឺន​គ្រឿង​ ក្រៅ​ពីនោះ​មាន​ម៉ូតូ និង​រ៉ឺម៉ក​កង់​ ៣​ ផង។

នៅ​រាជ​ធានី​ភ្នំ​ពេញ​ក៏កាន់​តែ​ចង្អៀត​ទៅៗ​ទាំ​ង​នៅ​លើ​ទ្រូង​ផ្លូវ និង​ទាំង​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោ​យ​​​សារ​តែ​ចំនួន​យាន​យន្ត​កាន់​តែ​កើន​ឡើងរីឯ​កន្លែង​សម្រាប់​ច​ត​ក៏នៅ​មាន​ការ​ខ្វះ​ខាត​ ហើយ​​សា​លា​រាជ​ធានី​នៅ​មិន​ទាន់​បង្ហាញ​យុទ្ធ​សា្រស្តក្នុង​ការ​កាត់​បន្ថយ​​​កន្លែង​ចត​លក្ខណៈ​ឯក​ជនយក​ ​លុយ​ទៅ​តាម​ម៉ោង​នៅ​ឡើ​យ​​នោះ​ទេ ពោល​គឺ​មាន​តែ​ចត​នៅ​លើផ្លូវ​សាធា​រណៈ និង​នៅ​ជុំវិ​ញ​​ផ្សារ​ហើយ​យក​លុយ​ដូច​គេ​​ដូច​ឯង​ដែរ​។ មាន​ចិញ្ចើម​ផ្លូវ​ធំៗ​គឺ​រដ្ឋ​បាន​គិត​គូរ​ដល់​ជន​ពិការ​ធ្វើ​ដំណើរ​ដោយ​គោះ​ឈើ​ច្រត់ដើ​ម្បី​តម្រង់​ផ្លូវ​ពួក​​គាត់​តែ​បែរ​ជា​អ្នក​មាន​ឡាន​ចត​កាត់​​ទទឹង​នៅលើ​ផ្លូវ​ធ្វើ​ដំណើរ​ពួក​គាត់​តែម្តង។

ចំណែក​ឯ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​ក៏ចេះ​​តែ​​នាំ​គ្នា​រុល​ចេញ​មក​​លើ​ចិញ្ចើម​ថ្នល់​ផង​ដែរ​ខ្លះ​ក៏​នាំគ្នា​ដាក់លក់នៅ​លើ​ថ្នល់​ធ្វើ​ដំណើរ​តែ​ម្តង ​ដោយ​មិនខ្វល់​ពីអ្ន​ក​ធ្វើ​ដំណើរ​នោះ​ទេ បើ​ទោះ​​បី​ជា​មាន​កន្លែង​ខ្លះមា​ន​​ទីតាំង​លក់​នៅ​ខាង​ក្នុង​ផ្លូវ​ហើ​យ​ក៏ដោយ​ក៏​នៅ​តែរុល​លយមក​ចូល​លក់​នៅ​លើ​ថ្នល់​ដែរ។

ជា​មួយ​គ្នានេះ​ដែរ ពល​រដ្ឋ​ខ្លះ​ គឺយក​ផ្លូវ​ដើរ​នៅ​លើចិញ្ចើម​ផ្លូវ​ហ្នឹង​សង់​ថែម​តែម្តង ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ​ទេ​ បើ​ទោះបី​ជា​កម្ពុជាមាន​អនុ​ក្រឹត្យ​សម្រា​ប់​​គ្រប់​គ្រង​លើ​សណ្ដាប់​ធ្នាប់​សា​​ធារ​ណៈ​ ដែល​ចេញ​តាំង​ពី​ឆ្នាំ​ ១៩៩៤ តែការ​អនុវត្ត​ គឺ​ធ្វើទៅ​តាម​ចិត្ត​ចង់​របស់​អាជ្ញាធរ​មួយ​​ប្រាវ​តែ​ម្តង​រួច​ហើយ​ក៏​ស្ងាត់​ទៅ។

ក្រោយ​មក​​សាលា​រាជ​ធានី​ភ្នំ​ពេញ​ ក៏តែង​តែ​ចេញ​សេច​ក្តី​ជូន​ដំណឹង ​(ស.ជ​.ណ) ម្តង​ហើយ​ម្តង​ទៀត​ដដែលៗ ដូច​ការ​បង្ក្រាប​លើ​ការ​រំលោភ​លើ​ផ្លូវ​សាធា​រណៈការ​ហាម​ឡាន​ធំ​ មិន​ឲ្យ​ចូល​ក្រុង​ និង​ខែ​ក្រោយ​នឹ​ងចាប់​ផ្តើម​អនុវត្ត​ឱសាន​វាទ​ការ​ធ្វើ​រោង​ការ ​រោង​បុណ្យ​នៅ​លើ​ផ្លូវ​សាធារណៈ​នោះ។

ការ​ចេញ​ ស.ជ.ណ ​បែប​នេះ​ មើល​ទៅហាក់​បីដូច​ជាមិន​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ស្ងាត់​មួយ​ស្របក់ទៅ​ក៏ត្រឡប់​មក​វិញ​ហើ​យ​តែ​ផ្ទុយ​ទៅវិញ​ការ​បង្ក្រាប​ បាតុ​​កម្ម​ តាម​ដង​វិថី​ម្តងៗ ​ឬ​ក៏ការ​ហែ ក្បួន​ទាម​ទារ​សិទ្ធិឬក៏​អប​អ​រ​​សាទរ​ទិវា​សិទ្ធិមនុស្ស ឬក៏​ហែ​គណ​បក្ស​នយោបាយ​ខ្លះ​គឺ​ទម្លា​​ក់​កំហុស​ទៅ​លើ​ការ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សា​ធារណៈ​ដែរតែ​បើ​សួរ​រក​ច្បាប់​ចែង​ឲ្យ​ជាក់​លាក់​ គឺ​អត់​មាន​នៅ​ឡើយ​នោះ​ទេ។

ដូចគ្នា​នេះ​ដែរការ​ប្រមូល​អ្នក​​សុំទាន និង​អ្នក​រស់​នៅ​តា​ម​ចិញ្ចើម​ថ្នល់​ យក​ទៅ​ដាក់​មជ្ឈ​មណ្ឌល​ព្រៃ​ស្ពឺ​ម្តងៗ ក៏​អាជ្ញាធរ​ថា​មក​ពីប៉ះពាល់​សណ្តាប់ធ្នា​ប់​ដែរ​។ នេះ​គឺ​​ជា​ចំណុច​ខ្វះខាត​នៃច្បាប់ដើម្បី​អនុវត្ត​ឲ្យ​បាន​ទៅ​តាម​គតិយុត្ត។

កាល​ពី​សប្តាហ៍​មុន ក្រុម​អ្នក​ច្បាប់​ពី​ក្រសួង​មហា​ផ្ទៃ និង​ក្រុម​អ្នក​ច្បាប់​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី មាន​បំណង​ចង់​តាក់​តែង​ច្បាប់​ថ្មី​ ដែល​បំពេញបន្ថែម​ នូវ​អ្វី​ដែល​មាន​នៅ​ក្នុង​អនុ​ក្រឹត្យ ស្តី​ពី​ការ​​គ្រប់​គ្រង​លើ​សណ្ដាប់​ធ្នាប់​សាធារ​ណៈ​ដែល​ចេញ​តាំ​ង​ពី​ឆ្នាំ​ ១៩៩៤ តែ​អ្វីដែល​សំខា​ន់​ការ​ចង​ក្រង​ចេញ​ជា​ច្បាប់​នេះ​ គួរ​តែ​ឲ្យ​ឆ្លើយ​តប​ទៅ​​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ដែល​កម្ពុជា បាន​សន្យា​ជា​មួយ​នឹង​អង្គការ​សហ​ប្រជា​ជា​តិ​នោះ និង​ជាពិសេស​គឺ​សិទ្ធិ​សេរីភាព​ ក្នុង​ការ​ធ្វើ​បាតុ​កម្ម​ដូច​មាន​ចែង​តាមរយៈ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។​

តែ​បើ​ការ​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​សាធា​រណៈ​បាន​ល្អ​ហើយ​តាំង​ពីការ​ចូល​ចត​យាន​យន្ត​ ការ​​លក់​ដូរ​ក៏អា​ជ្ញា​ធ​រ​ផ្តល់​ឲ្យ​អ្នក​លក់​តាម​ចិញ្ចើម​ថ្ន​ល់​ បាន​រស់​ដែរ​គឺ​ម្ចាស់​ផ្ទះ​មាន​សិ​ទ្ធិ​​បាន​តែ​ ១ ​ម៉ែត្រ ចេ​​​ញមក​ក្រៅ​នោះ​​ទេ ក្រៅពី​នោះ​កន្លែង​គន្លង​ផ្លូវ​សាធារណៈ​ហើយ។

បទ​ពិសោធ​ល្អ​ដូច​នៅ​តាម​ផ្លូវ​ជាតិ​ធំៗ​មួយ​ចំនួន ​ក៏​បាន​ចាប់​ផ្តើម​កាត់​បន្ថយ​គ្រោះ​​ថ្នាក់​ចរាច​រណ៍ និង​ការ​កក​ស្ទះ​ចរា​​ចរណ៍​ផង​ដែរ ដូច​ជាចុះ​ពី​ស្ពាន​ច្បារ​អំពៅ​ទៅ​ផ្លូវ​ជាតិ​លេខ ១ ​គឺ​រដ្ឋ​បាល​ខណ្ឌ​ច្បារ​អំពៅ​ ចុះ​អនុវត្ត​សឹង​​តែរាល់​សប្តាហ៍ ​គឺ​មិ​ន​​អនុញ្ញាត​ឲ្យ​លក់​​ចេញ​ពី​​ផ្ទះ​លើ​ស​​ពី ​១ ​ម៉ែត្រ​ទេ រីឯ​ការ​​ចត​ក៏​ឲ្យ​​ចូល​ក្នុង​ផុតៗ​ដែរ​ គឺ​ឃើញ​ថា​ ធូរ​ស្បើយ ​ការ​កក​ស្ទះ​ច្រើន​ដែរ តែ​នៅតែ​អ្នក​បើកបរ​​តាក់​ស៊ីនៅ​​តែ​បណ្តែត​ តាម​ផ្លូវ​បន្លំ​ជិះគើមៗ ហៅម៉ូ​យ​តាម​ផ្លូវ​នៅ​​ឡើយ​ទេ។​ បើ​នៅ​ផ្លូវ​ជាតិ​លេខ​ ៦ ​ពី​​ភ្នំពេញ​ទៅ​កំពង់​ធំ​ គឺសង់​ផ្លូវ​កាត់ ឬ​ក៏ផ្លូវ​វាង​តែ​ម្តង​នៅ​ចំណុច​ទីប្រជុំ​ជន​នៅ​ផ្សារ​ផ្អាវ​ស្រុក​បាធាយ និង​នៅ​ផ្សារ​ស្គន់​គឺ​ធ្វើផ្លូវ​កាត់​ដោយ​មិន​ឆ្លង​កាត់​ផ្លូវ​ផ្សារផ្អាវ ឬ​ក៏ផ្សារ​ស្គន់​ទេ។

ហេតុ​ដូច​នេះ ​ការ​តាក់​តែង​​ច្បាប់​ ស្តី​ពី​​ការ​គ្រប់​គ្រង​សណ្តា​ប់​ធ្នាប់​ថ្មី​នេះ​ក៏​រួម​បញ្ចូល​ចំណុ​ច​ដែល​អាច​បញ្ចៀស​ភាព​រញ៉េ​រញ៉ៃ​ខ្វះ​សណ្តាប់​ធ្នាប់​នៅ​តាម ​​ផ្សារ​ដែល​មាន​នៅលើ​ផ្លូវ​បែប​នេះ​ដែរ។ ជាង​នេះ​ទៅទៀត​គឺការ​ចែង​ចំណុច​មួយៗ​ឲ្យបាន​ច្បា​ស់​​លាស់ហើយ​​ពន្យល់​ នូវ​សេចក្តី​មួយៗនូវ​អត្ថ​ន័យ​សណ្តាប់​ធ្នា​ប់​​សាធា​រណៈ​នេះ មិន​មែន​ឲ្យតែ​ខុស​ទម្លាក់​មក​តែ​សណ្តាប់​ធ្នា​ប់​សាធា​រណៈ​តែ​ក្រឡេក​មក​មើ​ល​ច្បាប់​អត់​មាន​ចែង​ផង ហើយ​ចេះ​តែ​ទើស​តែ​អាជ្ញាធរ​ខ្លួន​ឯង​ហ្នឹង​សោះ ហើយ​បើឃើញ​​ក៏ឃើញ​ចេ​ញ​​តែ ស.ជ.ណ រហូត​អ៊ីចឹង​នោះ​៕

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenh

p​ost.com