នៅក្នុងការងារជាអ្នកការទូតរបស់ខ្ញុំអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ខ្ញុំតែងតែមានការចាប់អារម្មណ៍ចំពោះភាពរាក់ទាក់នៃប្រជាជនកម្ពុជា និងវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់ពួកគេ។ តាំងតែពីពេលមកដល់កាលពីខែកញ្ញាជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ខ្ញុំថែមទាំងបានឃើញភាពរស់រវើកកាន់តែច្រើនឡើងនៃវិស័យឯកជន។
សហគ្រិនអ្នកនាំមុខផ្នែកបច្ចេកវិទ្យា និងអ្នកច្នៃប្រឌិតបង្កើតថ្មីរបស់កម្ពុជាមានលទ្ធភាពអាចជួយប្រទេសឲ្យសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យម។ អ្នកទាំងនេះគឺជាអ្នកដែលនឹងធ្វើឲ្យក្រុមហ៊ុនដុះដាលបង្កើតឲ្យមានការងារធ្វើ ហើយប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិដែលឲ្យតម្លៃលើភាពថ្លៃថ្នូរ ភាពស្មោះត្រង់ និងបទដ្ឋានខ្ពស់។ ដើម្បីទទួលបានជោគជ័យឈានមុខគេផ្នែកធុរកិច្ច កម្ពុជានឹងទទួលបានប្រយោជន៍ពីគោលនយោបាយរបស់រដ្ឋាភិបាលដែលផ្តល់ការគាំទ្រ និងលទ្ធភាពមានការវិនិយោគត្រឹមត្រូវ ហិរញ្ញប្បទានល្អៗ និងទីផ្សារបើកចំហដែលទាំងអស់នេះគឺជាវិស័យដែលសហរដ្ឋអាមេរិកផ្តល់ផលិតផលកម្រិតពិភពលោកក្នុងការវិនិយោគ និងឱកាសទីផ្សារ។
ខ្ញុំនឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មជាន់ខ្ពស់ពីប្រទេសកម្ពុជាទៅចូលរួមវេទិកាធុរកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅទីក្រុងបាងកកនៅសប្តាហ៍ក្រោយ។
វេទិកាស្តីពីការវិនិយោគ និងពាណិជ្ជកម្មដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកនេះនឹងផ្តល់ឲ្យក្រុមហ៊ុន និងប្រទេសដែលចូលរួមនូវឱកាសកសាងទំនាក់ទំនងជាមួយអ្នកដឹកនាំធុរកិច្ច និងអ្នកធ្វើគោលនយោបាយសំខាន់ៗដែលមកពីប្រទេសចំនួនជាង ២០ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលរួមមាន គណៈប្រតិភូនៃអ្នកដឹកនាំក្រុមហ៊ុនអាមេរិកធំៗដែលដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក Wilbur Ross។
ប្រតិភូដែលចូលរួមក្នុងវេទិកាធុរកិច្ចនេះនឹងបានដឹងពីឱកាសធ្វើជាដៃគូជាមួយវិស័យឯកជនសហរដ្ឋអាមេរិកដើម្បីបំពេញតម្រូវការលើកំណើនលូតលាស់ និងការអភិវឌ្ឍនៅក្នុងវិស័យអាទិភាពដែលកំណត់ដោយប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺថាមពលហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល។ គំនិតផ្តួចផ្តើមថ្មីៗរួមមាន ច្បាប់ Build Act អនុម័តដោយសភាសហរដ្ឋអាមេរិកដែលបង្កើនលើសទ្វេដងនៃចំនួនទុន (ពី ២៩ ពាន់លានដុល្លារដល់ ៦០ ពាន់លានដុល្លារ) សម្រាប់គាំទ្រការវិនិយោគរបស់វិស័យឯកជននៅតាមប្រទេសនានាដូចជាកម្ពុជា។
បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី តំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវការចំណាយទឹកប្រាក់ចំនួន ១,៧ លានលានដុល្លារ (ទ្រីលាន) លើហេដ្ឋារចនាសម្ព័ន្ធក្នុង ១ ឆ្នាំដើម្បីរក្សាកម្រិតលូតលាស់បច្ចុប្បន្នជាបន្តទៀត។ ការណ៍នេះមិនអាចសម្រេចទៅបានដោយហិរញ្ញប្បទានរបស់រដ្ឋទេ តែសម្រេចបានដោយកៀរគរធនធានពីវិស័យឯកជន។
សូមគិតពីប្រយោជន៍សម្រាប់កម្ពុជាដែលបានមកពីការវិនិយោគ និងពាណិជ្ជកម្មកាន់តែច្រើនឡើងគឺថាមពលថោក និងមានភាពគត់មត់ជាងមុន ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលត្រូវបានកសាងក្នុងតម្លៃថោក និងតាមបទដ្ឋានបរិស្ថាន និងសុវត្ថិភាពខ្ពស់បំផុតព្រមទាំងភាពជាដៃគូថ្មីៗរវាងវិស័យសាធារណៈ និងវិស័យឯកជនដែលផ្តល់ភាពសេរីដល់វិស័យបច្ចេកវិទ្យាដែលកំពុងចាប់ដុះដាលឡើងរបស់កម្ពុជា។
ប្រទេសកម្ពុជាមានសក្តានុពលអាចទាក់ទាញការវិនិយោគល្អៗ តែក្រុមហ៊ុនអាមេរិកត្រូវការឃើញមានឱកាសទាក់ទាញនៅក្នុងទីផ្សារដែលមានច្បាប់ច្បាស់លាស់ ហើយដែលក្នុងនោះគេប្រកួតប្រជែងដោយស្មើភាព។ តម្លាភាព យុត្តិធម៌នីតិរដ្ឋ និងការប្រឆាំងនឹងអំពើពុករលួយ មិនមែនគ្រាន់តែជាគោលការណ៍ដែលវិស័យឯកជនសហរដ្ឋអាមេរិកចង់បាននោះទេ តែវាជានិមិត្តសញ្ញានៃវិនិយោគិនរបស់អាមេរិក។
ក្រុមហ៊ុនអាមេរិកថែមទាំងនាំមកនូវបទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ កម្មវិធីបណ្តុះបណ្តាលកម្រិតពិភពលោក និងបច្ចេកវិទ្យាទំនើបបំផុត។
ក្រុមហ៊ុនទាំងនេះគឺជាដៃគូធុរកិច្ចជាទីទុកចិត្តដែលបង្កើតឲ្យមានការងារធ្វើនៅតាមសហគមន៍មូលដ្ឋាន ហើយជួយកម្មវិធីខ្លះដែលទទួលខុសត្រូវចំពោះសង្គមប្រកបដោយប្រសិទ្ធភាពបំផុតនៅក្នុងពិភពលោក។ នៅប្រទេសកម្ពុជា ប្រជាជនតាមមូលដ្ឋានរាប់ម៉ឺននាក់ទទួលផលពីទឹកស្អាត និងសេវាសុខភាពដែលផ្តល់ដោយក្រុមហ៊ុនអាមេរិកដ៏ល្បីចំនួន ២ គឺក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុន General Electric។
ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានជំរុញវិបុលភាពនៅក្នុងតំបន់នេះអស់រយៈពេលជាង ២ សតវត្សរ៍មកហើយ ហើយទំនាក់ទំនងនេះកំពុងតែមានកាន់តែច្រើនឡើង។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិកដោយទំហំពាណិជ្ជកម្មមានជិត ១,៨ លាន-លានដុល្លារ (១ ៨០០ ០០០- ០០០ ០០០ ដុល្លារ) ក្នុង ១ ឆ្នាំ ហើយការវិនិយោគរបស់វិស័យឯកជនសហរដ្ឋអាមេរិកនៅតំបន់នេះមានកំណើនទ្វេដងក្នុងទសវត្សរ៍កន្លងទៅនេះ។
តួលេខនេះឆ្លុះបញ្ចាំងឲ្យឃើញក្តីសង្ឃឹមនៃតំបន់នេះព្រមទាំងឱកាសនៅចំពោះមុខបណ្តាប្រទេសដូចជាកម្ពុជាជាដើម។
ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺមិនមែនមានត្រឹមតែវេទិកា ១ ថ្ងៃទេ ។ ស្រដៀងគ្នានេះដែរ ការប្តេជ្ញាចិត្តរបស់ខ្ញុំដើម្បីពង្រឹងចំណងសេដ្ឋកិច្ចសហរដ្ឋអាមេរិក-កម្ពុជាទៅមុខល្អហួសឆ្ងាយពីវេទិកានៅទីក្រុងបាងកក។ ខ្ញុំរង់ចាំ ២-៣ ឆ្នាំទៅមុខទៀតធ្វើការជាមួយដៃគូពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រីកនូវផ្នែកដ៏មានសារៈសំខាន់នៃទំនាក់ទំនងរបស់យើង៕
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា