កាលពីថ្ងៃអាទិត្យកន្លងទៅមានក្រុមហ៊ុនឈ្មោះ Moderna របស់អាមេរិកដែលកំពុងធ្វើតេស្តសាកល្បងលើគុណភាពថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានបញ្ជាក់ថា មានប្រសិទ្ធភាពដល់ទៅ ៩៤,៥ ភាគរយ ក្នុងចំណោមអ្នកសាកល្បង ១៥ ០០០ នាក់ ហើយមានតែ ៥ នាក់ ក្នុងចំណោមនោះប៉ុណ្ណោះដែលមានឆ្លងកូវីដ ១៩ តែពួកគេមិនធ្ងន់ធ្ងរទេ។
ដោយឃើញប្រសិទ្ធភាពនៃវ៉ាក់សាំងនេះក្រុមហ៊ុន Moderna មានផែនការដាក់ពាក្យទៅរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់អាមេរិកដើម្បីសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការដោយក្រុមហ៊ុនរំពឹងថានឹងបញ្ចេញឱ្យប្រើនៅពាក់កណ្តាលខែធ្នូ ឆ្នាំនេះ តែមិនទាន់បានដល់មនុស្សទូទៅទេ គឺនឹងផ្តល់តែទៅលើក្រុមជនងាយគ្រោះសិនប៉ុណ្ណោះ។ ចំណែកមនុស្សទូទៅវិញគឺក្រុមហ៊ុនបានបញ្ជាក់ថានឹងមាននៅដំណាច់ខែមេសា ឆ្នាំ ២០២១។ នេះបើតាមទូរទស្សន៍ CNN កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០។
សេចក្តីអត់ធ្មត់របស់ពលរដ្ឋកម្ពុជាក៏ដូចពលរដ្ឋទូទាំងពិភពលោកគឺបានទន្ទឹងរង់ចាំវ៉ាក់សាំងកូវីដ ១៩ នេះ តាំងពីដើមឆ្នាំមក បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសពីការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ន។ អ៊ីចឹងត្រូវរង់ចាំបន្តិចទៀតសិន តែក៏នៅតែខិតខំព្យាយាមបង្ការកុំឱ្យជំងឺកូវីដនេះឆ្លងចូលក្នុងសហគមន៍ទម្រាំមានវ៉ាក់សាំងចែកជូនគ្រប់គ្នា ខណៈប្រទេសកម្ពុជាត្រូវបានអង្គការ WHO ទទួលស្គាល់ថា បានទប់ស្កាត់ជំងឺកូវីដ ១៩ បានល្អ ដោយពុំមានអ្នកស្លាប់ដោយគ្រាន់តែមានការឆ្លង ហើយព្យាបាលជាសះស្បើយវិញ។
ផ្អែកតាមទិន្នន័យនៃការឆ្លងជំងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ គឺមានអ្នកឆ្លងកើនដល់ ៣០៣ នាក់ ហើយបានជាសះស្បើយចំនួន ២៩១ នាក់ និងគ្មានអ្នកស្លាប់ទេ។
ប៉ុន្តែអ្វីដែលនៅតែបារម្ភនោះគឺបទពិសោធនៃព្រឹត្តិការណ៍ថ្ងៃទី ៣ ខែវិច្ឆិកា ដែលរាជរដ្ឋាភិបាលទទួលស្វាគមន៍គណៈប្រតិភូមកពីប្រទេសហុងគ្រីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសលោក ភីធើ ស៊ីចាតូ ហើយមុនធ្វើដំណើរមកកម្ពុជាលោករដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះបានឆ្លងកាត់ការធ្វើតេស្តកូវីដ ១៩ រួចហើយ ដោយលទ្ធផលអវិជ្ជមាន។
ក៏ប៉ុន្តែនៅពេលគាត់បានចូលប្រទេសកម្ពុជា ហើយត្រឡប់ទៅវិញឆ្លងកាត់ប្រទេសថៃ បែរជាអាជ្ញាធរថៃបានបញ្ជាក់ថា គាត់មានផ្ទុកមេរោគកូវីដ ១៩ ហើយថែមទាំងបានចម្លងមកអង្គរក្សគាត់ជាជនជាតិខ្មែរម្នាក់ ក្រោយពីធ្វើតេស្តមុនគេ។ បន្ទាប់មករាជរដ្ឋាភិបាលបានធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្ទាល់ជាមួយគាត់ហើយបានរកឃើញមន្ត្រីជាន់ខ្ពស់ ៣ រូប មានវីរុសកូវីដ ១៩។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានតាមរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី ៣ ខែវិច្ឆិកា (COVID-19 Contact tracing) ដើម្បីធ្វើតេស្តទាំងអស់ តែលទ្ធផលអវិជ្ជមាននៅលើកទី៣ ហើយនៅថ្ងៃទី ១៨ វិច្ឆិកា ម្សិលមិញ គឺជាថ្ងៃធ្វើតេស្តចុងក្រោយលើកទី៤ ដើម្បីបញ្ជាក់ថា គ្មានការឆ្លងជំងឺនេះចូលទៅក្នុងសហគមន៍។
ជាមួយនោះដែរ រាជរដ្ឋាភិបាលបានចេញវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ដោយសម្រេចបិទខារ៉ាអូខេ ក្លិបកម្សាន្ត ពហុកីឡដ្ឋាន និងសាលារៀនរយៈពេល ២ សប្តាហ៍ ហើយអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នោះ គឺធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះ រួមទាំងលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដោយមានសំណាកនៃអ្នកពាក់ព័ន្ធជិត ៣ ៨៦៦ នាក់ ត្រូវបានធ្វើតេស្តរកវីរុសកូវីដ ១៩ តែលទ្ធផលអវិជ្ជមាន។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។
ទាំងនេះគឺអ្វីដែលកម្ពុជាបានជួបប្រទះដោយមិននឹកស្មានថា វានឹងកើតមានឡើង។ សំណួរសួរថា តើយើងត្រូវធ្វើអ្វីទៀតបន្ទាប់ពីតេស្តរកមេរោគកូវីដ ១៩ លើកទី៤ នេះ ទម្រាំដល់ពេលមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ហូរចូលមកដល់ប្រទេសរបស់យើង?
អ្វីៗដែលត្រូវធ្វើនោះគឺត្រូវតែមានក្ដីសង្ឃឹមឡើងទម្រាំថ្ងៃល្អមកដល់ (ថ្ងៃមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩) ហើយត្រូវនាំគ្នាចៀសវាងនូវការប្រថុយប្រថានជាមួយនឹងជំងឺដ៏កាចសាហាវ ១ នេះ ពីព្រោះបទពិសោធនៃព្រឹត្តិការណ៍ ៣ វិច្ឆិកា ប៉ុណ្ណឹង គឺវាល្មមគ្រប់គ្រាន់ហើយនៅពេលដែលរដ្ឋបានចំណាយថវិកាជាច្រើនដើម្បីធ្វើតេស្តកូវីដ ១៩ និងបានជះឥទ្ធិពលដល់ចង្វាក់ផលិតកម្ម និងកិច្ចការមួយចំនួនដោយសារការចំណាយពេលងាកមកធ្វើចត្តាឡីស័ករបស់មន្ត្រីជាន់ខ្ពស់ផង ជាពិសេសគឺបិទសាលារៀនសាជាថ្មីអស់ ២ សប្តាហ៍ ដែលបង្កឱ្យមានការត្អូញត្អែរពីមាតាបិតាសិស្ស។
ប្រសិនបើវាមិនមានការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍ទេនោះគិតថា ជាជោគជ័យ ១ ក្នុងការដោះស្រាយបញ្ហា តែអ្វីដែលសំខាន់នោះគឺត្រូវទប់ស្កាត់ការឆ្លងចូលមកពីខាងក្រៅទៅបានហើយ។
ខណៈមានការកែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកកម្ពុជាដែលចេញដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ គឺជាចំណុចល្អហើយដែលបញ្ឈប់លែងអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯងចំនួន ១៤ ថ្ងៃដូចមុនទាំងខ្មែរ និងបរទេសដែលចូលមកកម្ពុជាបើទោះបីជាធ្វើតេស្តដំបូងគ្មានជំងឺកូវីដ ១៩ ក៏ដោយ ពោលគឺតម្រូវឱ្យស្នាក់នៅតែទីតាំង ឬក៏សណ្ឋាគារដែលរដ្ឋកំណត់រួចហើយប៉ុណ្ណោះ។
តែអ្វីដែលជាក្ដីបារម្ភនោះ គឺខ្លាចមានករណីពិសេសចំពោះអ្នកដំណើរបរទេសដែលជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស មកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម ថៃ សហរដ្ឋអាមេរិក និងសហគមន៍ដែលទទួលបានការធានាគឺមានន័យថាក្នុងរយៈក្រោម ១៤ ថ្ងៃ ជនបរទេសនេះអាចចូលមកធ្វើការ និងអាចជួបអ្នកដែលបានណាត់គ្នារួច ហើយត្រូវទៅកន្លែងស្នាក់ណាមួយឱ្យបានច្បាស់លាស់បន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធអនុម័តឱ្យចូលមកបាននោះ។ ជនបរទេសនេះត្រូវបានធានាដោយប្រធានក្រុមហ៊ុនផ្ទាល់តែក្នុងករណីដែលប្រព្រឹត្តខុស ការធានានោះគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមាន។
ចំពោះករណីពិសេសដែលអនុញ្ញាតរយៈពេលក្រោម ១៤ ថ្ងៃនេះ អាជ្ញាធរពាក់ព័ន្ធគួរតែបង្ហាញឱ្យបានលម្អិតជាងនេះក្នុងការគ្រប់គ្រងស្ថានការណ៍ និងការត្រួតពិនិត្យតាមដានពីដំណើរការចំពោះជនបរទេសដែលទទួលបាននូវករណីពិសេសនេះដើម្បីធានាថាគ្មានការចម្លងជំងឺកូវីដ ១៩ ថ្មីចូលក្នុងសហគមន៍។ បើតាមលក្ខខណ្ឌកែប្រែថ្មីនេះ មានន័យថា ជាជនបរទេសពិសេសនេះគឺមិនបានធ្វើចត្តាឡីស័កដូចគេឯងនោះទេ បើទោះបីជាគាត់ស្នាក់នៅស្រុកខ្មែរលើសពី ១៤ ថ្ងៃក៏ដោយ។
នេះបើតាមអត្ថន័យខ្លឹមសារនៃការកែប្រែថ្មីនេះនៅក្នុងចំណុចកថាខណ្ឌលើកឡើងថា៖ «ទិដ្ឋាការដែលមានសុពលភាពស្របតាមនីតិវិធីនៃច្បាប់ស្តីពីអន្តោប្រវេសន៍ដែលត្រូវបានផ្តល់ឱ្យពីសំណាក់ស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុលកម្ពុជានៃប្រទេសសាមី»។ ចុះប្រសិនបើករណីជនបរទេសពិសេសនេះចូលមករាប់រយនាក់ ឬក៏រហូតដល់រាប់ពាន់នាក់តើអាជ្ញាធរមានបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយឬនៅ ក្នុងការត្រួតពិនិត្យ និងតាមដានសកម្មភាពរបស់ជនបរទេសពិសេសនេះ?
ជាងនេះទៅទៀតអាជ្ញាធរត្រូវត្រួតពិនិត្យមើលគុណភាពអាល់កុល ឬក៏ម៉ាស់ដែលលក់តាមទីផ្សារដែលបញ្ហានេះ គួរពិនិត្យ និងបង្ក្រាបជាប្រចាំជាជាងរង់ចាំមានហេតុការណ៍កើតឡើងទើបនាំគ្នាចុះចាប់អាល់កុលក្លែងក្លាយ ឬក៏ម៉ាស់គ្មានគុណភាពនោះ។
សរុបមកវិញ សុខចិត្តទ្រាំអត់ធ្មត់ខិតខំប្រឹងទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩នេះតទៅទៀត បន្ទាប់ពីតេស្តលើកទី៤ ទម្រាំដល់ពេលមានវ៉ាក់សាំងកូវីដ ១៩ ចូលមកដល់នៅពេលខាងមុខនេះ ដែលអាចប្រើប្រាស់គ្រប់គ្នាបាន ពីព្រោះកន្លងមកកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ទៅតាមដំណាក់ៗបានល្អរួចមកហើយ ហើយត្រូវបានអន្តរជាតិទទួលស្គាល់ផងដែរ អ៊ីចឹងការខំបន្តកិច្ចការបន្ថែមទៀតកាន់តែល្អប្រសើរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com