អនុក្រឹត្យ​ស្តីពី​ទិវា​ជាតិ​អំណាន​បាន​កំណត់​យក​ថ្ងៃ​ទី ​១១ មីនា​រៀងរាល់​ឆ្នាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដើម្បី​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើក​កម្ពស់​សមត្ថភាព​អាន​ និង​ការ​តែង​និពន្ធ​រួម​ក្នុង​បំណង​រួម​ចំណែក​ការពារ​ និង​ពង្រឹង​វប្បធម៌​ខ្មែរ​។ ​ម្យ៉ាង​ទៀត ទិវា​នេះ​ក៏​ជា​ការ​ធ្វើ​ឡើង​ដើម្បី​រំឭក​ដល់​គុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត ​ដែល​បាន​បន្សល់​នូវ​ព្រលឹង​អក្សរសាស្ត្រ​ខ្មែរ​ឱ្យ​ចេញ​ជា​រូបរាង ​គឺ​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត ដើម្បី​ទុក​ឱ្យ​កូន​ខ្មែរ​ធ្វើ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​សិក្សា​ហើយ​បូក​រួម​នឹង​កំណែ​ទម្រង់​វិស័យ​អប់រំ​និង​ការ​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​ផង​បាន​ធ្វើ​ឱ្យ​សិស្សានុសិស្ស​​ខិតខំ​រៀនសូត្រ ហើយ​វិស័យ​អប់រំ​មាន​ការ​ប្រែប្រួល​ច្រើន​។​

វឌ្ឍនភាព​នៃ​ការ​អនុវត្ត​សេចក្ដី​ថ្លែងការណ៍​សន្ទុក ​«​ឃុំ​មួយ អនុ​វិទ្យាល័យ​មួយ​» ​ដាក់​ចេញ​កាល​ពី​ដើម​ឆ្នាំ ​២០០៨​ គឺ​ធ្វើ​ឱ្យ​សាលារៀន​ខិត​ទៅ​ជិត​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ដើម្បី​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ចូល​រៀន​របស់​សិស្សានុសិស្ស​ក្នុង​តំបន់​ជនបទ​ដែល​ជួប​ការ​លំបាក​ជា​ពិសេស​សិស្ស​ក្រីក្រ និង​សិស្សស្រី​។ ផ្អែក​តាម​របាយការណ៍​ក្នុង​ឆ្នាំ ​២០១៤ ឃុំ​/​សង្កាត់​ចំនួន ​១ ៦៣៣ មាន​តែ​ឃុំ​/​សង្កាត់​ចំនួន ​១៤៩ ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​មាន​អនុវិទ្យាល័យ​ដោយ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដូច​ជា កត្តា​ទីតាំង​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​ធនធាន​។ ថ្វី​ដ្បិត​តែ​យើង​មាន​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ល្មម​អាច​សម្រួល​ដល់​សិស្សានុសិស្ស​បាន​ប្រសើរ​ជាង​មុន​ក្ដី ប៉ុន្តែ​នៅ​តាម​សាលារៀន​ភាគ​ច្រើន​ពុំទាន់​មាន​ការ​រៀបចំ​បន្ទប់​បណ្ណាល័យ ទូ តុ សៀវភៅ​បណ្ណារក្ស​បាន​ល្អ​សមរម្យ​នៅ​ឡើយ​ទេ។​

ការ​បណ្តុះ​វប្បធម៌​អំណាន ប្រៀប​បាន​ទៅ​នឹង​ការ​បណ្តុះ​គ្រាប់​ពូជ​មួយ​អ៊ីចឹង​ដែរ​ ពោល​គឺ​ប្រសិន​បើ​គ្រាប់​ពូជ​មិន​សូវ​ល្អ​ដី​ស្ងួត​ហែង គ្មាន​ការ​ស្រោច​ទឹក​ដាក់​ជី មើល​ថែទាំ ជម្រះ​ស្មៅ ពូនគល់ និង​មាន​លក្ខខណ្ឌ​អំណោយផល​ត្រឹមត្រូវ នោះ​គ្រាប់​ពូជ​នោះ​នឹង​មិន​ដុះ​បាន​ល្អ​ឡើយ។ ដូច​គ្នា​នេះ​ដែរ​ការ​បណ្តុះ​គំនិត​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាណាព្យាបាល​ សហគមន៍ សាលា ​គ្រូ​បង្រៀន មិត្តភក្ដិ និង​មជ្ឈដ្ឋាន​សង្គម ជា​ពិសេស​ក្រសួង​សាមី​នានា​គឺ​ជា​កត្តា​ចលករ​ដ៏​មាន​សារៈសំខាន់​។​ សារពាង្គកាយ​មនុស្ស​រឹងមាំ​ត្រូវការ​ចំណី។ ដូច​គ្នា​ដែរ​ខួរក្បាល​វាងវៃ​ត្រូវការ​គំនិត​ ស្រេក​ឃ្លាន​គំនិត​ថ្មី​។ ការ​ដុស​ខាត់​គំនិត ការ​បណ្តុះ​ការ​គិត​ប្រសើរ​ជាង​ការ​ដុសខាត់​រាងកាយ​។ ស្មារតី​ល្អ ការ​គិត​ត្រិះរិះ​ល្អ គឺ​ផ្តើម​ចេញពី​ការ​អាន​។​ជនជាតិ​ដែល​ពូកែ​អាន គឺ​ជា​ជនជាតិ​ដែល​ពូកែ និង​ខ្លាំង​ជាង​គេ​។ ការ​អប់រំ​ជា​កត្តា​ចម្បង​ដើម្បី​ការ​អភិវឌ្ឍ និង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។ លោក Nelson Mandela អតីត​ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​ធ្លាប់​បាន​លើក​ឡើង​ថា៖ «​ការ​អប់រំ ​គឺជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​ផ្លាស់​ប្តូរ​ពិភព​លោក​»​។

ជាតិ​មាន​កំណើត ព្រោះ​ជាតិ​សម្បូរ​គំនិត​។​ ជំនាញ និង​របៀប​នៃ​ការ​អាន​ព្រម​ទាំង​ការ​បណ្តុះ​ទម្លាប់​នៃ​ការ​អាន​ដល់​ក្មេងៗ ​គឺ​ជា​កត្តា​សំខាន់​។ មនុស្ស​ដែល​ខ្លាំង និង​ពូកែ​ជា​មនុស្ស​ដែល​មាន​ជង្រុក​នៃ​ព័ត៌មាន​នៅ​ក្នុង​ខួរក្បាល​។ មាន​វិទ្យាល័យ​ អនុវិទ្យាល័យ និង​មាន​សហគមន៍​គឺ​មាន​បណ្ណាល័យ​គឺ​បង្កើន​ព័ត៌​មាន​ដល់​ដៃ​ប្រជា​ពលរដ្ឋ​។ បេះដូង​នៃ​បណ្ណាល័យ​គឺ​សៀវភៅ បើ​គ្មាន​សៀវភៅ​នោះ​គឺ​ហៅ​ថា​បន្ទប់​ទទេ​។ បន្ទប់​ដែល​គ្មាន​សៀវភៅ​ជា​បន្ទប់​ដែល​ចង្អៀត​។ ចង្អៀត​ត្រង់​ថា​មិន​ព្រម​ទទួល​គំនិត​ថ្មី​ពី​សៀវភៅ​។ វឌ្ឍនភាព​នៃ​ឃុំ​មួយ​អនុវិទ្យាល័យ​មួយ​ហាក់​ទទួល​បាន​ជោគជ័យ​ច្រើន​។ តាម​​វិទ្យាល័យ​ជា​ច្រើន​នៅ​កម្ពុជា​បាន​សាងសង់​រូប​សំណាក​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត​ ដើម្បី​ជា​ការ​រំឭក​គុណ​បំណាច់​របស់​ព្រះអង្គ​ទាក់ទង​នឹង​ការ​បន្សល់​ទុក​នូវ​កេរ​ដំណែល​វចនានុក្រម​ដែល​យើង​ទាំង​អស់​គ្នា​តែង​យក​មក​ធ្វើ​ជា​មូលដ្ឋាន​នៃ​អក្សរសាស្រ្ត​ជាតិ​។

ក៏ប៉ុន្តែ​​ដោយ​ឡែក​នៅ​តាម​វិទ្យាល័យ និង​អនុវិទ្យាល័យ​មួយ​ចំនួន​រក​តែ​សៀវភៅ​ទុំទាវ​អាន​ស្ទើរ​តែ​គ្មាន​ផង​។ សិស្ស​មួយ​ចំនួន​នៅ​រក្សា​វប្បធម៌​ទៅ​សុំ​ឱ្យ​ចាស់ៗ​និទាន​រឿង​វប្បធម៌​ខ្មែរ​ឱ្យ​ស្តាប់​នៅ​ឡើយទេ។ ចុះ​ទម្រាំ​ដល់​សៀវភៅ​បន្ថែម​ក្រៅ​ពី​សៀវភៅ​អប់រំ​ដែល​ជា​គោល​នៃ​កម្មវិធី​សិក្សា​ដូចជា ប្រវតិ្ត​ខ្មែរ​ផ្សេង​ទៀត គតិ​លោកស្រី​ហិតោបទេស សៀវភៅ​ទស្សនវិជ្ជា​។​ល​។ បែប​មាន​មិន​ច្រើន​ទេ​។ អាច​ជា​ការ​ពិត​ខ្លះ​ ដែល​វិទ្យាល័យ​មួយ​ចំនួន​មាន​រូប​សំណាក​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត តែ​គ្មាន​វចនានុក្រម ​ជួន ណាត​ ដាក់​ក្នុង​សាលា​។ មាន​បណ្ណាល័យ​តែ​គ្មាន​សៀវភៅ​ឬ​ក៏​មាន​បណ្ណាល័យ​តែ​គ្មាន​សោ​ចាក់​ចូល​។ ​មិន​ហ៊ាន​ចាក់​សោ​ចូល​ព្រោះ​គ្មាន​សៀវភៅ​នៅ​ក្នុង​បន្ទប់ ​ខណៈ​ដែល​នាយក​សាលា​ គ្រូ​បង្រៀន​នៅ​តាម​សាលា​មួយ​ចំនួន​បាន​ខិតខំ​ស្វះស្វែង​រក​ដៃគូ​ជំនួយ​នានា​ដើម្បី​ស្នើសុំ​សៀវភៅ ឬ​ឯកសារ​សិក្សា​ស្រាវជ្រាវ​មក​តម្កល់​។​

ស្រប​ពេល​ដែល​គេ​ប្រារព្ធ​ទិវា​អំណាន​មាន​អ្នក​ខ្លះ​បាន​រិះគន់​ថា​កូន​សិស្ស​ខ្មែរ​មិន​និយម​ការ​អាន​។ ប៉ុន្តែ​គេ​ភ្លេច​មើល​អ្វី​ដែល​នៅ​ពី​ក្រោយ​បញ្ហា​នេះ​។ ខ្លះ​ថា​កូន​ខ្មែរ​ពូកែ​អួត​រឿង​ផឹកស៊ី ជា​ជាង​អួត​រឿង​ការ​សិក្សា​។ ជាក់ស្តែង​វា​ពិត​ជា​ដូច្នោះ​មែន តែ​គេ​មិន​ដែល​ឃើញ​​មាន​ដាក់​តាំង​ប៉ាណូ​ពី​សៀវភៅ ទិវា​អំណាន​ឡើយ ឃើញ​តែ​ប៉ាណូ​ស្រាបៀរ​ព្រោងព្រាត​។​

វប្បធម៌​នៃ​ការ​អប់រំ​នៅ​តាម​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​បាន​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​សៀវភៅ​សិក្សា​គោល​ជា​ចម្បង ​និង​កំពុង​ខ្វះខាត​ការ​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សហគមន៍​ជាក់​ស្តែង​។ ​ការ​ស្រាវជ្រាវ​របស់​គ្រូ​នៅ​វិទ្យាល័យ និង​អនុវិទ្យាល័យ​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។ គ្រូ​កំពុង​ផ្ទេរ​ដល់​សិស្សានុសិស្ស​នូវ​អ្វី​ដែល​ខ្លួន​មាន និង​បាន​ដឹង​ដោយ​ខ្វះ​ការ​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ដែល​ជា​ការ​អនុវត្តទៅ​តាម​លទ្ធភាព​ជាក់​ស្តែង​។ ទោះបី​មាន​កំណែ​ទម្រង់​រូបរាង និង​រចនា​សម្ព័ន្ធ​ច្រើន​ក៏​ដោយ តែ​កំណែ​ទម្រង់​នោះ​ហាក់​នៅ​ខ្វះ​គុណភាព​ក៏​ដូច​ខ្លឹមសារ​នៃ​ការ​រៀន និង​បង្រៀន​។ ចំណុច​នេះ​ហាក់​មិន​មាន​កំណែ​ទម្រង់​នូវ​ខ្លឹមសារ​ដើម្បី​បង្កើត​ជា​ទម្រង់​ល្អ​សម្រាប់​ជាតិ​ទេ ពោល ​គឺ​យើង​មាន​ទម្រង់ តែ​ខ្វះ​ខ្លឹមសារ​នេះ​ឯង​។​

ការ​បណ្តុះ​វប្បធម៌​នៃ​ការ​អាន គឺ​ជា​ការ​បណ្តុះ​ផ្នត់​គំនិត គតិ​បណ្ឌិត ឆន្ទៈ​នៃ​ការ​ស្រឡាញ់​ជាតិ វប្បធម៌​ការ​គិត សាមគ្គី សន្តិភាព អហិង្សា និង​សុខដុម​នីយកម្ម​ក្នុង​សង្គម និង​ពិភព​លោក​។ អវត្តមាន​នៃ​សៀវភៅ​បាន​ផ្តល់​ឱកាស​ឱ្យ​បញ្ហា​អសីលធម៌​សង្គម​ អំពើហិង្សា ការ​រើសអើង និង​សកម្មភាព​អាក្រក់​នានា​បង្ក​ជា​ជំងឺ​ចង្រៃ​សម្រាប់​សង្គម​។ ជាតិ​សាសន៍​មួយ​ដែល​មិន​ខ្វល់​ពី​សៀវភៅ ការ​ស្រាវជ្រាវ ជា​ពិសេស​វប្បធម៌​នៃ​អំណាន​ គឺ​ជាតិ​សាសន៍​នោះ​មិន​ខុស​អ្វី​ពី​កំពុង​​ទាត់​ចោល​នូវ​គំនិត​ស្ថាបនា​ និង​កសាង​ជាតិ​ខ្លួន​ឡើយ។ គួរ​បំភ្លេច​ចោល​គំនិត​មិន​ស្គាល់​ពី​ប្រវត្តិ​ខ្លួន​ឯង​និង​ការ​ធ្វើ​ដំណើរ​ដោយ​មិន​ស្គាល់​គោលដៅ​ច្បាស់​លាស់​ ដោយ​ហេតុថា ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ពិត​ប្រាកដ គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​។

កម្ពុជា​គួរ​បាន​វប្បធម៌​នៃ​ការ​ចែក​រំលែក​សៀវភៅ​ចំណេះ​ដឹង​ឱ្យ​បាន​ទូលាយ​។ ប្រសិន​បើ​ជំហាន​បឋម​ក្រសួង​មាន​គោល​នយោបាយ​ទិញ​ថត​ចម្លង (​ឬ​សុំ​ការ​សហការ​ពី​អ្នក​និពន្ធ​នានា​ដើម្បី​បោះ​ពុម្ព​សៀវភៅ​ចាស់ៗ ​ឬ​ថ្មីៗ​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​សិស្ស​និស្សិត​) សៀវភៅ​/​ឯកសារ​ចែក​ និង​តម្កល់​ទុក​គ្រប់​បណ្ណាល័យ​វិទ្យាល័យ និង​អនុវិទ្យាល័យ​នោះ​មតិ​សាធារណជន​នឹង​សាទរ​។​

បន្ថែម​ពី​លើ​ទិវា​ជាតិ​អំណាន​យើង​គួរ​មាន​ការ​បង្រៀន​ពី​វិធីឬ​របៀប​នៃ​ការ​អាន​សៀវភៅ​តាមរយៈ​ការ​ចូលរួម​ជួយ​ណែនាំ​ពី​អ្នក​មាន​បទពិសោធ​ល្អៗ​ និងអ្នក​​បង្កើត​វណ្ណកម្ម​សម្រាប់​ជា​ស្ពាន​ចម្លង​ទៅ​បំពេញ​ន័យ​ឲ្យ​វប្បធម៌​អំណាន​ក៏​ដូច​ជា​ លើក​ទឹក​ចិត្ត​ និង​ផ្តល់​លទ្ធភាព​ធនធាន​ដល់​ស្មេរ​ផង​ដែរ។

ពិត​មែន​ហើយ​កំណែ​ទម្រង់​ថ្មីៗ​នេះ​បាន​ទទួល​ការ​សាទរ​ច្រើន តែ​បញ្ហា​សម្រាប់​ការ​ពង្រឹង​ និង​ពង្រីក​នៅ​តែ​រឿង​ធំ​សម្រាប់​ប្រទេស ​កម្ពុជា​។ គ្រាន់​តែ​រឿង​សៀវភៅ​មួយ​មុខ​ក្រសួង​អាច​ត្រូវ​ចំណាយ​ច្រើន។ ​ប៉ុន្តែ​នោះ ​គឺ​ជា​ការ​ស្រេក​ឃ្លាន ​និង​ជា​ចំណី​ដ៏​មាន​រស​ជាតិ​មិន​អាច​ខ្វះ​បាន​សម្រាប់​បំប៉ន​នូវ​ពុទ្ធិ​របស់​មនុស្ស​គ្រប់​ជំនាន់​ជា​ពិសេស​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​គុណភាព​មនុស្ស​នៅ​កម្ពុជា​ឲ្យ​បាន​ផ្លែផ្កា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​និរន្តរភាព​៕​

ធួន មុន្នី និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ទស្សនវិជ្ជា​

អ៊ីមែលៈ Thuonmunny​22@gmail.com