សព្វថ្ងៃនេះមេផ្ទះទូទៅមិនត្រឹមតែខ្វល់ថា តើមានប្រាក់ឯណា ដើម្បីចំណាយលើម្ហូបអាហារផ្គត់ផ្គង់គ្រួសារឡើយ លើសពីនេះគឺត្រូវព្រួយចិត្ដរឿងមានសារជាតិគីមីច្រើនលើសលប់ក្នុងបន្លែត្រីសាច់ដែលលក់លើទីផ្សារថែមទៀត។
ការរអ៊ូរទាំពីសំណាក់ពលរដ្ឋគឺទម្លាក់បន្ទុកថា មកពីរដ្ឋាភិបាលអសមត្ថភាពក្នុងការគ្រប់គ្រងការនាំចូលបន្លែផ្លែឈើត្រីសាច់ពីបរទេសដោយមិនបានសិក្សាពីសុវត្ថិភាពចំណីអាហារឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យនាំចូល។ ចំណែកឯអ្នកកាន់ការងារស្រុកទេសវិញបានលើកថាបញ្ហាគឺមកពីពលរដ្ឋទិញមិនចេះមើលខ្លួនឯង ក្នុងន័យថាដឹងថាមានគីមីហើយនៅតែទិញខ្លួនឯង ម្ដេចក៏មកបន្ទោសគេទៅវិញ? បន្លែឥតគីមីក៏មានម្ដេចមិនទិញ? ពហិការមិនទិញទៅវាចប់ហើយ។
តើបើមិនចង់ឲ្យមានបន្លែគីមី នាំគ្នាពហិការកុំទិញវាពិតជាចប់រឿងមែនឬ? ច្បាស់ណាស់ថាកាលណាគ្មានតម្រូវការនោះមុខជាគ្មានការផ្គត់ផ្គង់ឡើយ។ ប៉ុន្ដែតើពលរដ្ឋក្រីក្រមានលទ្ធភាពពហិការឈប់ទិញបន្លែត្រីសាច់ដែលមានគីមីមកបរិភោគប្រចាំថ្ងៃបានដែរទេ? ពេលដែលគ្មានប្រាក់គ្រប់គ្រាន់ តើគ្នាអាចរើសថា ហូបតែអាហារដែលមានគុណភាពបានទេ? បើមិនទិញទេ តើពួកគេបានអ្វីហូប? កម្មករ-កម្មការិនីរោងចក្រ និងនិស្សិតដែលមករស់នៅទីក្រុងភាគច្រើនអាចត្រឹមផ្គត់ផ្គង់តម្រូវការមូលដ្ឋានធម្មតាៗឲ្យរស់ តើគេអាចឈានដល់ការគិតពីសុវត្ថិភាពចំណីអាហារដោយរបៀបណា? ក្រៅពីជាតិគីមីលើសលប់ហើយនៅមិនទាន់និយាយដល់ការខ្វះអនាម័យនៃចំណីអាហារដែលលក់មុខរោងចក្រផង។
ក្នុងស្ថានភាពប្រទេសយើងសព្វថ្ងៃមិនទាន់អាចថា បិទតម្រូវការហើយធ្វើឱ្យគ្មានការផ្គត់ផ្គង់បានទេ ព្រោះថាតម្រូវការអាហារដែលមានកម្រិតត្រឹមរាល់ថ្ងៃនេះនៅមានលើសពីពាក់កណ្ដាលប្រទេសនៅឡើយ។ ហូបមិនគ្រប់ ហូបរបស់គ្មានជីវជាតិ ហូបចូលជាតិគីមី ហូបដោយមេរោគនានា ដែលទុំលើអាហារចូលខ្លួនជាអ្វីដែលងាយមើលឃើញបំផុតលើម្ហូបអាហារពលរដ្ឋក្រីក្រ។ ថ្វីដ្បិតថា មានពលរដ្ឋមួយចំនួនខ្វះការយល់ដឹងពីរឿងសុវត្ថិភាពចំណីអាហារទើបគេមិនប្រយ័ត្នក្នុងការទិញចំណីអាហារ តែខ្លះបានដឹងដែរ តែគ្នាគ្មានលទ្ធភាពទិញអាហារល្អ។ អាហារគ្មានជាតិគីមី ឬមានគីមីដែរតែមិនដល់ថ្នាក់ហួសកម្រិត មានតម្លៃថ្លៃជាងអាហារដែលមានជាតិគីមីលើសកម្រិត។
ភោជនីយដ្ឋានខ្លះនាំចូលបន្លែល្អពីបរទេសដោយខ្លួនគេ ខ្លះបានឲ្យកសិករនៃតំបន់ណាមួយដាំផ្គត់ផ្គង់ហាងរបស់គេ ដោយគេផ្ដល់ពូជ និងបច្ចេកទេសដាំ ដោយធានាថាការដាំដុះនោះត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស តែអាហារទាំងនោះមានតម្លៃថ្លៃខ្លាំង។ នៅតាមសហគមន៍ខ្លះកសិករដាំបន្លែប្រើជីធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ តែវាថ្លៃជាងបន្លែធម្មតា។ បើចង់ទិញបន្លែល្អផ្ដល់ប្រយោជន៍ដល់សុខភាព ត្រូវចំណាយប្រាក់លើស ២-៣ ដងនៃបន្លែគីមី។ ឧ.ស្ពៃក្ដោបគីមីតម្លៃ ៣-៤ ពាន់រៀលក្នុង ១ គីឡូក្រាម ឯស្ពៃក្ដោបសរីរាង្គ នៅហាងបន្លែសហគមន៍តម្លៃពី ៨ ពាន់ទៅ ១១០០០ រៀលក្នុង ១ គីឡូក្រាម។ គ្រាន់តែទិញម្ហូបធម្មតាសឹងតែខ្វះប្រាក់ទិញទៅហើយសួរថា តើគ្នាមានលទ្ធភាពឯណាទិញបន្លែសរីរាង្គ? មួយវិញទៀតចំនួននៃការផ្គត់ផ្គង់បន្លែបែបនោះនៅមានកម្រិតទាប។
ក្រៅពីបន្លែផ្លែឈើត្រីសាច់នាំចូលភាគច្រើនដែលមានបញ្ហារឿងប្រើជាតិគីមី លើសលប់ហើយបែរមកមើលបន្លែផ្លែឈើដែលដាំក្នុងស្រុកវិញភាគច្រើនក៏ដាំដោយដាក់គីមីដែរ។ តែដាក់ខ្លះក៏ដាក់ចុះ ព្រោះបញ្ហាមិនជានៅត្រង់រឿងប្រើជីគីមីទាំងស្រុងនោះទេ តែវានៅត្រង់គេប្រើជីគីមីឥតរបៀបខុសបច្ចេកទេស។ ភាគច្រើនដោយមិនចេះអានអក្សរដែលខ្លះសរសេរជាភាសាបរទេសលើបាវជីគីមី និងថ្នាំកសិករបានដាក់វាលើសកម្រិត និងប្រើមិនចំពេលវេលាដែលគួរប្រើគឺប្រើស្មានៗ តាមគេប្រាប់តៗគ្នា។ ពេលខ្លះគេបាញ់ថ្នាំមុនពេលប្រមូលផលតែមួយថ្ងៃដើម្បីបង្ខំឲ្យវាធំ ដែលវាមានបន្សល់នូវជាតិគីមីយ៉ាងច្រើនលើបន្លែផ្លែឈើទាំងនោះពេលយកមកលក់។
ធ្ងន់ជាងនេះទៀតនោះគឺក្រៅពីជោកជាំដោយគីមីពេលដាំហើយ មុនពេលវាចែកចាយដល់ទីផ្សារលក់រាយ បន្លែផ្លែឈើទាំងនោះរួមទាំងបន្លែផ្លែឈើនាំចូលត្រូវបានគេបន្ថែមជាតិគីមី ដើម្បីរក្សាវាទុកឲ្យបានយូរថែមទៀត។ បើប្រើគីមីដែលគេប្រើលើម្ហូបអាហារខុសបច្ចេកទេស វាជារឿងមួយតែនេះគេប្រើជីអ៊ុយរ៉េ និងហ្វ័រម៉ុលជាដើមមកដាក់លើអាហារទៅវិញ។ អ្នកលក់អាហារត្រូវមានការយល់ដឹងពីបញ្ហានេះថា ការប្រើគីមី ដើម្បីឲ្យអាហារបន្លែផ្លែឈើទុកបានយូរ និងមានសោភណភាពដូចដែលយើងកំពុងតែប្រើយ៉ាងឥតរបៀបដូចសព្វថ្ងៃនេះជាទម្រង់មួយនៃការក្លាយខ្លួនជាឃាតករឈាមត្រជាក់ដែលបានសម្លាប់អ្នកបរិភោគដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកលក់ត្រសក់ដាក់ថ្នាំលើត្រសក់របស់គេ ហើយគេមិនហូបត្រសក់នោះទេ។ អ្នកលក់ស្ពៃដាក់ថ្នាំលើស្ពៃរបស់គេ ហើយគេមិនហូបស្ពៃនោះទេតែគេត្រូវការហូបត្រសក់ ឯអ្នកលក់អង្ករ មិនហូបអង្ករមិនល្អដែលគេលក់ឡើយគឺគេមានអង្ករដោយឡែកសម្រាប់គ្រួសារគេហូប តែគេមិនអាចចៀសរួចពីទិញបន្លែផ្លែឈើត្រីសាច់ដែលពេញទៅដោយជាតិគីមីមកហូបឡើយ។
តើមិនគួរឲ្យខ្លាច និងខ្ពើមរអើមទេឬដែលសូម្បីតែសត្វរុយក៏លែងមកទំលើប្រហុកផ្អក ត្រីងៀតត្រីឆ្អើរដែលដាក់លក់កណ្ដាលវាលលើទីផ្សារឯមនុស្សបែរជានាំគ្នាទៅទិញរបស់បែបនោះមកហូប? ការរកស៊ីបែបនេះដូចយើងសម្លាប់គ្នាទៅវិញទៅមកដោយប្រយោលពេញប្រទេសអ៊ីចឹង។
មកទល់ពេលនេះអ្នកកាន់ការងារប្រទេសដូចលែងបដិសេធថា លើទីផ្សារម្ហូបអាហារក្នុងប្រទេសយើងគ្មានសារជាតិគីមីលើសលប់ទៀតហើយផ្ទុយទៅវិញគឺគាត់បានទទួលស្គាល់ថាចំណីអាហារសម្បូរដោយជាតិគីមី។ ក្នុងន័យត្រឹមត្រូវ រដ្ឋាភិបាលមាននាទីផ្ដល់សេវាសាធារណៈ មាននាទីមើលសុខទុក្ខពលរដ្ឋ។ បើដឹងថាលើទីផ្សារសុទ្ធតែអាហារដែលពោរពេញទៅដោយជាតិគីមីលើសកម្រិតដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋ សួរថាតើគួរតែដោះស្រាយបញ្ហានេះយ៉ាងណា? បើថាពលរដ្ឋជាអ្នកខុសដែលទិញអាហារមានជាតិគីមីមកបរិភោគ អ៊ីចឹងតើរដ្ឋាភិបាលគ្មានការទទួលខុសត្រូវចំពោះកំហុសរបស់ពលរដ្ឋដែលមិនចេះគិតពីសុខភាពទេឬ? បើពលរដ្ឋមានការយល់ដឹងមានប្រាក់ទិញបន្លែល្អ ហើយលើទីផ្សារមានបន្លែល្អលក់ តែពួកគាត់នៅតែបន្ដទិញបន្លែគីមីនោះសមនឹងបន្ទោសខ្លះ ប៉ុន្ដែមានពលរដ្ឋមួយចំនួនធំ ខ្វះលទ្ធភាព។ តើនរណាដែលថាចូលចិត្ដហូបមាន់ ៣ សាសន៍ដែលសាច់វាផុយគ្មានជាតិជៅ ហូបហើយដូចហូបជាតិពុលចូលខ្លួន ហើយមិនចូលចិត្ដហូបមាន់ស្រែ ដែលមានឱជារសឆ្ងាញ់? តែមកពីគ្មានប្រាក់ទិញរបស់ល្អ។
ដូច្នេះតើការបន្ទោសលើពលរដ្ឋអាចដោះស្រាយបញ្ហានេះបានទេ? ជាជាងបន្ទោសពលរដ្ឋ ករណីយកិច្ចរបស់អ្នកមានសមត្ថកិច្ចក្នុងរដ្ឋ គួរតែពិនិត្យមើលថា តើខ្លួនមានវិធានការពិតប្រាកដ ដើម្បីធានាសុវត្ថិភាពចំណីអាហារជូនពលរដ្ឋហើយឬនៅ?តើមានបានអនុវត្ដតាមគោលការណ៍នៃការនាំចូលចំណីអាហារហើយឬនៅ? តើក្រសួងពាក់ព័ន្ធមានបានពន្យល់ណែនាំពលរដ្ឋ ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារគ្រប់ជ្រុងជ្រោយហើយឬនៅ? ហើយតើកម្រិតជីវភាពពលរដ្ឋលើសពីពាក់កណ្ដាលប្រទេស ធូរធារក្នុងកម្រិតដែលអនុញ្ញាតឲ្យគេអាចជ្រើសរើសម្ហូបអាហារមានគុណភាពហូបហើយឬនៅ?
ចាំដល់ពេលណារដ្ឋាភិបាលបានដុតដៃដុតជើងធ្វើកិច្ចការទាំងនេះរួចហើយតែពលរដ្ឋនៅតែទិញបន្លែគីមីនោះចាំបន្ទោស តែបើដោះស្រាយមិនចេញ មិនមែនតែរឿងនេះឬរឿងដទៃនោះទេ គួរតែនៅស្ងៀមល្អជាងមកឌឺដងដាក់ពលរដ្ឋ ព្រោះវាមានតែបន្ថែមកំហឹងពលរដ្ឋឱ្យប្រតិកម្មត្រឡប់វិញប៉ុណ្ណោះ។ តើមិនមែនជាការប្រមាថអ្នកក្រទេឬ ដែលមានការលើកឡើងថាខ្លួនមិនបានហាមមិនឲ្យទិញអាហារល្អឯណា តែមកពីមិនទិញខ្លួនឯង?
តើមានអ្នកដែលចង់ហូបប្រហិតសាច់គោណាម្នាក់ដែលមិនចង់ហូបប្រហិតសាច់គោសុទ្ធគ្មានគីមី? តែវាថ្លៃប្រហែល ១០ ម៉ឺនក្នុង ១ គីឡូក្រាម។ គ្មាននរណាម្នាក់ដែលស្រមៃចង់ហូបប្រហិតសាច់គោតម្លៃ ៣ ម៉ឺនក្នុង ១ គីឡូដែលលាយម្សៅហើយមិនដឹងជាធ្វើពីសាច់អី ហើយគេដាក់ហ្វ័រម៉ុលដែលពេទ្យទុកសម្រាប់ចាក់រក្សាសាកសព កុំឲ្យស្អុយរលួយមកដាក់ឲ្យប្រហិតនោះស្វិត មិនស្អុយហើយអាចទុកបានយូរមកហូបឡើយ។ មួយវិញទៀតពេលខ្លះមានប្រាក់ទិញហើយក៏មិនដឹងថា តើគួរតែទៅទិញម្ហូបអាហារដែលគួរឲ្យទុកចិត្ដនៅជិតផ្ទះនៅទីណាបានថែមទៀត។
ការយល់ដឹងរឿងសុខភាពចំណីអាហារមិនមែនគួរត្រូវយល់ដឹងតែអ្នកហូបទេ តែគឺទាំងអ្នកដាំ អ្នកលក់ អ្នកមើលការខុសត្រូវប្រទេសគឺគួរតែយល់ដឹងទាំងអស់មិនមែនម្នាក់ៗមើលតែសុខទុក្ខកូនចៅខ្លួន ឯកូនចៅអ្នកស្រុកចង់ស្លាប់ឯណាក៏ស្លាប់ទៅនោះទេ។ ត្រង់ចំណុចនេះ ពលរដ្ឋមិនគួរដេកចាំតែបន្ទោសគេថា មិនគិតដល់សុខភាពនោះទេ។ បើគេនៅតែមិនសូវអើពើពីសុខទុក្ខរបស់ពលរដ្ឋទូទៅដូចគេបារម្ភគិតពីសុខទុក្ខកូនចៅក្នុងក្រុមគ្រួសារគេ សួរថា តើយើងគិតនៅដេកចាំកើតមហារីកស្លាប់គ្រប់គ្នានៅត្រង់ហ្នឹងទៅឬ? រឿងនេះត្រូវការការចូលរួមដោយការយល់ដឹងពីសំណាក់ពលរដ្ឋគ្រប់រូបព្រោះបើរឿងសុវត្ថិភាពផ្ទាល់ខ្លួនសោះយើងមិនទាំងចេះគិតគូរផង តើទៅរំពឹងអីឲ្យគេមកឈឺក្បាលវិលមុខជាមួយយើងទៅ?
ជាទូទៅស្ដ្រីមេផ្ទះមិនសូវខ្វល់រឿងនយោបាយទេគឺគិតតែរឿងចង្ក្រានឆ្នាំង តែតើអ្នកធ្លាប់បានឮមន្ដ្រីរដ្ឋាភិបាលបានហៅអ្នកដែលចង់បំបាត់រឿងបន្លែគ្មានគីមីឲ្យបង្កើតជាបក្សនយោបាយហើយដាក់គោលនយោបាយដោះស្រាយរឿងនេះដែរទេ? នេះជាការទទួលស្គាល់ដោយខ្លួនគេថារឿងនយោបាយជាប់ពាក់ព័ន្ធនឹងឆ្នាំងបាយពលរដ្ឋដែលកាលពីមុនគេថា នរណាធ្វើអីធ្វើនោះទៅកុំខ្វល់ពីរឿងនយោបាយ។ គេបដិសេធមិនបានទេថា ពលរដ្ឋគ្រប់រូបទោះមាននាទីអ្វីគឺសុទ្ធតែរងឥទ្ធិពលពីរឿងនយោបាយគ្រាន់តែខ្លះដោយផ្ទាល់ ខ្លះដោយប្រយោលប៉ុណ្ណោះ។ សួរថាតើអាហារមួយម៉ាត់ណាដែលអ្នកលេបចូលពោះ ដោយមិនមានរងឥទ្ធិពលនយោបាយ? ស្ដ្រីមេផ្ទះទាំងឡាយគួរចាប់អារម្មណ៍រឿងនេះហើយគួរតែដឹងផងទៅថា រឿងនយោបាយពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងឆ្នាំងបាយនៃគ្រួសារនីមួយៗ។ បើកាលណាយើងរើសអ្នករៀបចំស្រុកទេសមិនបានល្អទេនោះឆ្នាំងបាយរបស់ពលរដ្ឋជាទូទៅក៏មានបញ្ហាដែរ។ អ្នកដែលធ្លាប់តែគិតថា រឿងនយោបាយទុកឲ្យអ្នកនយោបាយគិត ឯពលរដ្ឋកុំបាច់ខ្វល់គិត គួរតែពិចារណាឡើងវិញថា រឿងចង្ក្រានបាយជារឿងសុខភាពពលរដ្ឋទូទាំងប្រទេស។ អាហារក្នុងឆ្នាំងបាយពលរដ្ឋមានបរិបូរណ៍ និងមានគុណភាពយ៉ាងណាៗគឺកំណត់ដោយរឿងនយោបាយ។ ប៉ុន្ដែបើអ្នកគិតថាឆ្នាំងបាយផ្ទះអ្នកគ្រប់ និងមានគុណភាពហើយៗអ្នកមិនខ្វល់រវល់ពីគុណភាពអាហារក្នុងឆ្នាំងបាយផ្ទះពលរដ្ឋដទៃជាទូទៅដែលកំពុងតែខ្វះខាតទេ ខ្ញុំអាចហៅអ្នកថា ជាមនុស្សអាត្មានិយមដោយមិនរអាមាត់សោះឡើយ។
ជាតិមួយស្លាប់ឬរស់ព្រោះរឿងនយោបាយ។ បើកាលណាពលរដ្ឋមានការយល់ដឹង ចេះគិតត្រិះរិះពិចារណាវិភាគហេតុ និងផលពលរដ្ឋមានមនោសញ្ចេតនាពូជសាសន៍រួមលែងមើលសុខទុក្ខជនរួមឈាមនឹងភ្នែក នោះទើបយើងអាចឈានទៅជ្រើសរើសអ្នកចាត់ចែងស្រុកទេសដែលមានបេះដូង ស្រឡាញ់ជនរួមឈាម និងមានការប្ដេជ្ញាខ្ពស់ក្នុងការទទួលខុសត្រូវផ្នែកមនសិការបាន។ ជារួមថ្ងៃណាដែលពលរដ្ឋទូទៅមានការយល់ដឹងថា រឿងនយោបាយជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងឆ្នាំងបាយពលរដ្ឋមួយប្រទេសថ្ងៃនោះអ្នកនយោបាយមុខជាដូរឥរិយាបថនយោបាយ ងាកមកគិតខ្លាំងពីសុខទុក្ខពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ចំពោះម្ចាស់ឆ្នោតជាក់ជាមិនខាន៕
ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com