ក្ដីរង់ចាំអស់ពេល ៦០ ឆ្នាំរបស់គណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ីនៅទីបំផុតត្រូវបានសម្រេចដោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីសប្តាហ៍មុន ដោយបានយកឈ្នះទៅលើគណបក្សកាន់អំណាច Barisan Nasional ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ (Najib Razak)។
តាមរយៈជ័យជម្នះនេះបានធ្វើឲ្យអ្នកគាំទ្រគណបក្សប្រឆាំងហ៊ោកញ្ជ្រៀវខ្ញៀវខ្ញារយ៉ាងភ្លូកទឹកភ្លូកដី បើទោះបីជាមេបក្សប្រឆាំងលោក Mahathir Mohamad ដែលជាអតីតនាយរដ្ឋមន្ត្រីមានវ័យជរា ៩២ ឆ្នាំហើយក៏ដោយ។
អ្វីដែលសំខាន់គឺនៅត្រង់ការទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតពីសំណាក់លោក ណាជីប តំណាងឱ្យគណបក្សកាន់អំណាចដែលព្រមទទួលយកដោយសុចរិតទៅតាមច្បាប់ និងតាមឆន្ទៈរបស់ពលរដ្ឋម៉ាឡេស៊ីដោយគ្មានអំពើហិង្សា។
ប៉ុន្តែ ឥឡូវនេះហាក់ដូចជា តម្រិះជិះកឯងរបស់លោក ណាជីប ទៅវិញទេចំពោះករណីធ្វើច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងកាលពីដើមខែមុនក្នុងគោលបំណងបំបិទមាត់គណបក្សប្រឆាំងមុនការប្រកួតប្រជែងបោះឆ្នោត និងរឿងអាស្រូវដែលនៅសេសសល់ពីបញ្ហាពុករលួយធ្ងន់ធ្ងរនៅអំឡុងពេលខ្លួនកាន់អំណាច។
តាមរយៈក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក បានលើកឡើងថា ទឹកប្រាក់ចំនួន ៤,៥ ពាន់លានដុល្លារត្រូវបានប្លន់យកពីថវិកានៃការវិនិយោគ 1MBD ទាក់ទិនជាមួយនឹងលោក ណាជីប ក្នុងចន្លោះឆ្នាំ ២០០៩ និង ២០១៤ បូករួមទាំង ៧០០ លានដុល្លារទៀតដែលជាលុយត្រូវបានលាងនៅក្នុងគណនីរបស់លោក (Al Jazeera, 2018)។
មកទល់ពេលនេះ អាជ្ញាធរម៉ាឡេស៊ី មិនទាន់អនុញ្ញាតឲ្យលោក ណាជីប ចេញក្រៅប្រទេសនៅឡើយទេ ដោយសារកំពុងស៊ើបអង្កេតសើរើរឿងចាស់ពាក់ព័ន្ធនឹងបញ្ហាពុករលួយដ៏ធំនេះ។ យ៉ាងណាក៏ដោយ ក៏ការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីត្រូវបានគេទទួលស្គាល់ថា មានសេរី និងយុត្តិធម៌ហើយមានសន្តិភាពពិតប្រាកដ។
ប៉ុន្តែផ្ទុយទៅវិញនៅក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទបញ្ជីចុះឈ្មោះគណបក្សនយោបាយសម្រាប់ប្រកួតប្រជែងបោះឆ្នោតជាតិអាណត្តិទី ៦ នៅខែកក្កដាខាងមុខនេះដែលមានគណបក្សមកសុំចុះបញ្ជីច្រើន តែគ្មានឈ្មោះអតីតគណបក្សប្រឆាំងដ៏ធំមួយឈ្មោះសង្គ្រោះជាតិ (CNRP) ដែលត្រូវបានគេរំលាយកាលពីឆ្នាំទៅនោះទេ។
ករណីអវត្តមានអតីត CNRP ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះជាសញ្ញានៃការបាក់បែកខ្មែរកាន់តែខ្លាំងហើយត្រូវបានគេហៅថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។
រីឯ សហគមន៍អន្តរជាតិក៏ធ្លាប់បានព្រមានថានឹងមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែរ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់រួចហើយដែរថា មិនខ្វល់ពីរឿងទទួលស្គាល់ ឬ មិនទទួលស្គាល់ទេ ហើយតែងតែប្រកាសថាបើគណបក្សប្រជាជន ចាញ់ឆ្នោត គឺនឹងផ្ទុះសង្គ្រាមជាដើម។ ម្យ៉ាងវិញទៀតការកាត់ផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកមួយចំនួនមកលើ គ.ជ.ប និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាដំណោះស្រាយនោះទេ ព្រោះប៉ះពាល់រដ្ឋាភិបាលតែបន្តិចបន្តួចប៉ុណ្ណោះ តែប៉ះពាល់ពលរដ្ឋក្រីក្រពោលគឺភាគច្រើនគ្មានអ្វីក្រៅតែពីការធ្វើចំណាកស្រុកនោះទេ។
ចំណុចដែលត្រូវយកមកដាក់លើតុដើម្បីពិភាក្សាគ្នានោះគឺការតាមដានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ ថា តើកម្ពុជាដើរដល់កម្រិតណាហើយ? មិនមែនមានន័យថាសហគមន៍អន្តរជាតិដែលជាម្ចាស់ហត្ថលេខីគ្រាន់តែឲ្យអ៊ុនតាក់ (UNTAC) ជួយរៀបចំដោយការបោះឆ្នោត និងសភាបង្កើតច្បាប់រដ្ឋធម្មនុញ្ញនោះរួចខ្លួនទេ។ ប៉ុន្តែនៅមានចំណុចដែលសហគមន៍នេះត្រូវតាមដានលើការអនុវត្តសិទ្ធិមនុស្សតាមស្តង់ដារ និងធម្មនុញ្ញភាព។
ចុះបើឥឡូវច្បាប់រដ្ឋធម្មនុញ្ញហ្នឹងត្រូវបានកែប្រែមាត្រាមួយចំនួនដោយរដ្ឋាភិបាលកើតចេញពី CPP បន្ទាប់ពី CNRP ត្រូវបានគេរំលាយរួចហើយនោះ តើច្បាប់ធម្មនុញ្ញថ្មីឆ្លើយតបនឹងកិច្ចព្រមសន្តិភាពទីក្រុងប៉ារីសដែរឬទេ? នេះជាចំណុចដែលម្ចាស់ហត្ថលេខីត្រូវការពិនិត្យមិនមែនចេះយល់ស្របទៅតាមការលើកឡើងដែលថាបានបញ្ចូលទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញអស់ហើយចប់នោះទេ ដូចមានចំណុចខ្វះខាតខ្លះក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួមមានជំពូកទី ២ ទាក់ទងនឹងការបោះឆ្នោត ទី៣) ទាក់ទងនឹងសិទ្ធិមនុស្ស និងឧបសម្ព័ន្ធទី ៥ អំពីគោលការណ៍របស់រដ្ឋធម្មនុញ្ញជាតិថ្មី។
ម្យ៉ាងវិញទៀតការកសាងសន្តិភាពពិតមិនមែនបានត្រឹមតែថានោះទេគឺត្រូវពិនិត្យតាមដានឲ្យបានជាប់លាប់ ហើយប្រសិនបើមានការរអាក់រអួលត្រង់ចំណុចណាមួយនោះគឺសហគមន៍អន្តរជាតិគួរតែសម្របសម្រួល ដើម្បីការពារកុំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី ជាពិសេសការប្រេះឆាដូចថ្មីៗនេះគួរតែមានប្រទេសណាមួយធ្វើជាអ្នកទី ៣ ដូចជា ជប៉ុនអាចចាប់ផ្តើមផ្សះផ្សារវាងមេដឹកនាំគណបក្សទាំង ២ CPP និង CNRP ដែលកំពុងមានអរិភាពនឹងគ្នាដោយធ្វើយ៉ាងណាឲ្យមានឱកាសចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ។
ការកសាងសន្តិភាពនៅកម្ពុជា បែរជាធ្លាក់ទៅរកការបាក់បែកគ្នាជាតិសាសន៍សាជាថ្មី ខណៈមេរៀនល្អថ្មីៗរវាងបងប្អូនកូរ៉េខាងជើង និងខាងត្បូងដែលធ្លាប់តែបាក់បែកគ្នាតាំងពីសង្គ្រាមលោកលើកទី ២ ហើយតែងកំញើញគ្នាលេងសុទ្ធតែមីស៊ីល និងនុយក្លេអ៊ែរហោះកាត់ដំបូលផ្ទះគ្នាទៅវិញទៅមក បែរជាមកចាប់ផ្តើមចាប់ដៃគ្នារឹតចំណងសាមគ្គីភាពគ្នាជាធ្លុងមួយទៅវិញ ជាចំណុចដែលពិភពលោកពេញចិត្ត និងអបអរសាទរយ៉ាងខ្លាំង។
ជាជាងការរកដំណោះស្រាយបែបបុរាណរបស់រដ្ឋាភិបាលកម្ពុជាដែលធ្លាប់រង់ចាំរហូតទាល់តែការប្រកាសលទ្ធផលបោះឆ្នោតរួចរាល់សិនទើបមានការដោះលែង ឬក៏អនុញ្ញាតឲ្យត្រឡប់ចូលស្រុកវិញនៃមេដឹកនាំ និងមន្ត្រីបក្សប្រឆាំង។ ចំពោះឧបសគ្គនៃការកសាងសន្តិភាពនៅកម្ពុជានេះគឺមិនមែនត្រឹមតែសមាជិកអាស៊ានហ្នឹងឈ្លោះតែគ្នាឯងនោះទេ ប៉ុន្តែជាងនេះទៅទៀតគឺការជះឥទ្ធិពលអាក្រក់ៗពីសមាជិកអាស៊ានដែលធ្វើកន្លងមកដូចជា ការរំលាយគណបក្សនៅប្រទេសថៃដែលធ្វើបានដោយជោគជ័យ និងនិន្នាការដឹកនាំឯកបក្សធំដូចនៅប្រទេសវៀតណាម និងប្រទេសសិង្ហបុរី និងការបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឬ មិនពិតនៅប្រទេសម៉ាឡេស៊ីជាដើម។
ផ្ទុយទៅវិញ កម្ពុជា ហាក់មិនបានយកគំរូល្អៗដូចជា ការបើកឲ្យមានគ្រប់គណបក្សចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រកបដោយសមធម៌ពិតប្រាកដដែលអាចនាំទៅដល់ការទទួលយកបាននូវលទ្ធផលឆ្នោតដូចនៅក្នុងប្រទេស ម៉ាឡេស៊ី កាលពីសប្តាហ៍កន្លងទៅ នោះទេ។ ចំណុចទាំងនេះហើយដែលធ្វើឱ្យនៅតែមានចម្ងល់ថា ចុះហេតុអ្វីទើបបានជនជាតិខ្មែរនៅតែមិនអាចរករូបមន្តល្អមួយដើម្បីរួបរួមគ្នាមិនបាន ?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com