រាល់បំណុលសុទ្ធតែមានម្ចាស់ មិនមែនតែរវាងប្រទេស និងប្រទេស ឬក៏រវាងប្រទេស និងម្ចាស់ជំនួយ ឬក៏រវាងប្រទេស និងប្រជាពលរដ្ឋខ្លួនឯង ដោយមិនគិតពីប្រទេសជឿនលឿន ឬក៏ប្រទេសកំពុងអភិវឌ្ឍន៍នោះទេ គឺឲ្យតែជំពាក់គឺជាប់បំណុលទាំងអស់។
បំណុលនេះទៀតសោតអាស្រ័យទៅនឹងការនិយមរបស់ប្រទេសរៀងៗខ្លួន ដូចនៅសហរដ្ឋអាមេរិក គេនិយមបោះមូលបត្របំណុលរវាងប្រទេស និងប្រទេស Treasury bill (T. Bill) ដែលសហរដ្ឋអាមេរិកនៅជំពាក់ចិន ដោយសារលក់ T. Bill នេះ។
នៅជប៉ុន រដ្ឋាភិបាលនិយមលក់មូលបត្របំណុលរដ្ឋ (Bond) លក់ទៅឲ្យប្រជាពលរដ្ឋរបស់ខ្លួន រីឯប្រទេសខ្លះទៀតគឺខ្ចីសាច់ប្រាក់សុទ្ធពីប្រទេស ឬក៏ម្ចាស់ជំនួយដើម្បីយកមកអភិឌ្ឍតែម្តង។ តែសំណួរសួរថា តើការជំពាក់នោះមានត្រឹមកម្រិតណាដែលប្រទេសរបស់ខ្លួនអាចមានលទ្ធភាពសងបាននោះ?
ផ្អែកតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាគិតមកដល់ត្រឹមដំណាច់ឆ្នាំ ២០១៧ លេខ ៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយនៅខែមីនាឆ្នាំ ២០១៨ បានបង្ហាញទិន្នន័យបំណុលជាសាធារណៈពីឆ្នាំ ១៩៩៣ មកដល់ដំណាច់ឆ្នាំ ២០១៧ ដែលរាជរដ្ឋាភិបាលបានដកសាច់ប្រាក់ជំពាក់សរុបមកត្រឹមឆ្នាំ ២០១៧ គឺ ៦៧៧២ លានដុល្លារសហរដ្ឋអាមេរិក តែបើមើលសាច់ប្រាក់ជំពាក់សរុបការខ្ចីក្រៅប្រទេសត្រឹមឆ្នាំ ២០១៧ នេះគឺឡើងដល់ ៩ ៦៨៥ លានដុល្លារសហរដ្ឋអាមេរិកហើយ។
បើធ្វើការប្រៀបធៀបបំណុលពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៧ មានទឹកប្រាក់ដែលបានទទួល ៦៧៧២ លានដុល្លារ នេះធៀបទៅនឹងផលទុនក្នុងស្រុកសរុប (GDP) ឆ្នាំ ២០១៧ ដែលមានទឹកប្រាក់ ២២,២៥ ពាន់លានដុល្លារគឺស្មើនឹង ៣០ ភាគរយនៃ GDP។
នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញពីការដកសាច់ប្រាក់ពីកម្ចីនេះគឺ ៣ ឆ្នាំចុងក្រោយនេះពីក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានចំនួនច្រើនដល់ទៅ ៨៦ ភាគរយ និងវិស័យអាទិភាពផ្សេងទៀតគឺបានតែ ១៤ ភាគរយទេ។
រីឯលទ្ធភាពនៃការសងគេបណ្តើរៗតាមឆ្នាំឡើងចុះៗទៅតាមសាច់ប្រាក់ ដែលរដ្ឋមានគឺមកទល់ដំណាច់ឆ្នាំ ២០១៧ នេះសរុបសេវាទូទាត់បំណុលក្រៅប្រទេសបានចំនួន ១១២៣ លានដុល្លារសហរដ្ឋអាមេរិកហើយ។ ទិន្នន័យមានន័យថា ខ្ចីគេ ៦ សងគេបានតែ ១ ទេ។ រាល់កម្ចីទាំងនេះរាជរដ្ឋាភិបាលក៏មានការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងបំណុលសាធារណៈនេះដែរ។
តែអ្វីនៅស្រពេចស្រពិលចំពោះបំណុលសាធារណៈ ដែលបានបង្ហាញនេះគឺបង្ហាញតែបំណុលពីឆ្នាំ ១៩៩៣ មកត្រឹមឆ្នាំ ២០១៧ ទេ មិនបានបង្ហាញបំណុលធំៗ ២ គឺខ្ចីពីសហរដ្ឋអាមេរិកទឹកប្រាក់ និងទាំងការប្រមាណជា ៥០០ លានដុល្លារក្នុងរបបសេនាប្រមុខ លន់ នល់ ចន្លោះឆ្នាំ ១៩៧០-៧៥ និងបំណុលអតីតសហភាពសូវៀតដែលបច្ចុប្បន្ននេះហៅថា «រុស្ស៊ី» ប្រមាណជា ១៤០០ លានដុល្លារក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ៨០ នោះទេ។
ចំពោះបំណុលសហរដ្ឋអាមេរិកវិញរដ្ឋាភិបាលសព្វថ្ងៃនេះមិនត្រឹមតែព្យាយាមសងទេ ប៉ុន្តែថែមទាំងបានចោទប្រកាន់សហរដ្ឋវិញថា លុយដែលឲ្យខ្ចីសម័យសាធារណរដ្ឋនោះគឺយកមកទិញសព្វាវុធ មកទម្លាក់គ្រាប់បែកធ្វើសង្គ្រាមសម្លាប់ខ្មែរទៅវិញ។
ជាងនេះទៅទៀតរដ្ឋាភិបាលស្នើឲ្យសហរដ្ឋអាមេរិក លុបបំណុលនេះចេញឲ្យទៅជាជំនួយមកកម្ពុជាទៅវិញ តែសហរដ្ឋអាមេរិកធ្វើមិនដឹងមិនឮ ហើយបកស្រាយថា លុយដែលខ្ចីនោះគឺមកបម្រើវិស័យកសិកម្មទេ តែការប្រាក់ ចេះតែកើនទៅៗ។
រីឯកម្ចីរបស់អតីតសហភាពសូវៀតវិញគឺរាជរដ្ឋាភិបាលក៏តែងតែស្នើឲ្យរដ្ឋាភិបាលរុស្ស៊ីបំប្លែងបំណុលនេះឲ្យទៅជាជំនួយកម្ពុជាទៅវិញ តែប្រទេសរុស្សីក៏នៅតែធ្វើមិនដឹងមិនឮដដែល បំណុលនៅតែមានម្ចាស់ដដែល។
នៅក្នុងកម្ចីរបស់អតីតសហភាពសូវៀតនេះហើយដែលជួយដល់ប្រជាពលរដ្ឋកម្ពុជាកាលទសវត្សរ៍ឆ្នាំ ៨០ បានចូលរួមចំណែកធ្វើឲ្យពលរដ្ឋបានរស់រានមានជីវិត កាលពីសម័យចេញពីបាតដៃទទេនោះដែលរាជរដ្ឋាភិបាលសព្វថ្ងៃតែងតែលើកឡើងថាខ្លួនបានដឹកនាំប្រទេសតាំងពីបាតដៃទទេមកទល់បច្ចុប្បន្ននេះ។
អ៊ីចឹងហើយបើបូកបំណុលធំៗទាំង ២ នេះទៀតគឺកើនឡើងដល់ប្រមាណជាង ៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក តែបំណុលរបស់ប្រទេសពីរបបមួយទៅរបបមួយគឺអ្នកដឹកនាំក្រោយៗមកមិនអាចបំភ្លេចបំណុលបានទេគឺសុទ្ធតែមានម្ចាស់ទាំងអស់។
ហេតុដូច្នេះរាល់ការខ្ចីពីបរទេសរាជរដ្ឋាភិបាលគួរតែគិតគូរពីកម្ចីថា តើលទ្ធភាពនៃការសងបំណុលនោះបានកម្រិតណា? បើឃើញលទ្ធផលកម្ចីពីឆ្នាំ ១៩៩៣ មកទល់ដំណាច់ឆ្នាំ ២០១៧ គឺស្មើនឹង ៣០ ភាគរយនៃ GDP ទៅហើយនោះតើរដ្ឋគួរតែបន្តខ្ចីគេបន្ថែមទៀតទេ បើការប្រាក់ក៏ចេះតែមានកំណើនទៅតាមហ្នឹងដែរនោះ? អ៊ីចឹងរដ្ឋគួរតែកំណត់ត្រឹម ២០ ភាគរយនៃ GDP បានហើយ។
បើទោះបីជាមានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាអ្នកជំនាញខាងហិរញ្ញវត្ថុ ដែលជួយតាមឃ្លាំមើលការខ្ចីសមស្រប ឬក៏មិនស្របនឹងលទ្ធភាពនៃការសងបំណុលក៏ដោយ ក៏នៅពេលមានការអ្វីកើតឡើង ស្ថាប័ននេះមិនមែនជាអ្នកសងគេជំនួសរាជរដ្ឋាភិបាលនោះទេ។
ម្យ៉ាងវិញទៀតរាល់ការខ្ចីរវាងប្រទេស និងប្រទេស ឬក៏ម្ចាស់ជំនួយ យើងត្រូវតែសងគេ យើងមិនអាចឆ្លើយដាក់អ្នកមុនៗយករួចខ្លួននោះទេ។ អ្នកដែលសងគេនោះគឺពលរដ្ឋខ្មែរទាំងអស់ជាអ្នកសងគេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com