កាលពី​ឆ្នាំ​ ២០១៥ សាលារាជធានី​ភ្នំពេញ​បាន​គណនា​ឃើញថា មាន​ការខាត​អស់​ទឹកប្រាក់​ចំនួន ៦ ​លាន​ដុល្លារ​ក្នុង​ ១ ​ខែ ដោយសារ​ការកកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​។ អ៊ីចឹង​បើ​យក ៦ ​លាន​ដុល្លារ​គុណ​នឹង​ ១២ ​ខែ ឃើញ​ ៧២ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ នេះ​តួលេខ​ចាស់​ ៥ ​ឆ្នាំ​កន្លងមក ឥឡូវនេះ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០១៩​ ស្ថិតិ​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ចំនួន​ជាង ៥០ ​ម៉ឺន​គ្រឿង និង​ទោចក្រយានយន្ត​ចំនួន​ជិត ២ ​លាន​គ្រឿង​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៩ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។

ដូច្នេះ​ហើយ​ចំនួន​ទឹកប្រាក់​ដែល​ប្រជាពលរដ្ឋ និង​រដ្ឋ​ខាតបង់​ដោយសារ​តែ​ការកកស្ទះ​ចរាចរណ៍​ក៏​កើនឡើង​ទៅតាម​ហ្នឹង​ដែរ​។ តែ​មន្ត្រីប៉ូលិស​មាន​ភារកិច្ច​សម្រួល​រឿង​ចរាចរណ៍​ហ្នឹង​មួយចំនួន មិនសូវ​គិតដល់​ការខាតបង់​ថវិកា​អស់​ដល់​ច្រើន​ម្លឹង​លើ​ការកកស្ទះ​ចរាចរណ៍​នេះ​ទេ គឺ​ពួកគេ​គិត​តែ​ពី​រឿង​រក​ចំណូល​ទារលុយ​ពី​ឡាន​ដឹក​សំពីង​សំពោង ទារលុយ​ពី​ឡាន​តាក់ស៊ី​ផង ខ្លះ​ចាំតែ​ផាកពិន័យ​ម៉ូតូ​មិន​ដាក់​កញ្ចក់ និង​អ្នកបើកបរ​មិន​ពាក់មួក​ជាដើម​។

ដូច​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុននេះ មាន​ករណី​ដាក់​ប៉ុស្តិ៍​ចល័ត​មួយ​ចាំ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​មិន​ពាក់មួក និង​ម៉ូតូ​មិន​ដាក់​កញ្ចក់​នៅ​ក្រោម​ស្ពាន​ព្រះមុនីវង្ស និង​ស្ពាន​ច្បារអំពៅ​ទាំង​ព្រលឹម​ដែល​ប្រមូល​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ពី​ស្តុប​ផ្សារច្បារអំពៅ និង​មុខ​សាលា​ច្បារអំពៅ​មាន​គ្នា​ជិត​ ១០ ​នាក់ ​មក​ដាក់​ទីតាំង​ថ្មី​ផ្លូវ​តូច​ក្រោម​ស្ពាន ឡើង​ស្ងាត់​តំបន់​គោលដៅ​ចាស់ ខណៈ​ដែល​រៀងរាល់​ព្រឹក​ថ្ងៃ​ធ្វើការ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​មាន​ការកកស្ទះ​ចរាចរណ៍​ខ្លាំង​ជាងគេ​នៅ​ទីតាំង​ច្បារអំពៅ ពិសេស​តាម​ផ្លូវ​ជាតិ​លេខ​ ១ និង​នៅលើ​ស្ពាន​នៅពេល​ដែល​មិនមាន​ការសម្រួល​ចរាចរណ៍​ពី​មន្ត្រី​បែបនេះ ធ្វើឲ្យ​អ្នកដំណើរ​កាន់តែ​កកស្ទះ និង​កាន់តែ​យឺតយ៉ាវ​។ បញ្ហា​នេះ​ធ្វើឲ្យ​មាន​ការខឹងសម្បា និង​ស្រេ្តស​ទាំង​ព្រឹក ខ្លះ​ត្អូញត្អែរ​ថា នគរបាល​ទទួល​ប្រាក់ខែ​ពី​រដ្ឋ​សោះ បែរ​ជា​មិន​សូវ​ជា​ជួយ​សម្រួល​អ្នកដំណើរ​តាម​ផ្លូវ​សាធារណៈ​ទៅវិញ បែរ​នាំ​គ្នា​ទៅរក​លុយ​កន្លែង​ផាកពិន័យ​ទៅវិញ មិន​សម​ទាល់តែ​សោះ​។

រីឯ​អ្នកបើកបរ​ម៉ូតូ និង​កង់​ ៣ ​នៅក្រោម​ស្ពាន​ព្រះមុនីវង្ស ក៏​រិះគន់​ទៅលើ​មន្ត្រីប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ផង​ដែរ​ថា ធ្វើឲ្យ​កាន់តែ​កកស្ទះ​ចរាចរណ៍​នៅលើ​ផ្លូវ​បេតុង​តូច​នេះ​ថែមទៀត​ហាក់បី​ដូចជា​ខ្វះ​កន្លែង​ផាកពិន័យ ព្រោះ​នៅក្រោម​ស្ពាន​ហ្នឹង មិនមែន​ផ្លូវជាតិ​ទេ វា​ជា​ផ្លូវ​បេតុង​តូច​វាង​សម្រាប់​អ្នកដំណើរ​ម៉ូតូ​ទៅ​ផ្សារ​ក្បែរៗ​ផ្ទះ​។

រីឯ​កកស្ទះ​មួយទៀត​នោះ គឺ​ឡាន​របស់​ក្រុម​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ទៅ​ខេត្ត​ព្រៃវែង និង​ខេត្តស្វាយរៀង​គឺ​ឈប់​ចត​នៅ​ក្រោម​ស្ពាន​អាកាស​ដែល​កំពុង​សាងសង់ ហើយ​បក់ដៃ​ហៅ​ម៉ូយ​ចូល​ដល់​កណ្តាលផ្លូវ ហើយ​ជួនកាល​ពួកគេ​បើក​ត្រឹកៗ​យឺតៗ​នៅ​លើ​ស្ពាន​ចាំ​ដាក់​ម៉ូយ និង​ឈប់​ឡាន​តាក់ស៊ី​បណ្តាក់​គ្នា​នៅតាម​ផ្លូវជាតិ​លេខ​ ១ ​រហូតដល់​បុរី​ប៉េងហួត​បឹងស្នោ​បាន​អស់​។

ជាពិសេស​គឺ​មុន​ដល់​ថ្ងៃ​ចូលឆ្នាំ​ចិន​ផង គឺ​ការកកស្ទះ​នៅ​តំបន់​ច្បារអំពៅ​នេះ កកស្ទះ​ខ្លាំងណាស់​បើ​យក​កម្លាំង​សមត្ថកិច្ច​ទៅរក​លុយ​តាមរយៈ​ដាក់​បារ៉ាស់​ចល័ត​ចាំ​ផាកពិន័យ​គឺ​ចរាចរណ៍​នៅជាប់​គាំង​ទាំងអស់ មិន​ថា​អ្នកជំងឺ​សង្គ្រោះបន្ទាន់ ឬក៏​អគ្គិភ័យ ឬ​អន្តរាគមន៍​បន្ទាន់ ឬក៏​ក្បួន​ដំណើរ​របស់​ថ្នាក់​ដឹកនាំ និង​គណៈប្រតិភូ​អន្តរជាតិ​ក៏​ជាប់គាំង​ដោយសារ​ចរាចរណ៍​នៅ​តំបន់​នេះដែរ​។

កន្លងមក គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ត្រូវ​បាន​មហាជន​សរសើរ​ថា បានរៀបចំ​អ្នកលក់​តាមផ្លូវ​មិន​ឲ្យ​លក់​ចេញ​ហួស​ចិញ្ចើមផ្លូវ​ខ្លាំងពេក​ទេ គឺ​ឲ្យ​ចេញ​តែ​ ១ ​ម៉ែត្រ​ស្មើគ្នា មើល​ទៅ​ឃើញថា មាន​របៀប​ជាង​ខណ្ឌ​ដទៃទៀត​។ តែ​បញ្ហា​​កកស្ទះ និង​បញ្ហា​ឡាន​តាក់ស៊ី​ហៅ​ម៉ូយ​តាមផ្លូវ មិនបាន​ដោះស្រាយ​បាន​ប្រសើរ​នៅ​​ឡើយ​ទេ​។ ឥឡូវ​បែរជា​ចេញ​ដាក់​បារ៉ាស់​ក្រោម​ស្ពាន​ព្រះមុនីវង្ស ចាំ​កាក់​ម៉ូតូ​ផាកពិន័យ​ទាំង​ព្រឹក ធ្វើឲ្យ​មាន​ការកកស្ទះ​ចរាចរណ៍​កាន់តែ​ខ្លាំង​នៅលើ​​ផ្លូវ​បេតុង​តូច​មួយ​នេះ​។

ហេតុ​ដូច្នេះ​ហើយ គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ និង​អធិការដ្ឋាន​ខណ្ឌ​គួរតែ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ចំពោះ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​បញ្ហា​ចំណត​តាក់ស៊ី​នេះ​។ តាម​បទពិសោធ​ចរាចរណ៍​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដែល​មាន​ប្រជាពលរដ្ឋ​ជាង​ ១០ ​លាន​នាក់​វិញ​គឺ​ពេលព្រឹក និង​ពេល​ល្ងាច មន្ត្រី​ប៉ូលិស​ថៃ​គេ​ប្រឹងប្រែង​ធ្វើ​ចរាចរណ៍​ដើម្បី​កុំ​ឲ្យ​មាន​ការកកស្ទះ​ខ្លាំង ជាង​នេះ​ទៅ​ទៀត​ថ្មីៗ​នេះ ក្បូន​ដង្ហែ​របស់​ព្រះមហាក្សត្រ​ថៃ​ក៏​លែង​ឲ្យ​មាន​ការបិទផ្លូវ ដែល​នាំ​ឲ្យ​ស្ទះចរាចរណ៍​ផងដែរ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com