ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​​ចុងក្រោយ​នេះ​កម្ពុជា​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ ៧,៧ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​កម្ពុជា​ក៏​បាន​ធ្វើការ​យ៉ាង​សកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ សុខាភិបាល និង ការកាត់បន្ថយ​ភាពក្រីក្រ​។ ​បន្ថែម​​ពី​នេះ​ទៀត​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ថយ​ចុះមក​ត្រឹម ​១,១ ​ភាគរយ​ដោយ​មាន​ការចូលរួម​ពី​វិស័យ​កសិកម្ម ទេសចរណ៍​​ និង​វិស័យ​កាត់ដេរ​ដែល​នេះ​បើ​​យោង​តាម​ការប៉ាន់ស្មាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​។ ក្នុង​នោះ​ដែរ​វិស័យ​កាត់ដេរ​គឺជា​ក្បាលម៉ាស៊ីន​ដ៏សំខាន់​នៃ​កំណើន​​សេដ្ឋកិច្ច​របស់​កម្ពុជា​តាមរយៈ​​ការនាំចេញ​សម្លៀកបំពាក់​ក្នុង​តម្លៃ ៨,០២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧​។

ក្នុង​ចំណោម​កម្មករ​រោងចក្រ​ចំនួន ៦៣៥ ០០០ នាក់​មាន​ ៩០ ​ភាគរយ​ជា​ស្ត្រី​។ តាមរយៈ​អង្គការ​ឃែរ​ (CARE International) ការងារ​នៅក្នុង​វិស័យ​​កាត់ដេរ​បាន​ផ្តល់នូវ​ឱកាស​សម្រាប់​ស្ត្រី​ក្នុង​ការពង្រឹង​អំណាច​របស់​​ខ្លួន​លើ​ផ្នែក​សេដ្ឋកិច្ច​។

ទោះបី​កម្ពុជា​មាន​ការរីកចម្រើន​​ខ្លាំង​លើ​វិស័យ​សេដ្ឋកិច្ច​ក្ដី ប៉ុន្តែ​បទដ្ឋាន​យេនឌ័រ (Gender Norm) នៅ​តែ​បន្ត​ចោទ​ជា​បញ្ហា​ដែល​ធ្វើឱ្យ​មាន​វិសមភាព​​រវាង​បុរស និង​ស្ត្រី​មិន​ថា​នៅ​កន្លែង​ធ្វើការ​ ឬ​នៅក្នុង​សង្គម​​ឡើយ​។ ជាពិសេស​នៅក្នុង​សង្គម​​ដែល​ឱ្យ​តម្លៃ​ខ្ពស់​ដល់​មនុស្ស​ប្រុស ការរំពឹង​ទុក​របស់​សង្គម​​ទៅលើ​តួនាទី រវាង​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​នៅ​តែ​បន្ត​កើតមានឡើង​។

ប្រទេស កម្ពុជា​ ក៏​ដូច​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក ការលាយឡំ​នៃ​ឧស្សាហូបនីយកម្ម និង​ការវិវត្ត​នៅក្នុង​គ្រួសារ​បាន​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​បទដ្ឋានយេនឌ័រ​ (Gender Norm) ​ដែល​ចាក់គ្រឹះ​នៅក្នុង​សង្គម​ខ្មែរ​។

យោង​តាម​ការសិក្សា​របស់ Mona Lilja បាន​បង្ហាញ​ថា​ទំនៀមទម្លាប់​ខ្មែរ​បុរាណ​លើ​បទដ្ឋាន​យេនឌ័រ​ (Gender Norm)​នៅតែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការកំណត់​អាកប្បកិរិយា​របស់​ស្ត្រី និង​បុរស​ដូច​ដែល​បាន​ចែង​នៅក្នុង​ច្បាប់​ស្រី​។ ​បើ​ទោះបី​ជា​នៅក្នុង​ឆ្នាំ​ ២០០៧ ក្រសួង​កិច្ចការនារី​បាន​លុបបំបាត់​ច្បាប់​ស្រី​ចេញ​ពី​ប្រព័ន្ធ​អប់រំ ក៏​ប៉ុន្តែ​កំណែ​ខ្លីៗ​មួយ​ចំនួន​នៃ​ច្បាប់​នេះ​នៅ​តែ​ត្រូវ​បាន​បង្រៀន​នៅ​ថ្នាក់​ទី ៧ ដល់​ទី ៩​។

ដូច​ដែល​បាន​ពិពណ៌នា​ដោយ​អ្នកស្រាវជ្រាវ​ឈ្មោះ Katherine Brickel និង Sylvia Chant បទដ្ឋាន​សង្គម​លើ​សមភាព​យេនឌ័រ​បាន​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​យល់ឃើញ​ថា​ការងារ​ផ្ទះ​គឺជា​ការងារ​របស់​មនុស្ស​ស្រី​។

បន្ថែម​ពី​នេះ​ទៀត​ដូច​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​វិទ្យាស្ថាន​សភា​នៃ​ប្រទេស​កម្ពុជា​បទដ្ឋាន​សង្គម​ទាំង​​នោះ​បាន​ទម្លាក់​ការទទួល​ខុសត្រូវ​ក្នុង​ការមើលថែ​ក្រុមគ្រួសារ និង​បំពេញភារកិច្ច​ក្នុង​ផ្ទះ​ដូចជា ការដើរ​ទិញ​អីវ៉ាន់ ចម្អិន​អាហារ និង​សម្អាត​ទៅលើ​ស្ត្រី​។ បើ​យោង​តាម​ការស្រាវជ្រាវ​មួយ​របស់​អង្គការ​ឃែរ​នៅ​ឆ្នាំ​ ២០១៧ បទដ្ឋាន​សង្គម​លើ​យេនឌ័រ​ទាំងនេះ​បាន​ធ្វើឱ្យ​ស្ត្រី​រង​ការគាបសង្កត់​លើ​ការទទួល​បាន​ប្រាក់​ឈ្នួល​មិន​ស្មើគ្នា និង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ធ្វើការ ជាក់ស្ដែង​នៅក្នុង​វិស័យ​កាត់ដេរ​។

ប្រសិន​បើ​យើង​ប្រៀបធៀប​បុរស​ហាក់​ដូចជា ទទួល​បាន​សេរីភាព​ច្រើន​ជាង​ស្ត្រី​។ ក៏ប៉ុន្តែ​បទដ្ឋាន​យេនឌ័រ​ក៏​បាន​​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​​ទៅលើ​មនុស្ស​ប្រុស​ដែរ​។ ​ការសង្កេត​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ការស្រាវជ្រាវ​ពី​អង្គការ​យេនឌ័រ​និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​បង្ហាញ​ថា​បុរស​ក៏​ទទួលរង​គ្រោះ​ពី​ការរំពឹងទុក​របស់​សង្គម​ផងដែរ​។ ​បុរស​ត្រូវ​បាន​​គេ​រំពឹងថា មានការ​អប់រំ​ និង​មាន​​ប្រាក់ចំណូល​ខ្ពស់​ហើយ​មាន​តួនាទី​ជា​អ្នកដឹកនាំ​ក្រុមគ្រួសារ​។

ប្រសិន​បើ​ក្នុង​គ្រួសារ​គ្មាន​ការរីកចម្រើន កំហុស​ទាំងអស់​នឹង​ធ្លាក់​មកលើ​មនុស្ស​ប្រុស​វិញ​។

មិត្ត​រួម​ការងារ​ប្រុស​របស់​ខ្ញុំ​បាន​និយាយថា “​បុរស​មាន​តួនាទី​ជា​ឆ្អឹងខ្នង​របស់​គ្រួសារ​។ យើង​ត្រូវតែ​មាន​ការអប់រំ​ខ្ពស់​ដើម្បី​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​​គ្រួសារ និង​ផ្តល់​ប្រឹក្សា​ដល់​​កូនៗ​របស់​យើង​”​។

ជំពូក​ទី ​៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​​បញ្ជាក់​ច្បាស់​ថា មនុស្ស​គ្រប់​គ្នា​មិន​ថា ស្រី​ ឬ​ប្រុស ពួកគេ​មាន​​សិទ្ធិ​ស្មើគ្នា​ក្នុង​ការជ្រើសរើស​។ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​​ការធ្វើការងារ​។ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ជ្រើសរើស​កន្លែង​ដែល​ពួកគេ​ចង់​ធ្វើការ​។ នេះ​រាប់​បញ្ចូល​ទាំង​ស្ត្រី​ខ្មែរ​ដែល​មាន​សិទ្ធិ​ធ្វើការ​នៅ​កន្លែង​ដែល​ពួកគេ​ចង់​បាន ទាំង​នៅក្នុង​ផ្ទះ​ ឬ​ខាង​​ក្រៅ​។ ម្យ៉ាងទៀត​ស្ត្រី និង​បុរស​គួរតែ​មាន​ការទទួល​ខុស​ត្រូវ​ដូចគ្នា​ចំពោះ​គ្រួសារ​។

ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កាន់តែ​មាន​ការអភិវឌ្ឍ​ និង​ទាន់សម័យ​បទដ្ឋាន​យេនឌ័រ​សម័យបុរាណ​មិន​គួរ​ត្រូវ​បាន​​បន្ត​អនុវត្ត​ទៀត​ទេ​។ បន្ថែម​ពី​​នេះ​ជាមួយ​នឹង​លំហូរ​ព័ត៌មាន​ និង​ការផ្លាស់ប្តូរ​វប្បធម៌​ដោយ​​សេរី​នាពេល​បច្ចុប្បន្ននេះ ប្រជាជន​ចាប់ផ្តើម​យល់ឃើញ​ពី​ខ្លួនឯង​ខុសៗ​គ្នា​ និង​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ពី​តួនាទី​របស់​ពួកគេ​នៅក្នុង​សង្គម​។

ការដែល​ចង់​ផ្លាស់ប្តូរ​ផ្នត់គំនិត​ចាស់ៗ​លើ​បទដ្ឋាន​យេនឌ័រ មិនមែន​ជា​ការងាយស្រួល​ទេ ប៉ុន្តែ​វា​ជា​ការប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការយល់​ដឹង​អំពី​បទដ្ឋាន​យេនឌ័រ​របស់​វប្បធម៌​យើង​ទៅ​លើ​ស្ត្រី និង​បុរស​។ បទដ្ឋាន​យេនឌ័រ​ខ្លះ​​ដែល​យើង​មិន​អាច​មើលឃើញ​គឺ​នៅតែ​បង្កប់​នៅក្នុង​សង្គម​។ ប៉ុន្តែ​យើង​មិនគួរ​បណ្ដោយ​ឱ្យ​​របស់​ទាំងនេះ​គ្រប់គ្រង​ជីវិត​​របស់​យើង​នោះ​ទេ​៕

កញ្ញា ជិន លាបភា ជា​អ្នកស្រាវជ្រាវ​វ័យក្មេង​ម្នាក់​របស់​អង្គការ​វេទិកា​អនាគត​ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​មួយ​មាន​មូលដ្ឋាន​​ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​​កញ្ញា​កំពុង​សិក្សា​ស្រាវជ្រាវ​​អំពី​ទំនាក់ទំនង​រវាង​ព្រះពុទ្ធសាសនា និង​តួនាទី​ស្ត្រី​ក្នុង​សង្គម​កម្ពុជា​។