ទស្សនៈចាស់គំរឹលមួយដែលនៅតែត្រូវបានគេយកមកប្រើដើម្បីដោះសាចំពោះការសរសេរកខ្វក់ អានមិនដាច់ ឬក៏បន្លំសរសេរមិនត្រូវនោះគឺ «អក្សរស្អាតបានធ្វើស្មៀន អក្សរក្រវេចក្រវៀនបានឡើងធំ ឬក៏ធ្វើជាគ្រូពេទ្យ!»។
ទស្សនៈនេះគឺនិយាយមិនលើកទឹកចិត្តដល់អ្នកសិក្សាដែលបានខិតខំសរសេរឱ្យបានហ្មត់ចត់ ប្រិតប្រៀងឱ្យបានស្អាតបាត។
ការដែលទម្លាប់សរសេរខ្ជីខ្ជាតាំងពីនៅរៀនបើទោះបីជាគ្រូខំដាក់ឱ្យសិស្សសរសេរតាំងពីអក្សរផ្ចង់ដើម្បីកុំឱ្យសរសរទៅវាក្រវេចក្រវៀនអានមិនដាច់ក្ដី ប៉ុន្តែខ្លះទៀតសរសេរមិនត្រឹមតែមិនច្បាស់ទេ គឺសរសេរមិនត្រូវតែម្តង។
ជាពិសេសការសរសេររបៀបសូរដូច តែន័យខុសគ្នាគឺសម្បូរកំហុសណាស់នៅលើហ្វេសប៊ុក ឬក៏សារព័ត៌មានមួយចំនួនហើយអ្នកសរសេរមិនដឹងថា ខ្លួនឯងសរសេរខុសផង តែចូលចិត្តរិះគន់គេ និងកម្រមើលវចនានុក្រមសម្តេច ជួន ណាត នៅលើកុំព្យូទ័រ ឬក៏នៅលើទូរស័ព្ទដើម្បីកែពាក្យណាមិនច្បាស់ ទេ ដូចពាក្យ «សប់» «សព» និង «សព្វ» ដោយអ្នកប្រើមិនច្បាស់លាស់ថាអ្វីជា សប់កង់ ហែសព (ខ្មោច) និងសព្វថ្ងៃជាដើម។
ដូចគ្នានេះដែរពាក្យសរសេរតាមថា «សំណប់» ដែលអ្នកសរសេរខុសដោយមិនដឹងខ្លួន ខណៈពាក្យត្រឹមត្រូវគឺ «សំណព្វ»។ រីឯពាក្យ «ជ័យយោ!» ក៏មិនត្រឹមត្រូវដែរ នៅពេលដែលពាក្យត្រូវគឺ«ជយោ!» នោះ។
ការសរសេរក្រវេចក្រវៀន ឬក៏ខុសពាក្យ ឬឃ្លាឃ្លោងភាសាខ្មែរមិនច្បាស់ ពេលខ្លះធ្វើឱ្យប៉ះពាល់ដល់ការសរសេរក្នុងបែបបទរដ្ឋបាលទៀតផង បើទោះបីជាគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានបង្កើតទម្រង់លិខិតបទដ្ឋានគតិយុត្តសម្រាប់គាំទ្រដល់ដំណើរកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានផ្សព្វផ្សាយតាំងពីឆ្នាំ ២០១៣ រហូតមកក៏ដោយ។
សព្វថ្ងៃនេះបើទោះជាមានកុំព្យូទ័រជួយជំនួសក្នុងការសរសេរដៃឱ្យបានស្អាតជាងមុនក៏ដោយ ក៏ការងារខ្លះនៅតែសរសេរដៃដដែលដូចជាការសរសេរចំណារលើលិខិត និងការចុះលេខ ឬថ្ងៃខែឆ្នាំ ឬក៏ការសរសេរនៅពេលប្រជុំគឺពេលខ្លះអានអក្សរខ្លួនឯងមិនទាំងដាច់ផងក៏មាន។
រហូតមកទល់ពេលនេះគ្រូពេទ្យដែលចេញវេជ្ជបញ្ជាភាគច្រើននៅតែសរសេរចេញវេជ្ជបញ្ជាពីប្រភេទថ្នាំ ឬក៏របៀបប្រើឱសថឱ្យទៅអ្នកជំងឺដោយបន្តការសរសេរខ្វៀកទាំងភាសាខ្មែរ និងឈ្មោះថ្នាំពេទ្យជាភាសាបរទេសប្រៀបដូចការចុះហត្ថលេខា។
នៅពេលអ្នកជំងឺទទួលវេជ្ជបញ្ជាពីគ្រូពេទ្យមកគឺភាគច្រើនគាត់មិនអាចអានដាច់ទេ ប្រសិនបើភរិយារបស់គ្រូពេទ្យហ្នឹងជាឱសថការីនោះមិនអីទេព្រោះគាត់អាចចំណាំអក្សរស្វាមីរបស់គាត់បាន។ ប៉ុន្តែប្រសិនបើអ្នកជំងឺនោះយកវេជ្ជបញ្ជាហ្នឹងដើររកទិញនៅតាមឱសថស្ថានវិញជួនកាលទៅគេមើលដាច់ [ស្គាល់] ក៏លក់ឱ្យទៅ តែជួនកាលក៏មើលវាមិនដាច់ផងដែរ ហើយឱ្យវេជ្ជបញ្ជាមកអ្នកជំងឺវិញ។
ប៉ុន្តែអ្វីដែលគួរខ្លាចនោះគឺប្រសិនបើអ្នកលក់ថ្នាំមិនមែនជាឱសថការី ហើយលក់ថ្នាំទៅតាមវេជ្ជបញ្ជាដែលសរសេរខ្វៀកដែលបានតែក្បាលពាក្យរួចអូសយកៗគឺអាចអ្នកលក់ឱ្យថ្នាំពេទ្យច្រឡំ ហើយអ្នកប្រើក៏ច្រឡំទៅតាមហ្នឹងដែរ។
ម្យ៉ាងទៀតអ្នកលក់ថ្នាំខ្លះក៏បន្លំអ្នកជំងឺផងដែរ តាមរយៈការសរសេរមិនច្បាស់នេះនៅពេលគាត់អត់មានប្រភេទថ្នាំដែលចេញដោយវេជ្ជបញ្ជាហ្នឹងដោយមានតែថ្នាំស្រដៀងគ្នាក៏យកមកលក់ឱ្យដោយអ្នកលក់ថ្នាំពេទ្យនោះផ្ដល់យោបល់ថាថ្នាំផ្សំចូលគ្នាតែមួយជាដើម។
បញ្ហាសរសេរឈ្មោះថ្នាំមិនច្បាស់ជារឿងមួយទៅហើយ ប៉ុន្តែរឿងមួយទៀតគឺការសរសេរខ្វៀកគួបផ្សំនឹងការពន្យល់ពីរបៀបប្រើប្រាស់មិនច្បាស់លាស់ផងធ្វើឱ្យអ្នកទិញវង្វេង បន្ទាប់ពីបានថ្នាំហើយ។ ដូចករណី គ្រូពេទ្យសរសេរពន្យល់នៅលើវេជ្ជបញ្ជាថា ថ្នាំគ្រាប់ទម្លាក់សត្វល្អិតហ្នឹងលេបពេលភ្ញាក់ពីដេកម្តង ១ គ្រាប់ តែនៅពេលអ្នកជំងឺភ្ញាក់ ៣ ដងក្នុង ១ យប់ គាត់ក៏សម្រេចចិត្តលេបថ្នាំដល់ទៅ ៣ ដងដែរទៅ ខណៈការពិតថ្នាំ ១ គ្រាប់ហ្នឹងគ្រូពេទ្យចង់ប្រាប់ថាលេបម្តង ១ គ្រាប់តែនៅពេលភ្ញាក់ព្រឹកឡើងប៉ុណ្ណោះ។
ករណី ១ ទៀតគឺគ្រូពេទ្យដែលបណ្តុះបណ្តាលការពន្យារកំណើតតែងតែលើកយកករណីជាក់ស្តែងដែលគ្រូពេទ្យសរសេរ និងឱ្យដំបូន្មានមិនច្បាស់ដល់អ្នកជំងឺចំពោះការប្រើថ្នាំពន្យារកំណើតដោយគ្រូពេទ្យតម្រូវឱ្យប្រើ ១ ថ្ងៃម្តង ម្តង ១ គ្រាប់ ហើយឱ្យស្ត្រីអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
ប៉ុន្តែនៅពេលគ្រូពេទ្យសរសេរខ្វៀកមិនច្បាស់លាស់ហើយសមនឹងអ្នកជំងឺស្ត្រីនោះចេះអក្សរបានតិចតួចទៀតនោះគឺនៅពេលចេញទៅបែរជាបាត់ពាក្យ «១ ថ្ងៃម្តង» ដោយចេញតែពាក្យម្តង ១ គ្រាប់ហើយធ្វើឱ្យអ្នកជំងឺគាត់ស្មានតែចំនួនដងនៃការរួមភេទនោះគឺក្នុងករណី ១ យប់ គាត់រួមភេទ ២ ដង គាត់ក៏លេបថ្នាំអស់ ២ គ្រាប់ក្នុង ១ យប់តែម្ដងទៅ។ ដល់អ៊ីចឹងបែរទៅជាអស់មុនកំណត់ ហើយពេលត្រឡប់មកជួបគ្រូពេទ្យវិញក៏តាំងកើតទៅជារឿងបន្ទោសគ្នាទៅវិញទៅមករវាងគ្រូពេទ្យ និងអ្នកជំងឺដែលតាមការពិតវាកើតឡើងបានដោយសារតែការសរសេរខ្វៀកមិនច្បាស់លាស់ និងការពន្យល់មិនបានក្បោះក្បាយរបស់គ្រូពេទ្យខ្លួនឯងសោះ។
សរុបមកការសរសេរខ្វៀកបន្លំនឹងពាក្យមិនត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់ការអនុវត្ត ប៉ះពាល់ដល់អ្នកអាន និងអ្នកប្រើប្រាស់ថ្នាំពេទ្យផងដែរ ដូច្នេះហើយម្នាក់ៗគួរតែរិះគន់ហើយ តែខ្លួនឯងក៏ត្រូវសរសេរឱ្យបានត្រឹមត្រូវតាមវចនានុក្រម និងឃ្លាឃ្លោងឱ្យបានច្បាស់លាស់ផងដែរ ជាពិសេសអ្នកដែលត្រូវកែមុនគេនោះគឺអ្នកកាសែត គ្រូបង្រៀន គ្រូពេទ្យ និងអ្នកលេងហ្វេសប៊ុកមួយចំនួនដែលនៅសរសេរភាសាខ្មែរខុសច្រើននៅឡើយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com