“សុខក៏អើ សៅរ៍ក៏អើ” សំដៅដល់បុគ្គលណាដែលចាំតែអឺអើ ចាំតែហៃអើតាមគេ គឺបើគេថាល្អ ខ្លួនក៏ថាល្អតាមបើគេថាមិនល្អ ខ្លួនក៏ថាមិនល្អតាមសូម្បីលើរឿងតែមួយ។ មនុស្សបែបនោះមិនដែលហ៊ានអារកាត់សម្រេចរឿងអ្វីមួយឲ្យដាច់ស្រេចតាមដំណើររឿងដែលខ្លួនបានដឹងឡើយ។ ដោយសារតែគេគិតដល់ប្រយោជន៍ផ្ទាល់ខ្លួនជាធំទើបគេខ្លាចថា បើគេអារកាត់ទៅនឹងមានភាគីជម្លោះម្ខាងមិនពេញចិត្ដ ហើយវាអាចនាំរឿងដាក់ខ្លួន។ដូច្នេះដើម្បីយករួចខ្លួនទើបគេចៀសចេញពីចំណុចអារកាត់ថា ខាងណាខុសខាងណាត្រូវ។ ម្យ៉ាងអាចថាមកពីគេគ្មានសមត្ថភាពក្នុងការអារកាត់ថា អ្វីខុសអ្វីត្រូវ អ្វីគួរធ្វើ អ្វីមិនគួរធ្វើតែម្ដង។ ដោយគ្មានទំនុកចិត្ដលើខ្លួនឯង ទើបគេចាំមើល បើមតិភាគច្រើនទៅខាងណា គេក៏ចាំហៃអើតា។
ការដែលចាំតែហៃអើតាមគេ ជាការចាក់ខ្សែឬចាក់បណ្ដោយ។ គេមិនត្រឹមតែអឺអើទាំងសងខាងទេ តែខ្លះនៅស្ងៀមចាំមើល។បើថាខាងណាធ្ងន់ជាងគេទៅខាងនោះភ្លាម មិនមែនដោយឈរលើភាពត្រឹមត្រូវនោះទេ តែព្រោះខាងនោះឲ្យប្រយោជន៍ឬហោចណាស់គេមិនបាត់ប្រយោជន៍ដែលកំពុងមាន។
ប៉ុន្ដែមិនចម្លែកឡើយដែលក្នុងសង្គមគេបែរជាហៅមនុស្សបែបនោះថា ជាមនុស្សចេះរស់ ចេះចូលស្ទឹងតាមបត់ មិនងាប់ក្រឡានិងមានកំណើតជាដើម។ ពាក្យមួយទៀតគឺអព្យាក្រឹត ដែលក្នុងសម័យសង្គ្រាមត្រជាក់គេថា អព្យាក្រឹតមិនចូលបក្ខសម្ព័ន្ធ ក្នុងន័យថាខាងណាក៏មិនគាំទ្រ គឺនៅចំកណ្ដាលនៃភាគីប្រឈមទាំងុ ២។
មែនទែនទៅគឺមកពីគេថ្លឹងទម្ងន់ថា បើខាងណាឈ្នះខ្លួននឹងបានប្រយោជន៍បែបណាមួយ ខាតបែបណាមួយ ហើយបើខាងណាចាញ់ខ្លួននឹងបានប្រយោជន៍បែបណាមួយ ខាតបែបណាមួយ ដោយគេមិនថ្លឹងថ្លែងលើភាពខុសត្រូវទេ តែឈរលើប្រយោជន៍ផ្ទាល់ខ្លួនជាធំ។លុះមើលឃើញថាខ្លួនគ្មានសមត្ថភាព គ្មានលទ្ធភាពនឹងប្រឆាំងខាងណាមួយជាចំហ ហើយណាមួយគេក៏គ្មានគោលការណ៍ផ្ទាល់ខ្លួនច្បាស់ផង ទើបគេថា ខ្លួនអព្យាក្រឹតមិនចូលបក្ខសម្ព័ន្ធដើម្បីដោះយករួចខ្លួន ដោះយកស្អាត ដោះយកឈ្មោះអ្នកថ្លៃថ្នូរ។
រីឯកណ្ដាលក្នុងគណិតវិទ្យាវិញ មានន័យថា នៅចន្លោះស្មើចុងទាំងសងខាងនៃរបស់មួយ ដូចដែលគេកំណត់យកសូន្យជាតម្លៃមួយនៅកណ្ដាលចំនួនវិជ្ជមាន (+) និងចំនួនអវិជ្ជមាន (-) ដែលគេថា រាប់ពីសូន្យទៅខាងវិជ្ជមានគឺមានចំនួនវិជ្ជមានរហូតដល់បូកអនន្ដ (+∞) ហើយបើរាប់ពីសូន្យទៅខាងអវិជ្ជមានវិញគឺមានចំនួនអវិជ្ជមានរហូតដល់ដកអនន្ដ (-∞) ដោយគេថាទាំងសងខាងសូន្យមានតម្លៃ និងចំនួនស្មើគ្នាគ្រាន់តែវាឆ្លុះគ្នា។
ដោយសារតែភាគច្រើនគេឲ្យនិយមន័យ “កណ្ដាល” ក្នុងន័យបែបនេះហើយ ទើបក្នុងសង្គមគេនាំគ្នាពេញនិយម “កណ្ដាលនិយម” កាន់តែខ្លាំងឡើងៗ។គេខំពន្យល់ថា ការនៅកណ្ដាលគឺជាការមិនជ្រុលទៅខាងណាដែលនាំឲ្យមានទំនាស់ជាពិសេសក្នុងនិន្នាការនយោបាយ គឺគេថាគេនៅកណ្ដាលដើម្បីយករួចខ្លួនទាំងសងខាង។ជាក់ស្ដែងក្នុងចំណោមបញ្ញវន្ដដែលមានសមត្ថភាពមើលឃើញពីសកម្មភាពរបស់រដ្ឋាភិបាលក៏ដូចជាខាងប្រឆាំង។
បើខាងគាំទ្ររដ្ឋាភិបាលឃើញមានអ្នកចេញមុខគាំទ្រលេចធ្លោខ្លះ ថ្វីបើពេលខ្លះមកទាំងបំពានក្ដី តែបែរមកខាងគាំទ្រប្រឆាំងវិញរាងកម្រឃើញមានបញ្ញវន្ដចេញមុខ ព្រោះខ្លាចគេកត់ចូលបញ្ជីខ្មៅ ទើបគេថាគេនៅកណ្ដាល! គេមិនជ្រុលនិយម! តែគេថាតែមាត់ព្រោះខ្លាចសាធារណជន ហើយបើមិនថានៅកណ្ដាលខ្លាចអ្នកកាន់អំណាច។ ក៏មិនខ្វះដែរ អ្នកដែលទាញស្លាកព្រះសម្មាសម្ពុទ្ធមកបាំងមុខយកក្រេឌីត ដោយថាគេនៅកណ្ដាលតាមបែបមជ្ឈមាប្បដិបទារបស់ព្រះពុទ្ធ។តើការប្រកាសថាខ្លួននៅកណ្ដាលរបៀបនោះជាការគេចយករួចខ្លួន ជាការគេចយកសុខឬក៏មិនមែនទេ?
ក្នុងការអនុវត្ដជាក់ស្ដែង នៅចន្លោះអំពើល្អ និងអាក្រក់ បើគេថាគេនៅកណ្ដាលនោះ គឺគេធ្វើអំពើល្អខ្លះ ធ្វើអាក្រក់ខ្លះ ព្រោះគេសម្របសម្រួលឲ្យត្រូវទាំងសងខាង ដើម្បីចៀសទំនាស់ចំមុខ តែគេខំការពារទង្វើរបស់គេថា គេជាមនុស្សកណ្ដាលនិយម គេមិនជ្រុលនិយម គេអ្នកចេះថ្លឹងថ្លែង គេឯករាជ្យ គេអ្នកសម្របសម្រួលជាដើម។ យ៉ាងណាក៏ដោយ មិនខ្វះទេអ្នកដែលនិយាយថាខ្លួននៅកណ្ដាលមិនលម្អៀង បើឃើញខុសថាខុស ឃើញត្រូវថាត្រូវ។
ប្រសិនបើបែបនោះមានន័យថា គេមិនបាននៅកណ្ដាលស្មើចុងសងខាងដូចសូន្យនៅកណ្ដាលចំនួនវិជ្ជមាន និងអវិជ្ជមាននោះទេ តែគឺគេនៅខាងល្អ នៅខាងត្រូវតែម្ដង។ តើបែបនោះហៅថាលម្អៀងទៅរកភាពត្រឹមត្រូវដែរឬទេ?
អាជ្ញាកណ្ដាលក្នុងវង់កីឡា ចៅក្រមក្នុងសវនការក៏ជាមនុស្សដែលប្រកាសថាខ្លួនកណ្ដាលមិនកាន់ជើងខាងណាដែរ តែគេជាអ្នកពិនិត្យថ្លឹងថ្លែងថាខាងណាខុសខាងណាត្រូវ។អព្យាក្រឹតចំពោះពួកគាត់ មានន័យថា វិនិច្ឆ័យក្ដីដោយសុភវិនិច័្ឆយ គឺបើខាងណាត្រូវ គាត់ប្រកាសឲ្យខាងនោះត្រូវ មិនមែនដាក់ខ្លួននៅកណ្ដាលភាគីទាំង ២ ដោយចែកត្រូវ និងខុសជា ២ ស្មើនោះទេ។
តើនរណាហ៊ានចេញមកនិយាយថា ក្នុងសង្គមនេះល្អនិងអាក្រក់ឈរក្នុងចំណែកស្មើគ្នាដូចចំនួនវិជ្ជមានស្មើនឹងចំនួនអវិជ្ជមានដែលនៅសងខាងសូន្យ? ជាក់ស្ដែងខាងអាក្រក់ច្រើនមានទម្ងន់ធ្ងន់ជាង។ បើអ្នកថានៅកណ្ដាលនោះអ្នកត្រូវសម្របសម្រួលយកអាក្រក់ខ្លះ យកល្អខ្លះមិនខាន ទើបវាត្រឹមកណ្ដាលគត់។ដូច្នេះ ការព្យាយាមនិយាយថាខ្លួននៅកណ្ដាល ជាពាក្យលេងសើចគឺចំកណ្ដាលផ្លូវរទេះភ្លើងហើយ។
អព្យាក្រឹតដែលគេនិយមប្រើជាទូទៅ ពិសេសពេលនិយាយពីរឿងនិន្នាការនយោបាយ គេនាំគ្នាទាញស្លាកកណ្ដាលនិយមមកបាំងមិនបានន័យថា គេជាមនុស្សត្រឹមត្រូវឯករាជ្យមិនលម្អៀងនោះទេ តែវាមានន័យថា គេជាមនុស្សដែលពុំប្រាកដប្រជា គេជាមនុស្សពុំដាច់ស្រេចថាទៅខាងណាមួយឲ្យប្រាកដ គេជាមនុស្សគ្មានសមត្ថភាពបែងចែកអ្វីខុសអ្វីត្រូវ គេជាមនុស្សចាញ់ផលប្រយោជន៍ផ្ទាល់ខ្លួន។ បើនិយាយថាកាត់ក្ដីឈរលើភាពត្រឹមត្រូវ តើនោះជាការលម្អៀងទៅខាងភាពត្រឹមត្រូវឬ? សួរថា តើនៅចំពីមុខការកាត់ក្ដីមួយ អ្នកមិនហ៊ានបង្ហាញថាខ្លួនមានជំហរខាងណា សូម្បីតែខាងត្រឹមត្រូវក៏មិនហ៊ានថាឬ?ថ្វីថា ពេលកាត់ក្ដីគេត្រូវអព្យាក្រឹតមិនលម្អៀងទើបការកាត់ក្ដីនោះគេអាចថ្លឹងស្មើ ប៉ុន្ដែលុះកាត់រួចហើយ ជំហរគេត្រូវតែមានថា នៅខាងណាមួយ។
ជាមនុស្សត្រឹមត្រូវ ពេលអារកាត់រួច គេជ្រើសឈរនៅខាងត្រឹមត្រូវ តែបើថាខ្លួនអព្យាក្រឹតពេលកាត់ក្ដីហើយដឹងថាខាងណាខុសខាងណាត្រូវហើយ នៅតែថាខ្លួនកណ្ដាលដោយឲ្យខាងខុសមានត្រូវខ្លះ ហើយឲ្យខាងត្រូវខុសខ្លះវិញ នោះគឺមានន័យថា គេមិនមែនជាមនុស្សល្អត្រឹមត្រូវទេ តែគឺជាមនុស្សកំសាកចំពោះមុខផលប្រយោជន៍ផ្ទាល់ខ្លួន។ បើក្នុងករណីមានការគាបសង្កត់ណាមួយដែលមិនអាចឲ្យគេនិយាយការពិតកើតថា ខ្លួនមាននិន្នាការខាងណានោះសូវនៅស្ងៀមវិញប្រសើរជាងហាមាត់ហៃអើតាមរបៀបយកខែលថា ខ្លួនអ្នកស្រឡាញ់កណ្ដាលនិយមកំបាំងមុខ។
ប៉ុន្ដែនៅតែមានគេការពារគំនិតកណ្ដាលនិយមថា បើជ្រុលទៅម្ខាងៗនោះ នឹងនាំមកនូវជម្លោះ។ វាច្បាស់ណាស់ថាកាលណាអ្វីមួយជ្រុលពេកវាមិនល្អឡើយ ព្រោះវានឹងបាំងភ្នែកមិនឲ្យមើលខាងដែលខ្លួនគាំទ្រថា ធ្វើខុស ហើយឃើញតែភាគីគេខុស។ ជ្រុលនិយម មិនខុសអ្វីពីការពាក់វ៉ែនតាខ្មៅសម្លឹងមើលគេគឺឃើញគេខ្មៅទាំងអស់នោះឡើយ។ “ពេក” បែបនោះ គឺពេកព្រោះលម្អៀងទៅខាងខុស គឺលម្អៀងទៅខាងខ្មៅទើបចេះតែឃើញគេខ្មៅ។
ផ្ទុយទៅវិញ តើវាខុសឬដែលគេខំប្រឹងការពារអំពើល្អ?តើធ្វើជាមនុស្សមិនគួរស្គាល់/ដឹងខុសត្រូវទេឬ? តើធ្វើជាមនុស្សមិនគួរឈរតែខាងល្អ/ត្រូវទេឬ?
តើការឈរតែខាងអំពើល្អ ការដែលប្រព្រឹត្តល្អ ការការពារអំពើល្អរាប់ថាជាការអនុវត្តបែបជ្រុលនិយមដែលគេហៅថា“ល្អពេក”ឬ? ល្អគឺល្អហើយ មិនដែលថាល្អពេកនោះទេ។ ពាក្យថាល្អពេកជាពាក្យដែលមនុស្សខូចថាឲ្យមនុស្សល្អត្រឹមត្រូវខណៈដែលខ្លួនមិនអាចធ្វើល្អបានដូចគេ។តើការតាំងស៊ប់លើសេចក្ដីល្អជាការជ្រុលពេកដែលគួរចៀសវាងឬ? បើមែន នោះមានតែអ្នកខ្លាចខ្លួនក្លាយជាមនុស្សល្អត្រឹមត្រូវ។
ដោយសារតែឱបក្រសោបថាខុសក៏ដោយ ត្រូវក៏ដោយចូលគ្នាសិនដោយមិនលាងជម្រះឲ្យស្អាតជាមុន សឹមឱបគ្នានេះហើយ ដែលបង្កឲ្យមនុស្សខូចមិនបានកែកំហុសជាមុនៗនឹងមកឱបគ្នា។ ចំណែកឯមនុស្សដែលថាខ្លួនជាមនុស្សល្អវិញ ក៏ទម្លាក់អំពើល្អចោលខ្លះ ដើម្បីឲ្យគេថាចេះយោគយល់ដើម្បីឲ្យចូលគ្នានឹងមនុស្សអាក្រក់ដែលមិនព្រមទម្លាក់អំពើអាក្រក់ទាំងអស់ តែទម្លាក់អាក្រក់ខ្លះៗ។
បន្ទាប់ពីគេថាធ្វើសម្បទានឲ្យគ្នាមកគេក៏ឱបគ្នាដែលមើលទៅគឺគេធ្វើដូចថាគេស្រឡាញ់គ្នាខ្លាំងមាំណាស់អ៊ីចឹង។ ការពិត នោះគ្រាន់តែជារូបភាពនៃការឱបប៉ុណ្ណោះ ប៉ុន្ដែវាបាត់ខ្លឹមសារពិតនៃការឱបហើយ។ ឱបបែបនោះ គ្មានសាមគ្គី គ្មានភាតរៈឡើយ ព្រោះខ្វះចិត្ដដែលឱបគ្នា ដោយបរិសុទ្ធ។ ដោយសារតែខ្មែរយើងចូលចិត្ដគាំទ្រការឱបជារូបភាពជាងរកខ្លឹមសារពិតនៃការឱបដោយចិត្ដស្មោះ ទើបខ្មែរនៅតែបន្ដបែកបាក់តែម្ដងណាក៏គេនៅតែប្រើគោលការណ៍សម្រុះសម្រួល ដោយឈរលើកណ្ដាលនិយម ទើបយើងឃើញដៃគេឱបមែន តែជើងគេប៉ែងគ្នា ជាន់គ្នាមិនឈប់ ហើយមិនបានប៉ុន្មានដង្ហើមចង្រិតផង ការឱបនោះក៏បែកចេញពីគ្នាវិញយ៉ាងសោះកក្រោះ ហើយម្ខាងៗតាំងស្រែកថា ម្ខាងមិនស្មោះត្រង់។ ទោះបីជាដឹងថា ការត្រូវរ៉ូវនោះគ្រាន់តែជាឆាកល្ខោនក៏ដោយ ក៏ខ្មែរនៅតែចូលចិត្ដលេងល្ខោន ចូលចិត្ដមើលល្ខោន ហើយគេថានេះហើយជានយោបាយ!
វប្បធម៌សន្ទនាជាវប្បធម៌ដែលដាំបណ្ដុះដោយឥតឫសសុចរិតស្មោះត្រង់ជាបាតគ្រឹះ ជាវប្បធម៌ដែលដាំដោយមិនដាស់ដី និងមើលគ្រាប់ពូជជាមុន តែជាការដាំបែប “ឲ្យតែដាំបានគឺវាល្អហើយ” ចង់ដាំព្រឹក ល្ងាចងាប់ក៏បាន ព្រោះគេបានថតបង្ហោះហ្វេសប៊ុករួចហើយ!នោះជាឧទាហរណ៍នៃដៃឱបគ្នា តែជើងប៉ែងគ្នា ជាឧទាហរណ៍ថាធ្វើម្ដេចឲ្យតែចូលគ្នាគឺដឹងតែល្អ។
ចំពោះនិន្នាការនយោបាយ បើរដ្ឋាភិបាលខុស គេថាខុស ត្រូវ គេថាត្រូវ បើខាងប្រឆាំងខុស គេថាខុស ត្រូវគេថាត្រូវ នោះមិនមែនគេឯករាជ្យអព្យាក្រឹតមិនលម្អៀងទេ តែគឺបុគ្គលនោះឈរលើភាពត្រឹមត្រូវ។ តែបើគេឃើញរដ្ឋាភិបាលខុស មិនហ៊ានថា ព្រោះខ្លាចបាត់ប្រយោជន៍ ឃើញបក្សប្រឆាំងខុស ក៏មិនហ៊ានថា ខ្លាចបាត់ប្រយោជន៍ ហើយមកនិយាយថា ខ្លួនអព្យាក្រឹត នោះគេគ្រាន់តែនិយាយដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ការខ្លាចបាត់តំណែងតួនាទី លាភសក្ការៈទ្រព្យសម្បត្ដិលុយកាក់ ខ្លាចបាត់ការគាំទ្រ ខ្លាចមានបញ្ហាផ្ទាល់ខ្លួនជាដើម ហើយប្រកាសថា ខ្លួនកណ្ដាល ជាការគាំទ្រទង្វើអាក្រក់ឲ្យរីកដុះដាល ជាការពាក់ស្រោមមុខថាខ្លួនជាមនុស្សត្រឹមត្រូវ ពាក់ស្រោមមុខមនុស្សឯករាជ្យ ពាក់ស្រោមមុខកណ្ដាល។
តើអ្នកខ្លាចគេថា អ្នកលម្អៀងទៅខាងត្រូវខ្លាំងណាស់ឬ? បើអ្នកនិយាយថាខ្ញុំគាំទ្រខាងត្រឹមត្រូវ ជាជាងថានៅកណ្ដាលតើមិនល្អនិងច្បាស់លាស់ជាងឬ?តែតើហេតុម្ដេចក៏អ្នកខ្លាចនឹងនិយាយថាខ្លួនឈរនៅខាងត្រឹមត្រូវម្ល៉ះ? បើអ្នកមិនចង់ឲ្យគេថា អ្នកគាំទ្រអំពើអាក្រក់នោះ អ្នកឈរតែខាងមនុស្សល្អទៅ។ តែមនុស្សភាគច្រើនលើសលប់ មើលទៅដូចជាខ្លាចគេថាខ្លួននៅខាងមនុស្សល្អយ៉ាងខ្លាំង។ គេខ្លាចមនុស្សម្នាហៅគេថា “អាត្រឹមត្រូវ” ជាខ្លាំង។
បើយើងយកគុណសម្បត្ដិរបស់មនុស្សល្អត្រឹមត្រូវមកពិនិត្យគឺមនុស្សល្អជាមនុស្សដែលស្គាល់ថាអ្វីទៅជាអំពើល្អ (ដឹងខុសដឹងត្រូវ) ។មនុស្សល្អខំដាំបណ្ដុះអំពើល្អណាដែលខ្លួនមិនទាន់មានឲ្យកើតមាន ដោយធ្វើសេចក្ដីល្អជាប្រចាំមិនមែនធ្វើយកមុខ។មនុស្សល្អគាំទ្រអំពើល្អ មិនឲ្យមនុស្សអាក្រក់ជាន់ឈ្លីពន្លិចចោល។មនុស្សល្អពង្រីកអំពើល្អឲ្យកាន់តែរីកទូលាយច្រើនឡើងនិងមនុស្សល្អការពារអំពើល្អមិនឲ្យដួលចុះក្រោមដៃមនុស្សអាក្រក់។ ក្នុងន័យនេះមនុស្សល្អត្រឹមត្រូវឈរនៅខាងអំពើល្អដោយមិនខ្លាចគេថាខ្លួនលម្អៀងទៅរកសេចក្ដីល្អ សូម្បីបន្ដិចសោះឡើយ៕
ប៉ាង វ៉ាន់ថោន
Vanthownpang@yahoo.com