មានសំណួរសាមញ្ញមួយថា តើនៅលើលោកយើងនេះ សត្វអ្វី ដែលសម្លាប់មនុស្សច្រើនជាងគេ? ចម្លើយទូទៅ គឺឆ្លើយថា សត្វខ្លា តោ ពស់ ឆ្កែ ក្រពើជាដើម។ ប៉ុន្តែចម្លើយដែលត្រឹមត្រូវគឺសត្វមូស ដែលសម្លាប់មនុស្សច្រើនជាងគេ រហូតដល់ទៅ ៨៣ ម៉ឺននាក់ក្នុង ១ ឆ្នាំ គឺមូស ២ ប្រភេទ ដែលជាភ្នាក់ងារចម្លងជំងឺខ្លាំងជាងគេគឺមូសខ្លាញី បណ្តាលឲ្យកើតជំងឺគ្រុនឈាម និងមូសដែកគោលញីជំងឺគ្រុនចាញ់។ នេះបើតាមរយៈការសិក្សាស្រាវជ្រាវស្តីពីសត្វដែលសម្លាប់មនុស្សច្រើនជាងគេ នៅលើពិភពលោក (World''s Deathliest Animals) ដោយមូលនិធិ Bill Gates នៅឆ្នាំ ២០១៥។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ នេះ មានផ្ទុះជំងឺគ្រុនឈាមខ្លាំង នៅតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរីកើនឡើងខ្លាំងគឺមានជាង៦ពាន់នាក់ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៨ និង ២០១៧ គឺក្នុង ១ ឆ្នាំទាំង ២ ហ្នឹង មានប្រមាណតែ ៣ ពាន់ករណីទេ តែឆ្នាំនេះ គ្រាន់តែ ៦ ខែក្នុងឆមាសទី ១ លើសដល់ ២ ដងនិងមានអ្នកស្លាប់ដល់ ៤ នាក់មានទាំងកុមារ និងមនុស្សចាស់។ នេះបើតាមទិន្នន័យទីភ្នាក់ងារបរិស្ថានជាតិរបស់ប្រទេសសិង្ហបុរី ផ្សាយកាលពីសប្តាហ៍មុន។
ចំណែកឯកម្ពុជា ក៏ទទួលរងការផ្ទុះជំងឺគ្រុនឈាមនេះដែរ ជាក់ស្តែងរយៈ ៦ ខែដើមឆ្នាំនេះ មានករណីជំងឺគ្រុនឈាមកើតឡើងទូទាំងប្រទេសមានទាំងទីប្រជុំជន និងជនបទផងដែរ ហើយក៏មានមនុស្សចាស់កើតជំងឺគ្រុនឈាមនេះដែរ។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ជំងឺគ្រុនឈាម ៦ ខែដើមឆ្នាំ ២០១៩ មានអ្នកជំងឺសរុប ១៣ ៨៤៣ ករណី មានអ្នកស្លាប់ ២៤ នាក់គឺកើន ៥ ដង ច្រើនជាង ៦ ខែដើមឆ្នាំមុនដែលមាន ២៥៣០ ករណី មានអ្នកស្លាប់តែ ៧ នាក់។
មូលហេតុដែលបង្កឲ្យផ្ទុះជំងឺនេះ គឺមកតែពីការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋមួយចំនួនធំ នៅរដូវភ្លៀងធ្លាក់ដំបូងៗ និងសំណល់ដែលអាចដក់ទឹកថ្លាបាន ដែលជាជម្រកសត្វមូស និងបង្កជាដង្កូវទឹក ដែលមានមេរោគ Aedes aegypti។
ជាពិសេសគឺមិនមានការយល់ដឹងពីជំងឺគ្រុនឈាមនេះ និងខ្វះការចូលរួមពីសហគមន៍ផងដែរ ពលរដ្ឋខ្លះ ក៏ដឹងហើយនាំគ្នាធ្វើមិនដឹងរៀងៗខ្លួន ខ្លះទៅខ្ជិលរង់ចាំដល់ពេលកើតឡើង ប៉ះចំកូនខ្លួនឯងទៅ បានរត់ខ្វែងដៃខ្វែងជើង ទៅរកពេទ្យឯកជនម៉ាឆ្អែតហើយ បានមករកសេវារដ្ឋ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកតាមក្រោយ។ តែទោះបីជាយ៉ាងណាក៏មាននៅតំបន់ខ្លះ ប្រជាពលរដ្ឋ មានការត្អូញត្អែរថា កូនឈឺយកមកមណ្ឌលសុខភាព តែបែរជាគ្មានគ្រូពេទ្យនៅប្រចាំការ ២៤ ម៉ោង អ៊ីចឹងមានតែអ្នកជំងឺទៅពេទ្យឯកជនដែលម្ចាស់ពេទ្យឯកជននេះ ភាគច្រើនជាមន្ត្រីមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋហ្នឹងហើយ តែទៅដល់ពេលពិនិត្យមើលមិនជា កុមារឈឺឡើងចង់ជ្រុលដាបកែលែងឡើងបានបញ្ជូនមកមន្ទីរពេទ្យ។
បើក្រឡេកមើលទៅសកម្មភាពចុះមូលដ្ឋាន ផ្តល់សេវាសុខភាព (Outreach) របស់មន្ត្រីមណ្ឌលសុខភាពវិញ គឺចុះតែពេលណាមានថវិកាជំនួយ ដូចជាការចុះចាក់ថ្នាំបង្ការដល់កុមារ និងចាក់ថ្នាំតេតាណូស ដល់ម្តាយតាមភូមិ ហើយចប់ហើយ ពោលគឺមិនបានធ្វើសកម្មភាពឆ្លើយតប ទៅនឹងគោលការណ៍ណែនាំរបស់ក្រសួង ចំពោះការផ្តល់សេវាចុះមូលដ្ឋាន ដែលរួមមានទាំងការផ្សព្វផ្សាយ ពីអនាម័យបរិស្ថាន ការប្រើប្រាស់ទឹកស្អាត ការបោសសម្អាតទីធ្លាក៏មានជម្រកមូសបង្កើតដង្កូវទឹក ការផ្សព្វផ្សាយពីជំងឺឆ្លង និងជំងឺមិនឆ្លងជាដើម ។
បើខេត្តណាចេះចែករំលែកថវិកាផ្សេងៗ មកបញ្ចូលទៅក្នុងសកម្មភាពចុះមូលដ្ឋានផ្តល់សេវាសុខភាពទៅ បានមន្ត្រីមណ្ឌលសុខភាពចុះដំណើរការទៅ ហើយបើមណ្ឌលសុខភាពណាអត់ថវិកា គឺមន្ត្រីក៏អត់ចុះផ្តល់សេវាមូលដ្ឋាននេះដែរ។ ជាក់ស្តែងច្បាប់ថវិកាចំណាយប្រចាំឆ្នាំ ២០១៩ ដែលសភាបានអនុម័តរួចហើយ សម្រាប់ក្រសួងសុខាភិបាល គឺមិនមានខ្ទង់ចំណាយនៅក្នុងកម្មវិធីចម្បងទាំង ៤ ឬក៏មិនមានខ្ទង់ចំណាយអនុកម្មវិធីណាមួយ សម្រាប់ចាយលើសកម្មភាពចុះមូលដ្ឋាន ផ្តល់សេវាសុខភាពនោះទេ។
បញ្ហាមិនមានថវិកាចំណាយចំគោលដៅបែបនេះហើយ ក៏ពាក់ព័ន្ធទៅនឹងសកម្មភាពចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ករណីផ្ទុះជំងឺគ្រុនឈាមនេះដែរ។ មិនមែនដូចមន្ត្រីសុខាភិបាលខ្លះ ឆ្លើយដោះសា មានន័យថា ជំងឺគ្រុនឈាមកើនឡើង ចំពោះប្រទេសកាន់តែអភិវឌ្ឍនោះទេ គឺការថ្លែងបែបនេះ ផ្ទុយទៅនឹងលក្ខខណ្ឌអាកាសធាតុជាក់ស្តែង ដូចនៅប្រទេសប៉ែកអឺរ៉ុប ដែលរីកចម្រើនអភិវឌ្ឍខ្លាំង តែស្រុកគេត្រជាក់ មិនសូវមានមូសទេ ពោលគឺមូសពិបាករស់នៅតំបន់ត្រជាក់។
កន្លងមក សកម្មភាពចុះមូលដ្ឋានផ្តល់សេវាសុខភាពនេះ គឺភាគច្រើន បានទទួលថវិកា ពីដៃគូអភិវឌ្ឍន៍ ដែលជួយគាំទ្រលើសកម្មភាពនេះ នៅពេលដែលអង្គការដៃគូដាច់លុយ សកម្មភាពហ្នឹង ក៏មន្ត្រីមណ្ឌលសុខភាព មិនបានចុះដែរ។
ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលគួរតែទម្លាក់ថវិកាឲ្យក្រសួងសុខាភិបាលមានខ្ទង់ចំណាយឲ្យចំ «សកម្មភាពចុះមូលដ្ឋានផ្តល់សេវាសុខភាព» ដើម្បីឲ្យមន្ត្រីមណ្ឌលសុខភាពអាចដកចាយធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ពីសុខភាពនៅសហគមន៍ផ្ទាល់ ដើម្បីកាត់បន្ថយជំងឺគ្រុនឈាមដែលកំពុងតែផ្ទុះឡើងនេះ ឲ្យដូចកាលពីថ្មីៗ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយឧបត្ថម្ភថវិកា ជួយស្ត្រីមានផ្ទៃពោះ គ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌មកទទួលសេវាសុខភាពចាប់តាំងពីមានផ្ទៃពោះរហូតដល់ការព្យាបាលក្រោយសម្រាល ដែលស្ត្រីមានផ្ទៃពោះម្នាក់ៗរហូតដល់កូនមានអាយុ ២ ឆ្នាំទទួលបានថវិកាទៅតាមដំណាក់កាលសរុបប្រមាណជា ៧៦ ម៉ឺនរៀល។
គោលការណ៍នេះ ត្រូវបានស្វាគមន៍ ដោយតំណាងអង្គការ UNICEF ថា នឹងចូលរួមចំណែកគាំទ្រឧបត្ថម្ភជាថវិកាផងដែរ។
ចំណែកឯសេវា ២៤ ម៉ោងរបស់មណ្ឌលសុខភាព នៅពេលដែលអ្នកជំងឹទៅរកសេវាហើយ ទ្វារមណ្ឌលសុខភាពនៅបិទទាំងព្រឹក ទាំងថ្ងៃ ឬក៏ទាំងយប់ គឺក្រសួងសុខាភិបាលគួរតែពិន័យ។ ម្យ៉ាងទៀត ការធ្វើវិមជ្ឈការសុខាភិបាល គឺមេឃុំ ដែលជាប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពក៏ត្រូវអនុវត្តផែនការឲ្យបានច្បាស់លាស់ក្នុងការពង្រឹងស្ថាប័ននេះ ចំពោះសេវា ២៤ ម៉ោង៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com