ប៉ុន្មាន​ថ្ងៃ​នេះ​ការជជែក​ពី​រឿង​ថា តើ​គួរ​ទៅ ឬ​មិន​គួរ​ទៅ​បោះឆ្នោត​កំពុង​តែ​ត្រូវ​បាន​លើកឡើង​យ៉ាង​ផុសផុល​ក្នុង​ចំណោម​អ្នកនយោបាយ និង​អ្នកវិភាគ​។

ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ទៅ​បោះឆ្នោត​ជា​កាតព្វកិច្ច​មួយ​របស់​ពលរដ្ឋ​ដែល​ត្រូវ​បំពេញ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​។ យ៉ាង​ណា​ក៏ដោយ​ការ​ទៅ​បំពេញ​កាតព្វកិច្ច​នេះ ឬ​ក៏​មិន​ទៅ​មិន​ត្រូវ​បាន​ចាប់​បង្ខំ​ដោយ​ច្បាប់​ខ្មែរ ថា​ត្រូវ​តែ​បំពេញ​ឡើយ​។ មាន​ន័យ​ថា ទៅ​ ឬ​មិន​ទៅ​បោះឆ្នោត​គឺជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ម្នាក់ៗ​។ ថ្វីដ្បិត​ថា នេះ​ជា​សិទ្ធិ ប៉ុន្ដែ​ពលរដ្ឋ​ដែល​មិន​ទៅ​បោះឆ្នោត​ដោយ​គិត​ថា​រឿង​នយោបាយ​គ្មាន​ពាក់ព័ន្ធ​អី​នឹង​ខ្លួន​អាច​ហៅថា ជា​ពលរដ្ឋ​អសកម្ម​។

បើ​កាលណា​ចំនួន​នៃ​ពលរដ្ឋ​អសកម្ម​ចេះ​តែ​កើនឡើង​ច្រើន​ឡើងៗ រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ជំរុញ​ឲ្យ​ពួកគាត់​ប្រែ​ក្លាយ​ជា​សកម្ម​ត្រឡប់​មក​ចូលរួម​តាមដាន​ដឹងឮ​រឿង​នយោបាយ​វិញ​តាមរយៈ​មូលហេតុ​សមរម្យ និង​វិធានការ​ជាក់លាក់ នោះ​វា​មិន​ហៅ​ថា​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​ឡើយ​។

វា​ជា​សិទ្ធិ​បុគ្គល​ក៏ពិតមែន តែ​កាលណា​ការអនុវត្ដ​សិទ្ធិ​បុគ្គល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម នោះ​វិធានការ​រដ្ឋបាល​ណា​មួយ​ជំរុញ​កំណើន​នៃ​ភាពសកម្ម​ដែល​ឈរ​លើ​ភាពសមរម្យ​មិន​បំពាន​ភាពថ្លៃថ្នូរ​របស់​បុគ្គល​មិន​រាប់​ថា​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​ឡើយ​។

ចំពោះ​រូបខ្ញុំ​ផ្ទាល់​វា​ជា​ការ​ទទួល​ខុសត្រូវ​ផ្នែក​មនសិការ​សុទ្ធសាធ​ដែល​ត្រូវ​តែ​ទៅ​បោះឆ្នោត​។ ខ្ញុំ​ចាត់ទុក​ការបោះឆ្នោត​ថា ជា​កាតព្វកិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​បំពេញ​។ ខ្ញុំ​មាន​ជម្រើស ២ ពេល​ទៅ​បោះឆ្នោត​។ ទី​ ១ បោះ​ឲ្យ​បក្ស​ណា​មួយ​ដែល​ខ្ញុំ​ពេញចិត្ដ ហើយ​មាន​វត្ដមាន​ក្នុង​សន្លឹកឆ្នោត​។ ក្នុង​ករណី​ដែល​មណ្ឌល​ណា​នោះ គ្មាន​វត្ដមាន​បក្ស​ដែល​ខ្ញុំ​ពេញចិត្ដ​ទេ នោះ​ខ្ញុំ​នឹង​នៅ​តែ​ចេញ​ពី​ផ្ទះ​ទៅ​បោះឆ្នោត​ដដែល​ ប៉ុន្ដែ​ខ្ញុំ​នឹង​សម្ដែង​ឆន្ទៈ​របស់​ខ្ញុំ តាមរយៈ​សន្លឹកឆ្នោត​ថា «​គ្មាន​បក្ស​ដែល​ខ្ញុំ​ពេញចិត្ដ​ក្នុង​សន្លឹកឆ្នោត​នេះ​ទេ​» ដោយ​ការ​គូស​មិន​យក​បក្ស​ណា​ទាំងអស់​។

សន្លឹកឆ្នោត​បែប​នោះ​នឹង​ត្រូវ​បាន​រាប់​ថា​ជា​សន្លឹកឆ្នោត​មិន​បានការ​។ បើ​ទោះបី​ជា​សន្លឹកឆ្នោត​នោះ​ជា​សន្លឹកឆ្នោត​មិន​បាន​ការ​ក៏ដោយ ប៉ុន្ដែ​សន្លឹកឆ្នោត​មួយ​សន្លឹក​នោះ​នឹង​ត្រូវ​បាន​គេ​រាប់​ចំនួន​។ វា​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​ខ្ញុំ​ដែល​វា​ប្រសើរ​ជាង​ការ​មិន​ទៅ​សម្ដែង​ឆន្ទៈ​ដែល​វា​ងាយ​នឹង​ច្រឡំ ជាមួយ​ក្រុម​អសកម្ម​។

ប៉ុន្ដែ​គេ​ក៏​មិន​អាច​និយាយ​បាន​ថា​សន្លឹក​ឆ្នោត​ដែល​មិន​បាន​ការ​ទាំងអស់ សុទ្ធ​តែ​ឆ្លុះបញ្ចាំង​នូវ​គំនិត​ថា​អ្នក​បោះឆ្នោត បោះ​គូស​ចោល​មិន​រើស​បក្ស​ណា​ទាំងអស់​បាន​ឡើយ​។ ដោយសារ​តែ​កម្រិត​យល់​ដឹង​ពី​រឿង​បោះឆ្នោត​របស់​ពលរដ្ឋ​យើង​នៅ​មាន​កម្រិត​ទាប​ទើប​ពលរដ្ឋ​មួយ​ចំនួន ពពីមពពើម ពេល​គូស​សន្លឹកឆ្នោត​ដែល​ដោយ អចេតនា ពួកគាត់​បាន​គូស​ចេញ​ក្រៅ​ទីតាំង​ដែល​គេ​កំណត់​ឲ្យ​គូស​ជា​ហេតុ​ធ្វើឲ្យ​សន្លឹកឆ្នោត​របស់​គាត់​ក្លាយ​ជា​សន្លឹកឆ្នោត​មិន​បានការ​។

យ៉ាង​ណា​ក៏ដោយ​នោះ​ជា​​អចេតនា​របស់​គាត់​។ ផ្ទុយ​ទៅ​វិញ​ការ​សម្រេច​ចិត្ដ​គូស​ឲ្យ​សន្លឹកឆ្នោត​របស់​ខ្លួន​ក្លាយ​ទៅ​ជា​សន្លឹកឆ្នោត​មិន​បានការ​ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​គឺ​ធ្វើ​ដោយ​ឆន្ទៈ​ធ្វើ​ដោយ​ចេតនា​ឲ្យ​វា​កើតឡើង​។ ប៉ុន្ដែ​វា​មិនមែន​កើត​ពី​ចេតនា​ចង់​ឲ្យ​សន្លឹកឆ្នោត​ខ្លួន ក្លាយ​ជា​សន្លឹកឆ្នោត​មិន​បាន​ការ​ឡើយ តែ​មាន​តែ​តាម​មធ្យោបាយ​នេះ​ទេ​ដែល​អាច​សម្ដែង​ឆន្ទៈ​សេរី​ថា​គ្មាន​បក្ស​ដែល​ខ្លួន​ពេញចិត្ដ​លើ​សន្លឹកឆ្នោត​។ ចំពោះ​អ្នក​គាំទ្រ​គំនិត​បែប​នេះ​គឺ​គេ​ត្រូវ​តែ​ទៅ​បោះឆ្នោត​។

ក្នុង​រឿង​ទៅ ឬ​មិន​ទៅ​បោះឆ្នោត​នេះ​លោក សម រង្ស៊ី បាន​លើក​ឡើង​ម្ដង​ជា​ ២ ​ដង​ ៣ ​ដង និង​មើល​ទៅ​គាត់​នឹង​នៅ​តែ​បន្ទរ​បែប​នេះ​បន្ដ​ទៀត​ថា​កុំ​ទៅ​បោះឆ្នោត ព្រោះ​គាត់​ថា​ការ​ទៅ​បោះឆ្នោត​ស្មើ​នឹង​ទៅ​គាំទ្រ​របប​ផ្ដាច់ការ​។ ទោះបី​ចំនួន​នៃ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ធ្លាក់​ចុះ​ខ្លះ​ក៏ដោយ​បើ​ពួកគាត់​មិន​ចេញ​ទៅ​បោះឆ្នោត​មែន ហើយ​បូក​នឹង​ពលរដ្ឋ​ប្រហែល ២០ ភាគរយ​មិន​ទៅ​បោះឆ្នោត​តាម​ទម្លាប់ រួម​នឹង​ការ​បោះឆ្នោត​ធ្វើ​ឡើង​ចន្លោះ​បុណ្យ​ចូលឆ្នាំ​ និង​ភ្ជុំបិណ្ឌ​ដែល​វា​បង្ក​ការលំបាក​ឲ្យ​ពលករ​ចំណាកស្រុក​ទាំង​ជិត​ ២ លាន​នាក់​ត្រឡប់​មក​ស្រុក​ដើម្បី​បោះឆ្នោត​នោះ​អត្រា​នៃ​អ្នក​ទៅ​បោះឆ្នោត​នឹង​មាន​ចំនួន​តិច​គួរ​ឲ្យ​កត់សម្គាល់​ធៀប​នឹង​អាណត្ដិ​មុនៗ​។ បែប​នោះ​ឃើញ​ថា​វា​នឹង​នាំ​ផល​រមាស់​ឲ្យ​បក្ស​កាន់អំណាច​ឈឺក្បាល​។

និយាយ​ទៅ​វា​មាន​ទៅ​ពិបាក​អី សម្រាប់​អ្នក​ដែល​មាន​គំនិត​បែប​នោះ​គ្រាន់​តែ​ពួកគេ​ដេក​ផ្ទះ​មួយ​ថ្ងៃ បើ​ថ្ងៃ​នោះ​ជា​ថ្ងៃ​សម្រាក​ការងារ​ស្រាប់​។ លើស​ពី​នេះ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាន​លោក​ សម រង្ស៊ី ទាញ​យក​ថា​ជា​អ្នក​គាំទ្រ​គាត់​ទាំងអស់ ដែល​វា​កាន់​តែ​ធ្វើឲ្យ​មាន​ប្រៀប​ឈ្នះ​នៃ​សង្គ្រាម​តួលេខ​ធ្លាក់​ទៅ​ខាង​លោក សម រង្ស៊ី​។

ចំពោះ​មុខ​សភាពការណ៍​រំពើត​នេះ​បក្ស​កាន់អំណាច​ក៏​ខំ​បកស្រាយ​ទប់​ខ្លាំង​ណាស់​ដែរ ដោយ​ការពារ​ខ្លួន​ថា​ការ​អំពាវនាវ​មិន​ឲ្យ​ទៅ​បោះឆ្នោត​របស់​លោក សម រង្ស៊ី ជា​ការ​បង្ក​អសន្ដិសុខ​សង្គម​ហើយ​ក៏​បាន​ចាត់​វិធានការ​ថា​នឹង​បង្ក្រាប​សកម្មភាព​ទាំងឡាយ​ណា​ដូចជា​ការចែក​ខិត្តប័ណ្ណ​ដែល​លោក សម រង្ស៊ី អះអាង​ថា​នឹង​បោះពុម្ព​ចែកចាយ​។

ប៉ុន្ដែ​ជា​ការគិត​មិន​ដល់​ឬ​យ៉ាង​ម៉េច ឬ​​ មកពី​គេ​ទម្លាប់​តែ​ចូលចិត្ដ​លេងល្បែង​ល្បងប្រាជ្ញា​ដាក់​គ្នា​តាំងតែ​ពី​ដើម​ក៏​មិន​ដឹង ទើប​មន្ដ្រី​បក្ស​កាន់អំណាច​ខ្លះ​បាន​តបត​វិញ​ថា សូម​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះ​នរណា​ដែល​គ្មាន​ស្នាម​ទឹកខ្មៅ​លើ​ចង្អុល​ដៃ គឺ​មិន​ទៅ​បោះឆ្នោត​ស្មើ​នឹង​អ្នក​នោះ​គាំទ្រ​ពួក​ឧទ្ទាម​ក្បត់ជាតិ​ជាដើម​។

នេះ​ជា​ការ​លេងល្បែង​យក​ឈ្នះ​សម្ដី​គ្នា​របស់​លោកធំៗ​សុទ្ធសាធ​។ ការ​ទៅ ឬ​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​បុគ្គល​។ ប៉ុន្ដែ​ការទាញ​យក​ការ​ទៅ​ ឬ​មិន​ទៅ​បោះឆ្នោត​របស់​បុគ្គល​ណា​ម្នាក់​មក​បកប្រែ​តាម​ចិត្ដ​របស់​ខ្លួន ដើម្បី​ចំណេញ​នយោបាយ​ឲ្យ​ម្ខាងៗ​ដែល​ខុស​ពី​ឆន្ទៈ​សេរី​របស់​បុគ្គល​ដូច​ដែល​លោកធំៗ​កំពុង​តែ​ធ្វើ​ដាក់​ពលរដ្ឋ​ពេល​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​។ បក្ស​កាន់​អំណាច​ព្យាយាម​បដិសេធ​សម្ដី​របស់​លោក​​ សម រង្ស៊ី ថា​ជា​ការ​ញុះញង់​ពលរដ្ឋ​នៅ​ពេល​ទន្ទឹម​គ្នា​បក្ស​កាន់អំណាច​ខ្លួន​ឯង​ក៏​កំពុង​តែ​ប្រើ​រូបភាព​ដូច​អ្វី​ដែល​លោក សម រង្ស៊ី បាន​ធ្វើ​ដាក់​ពលរដ្ឋ​ដែរ​គ្រាន់​តែ​ភាគី​ទាំង​ ២ ឈរ​នៅ​ម្ខាង​ម្នាក់​ឈមមុខ​គ្នា​។ ទាំង​ ២ ​ភាគី​គឺ​កំពុង​តែ​រំលោភ​លើ​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ដូច​គ្នា​។

គេ​កំពុង​តែ​លេងល្បែង​តួលេខ​ដាក់​គ្នា​ដែល​ស្ថានភាព​បែប​នេះ​វា​បាន​ផ្ដល់​នូវ​សម្ពាធ​ដល់​ពលរដ្ឋ​មួយ​ចំនួន​ដែល​នៅ​មិន​ទាន់​ដាច់ស្រេច​ថា គួរ​ចេញ​មុខ ឬ​មិន​ចេញ​មុខ​ក្នុង​ការ​គាំទ្រ​បក្ស​ណា​មួយ​។

ការបោះឆ្នោត​ត្រូវ​បាន​កំណត់​ថា បោះ​ដោយ​សេរី បោះ​ដោយ​សម្ងាត់ តែ​ការបកស្រាយ​ការ​ទៅ​ ឬ​មិន​ទៅ​បោះឆ្នោត​របស់​ពលរដ្ឋ​តាមតែ​ចិត្ដ​របស់​អ្នកនយោបាយ​ពេល​នេះ​ជា​ការ​បំបែក​នូវ​ភាព​សម្ងាត់​នៃ​ឆន្ទៈ​ពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​។ លើស​ពី​នេះ​បើ​ការ​បំបែក​ភាព​សម្ងាត់​នេះ​ត្រូវ​តាម​ឆន្ទៈ​ពលរដ្ឋ​នោះ​ជា​រឿង​មួយ ប៉ុន្ដែ​វា​មិន​ត្រូវ​ថែម​ទៀត​។

បើ​ទៅ​បោះឆ្នោត​មិន​ថា​តែ​បោះ​ឲ្យ​បក្ស​ណា​ក៏​បក្សប្រឆាំង​ចោទ​ថា ជា​អ្នក​គាំទ្រ​របប​ផ្ដាច់ការ ចំណែកឯ​មិន​ទៅ​បោះឆ្នោត​ត្រូវ​បាន​បក្ស​កាន់​អំណាច​កត់ត្រា​ថា ជា​អ្នក​គាំទ្រ​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​។

ការធ្វើ​បែប​នេះ​ជា​ការ​ព្រួត​គ្នា​រំលោភ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ រឿង​ទៅ​ ឬ​មិន​ទៅ​បោះឆ្នោត​ផង​ជា​ការ​រំលោភ​ឆន្ទៈ​សេរី​របស់​ពលរដ្ឋ​ក្នុង​ការ​គាំទ្រ​បក្ស​នយោបាយ​ផង​។ ការរំលោភ​សិទ្ធិ​នេះ​ធ្ងន់ធ្ងរ​អាច​ហៅថា​ជា​ការ​ព្រួត​រំលោភ​បូក​ដោយ​អ្នក​នយោបាយ​មកលើ​ពលរដ្ឋ​ខ្លួនឯង​គឺ​បក្ស​កាន់អំណាច​ក៏​រំលោភ ឯ​បក្សប្រឆាំង​ក៏​រំលោភ​។

មាន​រឿង​និទាន​មួយ​ដែល​មាន​យក្ស​មួយ​បាន​កាលា​ខ្លួន​ជា​ស្ដ្រី​ម្នាក់​មក​លួច​កូនតូច​របស់​ស្ដ្រី​ម្នាក់​។ កាល​នោះ​​អ្នក​កាត់ក្ដី​បាន​ដាក់​កូនតូច​នៅ​កណ្ដាល ហើយ​ឲ្យ​ស្ដ្រី​ដែល​អះអាង​ថា​ខ្លួន​ជា​ម្ដាយ និង​ស្ដ្រី​ម្នាក់​ទៀត​ដែល​ជា​អ្នក​លួច​កូន មក​ទាញ​ដណ្ដើម​កូន​តូច​នោះ​ដោយ​នរណា​ទាញ​ឈ្នះ​នឹង​បាន​កូន​នោះ​។ កាល​បើ​ត្រូវបាន​គេ​ហែក​ទាញ​ទារក​ឈឺ​យ៉ាង​ខ្លាំង​ក៏​ស្រែកយំ​។

កាល​នោះ​ស្ដ្រី​ដែល​ជា​ម្ដាយ​ពិត​អាណិត​កូន​ខ្លួន​ខ្លោច​ចិត្ដ​ដែល​ឃើញ​កូន​ឈឺចាប់ ក៏​លែងដៃ​ឈប់​ទាញ​ដោយ​ចិត្ដ​សន្ដោស​នៃ​ភាព​ជា​ម្ដាយ​ចំពោះ​កូន​។ មើល​មក​ទីលាន​ទាញ​ហែក​ដណ្ដើម​កូន​លើ​ឆាក​នយោបាយ​ខ្មែរ​យើង​បច្ចុប្បន្ន​វិញ បើ​នរណា​មាន​ចិត្ដ​ជា​ម្ដាយ​ដែល​ខ្លោចផ្សា​រកាំ​ចិត្ដ​អាណិត​កូន​ខ្លួន​នោះ​គេ​នឹង​លែង​ដៃ​មុន​។

បើ​គេ​គ្មាន​ចិត្ដ​អាណិត​ពលរដ្ឋ​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​ហែកហួរ​ញាំញី​ទេ នោះ​គេ​មិន​លែង​ដៃ​ឡើយ​។ និយាយ​ជាពិសេស​ចំពោះ​មន្ដ្រី​រាជការ​ដែល​មាន​និន្នាការ​ប្រឆាំង តែ​លាក់​មុខ ឬ​ដែល​គេ​ហៅថា ក្រុម​មេមាន់​ដែល​បណ្ដើរ​កូន​ទា បើ​កាល​ណា​ទៅ​ធ្វើការ គេ​មិន​ឃើញ​មាន​ប្រឡាក់​ស្នាម​ទឹកខ្មៅ​លើ​ចង្អុលដៃ មុខ​តែ​មេ​ចំណាំ​ក្នុង​បញ្ជី​ខ្មៅ​មិន​ខាន ហើយ​បើ​គេ​ចង់​បាន​សុវត្ថិភាព​ការងារ ទោះបី​គេ​គាំទ្រ​បក្សប្រឆាំង​ក៏​គេ​មិន​ហ៊ាន​ថា​មិន​ទៅ​បោះឆ្នោត​ដែរ​ពេល​នោះ​ពួកគេ​ក៏​ត្រូវ​បាន​លោក សម រង្ស៊ី ចង្អុល​មុខ​ថា​ជា​ពួក​គាំទ្រ​អំណាច​ផ្ដាច់ការ​។ នេះ​ជា​ការ​ព្រួត​រំលោភ​បូក​ទាំង​សង​ខាង​ជា​ទម្រង់​នៃ​ការគាបសង្កត់​ឆន្ទៈ​សេរី​របស់​អ្នក​បោះឆ្នោត​។ បើ​ភាគី​អ្នក​ទាញ​ម្ខាង​ជា​ម្ដាយ​ពិត ម្ខាង​ជា​យក្ស​នោះ អាច​មាន​សង្ឃឹម​ថា​កូន​នៅ​មាន​ដង្ហើម​​រស់ ក៏​ប៉ុន្ដែ​ចុះ​ប្រសិន​បើ​ភាគី​ទាំង​សង​ខាង ម្ខាង​ណា​ក៏​ជា​យក្ស ម្ខាងៗ​ទាញ​ម៉ា​ទំហឹង​មនុស្ស​ចាស់ យក​តែ​ឈ្នះ​ដៃ​រៀងៗ​ខ្លួន​បែប​នេះ​សួរ​ថា តើ​ជាតិ​ខ្មែរ​នឹង​អាច​រស់​បាន​រហូត​ដល់​ពេល​ណា​? បក្ស​កាន់អំណាច​បាន​បោះ​ទីតាំង​លើ​ទីលាន​នេះ​ជិត ៤០ ឆ្នាំ​ហើយ ចំណែកឯ​លោក សម រង្ស៊ី ក៏​ប្រឆាំង​មក​ជិត ៣០ ឆ្នាំ​ដែរ​ហើយ​ទាំង​សង​ខាង​សុទ្ធ​តែ​មុខ​មិន​ក្មេង​ទៀត​ទេ គួរ​ណាស់​តែ​មាន​យុទ្ធសាស្ដ្រ​តទល់​គ្នា​តាម​បែប​អ្នក​ចាស់ទុំ​នយោបាយ​ជាង​នេះ ជាជាង​លេង​តែ​ល្បែង​ល្បងប្រាជ្ញា​យក​ឈ្នះ​យក​ចាញ់​សម្ដី​គ្នា មើល​តែ​កូនក្មេង​ហើយ​ហែកហួរ​ជាតិ​គ្មាន​អាសូរ​បន្ដ​ទៀត​។ ពេល​ដែល​ភាគី​ទាំង​ ២ លេង​ល្បែង​ហែក​កូន​ដណ្ដើម​គ្នា​បែប​នេះ​វា​កាន់តែ​បង្ហាញ​ពី​កម្សោយ​ផ្នែក​យុទ្ធសាស្ដ្រ​នៃ​ភាគី​ចាស់វស្សា​ទាំង​ ២ ​ប៉ុណ្ណោះ​។ ម្ខាង​ដើរ​មួយ​ជំហាន​មុន ម្ខាង​ចាំ​មើល​ហើយ​វាយបក​តាម​ក្រោយ ឯ​ម្ខាង​ទៀត​ក៏​បន់​ឲ្យ​តែ​ភាគី​ម្ខាង​ទៀត​អុក​មុន ន្អាល​នឹង​ខ្លួន​មាន​ក្រឡា​ដើរ​បន្ដ​។ លោត​ទៅ​អុក​ និង​ការ​គេច វា​គ្រាន់​តែ​ជាការ​លោត​តាមដាន​ជើង​គ្នា​តែ​ប៉ុណ្ណោះ​។ តើ​ពិតជា​គ្មាន​យុទ្ធសាស្ដ្រ​អី​ថ្មី​ក្រៅពី​ចាំ​លោត​តាម​គ្នា​ហើយ​អុក​គ្នា​ដដែលៗ​តែ​ប៉ុណ្ណឹង​មែន​ទេ​?

បែរ​មក​ពលរដ្ឋ​ទូទៅ​វិញ​ឃើញ​ថា​ឲ្យ​ត្រជាក់​ល្ហឹម​។ ចង់​គេ​កុហក​គេ​បោកប្រាស់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្រុម​គេ​ម្ដេច​ក៏​ចេះ​តែ​នៅ​ស្ងៀម​។ ខ្លះ​ក៏​ដឹង​រឿង​នយោបាយ​ខ្លះ​ដែរ ហើយ​មាន​ការ​ព្រួយបារម្ភ​ខ្លះ ខ្លះ​លោ​តែ​ចេះ​ខ្លាច​ចូល​ដល់​លក្ខណៈ​ខ្លាច​ជ្រុល តែ​ខ្លះ​ទៀត​ក៏​មិន​ខ្ចី​ចង់​ដឹង​ចង់​ឮ​អ្វី​ទាំងអស់​គិត​តែ​សម្ងំ​សុខ​ក្នុង​ផ្ទះ ហើយ​បើ​លោ​ជា​លោត​វិញ ពេល​ខ្លះ​រាង​ជ្រុលៗ​លើសៗ​រហូត​ដល់​អាច​ហៅ​បាន​ថា​ប្រតិកម្ម​បែប​មមិងមមាំង​ថែម​ទៀត​។

ក្នុង​ស្ថានភាព​នេះ​ឲ្យ​តែ​លោត​ទទឹង​ទិស ដឹង​តែ​ត្រូវ​ត្មោង​ម៉ក​មិន​ខាន​។ បើ​កាលណា​ពលរដ្ឋ​មិន​តាមដាន​អ្នក​នយោបាយ​ដោយ​យក​ចិត្ដ​ទុកដាក់​ទេ នោះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​នេះ​នឹង​មាន​ត្រឹម​តែ​នាម​ជា​ម្ចាស់​ប៉ុណ្ណោះ​។ ប៉ុន្ដែ​អ្នក​ដែល​មាន​នាម​ជា​ម្ចាស់​នេះ​នឹង​គ្មាន​ថ្ងៃ​មាន​ឱកាស​មក​សម្រេច​ពី​ជោគវាសនា​ជាតិ​ដោយ​កណ្ដាប់ដៃ​ខ្លួន​ឡើយ​។

ក្នុង​ស្ថានភាព​អាប់អួ​បែប​នេះ​បើ​ទោះបី​ជា​នរណា​សម្រេច​ចិត្ដ​ថា ទៅ ឬ​មិន​ទៅ​បោះឆ្នោត វា​មិន​សំខាន់​អ្វី​ណាស់​ណា​ស្មើ​នឹង​ថា​តើ​អ្នក​មាន​មូលហេតុ​អ្វី​ដែល​សម្រេច​ថា ទៅ​? ហើយ​តើ​អ្នក​មាន​មូលហេតុ​អ្វី​ដែល​សម្រេច​ថា មិន​ទៅ​?

លើស​ពី​នេះ​ពលរដ្ឋ​ម្នាក់ៗ​ត្រូវ​តែ​សម្រេច​ដោយ​ការយល់ដឹង​ច្បាស់​ហើយ​សូម​ចងចាំ​ថា គឺ​រូប​អ្នក​ផ្ទាល់​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ការសម្រេច​ចិត្ដ​របស់​ខ្លួន​។

បើ​កាលណា​អ្នក​សម្រេច​បែប​ណា​រួច​ហើយ កាលណា​អ្នក​នៅ​តែ​បន្ទោស​ថា អ្នក​នយោបាយ​នេះ​មិន​ស្ដាប់​តាម​រាស្ដ្រ​បែប​នេះ​បែប​នោះ មាន​ន័យ​ថា អ្នក​មិន​បាន​ទទួល​ខុសត្រូវ​លើ​ការជ្រើសរើស​របស់​ខ្លួន​ឡើយ​៕

ប៉ាង វ៉ាន់ថោន , អ៊ីមែលៈ vanthownpang@yahoo.com