ប្រសិន​បើ​រូបអ្នក ឬ​សមាជិក​គ្រួសារ​របស់​អ្នក​មាន​ជំងឺ​គាំងបេះដូង ឬ​ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ ឬ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​រកឃើញ​ថា​មាន​ជំងឺ​ទឹកនោមផ្អែម តើ​អ្នក​អាច​ទទួល​បាន​ការថែទាំ​សុខភាព​ដែល​អ្នក​ត្រូវការ​ដែរ​ឬ​ទេ​?

ប្រមាណ​ជា​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​កំពុង​បាត់បង់​សេវា​ថែទាំ​សុខភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ហើយ​មនុស្ស​ប្រមាណ​ជិត​ ១០០ ​លាន​នាក់​បាន​ធ្លាក់​ចូល​ទៅក្នុង​ភាពក្រីក្រ​ខ្លាំង​ជា​រៀងរាល់​ឆ្នាំ​ ដោយសារ​តែ​ការចំណាយ​លើ​សេវា​ថែទាំ​សុខភាព​របស់​ពួកគេ​មាន​តម្លៃ​ថ្លៃ​។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រទេស​មួយ​ដែល​បាន​ធ្វើឲ្យ​រីកចម្រើន​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ក្នុង​ការកែលម្អ​សេវា​ថែទាំ​សុខភាព​ទារក​ និង​សុខភាព​របស់​កុមារ​ និង​ដើម្បី​ធានា​ឱ្យ​មាន​ការព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍​/​ជំងឺអេដស៍​បាន​ជាង ៨០ ភាគរយ​ក៏ដូចជា​ការពង្រីក​វិសាលភាព​ចាក់​វ៉ាក់សាំង ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​ផង​ដែរ​។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​កាន់តែ​ច្រើន​ថែម​ទៀត​ដើម្បី​ធានា​ថា​ពលរដ្ឋ​ទាំងអស់​អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណ​ភាព​ល្អ​គ្រប់ៗ​គ្នា និង​មាន​តម្លៃ​សមរម្យ​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ទទួល​យក​បាន ហើយ​ពាក្យ​បច្ចេកទេស​សម្រាប់​ចក្ខុវិស័យ​ចុង​ក្រោយ​នេះ​គឺ​ «​ផែនការ​សុខភាព​សកល​»​។

អង្គការ​សុខភាព​ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ ៧០ ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃទី ៧ ខែ​មេសា ឆ្នាំ​ ១៩៤៨​។ ជា​រៀងរាល់​ឆ្នាំ​ក្នុង​ថ្ងៃ​នេះ​វា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​រដ្ឋ​ជា​សមាជិក​ទាំងអស់​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទូទាំង​ពិភពលោក​ដែល​គេ​ស្គាល់​ថា​ជា​ «​ទិវា​សុខភាព​ពិភពលោក​»​។

ដោយ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​របស់​វា​ប្រធានបទ​នៃ​ទិវា​សុខភាព​ពិភពលោក​ឆ្នាំ​នេះ​គឺ​ការអនុវត្ត​ផែនការ​សុខភាព​សកល​។

ហេតុអ្វី​បាន​ជា​យើង​ត្រូវ​អនុវត្ត​? ទោះបី​ជា​មាន​ការ​រីកចម្រើន​សេវា​ថែទាំ​សុខភាព​នៅ​ជុំវិញ​ពិភពលោក​ក្តី​ក៏​មនុស្ស​ជាច្រើន​នៅ​តែ​មាន​ជំងឺ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ភាពក្រីក្រ​ហើយ​នៅ​តែ​មាន​គម្លាត​ដែល​មិន​អាច​ទទួល​យក​បាន​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​នេះ​។ មិន​ថា​មនុស្ស​ទាំង​នោះ​មិន​មាន​លទ្ធភាព បង់ថ្លៃ ឬក៏​ពួកគាត់​រស់នៅ​ឆ្ងាយ​ពី​កន្លែង​ផ្តល់​សេវា​ថែទាំ​សុខភាព ឬ​ខ្វះ​ចំណេះដឹង​ ឬ​ក៏​ពួកគាត់​ទទួល​រង​នូវ​ការ​មាក់ងាយ​ ឬ​ការរើសអើង​អ្វី​នោះ​ទេ​គឺ​យើង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​ដែល​រារាំង​ពួកគេ​មិន​ឱ្យ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដែល​ពួកគេ​ត្រូវការ​ជា​ចាំបាច់​។ យើង​មិន​ត្រូវ​អត់ឱន​ឱ្យ​អ្វី​ដែល​មិន​មាន​តុល្យភាព​នេះ​ទេ គឺ​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ស្មើៗ​គ្នា​។

ការអនុវត្ត​ផែនការ​សុខភាព​សកល (Universal Health Coverage) មាន​ន័យ​ថា ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​នេះ ដើម្បី​ឱ្យ​មនុស្ស​ទាំងអស់​គ្នា​អាច​ទទួល​បាន​នូវ​សេវា​ថែទាំ​សុខភាព​មួយ​ដែល​មាន​គុណភាព​រួមទាំង​ថ្នាំពេទ្យ​ដែល​ពួកគេ​ត្រូវការ​ដោយ​មិន​ចាំបាច់​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​មិន​ថា ពួកគេ​ជា​នរណា​រស់នៅ​ទី​ណា​នោះ​ទេ គឺ​ពួកគេ​ត្រូវតែ​ទទួល​បាន​នូវ​សេវា​ថែទាំ​សុខភាព​ដូចៗ​គ្នា​ដោយ​គ្មាន​ការរើសអើង​អ្វី​ទាំងអស់​។

យើង​ទាំងអស់​គ្នា​ត្រូវការ​ការថែទាំ​ដែល​មាន​ទាំង​ការលើក​កម្ពស់​សុខភាព​ និង​ការបង្ការ​ជំងឺ​តម្កាត់​ផ្សេងៗ ហើយ​យើង​ក៏​ត្រូវ​ផ្តល់​ការថែទាំ​ឲ្យ​បាន​ល្អ​ប្រសើរ​ដល់​អ្នក​ណា​ដែល​កំពុង​មាន​បញ្ហា​សុខភាព​។ ទោះបី​វា​ជា​ប្រភេទ​ជំងឺឆ្លង ឬ​ជំងឺ​មិន​ឆ្លង​ក្តី​យើង​ត្រូវ​តែ​ដោះស្រាយ​ដើម្បី​ធានា​ថា ពិភពលោក​មួយ​ដែល​មាន​សុខភាព​ល្អ​។

ការផ្តួចផ្តើម​កាលពី​ពេល​ថ្មីៗ​នេះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មាន​កិច្ចសហការ​ជាមួយ​​ដៃគូ​អភិវឌ្ឍន៍​គឺ​មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​ជា​កត្តា​សំខាន់​ដើម្បី​ឈានឆ្ពោះ​ទៅ​រក​ការអនុវត្ត​ផែនការ​សុខភាព​សកល​នៅក្នុង​ប្រទេស​ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព ហើយ​ផែនការ​សុខភាព​សកល​គឺជា​គោលដៅ​ដ៏សំខាន់​មួយ​។

ធ្វើ​ឡើង​នៅ​លើ​គម្រោង Health Equity Funds ដែល​មាន​គោលបំណង​ពង្រីក​ការការពារ​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដោយ​បញ្ហា​ហិរញ្ញវត្ថុ​លែង​ជា​ឧបសគ្គ​ចំពោះ​ពួកគេ​ទៀត​។ ជាមួយ​នឹង​ការអភិវឌ្ឍ​ក្របខ័ណ្ឌ​គោលនយោបាយ​គាំពារ​សង្គម​ធ្វើឲ្យ​មាន​ការរីកចម្រើន​លើ​គម្រោង​ធានារ៉ាប់រង​សុខភាព​សង្គម​ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​អ្នក​ធ្វើការ​ក្រៅ​ប្រព័ន្ធ​។

គំនិត​ផ្តួចផ្តើម​នេះ​ក៏​កំពុង​បន្ត​កែលម្អ​គុណភាព​សេវា​ថែទាំ​សុខភាព​ក៏​ដូចជា​ការពង្រីក​ការផ្តល់​សេវា​ថែទាំ​សម្រាប់​ជំងឺ​មិន​ឆ្លង​ផង​ដែរ​ដូចជា​ជំងឺ​លើស​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។ សន្និសីទ​សុខភាព​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​គូសបញ្ជាក់​អំពី​ការធានារ៉ាប់រង​សុខភាព​សង្គម​ និង​គុណភាព​នៃ​សេវា​ថែទាំ​សុខភាព​។

ប្រជាជន​កម្ពុជា​ទាំងអស់​មាន​តួនាទី​ដែល​ត្រូវ​ធ្វើ​ដើម្បី​នាំ​ប្រទេស​ជាតិ ឆ្ពោះ​ទៅ​រក​ផែនការ​សុខភាព​សកល​តាមរយៈ​ការកសាង​ និង​ប្រើប្រាស់​សេវាកម្ម​សុខាភិបាល​ និង​តាមរយៈ​ការរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ដែល​តម្រូវ​ឲ្យ​គាំទ្រ​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​មនុស្ស​គ្រប់​គ្នា​។

ប៉ុន្តែ​ផែនការ​សុខភាព​សកល​គឺជា​ការវិនិយោគ​ផ្ទាល់​ខ្លួន​ដើម្បី​ធានា​ដល់​កំណើន​ដែល​មាន​និរន្តរភាព​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ និង​ជួយ​កុមារ​ឱ្យ​រីក​លូតលាស់​ជាពិសេស​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប​សម្រេច​ឲ្យ​បាន​នូវ​សក្ដានុពល​របស់​ខ្លួន​។

ដូច្នេះ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឆ្ពោះ​ទៅ​រក​ផែនការ​សុខភាព​សកល​ត្រូវ​តែ​ជា​ចំណុច​សំខាន់​នៃ​របៀបវារៈ​ការអភិវឌ្ឍ​ហើយ​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​វិស័យ​ទាំងអស់ មិន​ត្រឹម​មាន​តែ​វិស័យ​សុខាភិបាល​នោះ​ទេ​។

ក្នុង​នាម​អង្គការ​សុខភាព​ពិភពលោក ទិវា​សុខភាព​ពិភពលោក​នេះ​យើង​សូម​ប្តេជ្ញា​បន្ត​កិច្ចការ​ដ៏យូរអង្វែង​របស់​យើង​ថែម​ទៀត ដើម្បី​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​លើក​កម្ពស់​សេវា​ថែទាំ​សុខភាព និង​សុខុមាលភាព​របស់​ពួកគេ​។

យើង​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ទ្វេដង​ដើម្បី​គាំទ្រ​ដំណើរ​របស់​កម្ពុជា​ដើម្បី​ឆ្ពោះ​ទៅ​រក​ផែនការ​សុខភាព​សកល​ និង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព ដែល​ទាក់ទង​នឹង​សុខភាព​ដើម្បី​រួមចំណែក​ដល់​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​សុខសុវត្ថិភាព និង​ភាព​រុងរឿង​សម្រាប់​មនុស្ស​គ្រប់​គ្នា​៕ NS

លោក​វេជ្ជបណ្ឌិត Yunguo Liu តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​។