នៅពេលសាកសួរអំពីភាពជោគជ័យរបស់លោកក្នុងនាមជាទាហាន និងជាអ្នកនយោបាយមួយរូប អតីតប្រធានាធិបតីអាមេរិកលោក Eisenhower បាននិយាយថា៖ «នៅពេលណាដែលខ្ញុំជួបបញ្ហាខ្ញុំមិនអាចដោះស្រាយបានទេផ្ទុយទៅវិញខ្ញុំធ្វើឱ្យបញ្ហានោះកាន់តែធំឡើង។ ខ្ញុំមិនអាចដោះស្រាយបញ្ហានោះបានដោយព្យាយាមធ្វើឱ្យវាក្លាយជាបញ្ហាតូចទេ ប៉ុន្តែប្រសិនបើខ្ញុំធ្វើឱ្យវាកាន់តែធំនោះ ខ្ញុំអាចចាប់ផ្តើមមើលឃើញគន្លឹះដោះស្រាយបញ្ហានោះបាន។ វិធីសាស្ត្ររបស់លោក Eisenhower ក្នុងការដោះស្រាយបញ្ហាបានធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំដ៏ជោគជ័យម្នាក់ ហើយវាអាចពាក់ព័ន្ធទៅនឹងស្ថានភាពនៅក្នុងតំបន់ទន្លេមេគង្គសព្វថ្ងៃនេះ។
ប្រទេសកម្ពុជា ឡាវ និងវៀតណាមគឺជាអ្នកជិតខាងគ្នា ប៉ុន្តែវាមានភាពខុសគ្នាខ្លាំងទាក់ទងទៅនឹងទំហំចំនួនប្រជាជនភាពសម្បូរណ៍បែបនៃធនធានធម្មជាតិ និងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ចំណាប់អារម្មណ៍របស់ពួកគេគឺមិនសំដៅរកទិសដៅតែមួយទេ។ ជាការពិតនៅពេលនិយាយដល់តំបន់មេគង្គពួកគេបង្ហាញពីគំនិតផ្ទុយគ្នាយ៉ាងច្បាស់។
ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីសេសាន និងស្រែពក ពេលនេះធ្វើឲ្យប្រទេសវៀតណាមមានការព្រួយបារម្ភជាទូទៅអំពីលំហូរទឹកដែលហូរនាំដីល្បាប់ទៅចាក់បំពេញនៅតំបន់ដីសណ្ដទន្លេមេគង្គដ៏សំខាន់។ បើគ្មានលំហូរទឹកនាំដីល្បាប់គ្រប់គ្រាន់ទៅចាក់បំពេញដីតំបន់នោះទេ នោះតំបន់ដីសណ្តនឹងទាបជាងកម្រិតទឹកសមុទ្រដែលវាជាបញ្ហាមួយបណ្តាលមកពីការបូមទឹកក្រោមដីដែលគ្មាននិរន្តរភាព និងការកើនឡើងកម្ពស់ទឹកសមុទ្រ។
ប្រទេសឡាវត្រូវបានគេចាត់ទុកថា បានប្រើប្រាស់ធនធានទន្លេមេគង្គតាមរយៈការសាងសង់ទំនប់វារីអគ្គិសនី ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីដែលភាគច្រើនសម្រាប់នាំចេញទៅប្រទេសថៃ ដើម្បីបង្កើតប្រាក់ចំណូល និងជំរុញការអភិវឌ្ឍប្រទេសជាតិ។ ចំណុចនេះហើយដែលធ្វើឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីកាន់តែច្រើនក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះរួមទាំងទំនប់វារីអគ្គិសនីចំនួន ៣ នៅតាមដងទន្លេមេគង្គផងដែរ។
ប្រទេសកម្ពុជាដែលជាប្រទេសមានបឹងទន្លេសាបដ៏ធំល្វឹងល្វើយ និងជាបឹងដែលផ្តល់ត្រីទឹកសាបធំបំផុតមួយនៅលើពិភពលោកនោះ កំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់អំពីទំនប់វារីអគ្គិសនីទាំងនោះដោយសារតែផលប៉ះពាល់របស់វាទៅលើទិន្នផលត្រីនៅក្នុងប្រទេសដែលប្រជាពលរដ្ឋរបស់ខ្លួនពឹងផ្អែកលើត្រីទឹកសាបប្រមាណ ៧៥ ភាគរយជាប្រភពប្រូតេអ៊ីនដ៏សំខាន់។ ប៉ុន្តែដោយសារតែការប្រើប្រាស់អគ្គិសនីនៅមានកម្រិតទាបហើយត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការនាំចូលអគ្គិសនីដែលមានតម្លៃថ្លៃដូច្នេះហើយវាចាំបាច់ត្រូវមានការអភិវឌ្ឍការផលិតថាមពលអគ្គិសនីក្នុងស្រុក។
បច្ចុប្បន្នថាមពលអគ្គិសនីគឺជាតម្រូវការមួយដ៏ចាំបាច់ ទោះបីជាវាមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខស្បៀងអាហារក៏ដោយ។ នៅចុងឆ្នាំ ២០១៧ ទំនប់វារីអគ្គិសនីសេសានក្រោម ២(LS2) ដែលមានកម្លាំងផលិត ៤០០ មេហ្គាវ៉ាត់ត្រូវបានបញ្ចប់ ប៉ុន្តែវាបានបង្កឲ្យរាំងស្ទះផ្លូវចរាចររបស់ត្រីនៅសេសាន និងស្រែពក និងលំហូរទឹកនាំដីល្បាប់។
ការយល់ឃើញផ្ទុយគ្នានេះបាននាំឲ្យប្រទេសទាំង ៣ មានការខ្វែងគំនិតគ្នាកាន់តែច្រើនឡើងៗ។ ប្រទេសវៀតណាមមើលឃើញថា តំបន់ដីសណ្តទន្លេមេគង្គគឺជាតំបន់ដែលខ្លួនផលិតស្រូវបានប្រមាណ ៥០ ភាគរយ និងជាតំបន់ដែលដាំដុះផ្លែឈើមានតម្លៃខ្ពស់របស់ខ្លួនប្រមាណ ៧៥ ភាគរយដែលវាជាសន្តិសុខស្បៀងដ៏សំខាន់សម្រាប់ប្រទេសជាតិ។
ប្រទេសឡាវដែលមានការដោះដូរពាណិជ្ជកម្មជាមួយបរទេសតិចជាងបានកំណត់ថា នឹងសាងសង់ទំនប់វារីអគ្គិសនីបន្ថែមទៀត។ ចំណែកការព្យាយាមស្វែងរកវិធីបង្កើតថាមពលអគ្គិសនីផ្ទាល់ខ្លួន ប្រទេសកម្ពុជា កំពុងពិចារណាសាងសង់ទំនប់វារីអគ្គិសនីធំៗចំនួន ២ គឺនៅស្ទឹងត្រែង និងសម្បូណ៌នៅដងទន្លេមេគង្គ។
មិនដឹងថាតើទំនប់វារីអគ្គិសនីទាំងនេះធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន ឬមួយក៏អត់នោះទេ ប៉ុន្តែវាបានចោទជាសំណួររួចហើយទាក់ទងទៅនឹងការធ្លាក់ចុះតម្លៃបន្ទះថាមពលពន្លឺព្រះអាទិត្យសូឡា និងថាមពលខ្យល់ដែលបានរួមចំណែកដល់ការសម្រេចចិត្តរបស់ថៃក្នុងការព្យួរកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីពីវារីអគ្គិសនីប៉ាក់បេងនៅក្នុងប្រទេសឡាវ។
នៅក្រោមកិច្ចសន្យា ១០ ឆ្នាំដែលរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចទិញថាមពលអគ្គិសនីពីទំនប់វារីអគ្គិសនីសេសានក្រោម ២ (LS2) ដែលគ្រប់គ្រងដោយចិនក្នុងតម្លៃ ០,០៧ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោងគឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃបន្ទះថាមពលពន្លឺព្រះអាទិត្យសូឡាសព្វថ្ងៃនេះដែរ ប៉ុន្តែប៉ះពាល់ដល់បរិមាណបរិស្ថានខ្ពស់ជាង។ (ទំនប់វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានគេព្យាករថានឹងកាត់បន្ថយទិន្នផលត្រីនៅអាងទន្លេនេះជិត ១០ ភាគរយ)។
យើងហាក់ដូចជាឈានដល់ចំណុចជាប់គាំងមួយ។ ប្រទេសវៀតណាមដែលគិតថាជាជនរងគ្រោះមួយនោះបានធ្វើការតវ៉ាប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីទាំងនោះ ប៉ុន្តែមិនបានបង្ហាញអំពីជម្រើសណាមួយទេ។ នៅក្នុងប្រទេសឡាវឯណោះវិញ ទំនប់វារីអគ្គិសនីភាគច្រើនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបរទេសដែលភាគច្រើនជាក្រុមហ៊ុនថៃ និងចិនហើយទទួលបានប្រាក់ចំណូលតិចតួចប៉ុណ្ណោះពីទំនប់វារីអគ្គិសនីដែលបានសាងសង់ក្រោមកិច្ចព្រមព្រៀងសាងសង់ ធ្វើម្ចាស់ប្រតិបត្តិការ និងផ្ទេរ (BOOT) រយៈពេល ៣០ ឆ្នាំ។
ប្រទេសកម្ពុជាកំពុងរក្សាជម្រើសរបស់ខ្លួននៅបើកចំហនៅឡើយ ហើយជំនួសឱ្យការជំរុញប្រទេសទាំងនេះមកធ្វើការរួមគ្នា ការអភិវឌ្ឍដែលមិនស្របគ្នានៅលើអាងទន្លេមេគង្គនេះកំពុងរុញច្រានពួកគេឲ្យមានការខ្វែងគំនិតគ្នា។ ការផ្តោតទៅលើផលប្រយោជន៍តែម្នាក់ឯងគឺពិតជាបានកម្រិតវិសាលភាពនៃកិច្ចសហប្រតិបត្តិការពីព្រោះវាគ្មានដំណោះស្រាយណាមួយដែលធ្វើឲ្យប្រទេសទាំង ៣ ពេញចិត្តនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាជាបញ្ហារបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាមដែលពួកគេអាចបំពេញចំណុចខ្វះខាតឲ្យគ្នាទៅវិញទៅមក។
ប្រទេសឡាវ និងកម្ពុជាអាចដោះស្រាយកង្វល់របស់វៀតណាមបានតាមរយៈការកាត់បន្ថយផលប៉ះពាល់ពីទំនប់វារីអគ្គិសនីឲ្យនៅតិចដោយត្រូវពង្រីកការប្រើប្រាស់សមាសធាតុកកើតឡើងវិញដែលមិនមែនជាទំនប់វារីអគ្គិសនី ហើយប្រទេសវៀតណាមក៏ត្រូវមានអ្វីជាច្រើនដើម្បីផ្តល់ឲ្យប្រទេសជិតខាងរបស់ខ្លួនវិញដែរ។
វៀតណាមអាចវិនិយោគលើខ្សែបណ្តាញបញ្ជូនចរន្តអគ្គិសនីដែលមានកម្លាំងខ្លាំងនៅប្រទេសឡាវហើយអនុញ្ញាតឱ្យប្រទេសឡាវ គិតថ្លៃលើសេវាបញ្ជូនថាមពលអគ្គិសនីធ្វើដូច្នេះ ធ្វើឲ្យប្រទេសទាំង ២ អាចកាត់បន្ថយការពឹងផ្អែកទៅលើថាមពលវារីអគ្គិសនី និងអាចផ្តល់ប្រាក់ចំណូលបានឆាប់រហ័ស។ មានខ្សែបណ្តាញបញ្ជូនថាមពលអគ្គិសនីខ្លាំងនៅក្នុងប្រទេសឡាវវាក៏អាចពន្លឿនការសាងសង់កសិដ្ឋានពន្លឺថាមពលព្រះអាទិត្យសូឡា និងថាមពលខ្យល់បានផងដែរ ដែលវានឹងអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មថាមពលបែបនេះនៅក្នុងតំបន់។
បើសហការធ្វើរួមគ្នានោះវានឹងអនុញ្ញាតឱ្យប្រទេសទាំង ៣ នេះបំពេញតម្រូវការរបស់ពួកគេបានដោយការចំណាយកាន់តែតិច និងអាចកាត់បន្ថយការពឹងផ្អែកទៅលើទំនប់វារីអគ្គិសនីបានកាន់តែច្រើនផងដែរ។ ដូចគ្នានេះដែរ ប្រទេសវៀតណាមអាចជួយប្រទេសកម្ពុជាឲ្យពន្លឿនការតភ្ជាប់បណ្តាញអគ្គិសនីនៅតាមជនបទតាមរយៈការសាងសង់រោងចក្របន្ទះពន្លឺព្រះអាទិត្យសូឡាខ្នាតធំនៅកម្ពុជាជាប្រទេសដែលដីមានតម្លៃថោកជាង។ បើធ្វើដូច្នេះបាននោះវានឹងអាចកាត់បន្ថយការសាងសង់ទំនប់វារីអគ្គិសនីបានច្រើន។
ប្រទេសវៀតណាមក៏អាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានធម្មជាតិផ្សេងទៀតផងដែរ។ ប្រទេសកម្ពុជា និងឡាវកំពុងព្យាយាមទប់ស្កាត់ការកាប់ឈើខុសច្បាប់ដោយសារតែវាមានតម្រូវការឈើកើនឡើងខ្ពស់ពីវៀតណាមដើម្បីយកទៅបំពេញអាជីវកម្មគ្រឿងសង្ហារិមរបស់ខ្លួនដែលបាននាំចេញក្នុងតម្លៃជាង ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។
ជាមួយគ្នានេះដែរការស្នើសុំចុះបញ្ជីដាក់តំបន់ Him Nam No ជាតំបន់បេតិកភណ្ឌពិភពលោក ធម្មជាតិដំបូងបង្អស់របស់ឡាវក៏ត្រូវបានរងការគំរាមកំហែងពីការជួញដូរសត្វព្រៃខុសច្បាប់ និងការកាប់ឈើខុសច្បាប់ផងដែរ ដែលវៀតណាមបានដើរតួយ៉ាងសំខាន់ជាអ្នកបរបាញ់ អ្នកទទួលផលក៏ដូចជាអ្នកជួញដូរ។ និយាយឲ្យងាយស្តាប់គឺថាប្រទេសកម្ពុជា និងឡាវមិនអាចអនុវត្តច្បាប់ការពារព្រៃឈើ និងសត្វព្រៃដោយខ្លួនឯងបានទេប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការសកម្មពីវៀតណាម។
ពាក្យសម្តីរបស់លោក Eisenhower ដែលនិយាយថាពង្រីកបញ្ហាដើម្បីដោះស្រាយបញ្ហាគឺវាមានន័យថាត្រូវពង្រីកកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅក្នុងតំបន់ឲ្យបានខ្លាំងក្លាជាងមុនរួមទាំងវិស័យថាមពល និងធនធានធម្មជាតិ ដើម្បីបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលឈរលើទិសដៅដូចគ្នា។ វិធីសាស្ត្រនេះអាចអនុវត្តនៅក្នុងវិទ្យាសាស្ត្រសង្គមដើម្បីទទួលផលមកវិញនូវអ្វីដែលបានបាត់បង់ និងដើម្បីប្រយោជន៍គ្នាទៅវិញទៅមកលើវិស័យជាច្រើន។
គេអាចស្រមៃបានថា បើកម្ពុជាឡាវ និងវៀតណាមចរចាគ្នាលើគម្រោងធំៗ ដែលមានដូចជា ទន្លេ ថាមពល ព្រៃឈើ និងសត្វព្រៃនោះវានឹងអាចជួយប្រទេសនីមួយៗឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗក្នុងបរិយាកាសមួយដែលមិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម និងនយោបាយ។
ខណៈដែលសេដ្ឋកិច្ចរបស់ពួកគេកំពុងរីកចម្រើន និងមានភាពឯករាជ្យកាន់តែខ្លាំងឡើងនោះអត្ថប្រយោជន៍រួមនៅក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចបែបនេះនឹងកើនឡើង ហើយក្នុងនាមជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេ ប៉ុន្តែងាយរងគ្រោះបំផុតពីទំនប់វារីអគ្គិសនីនេះ វៀតណាមមានសមត្ថភាពអាចដឹកនាំដំណើរការចរចាបាន៕ NS
ដោយលោក Jake Brunner ប្រធានអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ និង លោក Brian Eyler នាយកកម្មវិធីទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។