នៅ​ដើម​សប្តាហ៍​នេះ មេដឹកនាំ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ជួប​ប្រជុំគ្នា​នៅ​កិច្ចប្រជុំ​កំពូល​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​នៅ​ខេត្ត​សៀមរាប​។ គោលបំណង​ចម្បង​គឺ​ដើម្បី​លើក​កម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

ការផ្តោត​ទៅ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​កិច្ចប្រជុំ​នេះ ផ្តល់​ឱកាស​ឲ្យ​មាន​ដាក់​សមភាព​យេនឌ័រ​ និង​ការរួមបញ្ចូល​សង្គម​ទៅ​ក្នុង​ចំណុច​សំខាន់​នៃ​ការគ្រប់គ្រង​អាង​ទន្លេមេគង្គ​។ វា​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ លក្ខណៈ​តំបន់ និង​ពិភពលោក ថា​វិសាលភាព​សម្រាប់​ស្ត្រី ក្នុង​ការ​ក្រោកឈរ និយាយ និង​ធ្វើ​សកម្មភាព គឺ​សំខាន់​សម្រាប់​ការសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

កាលពី​ឆ្នាំ​មុន​មេដឹកនាំ​អាស៊ាន​បាន​អនុម័ត​សេចក្តី​ប្រកាស​មួយ​ដែល​ទទួល​ស្គាល់​ថា សមភាព​យេនឌ័រ​គឺជា​ «​បុរេលក្ខខណ្ឌ​សម្រាប់​ការសម្រេច​បាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

ជា​លក្ខណៈ​សកល គណៈកម្មាធិការ​ជាន់​ខ្ពស់​ស្តីពី​ធនធាន​ទឹក​ថ្លែង​ថា ការសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​ ៦ ​ស្តីពី​ធនធាន​ទឹក​តម្រូវ​ឲ្យ​មាន​សកម្មភាព​ដែល​ស្តាប់​ពី​តម្រូវការ​របស់​ស្ត្រី​ និង​បុរស​ និង​ក្រុម​នានា​ក្នុង​សង្គម​រួម​ទាំង​អ្នក​ដែល​ជា​ញឹកញាប់​សំឡេង​របស់​ពួកគេ​មិន​ត្រូវ​បានឮ​។ នៅ​ទន្លេ​មេគង្គ ស្ត្រី​ដើរតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការប្រើប្រាស់​ និង​គ្រប់គ្រង​ទឹក​ និង​ធនធាន​ក្នុង​ទឹក និង​ជា​កត្តា​រួមចំណែក​សំខាន់​ដល់​សេដ្ឋកិច្ច​របស់​ប្រជាជន​មូលដ្ឋាន​។

ស្ត្រី​ និង​ក្មេងស្រី​ធ្វើ​កសិកម្ម​ និង​នេសាទ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម និង​ជលផល​នៅតាម​តំបន់​អាង​ទន្លេ​គ្រប់គ្រង​ការផ្គត់ផ្គង់​ទឹក​នៅ​ផ្ទះ និង​ធ្វើ​ការងារ​សម្អាត​ និង​បោកគក់​នៅតាម​ដង​ទន្លេ ដាំ​បន្លែ​នៅ​តាម​ច្រាំងទន្លេ​ស្វែងរក​ធនធាន​ក្នុង​ទឹក​យក​មក​ធ្វើ​ជា​ម្ហូបអាហារ និង​ចំណូល​។ ស្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ដំណើរការ​ធ្វើ​ឲ្យ​មាន​តម្លៃ​បន្ថែម​នៃ​ផលិតផល​ពី​ធនធាន​ក្នុង​ទឹក​ និង​ជា​អ្នក​លក់​ផលិតផល​កសិផល​នៅ​ទីផ្សារ​។

បើ​ទោះបី​ជា​មាន​តួនាទី​ច្រើន​ក៏ដោយ​ក៏​ស្ត្រី​ដើរ​តួនាទី​នៅក្នុង​ការគ្រប់គ្រង​ធនធានទឹក​ពួកគេ​នៅ​តែ​មិន​ទាន់​មាន​ភាព​តំណាង​ពេញលេញ​ ឬ​មិន​រួមបញ្ចូល​នៅ​ក្នុង​ដំណើរ​ការធ្វើ​សេចក្តី​សម្រេច​ស្តីពី​ធនធាន​ទឹក​ការអភិវឌ្ឍ​ និង​ការគ្រប់គ្រង​ធនធាន​ទឹក​។ បទពិសោធ​របស់​អង្គការ Oxfam ក្នុង​ការធ្វើ​ការងារ​ជាមួយ​សហគមន៍​កសិកម្ម និង​នេសាទ​នៅក្នុង​តំបន់​ទន្លេមេគង្គ​បាន​បង្ហាញ​ថា នៅពេល​ស្ត្រី​ចូលរួម​នៅ​ក្នុង​ការធ្វើ​សេចក្តី​សម្រេច​ស្តីពី​ការប្រើប្រាស់​ធនធាន​របស់​ពួកគេ អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​ទំនង​ជា​មាន​លក្ខណៈ​រឹងមាំ​ជាង​មុន​ចែករំលែក​ស្មើភាព​ និង​ប្រកប​ដោយ​ចីរភាព​។

កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​គោលដៅ ប្តេជ្ញាចិត្ត និង​មាន​លក្ខណៈ​ជា​បន្ត​ត្រូវការ​ឲ្យ​មាន ដើម្បី​បង្កើត​បរិយាកាស​មួយ​សម្រាប់​ការចូលរួម​ពី​ស្ត្រី​ និង​ភាព​ជា​អ្នក​ដឹកនាំ​ពី​ស្ត្រី​នៅក្នុង​អភិបាលកិច្ច​ធនធានទឹក​។ នេះ​រួមបញ្ចូល​ការដោះស្រាយ​បុព្វហេតុ​នៃ​បញ្ហា​សមភាព​យេនឌ័រ ការបង្កើន​ចំណេះដឹង​ដល់​ស្ត្រី​ជំនាញ​ និង​ទំនុកចិត្ត​ក្នុង​ការ​ដើរតួនាទី​សកម្ម​ជាង​មុន​នៅ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តីសម្រេច និង​ការបង្កើត​ឱកាស​សម្រាប់​ស្ត្រី​ដើម្បី​ចូលរួម​ និង​ធ្វើឲ្យ​សំឡេង​របស់​ពួកគេ​ត្រូវ​បាន​ឮ​។

អង្គការ​ភាព​ជា​ដៃគូ​ធនធាន​ទឹក​សកល​ (GWP) ដែល​ជា​បណ្តាញ​សកល​មួយ​ដែល​មាន​អង្គការ​ដៃគូ​ជាង ៣០០០ បាន​កំណត់​អត្តសញ្ញាណ​ចំនួន​ ៤ ដែល​សកម្មភាព​បន្ទាន់​កំពុង​ត្រូវការ​ដើម្បី​ជំរុញ​ឲ្យ​មាន​សមភាព​យេនឌ័រ និង​ការរួមបញ្ចូល​ក្នុង​ការ​គ្រប់គ្រង​ធនធានទឹក​។

‑ ដៃគូ​ និង​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ (MRC) ​បង្ហាញ​ការប្តេជ្ញាចិត្ត និង​ដឹកនាំ​ផ្លូវ​ឆ្ពោះ​ទៅ​រក​សមភាព​យេនឌ័រ​ និង​ការរួមបញ្ចូល​។ ពួកគេ​ត្រូវ​តែ​ធ្វើ​សកម្មភាព​ជា​បន្ទាន់ និង​ប្រើប្រាស់​ធនធាន​ដែល​ត្រូវការ​ដើម្បី​ធ្វើ​ឲ្យ​វា​កើតឡើង​។ ខណៈ​គណៈកម្មាធិការ​ទន្លេមេគង្គ​អនុម័ត​គោលនយោបាយ​យេនឌ័រ​ក្នុង​ឆ្នាំ ២០០០ ​និង​អនុម័ត​ផែនការ​សកម្មភាព​យេនឌ័រ​កាលពី​ឆ្នាំ​មុន​វា​នៅ​មាន​គម្លាត​រវាង​គោលនយោបាយ​ និង​ការអនុវត្ត​។

ឧទាហរណ៍ វាគ្មិន និង​សមាជិក​គណៈកម្មាធិការ​ភាគច្រើន​បំផុត​នៅ​វេទិកា​សន្និសីទ​អន្តរជាតិ​របស់​គណៈកម្មាធិការ​ទន្លេមេគង្គ​ដែល​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​គឺជា​បុរស​ហើយ​ «​យេនឌ័រ​» ឬ​ «​ស្ត្រី​» មិន​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​របៀបវារៈ​។ គណៈកម្មាធិការ​ទន្លេមេគង្គ​ និង​ប្រទេស​សមាជិក​ត្រូវការ​ធានា​ឲ្យ​មាន​ភាព​តំណាង និង​ការចូលរួម​ប្រសើរ​ជាង​មុន​ពី​ស្ត្រី​នៅ​ក្នុង​កម្មវិធី​ផ្ទាល់​របស់​ពួកគេ និង​សកម្មភាព​រួម​ទាំង​វេទិកា​សំខាន់ៗ ប្រសិន​បើ​ពួកគេ​សង្ឃឹម​ថា នឹង​ជំរុញ​ផ្នែក​ផ្សេងៗ​ទៀត​ឆ្ពោះ​ទៅ​រក​ការផ្លាស់ប្តូរ​។

‑ ពួកគេ​ត្រូវ​តែ​ធ្វើការ​វិភាគ​យេនឌ័រ ដើម្បី​យល់​អំពី​តម្រូវការ​របស់​ស្ត្រី​។ ស្ត្រី​ និង​បុរស​ប្រើប្រាស់​ទន្លេ​ និង​ធនធានទឹក​ក្នុង​លក្ខណៈ​ផ្សេង​គ្នា ហើយ​ពួកគេ​មាន​តួនាទី​ផ្សេង​គ្នា និង​ការទទួល​ខុសត្រូវ​ផ្សេង​គ្នា​។ ការវិភាគ​យេនឌ័រ​គឺជា​ជំហាន​​ទី​មួយ​ដ៏សំខាន់​ឆ្ពោះ​ទៅ​រក​ការរៀបចំ​ និង​អនុវត្ត​គោលនយោបាយ​ និង​កម្មវិធី​ផ្សេងៗ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​ និង​បុរស​ស្មើភាព​គ្នា និង​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន រយៈពេល​វែង​ជាង​មុន​នៅក្នុង​ទំនាក់​ទំនង​សាធារណៈ​។

គោលនយោបាយ​យេនឌ័រ​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ដែល​ត្រូវ​បាន​អនុម័ត​ជិត ​១៨ ​ឆ្នាំ​មុន​អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បំបែក​ទិន្នន័យ​ទៅ​តាម​ភេទ​ និង​រួមបញ្ចូល​ការវិភាគ​យេនឌ័រ​នៅក្នុង​ការរៀបចំ​កម្មវិធី និង​ការអនុវត្ត​។ ទោះបី​យ៉ាង​ណា​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមប្រឹក្សា​គណៈកម្មាធិការ​ទន្លេមេគង្គ​ដែល​ទើប​បោះពុម្ព​ផ្សាយ​ដែល​បាន​វាយតម្លៃ​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​ធនធាន​ទឹក​នៅក្នុង​អាង​ទន្លេ មេគង្គ​ការវិភាគ​យេនឌ័រ​ដែល​អាច​ជឿជាក់​បាន​គឺ​មិន​អាច​ទៅ​រួច​ដោយសារ​ការ​ខ្វះ​ទិន្នន័យ​ និង​ព័ត៌មាន​។

‑ ស្ត្រី​ត្រូវ​តែ​មាន​ការនិយាយ​នៅ​ក្នុង​សេចក្តី​សម្រេច​ដែល​ប៉ះពាល់​ដល់​ពួកគេ និង​ជា​ផ្នែក​នៃ​ភាព​ជា​ដៃគូ​។ ការធ្វើ​ផែនការ​ និង​ការធ្វើ​សេចក្តី​សម្រេច​ស្តីពី​ទំនប់​វារីអគ្គិសនី​ និង​ការអភិវឌ្ឍ​ធនធាន​ដទៃៗ​ទៀត​នៅ​ក្នុង​ទន្លេ​មេគង្គ​ខ្វះ​ការចូលរួម​ពី​សាធារណជន តម្លាភាព និង​គណនេយ្យភាព​។ ខណៈ​គណៈកម្មាធិការ​ទន្លេមេគង្គ​បាន​អនុវត្ត​ជំហាន​មួយ​ចំនួន​ដើម្បី​កែលម្អ​ការចូលរួម​ពី​សហគមន៍ ការងារ​ និង​តម្រូវការ​ច្រើន​ជាង​នេះ​ទៀត​នៅ​ត្រូវ​ការធ្វើ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ស្ត្រី​ និង​បុរស​ដែល​ពឹង​ផ្អែក​លើ​ទន្លេ​សម្រាប់​ជីវភាព​របស់​ពួកគេ​។

‑ ស្ត្រី បុរស និង​សហគមន៍​របស់​ពួកគេ​ត្រូវតែ​មាន​លទ្ធភាព​ស្មើភាព​គ្នា និង​ការរួម​បញ្ចូល​ និង​ការគ្រប់គ្រង​ធនធាន​។ នេះ​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​ និង​ការអនុវត្ត​ដែល​បច្ចុប្បន្ន​មិន​រួម​បញ្ចូល​លទ្ធភាព​របស់​ស្ត្រី​ចំពោះ​ការគ្រប់គ្រង​ទឹក ដី និង​ធនធាន​ធម្មជាតិ​។

កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នឹង​ផ្តល់​ទិសដៅ​សម្រាប់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ហើយ​អាទិភាព​របស់​ប្រទេស​សមាជិក​នឹង​ឆ្ពោះ​ទៅ​មុខ​។ សមភាព​យេនឌ័រ និង​ការចូលរួម​របស់​ស្ត្រី​ត្រូវ​តែ​ស្ថិត​នៅ​ចំណុច​សំខាន់​នៃ​ការលើក​កម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅក្នុង​អាង​ទន្លេមេគង្គ​។

វា​ដល់​ពេល​សម្រាប់​គណៈកម្មាធិការ​ទន្លេ​មេគង្គ ​និង​ប្រទេស​សមាជិក​អនុវត្ត​សកម្មភាព​ឲ្យ​ស៊ី​នឹង​ការអះអាង​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការ​ឲ្យ​មាន​ការ​គ្រប់គ្រង​ដែល​មាន​លក្ខណៈ​រួមបញ្ចូល​ជាង​មុន និង​ចីរភាព​សម្រាប់​អាង​ទន្លេមេគង្គ​៕ PS

Lilian Mercado ជា​នាយក​ប្រចាំ​តំបន់​សម្រាប់​អង្គការ​ Oxfam ប្រចាំ​អាស៊ី