លោក​និពន្ធ​នាយក​ជា​ទីស្រឡាញ់​រាប់អាន!

ក្រោយពី​បាន​អាន​អត្ថបទ​សារព័ត៌មាន​របស់លោក​ចុះ​ថ្ងៃទី​ ១៨ ខែ មករា ឆ្នាំ​ ២០២១ ក្រោម​ចំណងជើង​ថា «​លោក ស ខេង ឱ្យ​បំបាត់​សំឡេង​រំខាន​លើស​កម្រិត​ពី​យានយន្ត​» ខ្ញុំ​សូម​ផ្ញើជូន​នូវ​ការចាប់អារម្មណ៍​របស់​ខ្ញុំ​មួយចំនួន​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ​ដូចខាងក្រោម​៖

បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​ដាក់ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការបង្ក​សំឡេង​រំខាន​ដោយ​យានយន្ត​គ្រប់​ប្រភេទ​កាលពី​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ​ ២០២១ យើងខ្ញុំ​សង្កេត​ឃើញ​ថា ឆ្លងតាម​សេចក្តី​ណែនាំ​នេះ ប្រជាពលរដ្ឋ​ទូទៅ​បាន​សម្តែង​ការអបអរសាទរ និង​សន្យា​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​។

ទន្ទឹមនេះ​ក៏​មានមតិ​មួយចំនួន​សម្តែង​ការយល់ឃើញ​ផ្សេងៗ​​ថា ការណែនាំ​ឱ្យ​លុបបំបាត់​ការបង្ក​សំឡេង​ពី​យានយន្ត​កែច្នៃ​គឺជា​រឿង​ល្អ​ក្នុង​ការកាត់បន្ថយ​ការរំខាន​ដល់​ពលរដ្ឋ ប៉ុន្តែ​វា​មិនមែន​ជា​ចំណុច​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​​នោះ​ទេ​។

ខ្ញុំ​សូម​គូសបញ្ជាក់​ជូន​សាធារណជន​ជ្រាប តាមរយៈ​សារព័ត៌មាន​របស់​លោក​នាយក​ថា ការដាក់ចេញ​នូវ​វិធានការ​លុបបំបាត់​សំឡេង​រំខាន​លើស​កម្រិត ដែល​បង្ក​ឡើង​ដោយ​យានយន្ត​គ្រប់​ប្រភេទ ​គឺ​មិនមែន​ជា​រឿង​ថ្មី​នោះទេ​។ កិច្ចការ​នេះ​ត្រូវបាន​ចាត់តាំង​អនុវត្ត​ស្រប​តាម​ស្មារតី​នៃ​ច្បាប់​ស្តីពី​កិច្ចការ​ពារបរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ឆ្នាំ​ ១៩៩៦ និង​អនុក្រឹត្យ​លេខ ៤២ អនក្រ បក ចុះ​ថ្ងៃទី​ ១០ ខែ កក្កដា ឆ្នាំ​ ២០០០ ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ខ្យល់ និង​ការរំខាន​ដោយ​សំឡេង​ដែល​បាន​កម្រិត​កំណត់​សំឡេង​អតិបរមា​អនុញ្ញាត​ឱ្យ​បញ្ចេញ​សំឡេង​នៅលើ​ផ្លូវ​សាធារណៈ​ចំពោះ​យានយន្ត និង​កម្រិត​កំណត់​សំឡេង​អតិបរមា​ដែល​អនុញ្ញាត​នៅ​តំបន់​សាធារណៈ និង​តំបន់​លំនៅឋាន ដែល​ក្នុង​​នោះ​រួមទាំង​តំបន់​មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ និង​គ្រឹះស្ថាន​រដ្ឋបាល​ជាដើម​។​ល​។

ផ្អែកលើ​មូលដ្ឋាន​គតិយុត្ត​ខាងលើ​នេះ​ប្រតិកម្ម​បែប​ចំអក និង​មើលស្រាល​ចំពោះ​វិធានការ​នេះ​ហាក់​ដូចជា មាន​​ការរើសអើង និង​មិនបាន​គិតគូរ​​គ្រប់​ជ្រុងជ្រោយ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់ ឬ​ជា​អ្នករងគ្រោះ​ដោយ​ប្រយោល​ដោយសារ​សំឡេង​រំខាន​ទាំង​នេះឡើយ​។ សំឡេង​រំខាន​អាច​មិន​ចោទ​ជា​បញ្ហា​សម្រាប់​អ្នក​ដែល​ពុំមាន​បញ្ហា​សុខភាព ហើយ​ទោះបី​សំឡេង​រំខាន​ទាំងនេះ​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ពិតមែន ប៉ុន្តែ​វា​បង្ក​ការប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ និង​អារម្មណ៍​របស់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​សម្រាក​នៅតាម​មន្ទីរពេទ្យ ឬ​នៅ​លំនៅឋាន​ដែល​ត្រូវការ​ភាពស្ងប់ស្ងាត់​​ជាប្រចាំ និង​សិស្សនិស្សិត​ដែល​ត្រូវការ​ផ្តោតអារម្មណ៍​លើ​ការសិក្សា​រៀនសូត្រ ទោះ​នៅតាម​គ្រឹះស្ថាន​អប់រំ​នានា​ក្តី ឬ​នៅតាម​លំនៅឋាន​ក្តី​។

ក្នុង​ន័យនេះ ទោះបី​សំឡេង​រំខាន​មិន​កើតមានឡើង​នៅ​គ្រប់​ទីកន្លែង និង​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក៏ដោយ ប៉ុន្តែ​វិធានការ​នេះ​គឺជា​ការអនុវត្ត​ស្រប​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​របស់​រាជរដ្ឋាភិបាល​​ដែល​កំពុង​ស្ថិត​នៅ​ជា​ធរមាន​ដោយ​គ្មាន​ការរើសអើង ដើម្បី​​រួមចំណែក​ការពារ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ចំនួន​សមាមាត្រ​ណាមួយ​នោះ​ដែលជា​អ្នក​រងគ្រោះ​ដោយសារ​ការរំខាន​មក​ពី​សំឡេង ហើយ​ដែល​ផលប៉ះពាល់​បង្ក​ឡើង​ដោយ​បញ្ហា​នេះ​មិនគួរ​ត្រូវបាន​មើលស្រាល​នោះឡើយ​។ នេះ​គឺជា​វិធានការ​ដែល​ត្រូវបាន​ចាត់តាំង​អនុវត្ត​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន​របស់​រាជរដ្ឋាភិបាល ហើយ​អ្នក​រិះគន់​ដែល​ខ្វះ​មូលដ្ឋាន​ពិចារណា​ផ្អែកលើ​ស្មារតី​នៃ​ច្បាប់​មាន​​ន័យ​ថា ជា​អ្នក​បដិសេធ​មិន​គោរព​ច្បាប់​។

ដោយឡែក​ការដាក់ចេញ​វិធានការ​លុបបំបាត់​សំឡេង​រំខាន​នេះ​មិនមែន​មាន​ន័យថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនបាន​យកចិត្ត​ទុកដាក់​គិតគូរ​ដល់​បញ្ហា​ចរាចរណ៍​នោះទេ​។ ​ជាក់ស្តែង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ត្រូវបាន​ចាត់តាំង​អនុវត្ត​ជាប្រចាំ ជាពិសេស​ចាប់តាំងពី​ចុងឆ្នាំ​ ២០១៥ ​នៃ​ដំណើរការ​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​ផ្តើមចេញ​ពី​វិធានការ​ផ្សព្វផ្សាយ​អប់រំ និង​វិធានការ​បន្តបន្ទាប់​ជា​ដំណាក់កាលៗ​ដូចជា ការត្រួតពិនិត្យ ការផាកពិន័យ និង​រហូត​ឈានដល់​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​មួយ​​ចំនួន​ទៀត​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​ចរាចរណ៍ ជាពិសេស​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ឱ្យបាន​ជា​អតិបរមា​។

ឆ្នាំ​ ២០២០ ​កន្លង​ទៅនេះ​ត្រូវបាន​កំណត់​ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ក្នុង​រយៈពេល​ ១០ ​ខែ​នៃ​ឆ្នាំ​ ២០២០ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ ២៣% អ្នកស្លាប់​ថយចុះ​ ១៧% និង​អ្នករបួស​ថយចុះ ២៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩​។ ​ការថយចុះ​នៃ​អត្រា​គ្រោះថ្នាក់​នេះ​មិនទាន់​រាប់បញ្ចូល​នូវ​កំណើន​យានយន្ត​គ្រប់​ប្រភេទ អ្នកប្រើប្រាស់​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បន្ត​កើនឡើង​ជា​លំដាប់​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​។​ការសម្រេច​បាន​លទ្ធផល​វិជ្ជមាន​នេះ​ដោយសារ​មានការ​ចូលរួម​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​រួមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ​សាធារណៈ​។

លើសពីនេះ​ទៀត ការយក​ចិត្ត​ទុកដាក់​ចំពោះ​វិធាន​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ត្រូវ​បាន​យកចិត្ត​ទុកដាក់​អនុវត្ត​មិន​ត្រឹមតែ​ក្នុង​វិសាលភាព​នៃ​ការងារ​គ្រប់គ្រង​ចរាចរណ៍​ និង​បញ្ហា​សំឡេង​រំខាន​ប៉ុណ្ណោះ​ទេ ជាក់ស្តែង​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល បាននិង​កំពុង​កែលម្អ​លក្ខណសម្បត្តិ​នៃ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​អាច​កើតមានឡើង​ពាក់ព័ន្ធ​នឹង​អន្តរវិស័យ​ក្នុង​គោលបំណង​ពង្រឹង​ទាំង​ក្របខ័ណ្ឌ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុខុមាលភាព និង​ភាពសុខដុមរមនា​ជារួម​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅក្នុង​សង្គម​៕

ថ្ងៃ​អង្គារ ៦ ​កើត ខែមាឃ ឆ្នាំ​​ជូត ទោស័ក ព.ស.២៥៦៤

រាជធានី​ភ្នំពេញ ថ្ងៃទី​ ១៩ ខែ មករា ឆ្នាំ​​ ២០២១

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ