តួអង្គសម្តែងក្នុងរឿងតុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) ហាក់បីដូចជាមាននិន្នាការចង់មកប្រឡែងក្នុងស្រុកសាជាថ្មីព្រោះបច្ចុប្បន្នតាមភ្នែកទស្សនិកជនឃើញថា ឆ្មាលេងអ្វីៗគឺសម្តែងតែម្នាក់ឯងដូចជាមិនសូវសម។
ណាមួយញាតិខាងក្រៅដែលចូលចិត្តឲ្យមានការចូលរួមពីខាងកណ្តុរក៏មិនសូវពេញចិត្តនឹងការសម្តែងរបស់ឆ្មាតែម្នាក់ឯងអ៊ីចឹងដែរ បើទោះបីជាឆ្មាខិតខំប្រមែប្រមូលគូប្រកួតឱ្យចូលរួមបោះឆ្នោតកាលពីចុងខែកក្កដាដោយឲ្យតំណែងសុទ្ធថ្នាក់ស្មើនឹងមន្ត្រីជាន់ខ្ពស់របស់ខ្លួនដើម្បីកុំឲ្យពួកគេអន់ចិត្ត និងធ្វើឲ្យអ្នកភូមិខាងក្រៅមើលឃើញថាមានការចែករំលែកក៏ដោយ។
រីឯញាតិខាងឆ្មាវិញគឺពេញចិត្តជាខ្លាំងហើយគាំទ្រឲ្យបង្កើតរដ្ឋាភិបាលថ្មីបានឆាប់ទៀតផង ន្អាលនឹងរកស៊ីជាមួយគ្នាតទៅទៀត ហើយបានអះអាងថា ជ័យជម្នះរបស់ឆ្មាក៏បង្ហាញថាមានលទ្ធិប្រជាធិបតេយ្យតាមរយៈការមើលឃើញការចូលរួមប្រកួតពីបក្សផ្សេងៗក្រៅពីបក្សកណ្តុរដែលត្រូវតុលាការកំពូលរំលាយចោលខ្ទេចកាលឆ្នាំមុន។
យុទ្ធសាស្ត្រសន្តិភាពរបស់ឆ្មាគឺហាក់ដូចជាអនុវត្តតាមរបៀបមួយដែលមានន័យថា ធ្វើយ៉ាងណាដើម្បីទប់ទល់កុំឲ្យមានអំពើហិង្សា ឬក៏សង្គ្រាមកើតមានឡើង។
តាមរយៈសិល្បៈនៃការអនុវត្តឆ្មាធ្វើឡើងដោយប៉ិនប្រសប់មានទាំងក្ដៅ និងត្រជាក់ ដូចជា យុទ្ធសាស្ត្រឈ្នះៗ ការគំរាមកំហែង ការសម្របសម្រួលផ្សះផ្សាជាតិ ការសម្រក់ទឹកភ្នែកនៅមុខទស្សនិកជន ការចងក្រងជាក្រុមគ្រួសារ ការធ្វើកូនធម៌ ឬក៏ឪពុកធម៌ ហើយថ្មីៗនេះមានការដោះលែងអ្នកទោសមួយចំនួនរួមមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនក្រុមកណ្តុរជាទ្រង់ទ្រាយធំតាមរយៈឲ្យនៅក្រៅឃុំផង និងដោះលែងទាំងស្រុងផង។
ការលើកលែងទោសដ៏គំហុកដែលមិនធ្លាប់មានបែបនេះត្រូវបានកណ្តុរចំអកឲ្យឆ្មាពីចម្ងាយថានេះមកពីសម្ពាធអ្នកស្រុកខាងលិចច្រើនផង ហើយឆ្មាក៏ចង់បង្ហាញតម្លាភាព និងយុត្តិធម៌ជាមួយអន្តរជាតិផង បន្ទាប់បានបក្សរបស់ខ្លួនទើបតែឈ្នះឆ្នោតទាំងស្រុង ១០០ ភាគរយដើម្បីឱ្យពួកគេទទួលស្គាល់រដ្ឋាភិបាលថ្មី បើទោះណាជាក្រុមឆ្មាថានេះជាក្ដីសន្ដោសប្រណីរបស់ខ្លួនក៏ដោយចុះ។ សកម្មភាពចាក់គូទរបស់កណ្តុរបែបនេះធ្វើឲ្យឆ្មាច្រឡោត ហើយបន្ទាប់មកក៏កើតមានករណីពន្យារការឃុំខ្លួនដៃគូកណ្តុរដែលកំពុងជាប់ឃុំឱ្យបន្ដជាប់ឃុំ ៦ ខែទៀត។
ទោះបីយ៉ាងនេះក្ដីល្បែងតុក្កតាឆ្មា និងកណ្តុរមិនបានទៅណាឆ្ងាយទេ ពោលគឺនៅតែមានការឆ្លើយឆ្លងរវាងឆ្មា និងកណ្តុរ ហើយហាក់កំពុងព្យាយាមដាក់អន្ទាក់គ្នាទៅវិញទៅមក បើទោះបីជាឆ្មាថាឈប់លេងចូលជាមួយកណ្តុរ ហើយមិនចង់ឱ្យក្រុមខ្លួនជ្រលក់មាត់ជាមួយកណ្តុរក្ដី។
បច្ចុប្បន្នកណ្តុរហាក់ដូចជានៅតែបន្តប្រតិបត្តិតាមអ្វីដែលគេយល់ថា ជាទ្រឹស្តីដែលបង្ហាញពីចរិតចង់ស្តារទំនាក់ទំនងស្វែងរកដំណោះស្រាយឡើងវិញដើម្បីបញ្ចប់ទំនាស់ និងការបង្កើតប្រព័ន្ធសង្គមមួយដែលពលរដ្ឋត្រូវការចាំបាច់រាប់តាំងពីសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។
ជាគោលការណ៍កណ្តុរហាក់ដូចជាមិនបានលើកទឹកចិត្តឲ្យមានការប្រើអំពើហិង្សា ឬក៏សង្គ្រាមណាមួយកើតឡើងប្រឆាំងរដ្ឋាភិបាលទេ បើទោះបីជាខ្លួនមិនបាននៅក្នុងស្រុកក៏ដោយគឺមិនដូចអ្នកដឹកនាំសម័យមុនៗឡើយ។ តែកណ្តុរនៅតែបន្តយុទ្ធនាការតាមដាក់អន្ទាក់ឆ្មាដដែលពោលគឺហាក់មិនឲ្យឆ្មានៅជិះសេះលែងដៃហៃអើឡើយដែលនោះគឺការចូលរួមប្រជុំ និងបញ្ចុះបញ្ចូលបណ្ដាប្រទេសលោកខាងលិចឱ្យធ្វើអន្តរាគមន៍ដុកដាន់ធ្វើយ៉ាងណាឲ្យឆ្មាអនុញ្ញាតឱ្យពួកគេអាចបន្តសកម្មភាពនយោបាយឡើងវិញ។
តែលោកខាងលិចមិនទាន់ចេញអ្វីៗជាគោលការណ៍ធំដុំនៅឡើយទេ ព្រោះក្រុមឆ្មាមិនទាន់បង្កើតរដ្ឋាភិបាលនៅឡើយពោលគឺអាចនៅរង់ចាំមើលការបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែពួកគេធ្លាប់បានអះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់បាត់ហើយដោយមានប្រទេសខ្លះក៏ចាប់ផ្តើមដាក់សម្ពាធតាមបែបបង្កកទ្រព្យសម្បតិ្ត និងខ្លះទៀតគំរាមរឿងពន្ធដែលនាំចេញពីប្រទេសកម្ពុជាទៅបណ្ដាប្រទេសលោកខាងលិច ខណៈក្រុមឆ្មានៅតែបន្ដបង្ហាញឥរិយាបថមិនខ្វល់។
រឿងរ៉ាវកាលពីអតីតកាលកម្ពុជាហាក់បាននិងកំពុងកើតឡើងជាថ្មីម្តងទៀតខណៈទីតាំងភូមិសាស្ត្រស្ថិតក្នុងតំបន់ប្រទាញប្រទង់គ្នារវាងលោកខាងលិច និងលោកខាងកើត។ ហេតុដូចនេះហើយបញ្ហាតុក្កតាឆ្មា និងកណ្តុរនេះគឺស្ថិតក្នុងការសម្រេចចិត្តខ្ពស់ដើម្បីប្រយ័ត្នប្រយែងកុំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមដូចពីអតីតកាល។
អ្វីដែលជាឆ្អឹងទទឹងកសម្រាប់កណ្តុរ និងឆ្មាក្នុងការរារែកលើការចរចា និងប្រោះព្រំវប្បធម៌សន្ទនាឡើងវិញនោះគឺបើកណ្តុរត្រឡប់មកវិញមានន័យថា ទទួលយកលទ្ធផលការបោះឆ្នោតកាលពីចុងខែកក្កដាដែលឆ្មាខំធ្វើឱ្យអង្ករក្លាយជាបាយរួចទៅហើយនោះ។
ប៉ុន្តែបើឆ្មាមិនឲ្យកណ្តុរចូលវិញគឺឆ្មាបានអំណាចពេញលេញក្នុងដៃដែលមានលោកខាងកើតជួយជ្រោមជ្រែង តែអ្វីៗអាចទៅមុខបានរយៈពេលខ្លីប៉ុណ្ណោះពោលគឺមិនមាននិរន្តរភាពសេដ្ឋកិច្ចឡើយ។
ម្យ៉ាងវិញទៀតបញ្ហានៅកកស្ទះក្នុងការសម្រេចចិត្តចំពោះវិនិយោគទុនធំៗ និងអ្នករកស៊ីក្នុងស្រុក បើទោះបីជាចង់ទិញដី ឬក៏ទិញឡានក៏នៅតែគិតបញ្ហាប្រឈមលើប្រាក់ចំណូល និងសេដ្ឋកិច្ចទូទៅដែរ។
ករណីនេះទាំងឆ្មាទាំងកណ្តុរសុទ្ធតែមានទស្សនទានគិតគូរពីសន្តិភាពគ្រាន់តែអនុវត្តវិធីខុសគ្នាដែលមើលទៅហាក់មានភាពវិជ្ជមានផង និងអវិជ្ជមានផង ហើយប្រសិនបើមានជំហរបង្រួបបង្រួមជាតិជាធំដូចគ្នាគឺអាចជួបទល់មុខគ្នាក្នុងឱកាសសមស្របណាមួយដើម្បីស្វែងរកចំណុចរួមដែលទទួលយកបានទាំងឆ្មា និងកណ្តុរ។
បើពុំនោះទេគឺមានតែអញ្ជើញតំណាងប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដើម្បីឱ្យពិនិត្យឡើងវិញនូវមាត្រាណាដែលបានអនុវត្តហើយមាត្រាណាខ្លះដែលមិនទាន់អនុវត្តសន្ធិសញ្ញានោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com