អស់​រយៈពេល​ជាង ១ ឆ្នាំ​កន្លងមក​ហើយ​ដែល​ជំងឺ​រាតត្បាត​កូវីដ ១៩​ បាននិង​កំពុង​បន្ត​គំរាមកំហែង​ដល់​ពិភពលោក។ គិត​មកទល់​ពេល​នេះ ការឆ្លង​រីករាលដាល​នៃ​ជំងឺ​នេះ​បាន​កើនឡើង​ដល់​ប្រមាណ ១៥០ លាន​នាក់​ និង​មាន​ចំនួន​អ្នកស្លាប់​លើស ៣ លាន​នាក់ ​ក្នុង​ប្រមាណ​ជាង ២០០ ប្រទេស។

ជំងឺ​កូវីដ ១៩​ បាន​ផ្តល់​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ និង​សង្គម​យ៉ាងធ្ងន់ធ្ងរ​ដែល​ក្នុងនោះ​តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ឆ្លើយតប​ទប់ទល់​ទៅនឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ គេ​បានឃើញ​រួចមកហើយ​នូវ​ការជះឥទ្ធិពល​អវិជ្ជមាន​លើ​ដំណើរការ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ដូចជា ការហាម​ប្រាម​ការជួបជុំ ការរឹតត្បិត​នៃ​ការបំផ្លាស់ទី និង​ការបិទខ្ទប់​ជាដើម។

ចំពោះ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច វា​បាន​ធ្វើឱ្យ​មាន​ការរំខាន​ដល់​ខ្សែចង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ និង​បង្ក​ជា​ការរាំងស្ទះ​ដល់​តម្រូវការ​ព្រមទាំង​លំហូរ​នៃ​ដំណើរការ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​ដែលជា​ហេតុ​នាំមក​នូវ​ការរំខាន​ទៅលើ​គ្រប់​វិស័យ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក។ ជំងឺ​រាតត្បាត​កូវីដ១៩​នេះ​បាន​ធ្វើឱ្យ​ពិភពលោក​ទទួលរង​នូវ​វិបត្តិ​ហិរញ្ញវត្ថុ ដែល​មិន​ធ្លាប់មាន​ក្នុង​អំឡុង ១ សតវត្សរ៍​កន្លងមក​ហើយ​ប្រទេស​តូចធំ​ជាច្រើន​បាន​ទទួល​រង​នូវ​ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​រហូត​ក្រោម​សូន្យ។

ទន្ទឹមនឹង​ការព្យាយាម​ទប់ស្កាត់​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្តីសង្ឃឹម​តែមួយគត់​សម្រាប់​ពិភពលោក​ក្នុង​ការបញ្ចប់​វិបត្តិ​ដែល​បណ្តាល​មកពី​មេរោគ​នេះ​គឺ​ការបង្កើត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។

តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ជាពិសេស​របស់​សហគមន៍​វិទ្យាសាស្ត្រ រួមផ្សំ​ជាមួយ​នឹង​ភាពរីកចម្រើន​នៃ​បច្ចេកវិទ្យា​វ៉ាក់សាំង​កូវីដ១៩​ត្រូវ​បាន​រកឃើញ​យ៉ាង​ឆាប់រហ័ស​ដោយ​ប្រើ​រយៈពេល​តិចជាង ១ ឆ្នាំ​ និង​មិនដែល​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ។

ក្នុង​ពេល​ដែល​គម្រោង​វ៉ាក់សាំង​ប្រមាណ ៣០០ ប្រភេទ​ដែល​ផលិត​ដោយ​បណ្តា​ប្រទេស​ផ្សេងៗ និង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការសាកល្បង គេ​ឃើញថា​មាន​វ៉ាក់សាំង​មួយចំនួន​បានទទួល​ជោគជ័យ​ក្នុង​ការធ្វើ​ពិសោធន៍ ហើយ​បានដាក់​ឱ្យធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ។

ក្នុងនោះ​រួមមាន​វ៉ាក់សាំង AstraZeneca Moderna Pfizer-BioNtech Johnson Johnson និង ​Sinopharm ហើយ​ដែល​វ៉ាក់សាំង​ទាំងនេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ឬ​ត្រូវបាន​ទទួលស្គាល់​ហើយ​ដាក់ឱ្យ​ប្រើប្រាស់​បន្ទាន់​ ឬ​ក្នុង​គ្រាអាសន្ន។

ទោះបីជា​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ១៩​ជា​អាវុធ​តែមួយគត់​ដែល​អាច​រួមចំណែក​ដល់​ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​សុខភាព​សាធារណៈ​ជា​សកល​ធ្វើឱ្យ​មនុស្ស​ត្រឡប់​ទៅរក​ជីវិត​ធម្មតា​ និង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្ដី ប៉ុន្តែ​គួរឱ្យ​សោកស្តាយ​ការបង្កើតឡើង​នៃ​វ៉ាក់សាំង​ការពារ​កូវីដ១៩​គ្រាន់តែ​ជា​សក្ខីភាព​មួយ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែ​ច្បាស់​នូវ​វិសមភាព​របស់​ប្រទេស​ក្នុង​ពិភពលោក។ ផ្អែកលើ​ទិន្នន័យ​ស្តីពី​ការបែងចែក​វ៉ាក់សាំង​ក្នុង​ពិភពលោក គេ​ឃើញថា​ភាគច្រើន​នៃ​ប្រទេស​អភិវឌ្ឍន៍​ជា​អ្នកទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩។

ជាក់ស្តែង​ក្នុង​ប្រទេស​ចំនួន ១៧៩ គឺ​មាន ៦៨ នៃ​ប្រទេស​អភិវឌ្ឍន៍ ៩៤ នៃ​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​ហើយ​មាន​តែ ១៧ នៃ​ប្រទេស​ចំណូល​ទាប​ប៉ុណ្ណោះ​ ដែល​បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុងប្រទេស​របស់​ពួកគេ។ គេ​ក៏​ឃើញ​ដែរ​ថា នៅមាន​ប្រទេស​ក្រីក្រ​ជាច្រើន​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩ សូម្បីតែ ១ ដូស​ ឬ​បានទទួល​ដែរ​ ប៉ុន្តែ​ក្នុង​បរិមាណ​តិចតួច​បំផុត បើ​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​សរុប​នៅក្នុង​ប្រទេស​ទាំងនោះ។

បន្ថែម​ពីនេះ ដោយសារ​វ៉ាក់សាំង AstraZeneca Pfizer-BioNtech និង​Moderna ត្រូវបាន​គេ​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រសិទ្ធភាព​របស់​វា​បណ្តា​ប្រទេស​អ្នកមាន​បាន​កក់​ទិញ​ទុកជាមុន​នូវ​វ៉ាក់សាំង​ទាំងនោះ​តាមរយៈ​កិច្ចព្រមព្រៀង​ទិញ​ទុកជាមុន (APA) ហើយ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ទាំងនោះ​ក៏បាន​ទិញ​វ៉ាក់សាំង​ច្រើន​លើសលប់​ពី​ចំនួន​សរុប​នៃ​ប្រជាជន​របស់​ប្រទេស​ទាំងនោះ។

វិសមភាព​នៃ​ការទទួលបាន​វ៉ាក់សាំង​នេះ​ក៏បាន​ធ្វើឱ្យ​មាន​ការផុស​លេចចេញ​ផងដែរ​នូវ “វ៉ាក់សាំង​ជាតិនិយម“ វ៉ាក់សាំង​ជាតិនិយម ”ជា​គោល​គំនិត​គាំពារ​និយម ដែល​បណ្តា​ប្រទេស​មួយចំនួន​ជាពិសេស​ប្រទេស​អភិវឌ្ឍន៍​បាន​ប្រមូល​វ៉ាក់សាំង​ទុក​សម្រាប់​តែ​ជាតិ​ខ្លួនឯង​ដោយ​មិន​ចែករំលែក​ស្តុក​វ៉ាក់សាំង​ជាមួយ​ប្រទេសដទៃ។

គំនិត​គាំពារ​និយម​នេះ មិន​ត្រឹមតែ​មិន​អាចជួយ​ពិភពលោក​ក្នុងការ​លុប​បំបាត់​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​បាន​ទាំងស្រុង​ទេ ប៉ុន្តែ​វា​បាន​ជំរុញ​ឱ្យ​ក្របខ័ណ្ឌ​ពហុភាគី​និយម​កាន់តែ​ធ្លាក់ចុះ​ជាហេតុ​ធ្វើឱ្យ​បាត់បង់​ការរួបរួម​សាមគ្គី​ និង​កិច្ចសហប្រតិបត្តិការ​ស្ថាបនា​កសាង​សន្តិភាព និង​សុខដុម​នីយកម្ម។

ដោយឡែក​សម្រាប់​កម្ពុជា បើទោះបី​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​នៅឡើយ​ក្ដី​ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ និង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ការពារ​កូវីដ១៩​ដែល​ឆ្លើយតប​ទៅនឹង​បទដ្ឋាន​ស្តង់ដា​សុវត្ថិភាព​សាធារណៈ។

ដើម្បី​ការពារ​សុខុមាលភាព​ និង​ការពារ​ប្រជាជន​ពី​សេចក្តី​ស្លាប់​ដែល​បណ្តាល​មកពី​មេរោគ​កូវីដ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ក្នុង​គោលដៅ​ជំរុញឱ្យមាន​ការរៀបចំ​ផែនការមេ​ក្នុង​គម្រោង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ចំនួន ១០ លាន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប​ឱ្យបាន​ក្នុង​ឆ្នាំ ២០២១ នេះ។

ចាប់តាំងពី​ថ្ងៃទី ១០ ខែកុម្ភៈ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ត្រូវបាន​ចាប់ផ្តើម​ដោយ​ផ្តល់​ជាដំបូង​ដល់​ក្រុម​អាទិភាព​ដូចជា​បុគ្គលិក​សុខាភិបាល​ជួរមុខ​ និង​មន្ត្រី​យោធា​ និង​មកដល់​ដើមខែ​មីនា​បាន​ពង្រីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ក្រុមមនុស្ស​ចាស់​មាន​អាយុ ៦០ ឆ្នាំ​ឡើង​ ដែល​ជា​វ័យ​ត្រូវបាន​ចាត់ទុក​ជា​ក្រុម​ងាយ​រងគ្រោះ ហើយ​បាន​ពង្រីក​ជា​បន្តបន្ទាប់​ទៅ​ដល់​ក្រុម​ងាយ​រងគ្រោះ​ផ្សេងទៀត​ និង​ប្រជាពលរដ្ឋ​ជារួម។

គួរ​រំឭក​ផងដែរ​ថា កន្លងមក​កម្ពុជា​បាន​ប្រើប្រាស់​វ៉ាក់សាំង ៣ ប្រភេទ​គឺ​ស៊ីណូវ៉ាក់ ស៊ីណូហ្វាម​ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​ជំនួយ​ និង​ការបញ្ជាទិញ​ដោយ​តម្លៃ​ពិសេស​សម្រាប់​កម្ពុជា​ផ្តល់​ដោយ​ចិន​ និង​វ៉ាក់សាំង​ Astrazeneca ឬ Covishield ដែល​ផ្គត់ផ្គង់​ដោយ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា​តាមរយៈ​យន្តការ​កូវ៉ាក់​ដែល​ជា​អង្គភាព​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការធានា​បាន​នូវ​ការផ្តល់ឱ្យ​វ៉ាក់សាំង​កូវីដ១៩​ប្រកប​ដោយ​សមភាព​ដល់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក។

គិត​មក​ទល់នឹង​ពេលនេះ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន ១,៧ លាន​ដូស​ដែល​ជា​ជំនួយ​ឥតសំណង​ និង​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ប្រមាណ ២ លាន​ដូស ដែលជា​ការបញ្ជាទិញ​ក្នុង​តម្លៃ​ពិសេស​ និង ៣២៤ ០០០ ដូស​ពី​យន្តការ​កូវ៉ាក់។ វ៉ាក់សាំង​ទាំងនេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជាពិសេស​ការពារ​អាយុជីវិត​ប្រជាជន។

បើ​ធៀប​ទៅនឹង​ប្រទេស​ជាច្រើន ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា គេ​សង្កេតឃើញ​ថា​ប្រទេស​ទាំងនោះ​មិនទាន់​មាន​លទ្ធភាព​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ខ្លួន​ទាល់​តែ​សោះ​ ឬ​បានផ្តល់​ជូន​ដែរ​តែ​ក្នុង​បរិមាណ​តិចតួច​នៅឡើយ។ ប៉ុន្តែ​ផ្ទុយ​មកវិញ​កម្ពុជា​មាន​ការវិវឌ្ឍ​ក្នុង​ដំណើរការ​កិច្ចខិតខំ​ប្រឹងប្រែង​សម្រេច​បាន​មហិច្ឆតា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​គួរ​ជាទី​មោទនៈ។

យោងតាម​របាយការណ៍​បូកសរុប​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី ៩ ខែឧសភា​ឆ្នាំ ២០២១ គឺ​ក្រសួង​សុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ១ ៧៧៣ ៩៩៤ ដូស​ហើយ។

ចំនួន​នេះ​បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ​គឺ​កម្ពុជា​ជា​ប្រទេស​ដែល​បានផ្តល់​វ៉ាក់សាំង​ជូន​ប្រជាជន​របស់​ខ្លួន​បាន​ច្រើនជាង​ប្រទេស​ផ្សេង​ពោល​គឺ​ជា​ប្រទេស​ទី ២ នៅ​ពីក្រោយ​ប្រទេស​សិង្ហបុរី។ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​នេះ​វា​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​សុខុមាលភាព​ និង​ភារកិច្ច​ទទួលខុសត្រូវ​លើ​សុខភាព​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ក្នុង​បរិបទ​កូវីដ១៩​នេះ​ផងដែរ​កម្ពុជា​ក៏បាន​បង្ហាញ​ទៅ​ពិភពលោក​ថា​ជា “ប្រទេស​តូច​បេះដូង​ធំ” និង​ជា​ប្រទេសមួយ​ដែល​ផ្តល់​តម្លៃ​ដល់​សិទ្ធិមនុស្ស ពោលគឺ​សិទ្ធិ​រស់រាន​មាន​ជីវិត។ ជាក់ស្ដែង​ដូចជា​កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ​ឆ្នាំ ២០២០ នៅពេល​នាវា​ទេសចរណ៍​ MS Westerdam ត្រូវបាន​ប្រទេស​អាស៊ី​ចំនួន ៥ បដិសេធ​មិនឱ្យ​ចូល​ចត​កម្ពុជា​បាន​ទទួល​ឋានៈ​ជា​វីរបុរស​របស់​ពិភពលោក​ ដោយ​អនុញ្ញាត​ឱ្យ​នាវា​នេះ​ចូល​ចត​ក្នុង​ប្រទេស​របស់ខ្លួន។

ទឹកចិត្ត​សប្បុរសធម៌​របស់​កម្ពុជា​ក៏​បង្ហាញ​យ៉ាងច្បាស់​បន្ថែមទៀត​ នៅពេល​ដែល​កម្ពុជា​បាន​ផ្តល់​ការព្យាបាល​ដល់​អ្នកជំងឺ​កូវីដ ១៩ ដោយ​មិន​គិតថ្លៃ បើទោះជា​អ្នកជំងឺ​នោះ​ជា​ជនជាតិខ្មែរ​ ឬ​បរទេស​ក៏ដោយ។ បន្ថែម​ពីនេះ​ផងដែរ ក្នុង​ពេល​ដែល​វ៉ាក់សាំង​កូវីដ ១៩​ បាន​ធ្វើឱ្យ​ពិភពលោក​ប្រកាន់​យក​ភាព​អាត្មានិយម​តាមរយៈ​វ៉ាក់សាំង​ជាតិនិយម​កម្ពុជា​នៅតែ​បន្ត​ឈរលើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស​ក្នុង​ការរួមចំណែក​ចែករំលែក​ និង​បង្កើន​សាមគ្គីភាព​ក្រោម​ក្របខ័ណ្ឌ​ពហុភាគី​និយម​ដោយបាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ជូន​ជនជាតិ​បរទេស​ដែល​កំពុង​ស្នាក់នៅ​ និង​ធ្វើការ​នៅ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​ និង​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត។

ប៉ុន្តែ​ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​ស្វែងរក​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ ខណៈ​ពេល​ចំនួន​វ៉ាក់សាំង​ក្នុង​ពិភពលោក​មានកំណត់​ និង​ការផ្គត់ផ្គង់​កំពុងមាន​ការខ្វះខាត តែ​កម្ពុជា​បែរ​ជា​ត្រូវបាន​គេ​ចោទថា​កំពុង​ធ្លាក់​ទៅក្នុង​អន្ទាក់​នៃ​ឥទ្ធិពល​នយោបាយ​របស់​ចិន​តាមរយៈ​វ៉ាក់សាំង​ការទូត​តាមរយៈ​ការទទួល​យក​វ៉ាក់សាំង​របស់​ចិន​ក្រោម​រូបភាព​ជា​ជំនួយ​ឥតសំណង និង​តាម​ការបញ្ជាទិញ​របស់​កម្ពុជា។ មួយ​វិញ​ទៀត​កម្ពុជា​ក៏ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ទទួល​យក​វ៉ាក់សាំង​ចិន​ដែល​មិនមាន​គុណភាព ​និង​ប្រសិទ្ធភាព​ហើយ​ដែល​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាជន​របស់ខ្លួន។

ត្រង់​នេះ​មាន​ទឡ្ហីករណ៍ ៣ ដែល​អាច​យកមក​បញ្ជាក់។ ទី១-ក្នុង​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ប្រទេស​ទាំងអស់​ជា​មិត្ត​ហើយ​កម្ពុជា​ស្វាគមន៍​ក្នុង​ការទទួល​យក​ជំនួយ​វ៉ាក់សាំង​ក្រោម​ក្របខ័ណ្ឌ​ទ្វេភាគី​ ឬ​ពហុភាគី​ពី​បណ្តា​ប្រទេស​ទាំងអស់​ល្គឹកណា​វ៉ាក់សាំង​ទាំង​នោះ​បាន​ឆ្លងកាត់​បទដ្ឋាន​ស្តង់ដា​សុវត្ថិភាព​ ឬ​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ហើយ​គោរព​អធិបតេយ្យ​ និង​ឯករាជភាព​របស់​កម្ពុជា។ ប៉ុន្តែ​ជា​ការពិត​ក្រៅពី​វ៉ាក់សាំង​ទាំង ៣ ប្រភេទ​ដែល​កំពុង​ដាក់​ឱ្យ​ប្រើប្រាស់ កម្ពុជា​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​ណា​ផ្សេង​នៅឡើយ​ទេ​ ហើយ​ជាពិសេស​វ៉ាក់សាំង​ដែល​បង្កើត​ដោយ​ប្រទេស​អភិវឌ្ឍន៍។

ទី២-ចំពោះ​ភាពមន្ទិលសង្ស័យ និង​ការចោទប្រកាន់​លើ​គុណភាព​នៃ​វ៉ាក់សាំង​ចិន​ហេតុផល​មួយ​ដែល​អាច​ទុកចិត្ត​បាន​គឺ​ការអនុវត្ត​វិធីសាស្ត្រ​តាមបែប​បុរាណ​ដែល​ត្រូវ​បាន​ប្រើ​ជាង ១ សតវត្សរ៍​មកហើយ​ក្នុង​ការបង្កើត​វ៉ាក់សាំង​ហើយ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការការពារ​ជំងឺ​មួយចំនួន​ហើយ​ដែល​គេ​អាច​ជឿ​បាន​ថា​នឹង​មិន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​លើ​បុគ្គល​ណា​ឡើយ។

ទី៣-អ្វីដែល​គួរបញ្ជាក់​បន្ថែម​នោះ​គឺ​វ៉ាក់សាំង​ចិន​ក៏បាន​ឆ្លងកាត់​ដំណាក់កាល​ធ្វើតេស្ត​សាកល្បង​នៅ​បណ្តា​ប្រទេស​មួយចំនួន​ច្រើន​ផងដែរ​ បើទោះបី​ជា​បាន​រកឃើញថា មាន​កម្រិត​ប្រសិទ្ធិភាព​ខុសៗ​គ្នា​តាម​បណ្តា​ប្រទេស។

ជាក់ស្តែង ក្នុង​ប្រទេស​ឈីលី វ៉ាក់សាំង​ស៊ីណូវ៉ាក់​ត្រូវបាន​រកឃើញ​ថា​មាន​ប្រសិទ្ធភាព ៨៥% ក្នុង​ការការពារ​អ្នកជំងឺ​មិន​ឱ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង ៨០% ការពារ​មិនឱ្យ​ស្លាប់ និង​ប្រទេស​តួកគី ៨៣.៥% ការពារ​ការចេញ​រោគសញ្ញា និង ១០០% ការពារ​អ្នកជំងឺ​មិន​ឱ្យ​ឈឺ​ធ្ងន់ ខណៈ​ដែល​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មាន ៦៥% និង​ប្រទេស​ថៃ​មាន​រហូតដល់ ៩៩,៤%។ ដោយឡែក​សម្រាប់​វ៉ាក់សាំង​ស៊ីណូហ្វាម​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ថា​មាន​ប្រសិទ្ធភាព ៨៦%។

គួរបញ្ជាក់​ផងដែរ​ថា នៅថ្មីៗ​នេះ​ផងដែរ នៅ​ថ្ងៃទី​សុក្រ ទី ៧ ខែឧសភា អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ជា​ផ្លូវការ​ទទួលស្គាល់​វ៉ាក់សាំង​ស៊ីណូហ្វាម​របស់​ចិន​សម្រាប់​ការប្រើប្រាស់​បន្ទាន់​ ឬ​ក្នុង​គ្រាអាសន្ន។

គិត​ត្រឹម​ថ្ងៃទី ១០ ខែឧសភា ប្រទេស​កម្ពុជា​កំពុង​នៅ​បន្ត​ទទួល​រងគ្រោះ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​យ៉ាង​ខ្លាំង​ដែល​បណ្តាល​មកពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ដោយមាន​អ្នក​ឆ្លង​សរុប​ចំនួន ១៩ ៧៤៣ ករណី​ និង​អ្នកស្លាប់​ចំនួន ១២៦ នាក់​ហើយ។

ដូច្នេះ​វ៉ាក់សាំង​ការពារ​កូវីដ១៩​រឹតតែ​បន្ថែម​នូវ​សារៈសំខាន់​មួយ​កម្រិត​ទៀត​ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីករាលដាល​ការឆ្លង​នេះ​គួបផ្សំ​ទៅ​នឹង​ការចូលរួម​របស់​ប្រជាជន​ក្នុង​ការបន្ត​អនុវត្ត​វិធាន​ការពារ​របស់​ក្រសួង​សុខាភិបាល។

ដោយ​មើលឃើញ​ពី​ភាពចាំបាច់​នេះ​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជាបន្ទាន់​មួយទៀត​ដោយ​បាននិង​កំពុង​ចាក់​ជូន​ប្រជាជន​ទាំងអស់​នៅក្នុង​តំបន់​ក្រហម​ដែលជា​តំបន់​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ធ្ងន់ធ្ងរ។ រីឯ​ការស្វះស្វែង​ ដើម្បី​ទទួលបាន​វ៉ាក់សាំង​នេះ​គឺជា​ការឆ្លុះបញ្ចាំង​មួយ​ដែល​បង្ហាញថា​រាជរដ្ឋាភិបាល​បាន​ព្យាយាម​ថែរក្សា​ និង​ការពារ​សុខុមាលភាព​ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។

សរុបមក ក្នុង​អន្តរការ​នៃ​ការទប់ស្កាត់ និង​ការពារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ គេ​ជឿថា មាន​តែ​ការចាក់​វ៉ាក់សាំង និង​ការបន្ត​អនុវត្ត ៣កុំ ៣ការពារ និង​វិធាន​សុខាភិបាល​តែប៉ុណ្ណោះ​ទើប​អាច​យកឈ្នះ និង​អាច​ឈាន​ទៅរក​ការលុបបំបាត់​វិបត្តិការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​បាន។

ហើយ​ចំពោះ​វិសមភាព​នៃ​វ៉ាក់សាំង ឬ “វ៉ាក់សាំង​ជាតិនិយម” ដែល​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​ប្រកាន់យក វា​មិន​អាចជួយ​ឱ្យ​ពិភពលោក​មាន​ស្ថិរភាព​ និង​អាច​គេច​ផុតពី​កូវីដ១៩​បាន​ទាំងស្រុង​នោះទេ។ ដូច​ដែល​លោក តេដ្រូស ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា “បែងចែក​វ៉ាក់សាំង​ខ្លះ ជូន​ប្រជាពលរដ្ឋ​នៅតាម​ប្រទេស​មួយចំនួន មិនមែន​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ប្រទេស​ណាមួយ​នោះទេ។

ហើយ​ចំពោះ​ការរិះគន់​កម្ពុជា​ថា​អាច​ធ្លាក់​ទៅក្នុង​ឥទ្ធិពល​នយោបាយ​របស់​ចិន តាមរយៈ​ការទូត​វ៉ាក់សាំង និង​ការពណ៌នា​នានា​អំពី​គុណភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ចិន​តាម​រូបភាព​ផ្សេងៗ​នោះ​គឺជា​ការចោទប្រកាន់​ ដើម្បី​បម្រើ​ប្រយោជន៏​នយោបាយ​របស់ខ្លួន និង​មិនបាន​ពិនិត្យមើល​លើ​ទឡ្ហីករណ៍​ឱ្យ​ច្បាស់លាស់។

ដរាបណា​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩​ អាច​ជួយ​ការពារ​ប្រជាជន​ពី​សេចក្តី​ស្លាប់ និង​ទទួលរង​គ្រោះ​ពី​ផលប៉ះពាល់​ពី​ជំងឺ​នេះ​លើ​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​នោះ​កម្ពុជា​នឹង​ត្រៀមខ្លួន រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​របស់ខ្លួន ក៏ដូចជា​ប្រជាជន​ជា​សកល ហើយ​ការធ្វើ​យុទ្ធនាការ​វ៉ាក់សាំង​កន្លងមក គ្រាន់តែ​ជា​ភ័ស្តុតាង​មួយ​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស​ជា​សកល ពោល​គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត​ក្នុង​បរិបទ​នេះ៕

ផុន សុក្របញ្ញា

ទីប្រឹក្សា​នៃ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ