ស្ថានភាព​ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​កំពុង​មាន​ការផ្លាស់ប្តូរ​ក្នុង​ពេល​ថ្មីៗ​នេះ​។ តាមរយៈ​របាយការណ៍​ស្ថិតិ​របស់​រដ្ឋាភិបាល​ចំនួន​មនុស្ស​វ័យ​ចំណាស់ កំពុង​មាន​ការកើនឡើង​។ នៅ​ឆ្នាំ​ ១៩៨៨ ចំនួន​មនុស្ស​វ័យ​ចំណាស់​មាន​ចំនួន​ទាប បើ​ប្រៀបធៀប​នឹង​វ័យ​ផ្សេងទៀត​ (៥,១% ឬ​ ៦ ​ម៉ឺន​នាក់​)​។

ក៏ប៉ុន្តែ​ចំនួន​នេះ​នឹង​កើនឡើង​នៅក្នុង​ឆ្នាំ​ខាងមុខនេះ​។ ការប៉ាន់​ប្រមាណ​របស់​អង្គការសហប្រជាជាតិ​មួយ​បានបង្ហាញ​ពី​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ពី ១,១ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៥ ដល់​ប្រមាណ ២ ​លាន​នាក់​នៅ​ឆ្នាំ ២០៣០​។ ក្រសួងសុខាភិបាល​ក៏បាន​អះអាង​ដែរ​ថា​នៅ​ឆ្នាំ​ ២០៥០ ប្រជាជន​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​នៃ​ប្រជាជន​កម្ពុជា​ (២១ ​ភាគរយ​) នឹង​មាន​អាយុ​លើស ៦០ ​ឆ្នាំ​។

ខណៈពេល​ការផ្លាស់ប្តូរ​នេះ​នឹង​ចោទ​ជា​បញ្ហា​ប្រឈម​ចំពោះ​ប្រទេស​កម្ពុជា វា​ក៏​ជា​ឱកាស​ថ្មី​មួយ​សម្រាប់​ទីផ្សារ​ដែល​ផ្តោតលើ​មនុស្ស​វ័យចាស់​ដែល​នឹង​លេច​រូបរាង​ផងដែរ​។ មកដល់​ត្រឹម​ពេលបច្ចុប្បន្ន​នេះ អ្នក​វិនិយោគ​បាន​ផ្តោត​ជា​ចម្បង​លើ​វិស័យ​វិនិយោគ​បែប​ទូទៅ​ពោលគឺ​វិស័យ​សំណង់ អចលនទ្រព្យ វាយនភណ្ឌ វារីអគ្គិសនី និង​ការអប់រំ​ជាដើម​។

មាន​មនុស្ស​ចំនួន​តិច​បាន​យកចិត្ត​ទុកដាក់​លើ​ទីផ្សារ​ដែល​ផ្តោតលើ​មនុស្ស​វ័យចាស់ ហើយ​ការណ៍​នេះ​មាន​ភាព​ផ្ទុយស្រឡះ​ទៅ​នឹង​ចំនួន​ដ៏ច្រើន​សន្ធឹកសន្ធាប់​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មនុស្ស​វ័យក្មេង និង​កណ្ដាល​។

រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន​តិចតួច​ណាស់​ដែល​ផ្តោតលើ​ការបម្រើ​មនុស្ស​វ័យចាស់​។ ទោះយ៉ាងណា​ក៏ដោយ​យើង​មានការ​ជឿជាក់ថា អាជីវកម្ម​ដែល​បម្រើ​តម្រូវការ​មនុស្ស​វ័យចាស់ ទំនង​ជា​ទទួល​បាន​ប្រាក់ចំណេញ និង​មាន​និរន្តរភាព ដោយសារ​តែ​តម្រូវការ​ផលិតផល និង​សេវាកម្ម​សម្រាប់​មនុស្ស​វ័យ​ចំណាស់​មាន​កម្រិត​ខ្ពស់​រួចទៅហើយ​បើ​ទោះបីជា​មិន​សូវ​មាន​ក្រុមហ៊ុន​ណា​វិនិយោគ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការដែល​មានការ​កើន​ឡើង​ជា​លំដាប់​នេះ​ក៏ដោយ​។

ហេតុអ្វី​បានជា​តម្រូវការ​ក្នុង​វិស័យនេះ​មាន​កម្រិត​ខ្ពស់​ដូច្នេះ​? កត្តា​ជំរុញ​សំខាន់ៗ​គឺ​ស្ថិត​នៅក្នុង​ការផ្លាស់ប្តូរ​ទីផ្សារការងារ​ (labor changes) របស់​ប្រទេស​កម្ពុជា និង​កម្រិត​ជីវភាព​ខ្ពស់​ដែល​នាំឱ្យ​ប្រជាជន​មាន​យុគភាព​អំណាច​ទិញ (purchasing power parity) កាន់តែ​ខ្ពស់ ជាពិសេស​សម្រាប់​ប្រជាជន​វណ្ណៈ​កណ្តាល​ដែល​កំពុង​កើនឡើង​។

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​អត្រាកំណើន​ជា​មធ្យម​ប្រមាណ ៧% ជា​រៀងរាល់​ឆ្នាំ​។ នេះ​ដោយសារ​ស្ថិរភាព​នយោបាយ និង​លំហូរ​ចូល​នៃ​ការវិនិយោគ​បរទេស ដូច្នេះ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​។

យោងតាម​ធនាគារពិភពលោក អត្រា​យុគភាព​អំណាច​ទិញ​របស់​ប្រជាជន​កម្ពុជា​បាន​កើនឡើង​ដល់ ៤ ៣៥៤ ​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​​ ២០១៨ ​ពី​ចំនួន​ត្រឹម ២៣៥៥ ​ដុល្លារ​ក្នុង​ឆ្នាំ​ ២០០៨ ដែល​នេះហើយ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រជាជន​វណ្ណៈ​កណ្តាល​មាន​កាន់តែ​ច្រើនឡើង​។

ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន​កម្ពុជា​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ​។ ប្រជាជន​កម្ពុជា​ប្រមាណ ២ លាន​នាក់ (​ប្រហែល ១២ % នៃ​ប្រជាជន​សរុប​) បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ផ្សេងៗ​។ ប្រជាជន​ចំណាកស្រុក​ទាំងនេះ​បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ​វិញ​ចំនួន ១,៤ ​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ និង​ឪពុកម្តាយ​របស់​ពួកគេ​នៅ​ឆ្នាំ​ ២០១៨​។ តួលេខ​នេះ​ត្រូវបាន​គេ​រំពឹង​ថា នឹង​កើនឡើង​ជាទូទៅ​នៅ​ឆ្នាំ​ខាងមុខ​។

ទន្ទឹម​នឹង​នេះ​កម្លាំង​ពលកម្ម​ភាគច្រើន​នៅក្នុង​ប្រទេស​ក៏បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​ និង​រស់នៅ​តាម​ខេត្ត និង​ក្រុង​ដទៃទៀត​។ ប្រជាជន​កម្ពុជា​ដែល​កំពុង​ធ្វើ​ចំណាកស្រុក​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ត្រូវ​រស់នៅ​បែក​ឆ្ងាយ​ពី​ឪពុកម្តាយ​វ័យចាស់​របស់​ពួកគេ ហើយ​ការណ៍​នេះ​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បទដ្ឋាន​បែប​ប្រពៃណី​ក្នុង​ការមើលថែ​មនុស្ស​វ័យ​ចំណាស់​ (​ឪពុក ម្ដាយ​)​។ ដោយសារ​ពេលវេលា​ ឬ​ម៉ោង​ធ្វើការ​កាន់តែ​យូរ និង​ការធ្វើដំណើរ​ក៏​កាន់តែ​យូរ​នៅក្នុង​ទីក្រុង ការផ្តល់​ការថែទាំ​​សមរម្យ​សម្រាប់​ឪពុកម្តាយ​វ័យចាស់​ជរា កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។ ប្រជាជន​កម្ពុជា​វណ្ណៈ​កណ្តាល​ទំនង​មានបំណង​ចង់​ទទួល​បាន​សេវា​ថែទាំ​ឯកជន​ និង​ទិញ​ផលិតផល​សម្រាប់​ឪពុកម្តាយ​របស់​ពួកគេ​។

នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា យើង​សង្កេតឃើញ​មាន​ចន្លោះ​ខ្វះខាត​យ៉ាងច្រើន​ក្នុងការ​ផ្គត់ផ្គង់​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​រយៈពេល​វែង សេវា​ថែទាំ​ក្រៅ​ផ្ទះ ការពិគ្រោះ​យោបល់​លើ​ការថែទាំ​មនុស្ស​ចាស់ ការប្រឹក្សា​យោបល់​ផ្នែក​កាយសម្បទា និង​អាហារូបត្ថម្ភ ជំនួយការ​ជាវ​ឱសថ សេវាកម្ម​ក្នុងផ្ទះ និង​សេវាកម្ម​កែលម្អ​គេហដ្ឋាន​សម្រាប់​មនុស្ស​ជាដើម​។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ប្រហែល​ជា​មាន​សេវា​មនុស្ស​ចាស់​តែ​ ២-៣ ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​បង្កើតឡើង​ដូច​ជា​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ព្រះសីហនុរាជ និង​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ឯកជនវិសា​។ ប៉ុន្តែ​បើ​និយាយ​ជារួម​ផ្នែក​ផ្គត់ផ្គង់​នេះ​ហាក់ដូចជា​តិចតួច​ពេក​បើ​ធៀប​ជាមួយ​តម្រូវ​ការដែល​កើនឡើង​។

ទន្ទឹម​នឹង​នេះ​បរិយាកាស​គោលនយោបាយ​សម្រាប់​ធ្វើ​អាជីវកម្ម​ដែល​បាន​រៀបរាប់​ខាងលើ​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​ផងដែរ​។ រដ្ឋាភិបាល​កម្ពុជា​ពិតជា​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ចាស់​ជា​ឧទាហរណ៍​គោលនយោបាយ​ស្ដីពី​មនុស្ស​វ័យ ២០១៧-២០៣០ ដែល​ក្នុងនោះ​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ថា «​ក្នុងន័យ​នេះ​ការអនុវត្ត​គោលនយោបាយ​នេះ ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់​អ្នកមាន​ចំណែក​ពាក់ព័ន្ធ​ទាំងអស់ រួមមាន វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​បណ្តាញ​សមាគម​មនុស្ស​ចាស់​ទូទាំងប្រទេស​។ [...] ដើម្បី​ជួយ​ដល់​មនុស្ស​វ័យចាស់​ឲ្យ​ទទួល​បាន​នូវ​គុណភាព​ជីវិត​ដែល​ពួកគាត់​សម​នឹង​ទទួល សម្រាប់​ការ​បាន​ចូលរួម​ពេញ​មួយជីវិត​របស់​ពួកគាត់​ក្នុង​ការកសាង​ប្រទេសជាតិ​»​។

សរុបមក​វិនិយោគិន​គួរតែ​ផ្តោតលើ​ទីផ្សារ​ដ៏​មាន​តម្លៃ​នេះ​នៅក្នុង​ថ្ងៃ​អនាគត​។ ក្រុមហ៊ុន​នានា​គួរតែ​សហការ​ជាមួយ​​រាជរដ្ឋាភិបាល​ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម និង​ផលិតផល​ដែល​ពួកគេ​ត្រូវការ​។ ចំណែក​រដ្ឋាភិបាល​វិញ​គួរតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​កាន់តែ​ទូលំទូលាយ​ទាក់ទង​នឹង​ឱកាស​អាជីវកម្ម​ទាក់ទង​នឹង​មនុស្ស​ចាស់​នៅ​កម្ពុជា​ដល់​វិនិយោគិន​ជាពិសេស​ក្នុង​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅពេល​ដែល​រដ្ឋាភិបាល​ជួប​ជាមួយ​តំណាង​វិស័យ​ឯកជន ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​សក្តានុពល​អាជីវកម្ម​។ ការធ្វើ​បែបនេះ​នឹង​ជួយ​ផ្គូផ្គង​វិនិយោគិន​ជាមួយ​នឹង​ទីផ្សារ​ដែល​ត្រូវបាន​មើលរំលង​ប៉ុន្តែ​កំពុង​រីកចម្រើន​៕

ដោយ លោក វ៉ន សេរីវុធ ជា​អ្នកស្រាវជ្រាវ​វ័យក្មេង​នៃ​អង្គការ​វេទិកា​អនាគត​ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ឯករាជ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន សេរីវុធ កំពុង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ ប្រជាជន​វ័យចាស់​។