ប្រទេស​ កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ទទួលបាន​ការរីក​ចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច​ខ្ពស់​ហើយ​លឿន​នៅ​អាស៊ី​​ និង​ពិភពលោក​។ ក្នុង​រយៈពេល​​ ២ ​ទសវត្សរ៍​កន្លងមក​នេះ កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​ប្រមាណ​ ៧ ​ភាគរយ​ បាន​ជួយ​ប្រជាជន​រាប់លាន​នាក់​ឲ្យ​ចាកចេញ​ពី​ភាពក្រីក្រ​។

នៅក្នុង​ឆ្នាំ​ ២០១៥ ​កម្ពុជា​បាន​ផ្លាស់ប្តូរ​មុខមាត់​ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ក្តី​រំពឹងថា​នៅក្នុង​ឆ្នាំ​ ២០៣០ ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែល​ទទួលបាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​នឹង​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅក្នុង​ឆ្នាំ​ ២០៥០​។

ការរីកចម្រើន​ដ៏មិន​គួរ​ឲ្យ​ជឿ​នេះ កើតឡើង​ដោយ​កត្តា​ជាច្រើន​ហើយ​កត្តា​ទី​ ១ ​សំខាន់​បំផុត គឺ​សន្តិភាព​ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​បំផុត​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​នីមួយៗ​នៅក្នុង​ពិភពលោក​។ ប្រសិនបើ​ប្រទេស​ជាតិ​គ្មាន​សន្តិភាព រាជរដ្ឋាភិបាល​នឹងត្រូវ​បង្ខំចិត្ត​បង្វែរ​ធនធាន​ដែល​មាន​កំណត់​ (​ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​) ​ទៅ​សមរភូមិ ហេតុ​ដូច្នេះ​ហើយ​ធនធាន​ទាំងនោះ​មិនអាច​យកទៅ​ប្រើ​សម្រាប់​គោលបំណង​ផលិតភាព​បានទេ​។

នៅពេល​ដែល​ប្រទេស​មាន​សន្តិភាព រាជរដ្ឋាភិបាល​អាច​ប្រើប្រាស់​ធនធាន​ទាំងនេះ​​ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដូចជា​ផ្លូវថ្នល់ ស្ពាន​​សាលារៀន​ ឬ​មន្ទីរពេទ្យ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​ក្នុង​ឆ្នាំ ១៩៩៨ ​បន្ទាប់ពី​ការស្លាប់​របស់​ ប៉ុល ពត និង​ការដួលរលំ​ទាំងស្រុង​របស់​កងទ័ព​ខ្មែរក្រហម​។ ចាប់​តាំងពី​ពេលនោះ​មក​ជីវភាព​រស់នៅ​របស់​ប្រជាជនមាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​។

ទោះយ៉ាងណា​ក៏ដោយ​បញ្ហា​ប្រឈម​ជាច្រើន​នៅតែ​បន្ត​មាន​។ បើ​និយាយ​តាម​ទិដ្ឋភាព​នយោបាយ​សង្គម​កម្ពុជា​នៅតែ​មាន​ភាព​បែកបាក់​គ្នា​។ បើ​និយាយ​តាម​ទិដ្ឋភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន កំណើន​សេដ្ឋកិច្ច​ត្រូវបាន​ប្រមូលផ្តុំ​នៅក្នុង​រាជធានី​ភ្នំពេញ​ហើយ​គម្លាត​រវាង​តំបន់​ជនបទ និង ទីប្រជុំជន​នៅតែ​មាន​គម្លាត​ធំ​ដែល​ទាមទារ​ឲ្យ​មាន​គោលនយោបាយ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​។

អ្នក​ខ្លះមក​ទីក្រុង ដើម្បី​ស្វែងរក​ការងារ​ធ្វើ​រីឯ​អ្នកខ្លះ​ទៀត​មក​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​។ នេះ​វា​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទីផ្សារការងារ​នៅ​ទីជនបទ និង​គុណភាព​ព្រមទាំង​បរិមាណ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅតាម​បណ្តា​ខេត្ត​។ ការធ្វើ​ចំណាកស្រុក​យ៉ាង​លឿន​ពី​ជនបទ​មក​ទីប្រជុំជន​អាច​ចាត់ទុក​ថា​ជា​សញ្ញា​នៃ​ការអភិវឌ្ឍ​មួយ​ ប៉ុន្តែ​នៅពេល​ជាមួយ​គ្នា​វា​ក៏​ធ្វើឱ្យ​ផែនការ​រៀបចំ​ទីក្រុង​កាន់តែ​ពិបាក​គ្រប់គ្រង​ផងដែរ​។

ទី​ ២ ​គឺ​អភិបាលកិច្ច​ល្អ​ដែល​ធ្វើឱ្យ​គោលនយោបាយ មាន​ប្រសិទ្ធភាព និង​មាន​ការរីកចម្រើន​ប្រកប​ដោយ​ចីរភាព​។ ដោយសារ​វិស័យ​ឯកជន​គឺជា​វិស័យ​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា ហេតុ​ដូច្នេះ​ហើយ​រចនាសម្ព័ន្ធ​អភិបាលកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​គាំទ្រ​ដល់​សកម្មភាព​អាជីវកម្ម​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការរីកចម្រើន​ក្នុង​ពេល​ខាងមុខ​។

ទោះបី​មាន​ការកែលម្អ​នីតិវិធី​រដ្ឋបាល​មួយចំនួន​ដោយ​ប្រើប្រាស់​សេវាកម្ម​តាម​អ៊ីនធឺណិត​ក៏ដោយ​ក៏​អំពើ​ពុករលួយ​នៅតែ​ជា​ឧបសគ្គ​ធំ​មួយ​ដដែល​។ ប្រសិន​បើ​អំពើពុករលួយ​អាច​ត្រូវបាន​កាត់បន្ថយ ទោះបី​ជា​មិនបាន​លុបបំបាត់​ចោល​ទាំងស្រុង​ក៏ដោយ ភាព​ប្រកួតប្រជែង​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​អាច​ត្រូវបាន​លើកស្ទួយ​ឡើង​។

ជា​ចុងក្រោយ​យើង​ទាំងអស់​គ្នា​ដឹងថា ការកែលម្អ​អភិបាលកិច្ច​ជាពិសេស​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​មិនមែន​ជា​ការងារ​ងាយស្រួល​ទេ ហើយ​វា​ត្រូវការ​ពេលវេលា​។ ការសិក្សា​ដែល​មាន​ស្រាប់​ជាច្រើន​រួមមាន​ធនាគារ​ពិភពលោក​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ (ERIA) បាន​លើកឡើង​ថា ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​តម្រូវ​ឱ្យ​មាន​វិធីសាស្ត្រ​ «​ពីលើ​ចុះក្រោម​» អម​ជាមួយ​ដោយ​ឆន្ទៈ​នយោបាយ​រឹងមាំ​។ មន្ត្រីរាជការ​ត្រូវតែ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ពួកគេ​ផងដែរ​។ នៅពេល​អនុវត្ត​ច្បាប់​ត្រូវ​មាន​យន្តការ​ច្បាស់លាស់​ និង​ថវិកា​ជាក់លាក់ ហើយ​មិនគួរ​មានការ​អន្តរាគមន៍​ខាង​នយោបាយ​ឡើយ​៕

ដោយ ង៉ូវ ប៉េងហ៊ុយ

PHD in Economics and Designated Associate Professor, Nagoya University