ខណៈ​ពលរដ្ឋ​កំពុង​បារម្ភ​ពី​ជំងឺ​កូវីដ​១៩ តែ​មាន​សមត្ថកិច្ច​ដែល​មាន​សិទ្ធិ​ប្រើ​កាំភ្លើងខ្លី​ខ្លះ​បែរ​ជា​ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​ដោយបាន​បាញ់ប្រហារ​ប្រពន្ធ​កូន ឬ​ក៏​ប្អូនថ្លៃ​ខ្លួនឯង​ទៅវិញ​ដែល​ទង្វើ​បែប​នោះ ចង់​មិន​ចង់​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​មិនតិច​ទេ​។

គ្រាន់តែ​រយៈពេល​ ៣ ​សប្តាហ៍​នៃ​ខែមេសា​ថ្មីៗ​នេះ​មាន​ករណី​បាញ់ប្រហារ​លើ​ប្រពន្ធ និង​សមាជិក​គ្រួសារ​ខ្លួន ដែល​អ្នក​ប្រព្រឹត្ត​ទាំងនោះ​គឺជា​មន្ត្រី​សមត្ថកិច្ច​ដែល​មាន​សិទ្ធិ​ប្រើ​កាំភ្លើង​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ពេញបណ្ដាញ​ព័ត៌មាន​។ ​ដោយសារ​តែ​ករណី​នេះ​បាន​ធ្វើឲ្យ​មាន​ការខ្លាច​រអា​ចំពោះ​មន្ត្រី​ដែល​ជា​​សមត្ថកិច្ច​មាន​កិត្តិយស​ស្របច្បាប់ តែ​បែរ​ជា​មក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​លើ​សាច់ឈាម​ឯង និង​មាន​បំណង​សម្លាប់​ ១ ​ពូជ​ទៅវិញ​។ ​តើ​ធ្វើ​ដូចម្តេច​ដើម្បី​បញ្ចៀស​សមត្ថកិច្ច​ប្រដាប់​អាវុធ​ពី​ការប្រព្រឹត្ត​ឃាតកម្ម​បែប​នេះ ?

ដូចជា ករណី​ទី​ ១) ​នៅ​យប់​ថ្ងៃទី​ ៦ ខែ​មេសា​មាន​ករណី​បាញ់​អតីត​ប្រពន្ធ​ដែល​ទើបតែ​លែងលះ​គ្នា​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ដោយ​ជនល្មើស​ជា​មន្ត្រីនគរបាល​ខណ្ឌ​សែនសុខ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ហើយ​កូនស្រី​របួសធ្ងន់​ដែល​មូលហេតុ មកពី​ឃើញ​បុរស​ជា​មិត្តភក្តិ​ប្រពន្ធ​ជិះឡាន​ជាមួយ​គ្នា​ក៏​ប្រចណ្ឌ​​ និង​សងសឹក​គ្នា​។ ​រយៈពេល​ ៣ ​ម៉ោង​ក្រោយ​មក​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឃាត់ខ្លួន​ពី​ស្រុក​កៀនស្វាយ​មកវិញ​។ ករណី​ទី​ ២) ​នៅ​ថ្ងៃទី​ ១៥ មេសា មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​បាន​បាញ់​ប្អូនថ្លៃ និង​​មាន​បំណង​ចង់​បាញ់​មួយ​ពូជ តែ​គ្រាប់​កាំភ្លើង​បាញ់​ចេញ​តែ​ ១ ​គ្រាប់​។ ដំបូង​ឡើយ​មាន​​ជម្លោះ​ជាមួយ​ប្រពន្ធ​ខ្លួនឯង​ដោយ​មន្ត្រី​នោះ​បាន​ដក​កាំភ្លើង​មក​ភ្ជង់​ប្រពន្ធ តែ​ពេល​ប្អូនថ្លៃ​​ឃើញ ក៏​និយាយ​ថា​ចាំបាច់​យក​កាំភ្លើង​មក​ភ្ជង់​គាត់​? ​ភ្លាម​នោះ​​មន្ត្រី​នគរបាល​នោះ​បាន​បង្វែរ​​កាណុង​មក​រក​ប្អូនថ្លៃ​វិញ និង​​បាន​បាញ់ប្រហារ​តែម្តង ហើយ​ក៏​គេច​ខ្លួន​បាត់​។ ​ប៉ុន្តែ​ ១ ​សប្ដាហ៍​ក្រោយមក​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​ក៏​ចាប់បាន​នៅ​ស្រុក​ថា​ឡាបរិវ៉ាត់​។ ​ករណី​ទី​ ៣) ​កាលពី​ថ្ងៃ​ ២៦ មេសា មាន​ការ​បាញ់សម្លាប់​ប្រពន្ធ​ដើម​នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយសារ​តែ​ប្រពន្ធ​រអ៊ូ​ច្រើន​ថា ធ្វើ​ផ្ទះ​ឲ្យ​ប្រពន្ធ​ចុង​ស្អាត​ជាង​ផ្ទះ​ខ្លួនឯង ក៏ប៉ុន្តែ​បន្ទាប់ពី​បាញ់​រួច មន្ត្រី​យោធា​រូប​នេះ​បានប្រគល់​ខ្លួន​ឲ្យ​​កងរាជអាវុធ​ហាត់​ដើម្បី​សម្រាល​​ទោស​នៅ​ថ្ងៃ​ដដែល​។

ជុំវិញ​ករណី​បាញ់ប្រហារ​ក្នុង​គ្រួសារ​ឆៅៗ​បែប​នេះ​គេ​ពុំ​ឃើញ​មាន​ស្ថាប័នរដ្ឋ ជាពិសេស​ក្រសួង​កិច្ចការនារី និង​បណ្តា​អង្គការ​ដែល​ធ្វើការ​ទាក់ទង​នឹង​សិទ្ធិ​ស្ត្រី និង​យេនឌ័រ​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ទេ​។

ករណី​សម្រេចចិត្ត​បាញ់​សមាជិក​គ្រួសារ​ស្លាប់​ភ្លាមៗ​បែប​នេះ​​ធ្វើឲ្យ​មតិ​សាធារណជន ជាពិសេស​អ្នក​ជាប់​សាច់ឈាម​មន្ត្រី​ប្រដាប់​អាវុធ​ខ្លាចរអា ខណៈ​រូបភាព​បែបនេះ​កើតឡើង​ងាយៗ​ពេក​ហាក់​គ្មាន​ស្តាយស្រណោះ​អ្វី​បន្តិច​សោះ​។ ដោយសារ​មាន​​ករណី​នេះ​បាន​ធ្វើឲ្យ​មាន​ចោទ​ជា​សំណួរ​ថា បើ​មាន​កូនស្រី​គួរ​ឲ្យ​កូន​រៀបការ​ជាមួយ​មន្ត្រី​ប្រដាប់​​អាវុធ​ដែរ​ឬ​ទេ​?

បើ​តាម​លោក ពេជ្រ បញ្ញា មន្ត្រី​ចិត្តសាស្ត្រ​នៃ​អង្គការ​ TPO បាន​លើកឡើង​ថា ការសម្រេចចិត្ត​បាញ់​ប្រពន្ធ​ខ្លួនឯង​ភ្លាមៗ​​នេះ​គឺ​ឫសគល់​នៃ​បញ្ហា​បណ្តាល​​មកពី​សមត្ថកិច្ច​ដែល​មាន​កាំភ្លើង​នៅ​ដៃ​ស្រាប់​នោះ មាន​គំនុំ​ពី​មុន​​មក​ដោះ​មិន​ចេញ​ក៏​ទាល់ច្រក​ និង​មិនមាន​អ្នក​ជួយ​រក​ដំណោះស្រាយ​ផង​។ ​ការមិន​បាន​និយាយ​ចេញ​ឲ្យ​គេ​ដឹង​អ៊ីចឹង ហាក់ដូចជា​អស់​ជម្រើស​ធ្វើឲ្យ​គាត់​មាន​ស្ត្រេស​ (Stress) ​ខ្ពស់ អ៊ីចឹង​ការសម្រេចចិត្ត​ក៏​លឿន​ដែរ​។

ដូច​ករណី​ទី​ ៣ ​អ៊ីចឹង បើ​មិនបាន​បាញ់​ប្រពន្ធ​ខ្លួនឯង​ក៏​មក​ជម្រះ​​បញ្ជី​ជាមួយ​ប្អូនថ្លៃ​ដែរ ហើយ​ចង់​រាលដាល​ដល់​ ១ ​គ្រួសារ​ទៀត អ៊ីចឹង​មានន័យថា មិនមែន​ត្រឹម​​តែ​ករណី​ប្តី​ប្រពន្ធ​ទេ​។ ​ចំណែក​​ព្រះតេជព្រះគុណ គូ សុភាព ​ជំនាញ​ខាង​សមាធិ​នៅ​វត្ត​គ្រោធវ័ន​គល់​ទទឹង សង្កាត់​ព្រែក​ថ្មី​មាន​សង្ឃដីកា​ថា ដោយសារ​បុគ្គល​អ្នកប្រព្រឹត្ត​នោះ​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ហើយ​មាន​លក្ខណៈ​លោភៈ ទោសៈ មោហៈ​​ក្នុង​ខួរក្បាល​វិលវល់ ប្រសិន​បើ​របស់​អ្វីមួយ​ ឬ​ក៏​នរណា​ម្នាក់​ដែល​ខ្លួន​យក​មិនបាន អ្នកដទៃ​ក៏​​គ្មាន​នរណា​យក​បាន​ដែរ​។

ដូចគ្នា​នេះ​ដែរ​មន្ត្រី​នគរបាល​​ព្រហ្មទណ្ឌ​ធ្វើការ​ជាង​ ២០ ​ឆ្នាំ​ ១ ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ដែល​ប្រើ​កាំភ្លើង និង​អេកូម​ជា​​ប្រចាំ​ក៏​ចែករំលែក​បទពិសោធ​ដែរ​ថា​៖ «​កាលណា​មន្ត្រី​មាន​សមត្ថកិច្ច​មាន​កាំភ្លើង​នៅ​នឹង​ដៃ​ហាក់បី​ដូចជា មាន​មោទនភាព​ថា មាន​គ្នា​ ១០ ​នាក់​ដែរ​។

ប្រសិន​បើ​ជនដៃដល់​នោះ​មាន​បញ្ហា​ហើយ​មាន​អ្នក​ថែម​ល្បោយ​ទៀត​ដូចជា​ប្រពន្ធ​ឯង អ៊ីចេះ​អ៊ីចុះ​ទៅ​ធ្វើឲ្យ​គាត់​កាន់តែ​មាន​កំហឹង ហើយ​បើ​ថែម​គ្រឿង​ស្រវឹង​ទៀត​គឺ​ទប់​លែង​ជាប់​ដូច​មាន​អ្វី​មក​ធ្វើឲ្យ​ចិត្ត​គាត់​ស្លុយ​លែង​គិត​អ្វី​ទាំងអស់​»​។ «​តែ​ផ្ទុយទៅវិញ បើ​មាន​អ្នក​ជួយ​ផ្តល់​យោបល់​ឲ្យ​គាត់​កាត់ចិត្ត ជនល្មើស​ហ្នឹង​ក៏​អាច​ទប់​បាន​តែមួយ​ភ្លែត​ហ្នឹង​ជាប់​ហើយ​គឺ​លែង​អី​ហើយ​»​។ ​

ទោះយ៉ាងណា មន្ត្រី​​នគរបាល​ព្រហ្មទណ្ឌ​រូបនោះ​បញ្ជាក់ថា​៖ «​វិធី​ដែល​ល្អ​បំផុត​គឺ​ការរៀបចំ​ទុកដាក់​កាំភ្លើង​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ ចាក់សោ​ឲ្យ​ស្រួលបួល ហើយ​បើ​មិន​ចាំបាច់​​ទុក​នៅ​ផ្ទះ​ចាក់សោ​ក្នុង​ទូទៅ​កុំ​យក​ចេញ​ផ្តេសផ្តាស​វា​ងាយ​នឹង​ជ្រុល​ដៃជើង​ ឬ​ក៏​ទាស់​ពាក្យ​​សម្តី​លើស​ខ្វះ​គ្នា​មួយ​មាត់​ក៏​​ដកចេញ​បាញ់​ប្រាវ​ដែរ ហើយ​អាង​ដាក់​មេ​ប្រូច ឬ​ក៏​បាញ់​​សម្លាប់​ខ្លួនឯង​»​។

ម្យ៉ាងទៀត ប្រសិន​បើ​មនុស្ស​សល់​ពី​ធ្វើសង្គ្រាម​ធា្លប់​បាញ់​គ្នា ធ្លាប់​សម្លាប់​គ្នា នៅ​សមរភូមិ អ៊ីចឹង​អ្វី​ដែល​ធ្លាប់​បាញ់​ហ្នឹង​វា​នៅជាប់​ដិតដាម​នឹង​អំពើ​ហិង្សា​​បាញ់​សម្លាប់​គ្នា​ដោយ​ងាយៗ​អ៊ីចឹង​ពេល​ទាស់ចិត្ត​អ្វី​បន្តិច​ក៏​​ដក​កាំភ្លើង​មក​ភ្ជង់​គេឯង​ភ្លាម ហើយ​បើ​ប្រពន្ធ​គាត់​វិញ ឲ្យ​តែ​ហ៊ាន​តមាត់​រឿង​មាន​ស្រី​ញី​ក្រៅ​បាញ់​ភ្លាម​។ ជួនកាល​អ្នកមាន​កាំភ្លើង​ខ្លះ គឺ​ប្រមាថ​ជីវិត​គេ​តែម្តង​ដោយ​ហា​ឡើង​សុទ្ធតែ​សម្លាប់​ ១ ​ពូជ​ដោយ​មិនបាន​គិតថា តើ​មាន​ផលវិបាក​ក្រោយ​ពេល​ប្រព្រឹត្ត​ឡើយ​។

សរុប​មកវិញ មន្ត្រី​ប្រដាប់​អាវុធ​ស្របច្បាប់​ដូចជា កងទ័ព ប៉េអឹម អង្គរក្ស និង​ប៉ូលិស ឬ​ក៏​មន្ត្រី​មាន​សមត្ថកិច្ច​ជា​នគរបាល​យុត្តិធម៌​ដែល​មាន​សិទ្ធិ​កាន់​កាំភ្លើង​ដែរ​នោះ​គឺ​ដូចជា​គយ​កាំ​កុងត្រូល ពន្ធដារ និង​មន្ត្រី​បរិស្ថាន​ជាដើម​។ ​តែ​អ្វី​ដែល​សំខាន់​នោះ​​គឺ​ការគ្រប់គ្រង​អាវុធ​របស់​គាត់​ និង​ការគ្រប់គ្រង​ចិត្ត​ឲ្យ​ធ្ងន់​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​ផង ស្ថាប័ន​ខ្លួន​ផង​ដើម្បី​ចៀសវាង​ការប្រើ​អំពើ​ហិង្សា​បាញ់សម្លាប់​គ្នា​នោះ​គឺ ទី​ ១) មិន​ត្រូវយក​កាំភ្លើង​ជាប់​នឹង​ខ្លួន​ទេ បើ​មិនចាំបាច់ ជាពិសេស​នៅ​កន្លែង​ផឹកស៊ី​។ ទី​ ២) ត្រូវ​គិតគូរ​រឿង​អនាគត​គ្រួសារ​ប្រពន្ធ​កូន និង​សមាជិក​គ្រួសារ​ដែល​ជាប់​សាច់ឈាម​នឹង​គ្នា​។ បើ​លែងលះ​គ្នា​ហើយ​មិន​គួរ​មក​តាម​ចងកម្ម​ពៀរ​គ្នា​ទៀត​ទេ គឺ​ភាគី​ទាំង​ ២ មាន​សិទ្ធិ​យកប្តី​ ឬ​ប្រពន្ធ​រៀងៗ​ខ្លួន​ស្រប​តាម​ច្បាប់​។ ​ទី​ ៣) ​មនុស្ស​ទី​ ៣ ​ដែល​ជា​មិត្តភក្ដិ ឬ​ក៏​ប្រធាន​អង្គភាព​ត្រូវ​ជួយផ្តល់​យោបល់​ទៅ​អ្នកមាន​អាវុធ និង​មាន​បញ្ហា​ផ្លូវចិត្ត​ឲ្យ​ចាក​ឆ្ងាយ​ពី​អំពើ​ហិង្សា​។ ទី​ ៤) ​ហាត់រៀន​តាំងសមាធិ​ខ្លួនឯង ប្រសិន​បើ​មាន​បញ្ហា​ផ្លូវចិត្ត​ ឬ​ក៏​សួរ​យោបល់​ពី​របៀប​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​តាមរយៈ​អង្គការ​ TPO លេខ​ទូរស័ព្ទ ០១៧ ២២២ ៣៧២​។ រីឯ​ទី​ ៥) ​ក្រសួង​កិច្ចការនារី និង​បណ្តា​អង្គការ​ដែល​ធ្វើការ​ជាមួយ​សិទ្ធិ​ស្ត្រី ​និង​យែនឌ័រ​គួរតែ​ផ្សព្វផ្សាយ​​ និង​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស ចំពោះ​ការប្រព្រឹត្ត​​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​ជនល្មើស​ជា​មន្ត្រី​ប្រដាប់​អាវុធ​ទាំងនោះ​ជា​ជាង​នៅ​ស្ងៀមស្ងាត់​មិន​បាន​ជួយ​សង្គម ជាពិសេស​ករណី​បាញ់ប្រហារ​មកលើ​ស្ត្រី​ធ្ងន់ធ្ងរ​បែបនេះ​។

យ៉ាងណាមិញ​ករណី​បាញ់​​ប្រហារ​មនុស្ស​ជា​ទីស្រឡាញ់​ជា​ប្រពន្ធ​ ឬ​ក៏​មិត្តស្រី​នៅ​ស្រុក​គេ​វិញ ក៏​ត្រូវ​បាន​មហាជន​រិះគន់ ឈឺឆ្អាល និង​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ផងដែរ ដូចជា ករណី​ជនពិការ​ជើង​ទាំង​ ២ Oscar Pistorius ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ដែល​ជា​ម្ចាស់​មេដាយមាស​អត្តពលកម្ម​ពិភពលោក Paralympic ឆ្នាំ​ ២០១១ បាន​បាញ់សម្លាប់​មិត្តស្រី​របស់​គាត់​ឈ្មោះ ReevaSteenkamp ដែល​ជា​តារាបង្ហាញ​ម៉ូដ​នៅ​ចំ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​​ ១៤ ​កុម្ភៈ​ឆ្នាំ​ ២០១៣​។

លោក Pistorius ត្រូវបាន​តុលាការ​រកឃើញ​ថា មានទំនាស់​ពាក្យសម្តី​ជាមួយ​នឹង​មិត្តស្រី​ Steenkamp នៅ​ថ្ងៃ​ដដែល មុនពេល​កើតហេតុ​​ហើយ​បាន​កាត់ទោស​ឲ្យ​គាត់​ឲ្យ​ជាប់ពន្ធនាគារ​ ១៥ ​ឆ្នាំ​។ ​ករណី​នេះ​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ពិភពលោក​ហើយ​មានការ​ថ្កោលទោស​មកលើ​ឃាតករ​ជនពិការ​ដ៏ល្បី​នេះ បើទោះបី​ជា​គាត់​មាន​សិទ្ធិ​ទិញ​​កាំភ្លើង និង​ចុះបញ្ជី​ស្របច្បាប់​ក៏ដោយ តែ​គាត់​ត្រូវបាន​គេ​រកឃើញថា ប្រើ​កាំភ្លើង​ខុសច្បាប់​ប្រើ​កាំភ្លើង​ (NYT, Nov. 24, 2017)៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com