ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​បាន​បង្ក​ឱ្យមាន​សម្ពាធ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង​ចំពោះ​អាជីវកម្ម​ទាំង​តូច និង​ធំ​នៅ​ទូទាំង​ពិភពលោក​រួមទាំង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ​រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង​អាជីវកម្ម​ជាច្រើន​ផ្សេងទៀត​ត្រូវ​ផ្អាក​ដំណើរការ​ ឬ​ឈាន​ទៅ​​រក​ការ​ត្រូវ​បិទ​តែម្តង​។ ​ពួកគេ​កំពុង​ប្រឈមមុខ​នឹង​ការក្ស័យធន​ដោយ​មាន​ក្តីសង្ឃឹម​តិចតួច​បំផុត​ក្នុង​ការដំណើរការ​បន្ត​។

ក្នុងពេល​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​ភាពចលាចល ច្បាប់​ក្ស័យធន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការដោះស្រាយ​ជម្លោះ​តាម​ផ្លូវច្បាប់ និង​កាត់បន្ថយ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​។ ហេតុនេះ​រដ្ឋាភិបាល​ត្រូវតែ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​ជាបន្ទាន់​ចំពោះ​ការអនុវត្ត​ច្បាប់​នេះ​។

ប៉ុន្តែ​ច្បាប់​ក្ស័យធន​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យប្រើ​ក្នុង​ឆ្នាំ​ ២០០៧ ​នោះ ត្រូវ​បាន​សាធារណជន និង​សហគមន៍​អាជីវកម្ម​តិច​ណាស់​យល់ដឹង​ដោយសារ​តែ​ច្បាប់​នេះ​មិន​សូវ​ត្រូវបាន​គេ​យក​មក​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​នោះទេ​។

ច្បាប់​ស្តីពី​ក្ស័យធន​មាន​គោលបំណង​សំខាន់​ ២ គឺ​៖ ​ផ្តល់នូវ​ការទូទាត់​ការសង​ជា​សមូហភាព​តាម​លំដាប់​អាទិភាព និង​ត្រឹមត្រូវ​តាម​សិទ្ធិ​លើ​បំណុល​របស់​ម្ចាស់បំណុល​ដោយ​យក​ទ្រព្យសម្បត្តិ​របស់​កូនបំណុល​មក​ទូទាត់​សង​ហើយ​វា​អាចជួយ​ឲ្យ​មាន​ការរៀបចំ និង​ផ្តល់​នីតិសម្បទា​ឡើងវិញ​សម្រាប់​អាជីវកម្ម​របស់​កូនបំណុល​។

គោលបំណង​ដំបូង​នៃ​ច្បាប់​នេះ​ដែល​ជា​ការទូទាត់​សង​ជា​សមូហភាព​តាម​លំដាប់​អាទិភាព និង​ត្រឹមត្រូវ​ស្របតាម​សិទ្ធិ​លើ​បំណុល​របស់​ម្ចាស់បំណុល​នេះ គឺជា​មុខងារ​ក្នុង​ការបែងចែក​។ ក្នុង​គោលបំណង​នេះ​ច្បាប់​ស្តីពី​ក្ស័យធន​កំណត់​អំពី​វិធាន​លក្ខខណ្ឌ​នីតិវិធី និង​ដំណើរការ​សម្រាប់​ការបែងចែក​ទ្រព្យ​សម្បត្តិ​របស់​កូនបំណុល​តាម​សិទ្ធិ​លើ​បំណុល​របស់​ម្ចាស់បំណុល​។

ច្បាប់​នេះ​ធានា​នូវ​ភាព​យុត្តិធម៌ និង​ភាពស្រប​ច្បាប់​ក្នុង​ការបែងចែក​ទ្រព្យសម្បត្តិ​របស់​កូនបំណុល​ដើម្បី​ការពារ និង​បញ្ចប់​ជម្លោះ​រវាង​ម្ចាស់​បំណុល​​ និង​ម្ចាស់បំណុល​ ឬ​ម្ចាស់បំណុល​ទល់នឹង​កូនបំណុល​។ ​នេះ​គឺជា​តួនាទី​ផ្នែក​សេដ្ឋកិច្ច​របស់​ច្បាប់ ដើម្បី​ធានា​នូវ​ការប្រព្រឹត្ត​ដោយ​ភាពត្រឹមត្រូវ​នៅក្នុង​ប្រព័ន្ធ​ទីផ្សារ​។

ក្នុង​គោលបំណង​ទី​ ២ ​ក្នុង​ការផ្តល់​នីតិសម្បទា​ដល់​អាជីវកម្ម​របស់​កូនបំណុល ច្បាប់​នេះ​ផ្តល់​ឱកាស​ដល់​កូនបំណុល​ ឬ​អភិបាល​បណ្តោះអាសន្ន​ក្នុង​​ការដាក់​ជូន​សំណើ​ផែនការ​ដើម្បី​រៀបចំ​អាជីវកម្ម​ឡើងវិញ​ ឬ​ផែនការ​សម្របសម្រួល ជាមួយ​នឹង​ម្ចាស់បំណុល​។

ក្នុង​ផែនការ​នេះ​កូនបំណុល​ ឬ​អភិបាល​បណ្តោះអាសន្ន​អាច​ដាក់​សំណើ​ទៅ​ម្ចាស់​បំណុល​ឱ្យ​លុបចោល​បំណុល​មួយចំនួន និង​/​ឬ​ពន្យារពេល​ការទូទាត់​សងបំណុល​។

ផែនការ​សម្របសម្រួល​ដែល​បាន​ការឯកភាព​ពី​ម្ចាស់​បំណុល និង​តុលាការ​អាច​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ស្រប​គ្នា​ជាមួយ​នឹង​ការទូទាត់​សង​បំណុល​ដើម្បី​ឱ្យ​អាជីវកម្ម​នៅតែ​អាច​បន្ត​ដំណើរការ​។

គោលដៅ​ចម្បង​នៃ​ច្បាប់​ស្តីពី​ក្ស័យធន​គឺ​ដើម្បី​ផ្តល់ឱ្យ​កូនបំណុល​នូវ​លទ្ធភាព​ក្នុង​ការចាប់ផ្តើម​ជាថ្មី​រួច​ផុត​ពី​បន្ទុក​បំណុល​ហិរញ្ញវត្ថុ​ដែល​ជាប់​ធ្ងន់ធ្ងរ​។ វា​ប្រៀបដូចជា ការផ្តល់​ដល់​កូនបំណុល​សុចរិត​ដែល​បាន​ជួប​នូវ​អកុសល​នូវ​ឱកាស​ថ្មី​មួយ​ក្នុង​ជីវិត ដើម្បី​ខិតខំ​ប្រឹងប្រែង​ទៅ​អនាគត​ដោយ​មិនមាន​សម្ពាធ និង​ការបាក់​ទឹកចិត្ត​ដោយសារ​បំណុល​ដែល​មាន​ពីមុន​។

និយាយ​បែប​សាមញ្ញ ច្បាប់​ស្តីពី​ក្ស័យធន​ជួយ​បង្ការ​បញ្ហា​សោកសង្រេង​ក្នុង​សង្គម​ដោយសារ​តែ​បំណុល​ច្រើន​វ័ណ្ឌក​​ដែល​រុញច្រាន​ឱ្យ​កូនបំណុល​ និង​សាច់ញាតិ​របស់​គាត់​ធ្លាក់​ក្នុង​ភាពក្រីក្រ​យ៉ាងធ្ងន់ធ្ងរ​។

ទន្ទឹម​នឹង​នេះ​ច្បាប់​ក៏​ធានា​នូវ​ផលប្រយោជន៍​របស់​ម្ចាស់បំណុល​ត្រឹមត្រូវ និង​សុចរិត​ផងដែរ​។

ប្រជាជន​កម្ពុជា​ជាច្រើន​មាន​ជំនឿ​លើ​កម្មផល​។ ​ទោះ​ជា​មាន​​រឿង​អ្វី​កើតឡើង​ចំពោះ​ពួកគាត់​ក៏ដោយ ក៏​ពួកគាត់​នឹង​ខំ​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​​ការសង​បំណុល​ដែលមាន​។

ពួកគាត់​សុខចិត្ត​លក់​ដីធ្លី ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ដែល​ពួកគាត់​មាន​។ ​ឪពុកម្តាយ​នឹង​ខំ​ជួយ​សងបំណុល​កូន​ ឬ​កូនៗ​នឹង​ជួយ​សងបំណុល​របស់​ឪពុកម្ដាយ​រហូត​ដល់​ពួកគេ​ធ្លាក់​ក្នុង​ភាពក្រីក្រ​។

ការតស៊ូ​សង​ជម្នះ​លើ​បំណុល​​វ័ណ្ឌក​នេះ​អាច​បណ្តាល​ឱ្យ​មាន​ភាពតានតឹង​ផ្លូវចិត្ត និង​ធ្វើឱ្យ​​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​។ កូនបំណុល​ដែល​បាក់ទឹកចិត្ត​អាច​ជ្រើសរើស​ធ្វើ​អត្តឃាត ដើម្បី​ធ្វើឱ្យ​ពួកគាត់​រួចផុត​ពី​បំណុល​ដែលមាន​។ ករណី​បែប​នេះ​ចាំបាច់​ត្រូវ​ចៀសវាង​ឲ្យ​បាន ហើយ​នេះ​ក៏​ជា​មូលហេតុ​មួយ​ទៀត​ដែល​ត្រូវអនុវត្ត​ច្បាប់​ក្ស័យធន​ដើម្បី​ផ្តល់​ដំណោះស្រាយ​ឲ្យ​រួច​ផុតពី​បញ្ហា​សង្គម​បែប​នេះ​។

ការសុំ​បើក​សំណុំរឿង​ក្ស័យធន​​ច្បាប់​ក្ស័យធន មាន​វិសាលភាព​អនុវត្ត​ចំពោះ​រូបវន្តបុគ្គល​ជា​ពាណិជ្ជករ និង​នីតិបុគ្គល​រួមមាន​ក្រុមហ៊ុន​សហកម្មសិទ្ធិ និង​ក្រុមហ៊ុន​មូលធន​។ ​លើកលែង​តែ​បុគ្គល​ដែល​គ្រប់គ្រង​ដោយ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ច្បាប់​ស្តីពី​ការធានារ៉ាប់រង និង​ច្បាប់​ស្តីពី​ការបោះផ្សាយ និង​ការជួញដូរ​មូលបត្រ​មហាជន​។

បណ្តឹងសុំ​បើក​សំណុំ​រឿង​ក្ស័យធន​អាច​ត្រូវបាន​ធ្វើឡើង​ដោយ​កូនបំណុល ម្ចាស់បំណុល​ម្នាក់ ឬ​ច្រើន​នាក់ ឬ​តំណាង​អយ្យការ​។ ​កូន​បំណុល​អាច​ជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​ក្ស័យធន​។

ម្ចាស់បំណុល​សំដៅ​ដល់​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ដែលមាន​សិទ្ធិ​ទាមទារ​សំណង​ពី​កូន​បំណុល ឬ​ពី​ទ្រព្យសម្បត្តិ​របស់​កូនបំណុល​។ ប្រសិន​បើ​កូន​បំណុល​ជា​នីតិបុគ្គល អភិបាល​ក្រុមហ៊ុន​មាន​សិទ្ធិ​ដាក់ពាក្យ​បណ្ដឹង​​សុំ​បើក​សំណុំ​រឿង​ក្ស័យធន​។

លក្ខខណ្ឌ​តម្រូវ​ក្នុង​ការសុំ​បើក​សំណុំរឿង​ក្ស័យធន​ក្នុង​ករណី​ដែល​កូនបំណុល​មិន​បាន​បំពេញ​កាតព្វកិច្ច​មួយ​ ឬ​ច្រើន​ដែល​មាន​សុពលភាព និង​ដល់​ការកំណត់​សង​ដែល​មាន​ទឹកប្រាក់​ចំនួន​ ៥ ០០០ ០០០ រៀល​ (​ប្រហែល​ ១ ២៥០ ​ដុល្លា​អាមេរិក​) ​គឺជា​មូលហេតុ​នៃ​ការបើក​សំណុំរឿង​ក្ស័យធន​ទល់​នឹង​កូនបំណុល​នោះ​។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាច​សម្រេច​កែប្រែ​ចំនួន​ទឹកប្រាក់​ជា​កាតព្វកិច្ច​អប្បបរមា​នោះបាន​។

បណ្តឹងសុំ​បើក​សំណុំរឿង​ក្ស័យធន​ត្រូវ​សរសេរ​បញ្ជាក់​អំពី​ឈ្មោះ និង​អាសយដ្ឋាន​របស់​កូន​បំណុល និង​របស់​អ្នកប្តឹង​មូលហេតុ​ដែល​ជា​បង្អែក​នៃ​បណ្តឹង​បញ្ជី​រាយនាម​ម្ចាស់​បំណុល​ (​ក្នុង​ករណី​ដែល​សំណុំ​រឿង​ប្ដឹង​ដោយ​កូនបំណុល​) ​និង​សេចក្តីបញ្ជាក់​អំពី​កាលៈទេសៈ​ដែល​នាំ​ឱ្យ​មាន​មូលហេតុ​នៃ​បណ្តឹង​។ ​បណ្តឹង​សុំ​ក៏​​ត្រូវ​មាន​ភ័ស្តុតាង​ជា​បង្អែក​នៃ​បណ្តឹង​រាប់បញ្ចូល​ទាំង​រាល់​ឯកសារ​ភ្ជាប់​ដែល​អាច​ផ្តល់​ទម្ងន់​ដល់​បណ្តឹង​។

បណ្តឹង​ត្រូវ​ដាក់​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ដែល​ស្ថិតនៅ​ខាង​លំនៅឋាន​របស់​កូន​បំណុល ឬ​ការិយាល័យ​ចុះបញ្ជី​របស់​នីតិបុគ្គល ឬ​ទីស្នាក់ការ​អាជីវកម្ម​ ឬ​ទីកន្លែង​ដែល​ទ្រព្យសម្បត្តិ​នោះ​ស្ថិត​នៅ​។

បន្ទាប់ពី​បើក​សវនាការ​លើ​បណ្តឹង​សុំ ប្រសិន​បើ​តុលាការ​យល់ឃើញ​ថា បណ្តឹងសុំ​មាន​មូលហេតុ​សមស្រប​នោះ​តុលាការ​ត្រូវ​ចេញ​សេចក្តី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​។

ការពិនិត្យ​ពាក្យ​បណ្តឹងសុំ​ការបង់ប្រាក់​ប្រដាប់​ក្តី និង​ការដាក់​ប្រាតិភោគ​លើ​បណ្តឹង​ត្រូវ​កំណត់​ដោយ​តុលាការ​ដោយ​អនុលោម​តាម​បញ្ញតិ​នៃ​ក្រម​នីតិរដ្ឋ​ប្បវេណី​។

ប្រសិន​បើ​តុលាការ​សម្រេច​បើក​សំណុំរឿង​ក្ស័យធន និង​សម្រេច​តែងតាំង​អភិបាល​បណ្តោះអាសន្ន​ប្រាក់​បំណាច់​ថ្លៃ​សេវា និង​ការចំណាយ​របស់​អភិបាល​បណ្ដោះអាសន្ន​ត្រូវ​ទូទាត់​ពី​ទ្រព្យ​របស់​កូនបំណុល​ជា​ផ្នែក​នៃ​ការទាមទារ​សមស្រប​ដែល​ត្រូវ​បាន​គណនា​លើ​ពេលវេលា​ដែល​អភិបាល​បណ្តោះអាសន្ន​បាន​ចំណាយ​ក្នុង​ពេល​បំពេញការងារ​តម្លៃ​សរុប​នៃ​ទ្រព្យ​របស់​កូនបំណុល និង​វិសាលភាព និង​ភាពស្មុគស្មាញ​នៃ​សំណុំរឿង​ក្ស័យធន​។

រយៈពេល​នៃ​ការបើក​សំណុំរឿង​ក្ស័យធន​​ប្រសិន​បើ​បណ្តឹងសុំ​បើក​សំណុំរឿង​ក្ស័យធន​ត្រូវ​បាន​ដាក់​ដោយ​កូនបំណុល តុលាការ​ត្រូវ​បើកសវនាការ​លើ​បណ្ដឹង​សុំ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន ហើយ​ទោះជា​ក្នុង​​ករណី​ណា​ក្ដី ត្រូវ​បើកសវនាការ​មិន​ឱ្យ​លើស​ពី​ ១៥ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ដាក់ពាក្យ​បណ្តឹងសុំ​។

ប្រសិន​បើ​បណ្តឹងសុំ​បើក​សំណុំ​រឿង​ក្ស័យធន​ត្រូវ​បាន​ដាក់​ដោយ​ម្ចាស់បំណុល​ឬ​អភិបាល​ក្រុមហ៊ុន​ ឬ​តំណាង​អយ្យការ តុលាការ​ត្រូវ​បើក​សវនាការ​លើ​បណ្ដឹងសុំ​មិន​ឱ្យ​លើសពី​ ៣០ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដាក់ពាក្យ​បណ្តឹង​។ ​តុលាការ​ត្រូវ​ចេញ​សេចក្ដី​សម្រេច​ក្នុង​រយៈពេល​មិន​លើសពី​ ១៤ ​ថ្ងៃ បន្ទាប់ពី​បញ្ចប់​សវនាការ​លើ​បណ្ដឹង​សុំ​។

កូនបំណុល​ ឬ​ម្ចាស់បំណុល​អាច​ប្តឹង​ជំទាស់​ចំពោះ​សេចក្តី​សម្រេច​​របស់​តុលាការ​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ទទួល​បាន​​ដំណឹង​នៃ​សេចក្តី​សម្រេច​នោះ​។

នៅក្នុង​សេចក្តី​សម្រេច​បង្គាប់​ឱ្យ​បើក​សំណុំ​រឿង​ក្ស័យធន តុលាការ​ត្រូវ​កំណត់​កាលបរិច្ឆេទ​បើក​កិច្ចប្រជុំ​ម្ចាស់បំណុល​ចាប់ពី ៣០ ​ថ្ងៃ តែ​មិន​ត្រូវ​លើស​ពី​ ៦០ ​ថ្ងៃ បន្ទាប់ពី​បើក​សំណុំ​រឿង​ក្ស័យធន​។

ភ័ស្តុតាង​នៃ​បណ្ដឹង​ទាមទារ​ក៏​ត្រូវ​បានដាក់​ជូន​តុលាការ​ដោយ​ម្ចាស់​បំណុល​ផងដែរ​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ​មុន​កាលបរិច្ឆេទ បើក​កិច្ចប្រជុំ​ម្ចាស់​បំណុល​។

រយៈពេល​ក្នុង​ការបញ្ចប់​សំណុំរឿង​ក្ស័យធន​អាស្រ័យ​លើ​ផែនការ​សម្រុះសម្រួល​ ឬ​ផែនការ​ស្តារនីតិសម្បទា​ ឬ​ភាពស្មុគស្មាញ​នៃ​ដំណើរការ​ដក​​ហូត​ទ្រព្យសម្បត្តិ និង​ការទូទាត់​សិទ្ធិ​លើ​បំណុល​សមស្រប​។

សិទ្ធិ​លើ​បំណុល​នៅក្នុង​សំណុំ​រឿង​ក្ស័យធន​​សិទ្ធិ​លើ​បំណុល​សំដៅ​ដល់​សិទ្ធិ​ទទួល​ការទូទាត់​សង​ពី​កូន​បំណុល ឬ​ពី​ទ្រព្យសកម្ម​របស់​កូន​បំណុល​ដែល​កើត​មាន​ឡើង​​មុន​ពេល​បើក​សំណុំរឿង​ក្ស័យធន​ដោយ​មិន​គិតពី​ថា សិទ្ធិ​លើ​បំណុល​នោះ​មាន​លក្ខខណ្ឌ​ទូទាត់​បាន​ ឬ​មាន​ភាព​បន្ទាន់​ឡើយ​។

សិទ្ធិ​លើ​បំណុល​អាច​ត្រូវ​បាន​ចាត់ថ្នាក់​ជាការ​ទាមទារ​សមស្រប​ការទាមទារ​ដែល​គ្មាន​ការទទួល​ស្គាល់ និង​ការទាមទារ​ចំណាយ​ខាង​រដ្ឋបាល​។ ​បណ្ដឹង​ទាមទារ​ចំណាយ​ខាង​រដ្ឋបាល​ត្រូវ​រួមបញ្ចូល​នូវ​ប្រាក់​បំណាច់​ថ្លៃ​សេវា និង​ការចំណាយ​របស់​អភិបាល​បណ្ដោះអាសន្ន​។

ការទាមទារ​ដែល​គ្មាន​ការទទួល​ស្គាល់​រួមមាន​ការប្រាក់​ដែល​កើនឡើង​លើ​សិទ្ធិ​លើ​បំណុល​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការបើក​សំណុំរឿង​ថ្លៃ​ចំណាយ​របស់​ម្ចាស់បំណុល​ក្នុង​ការចូលរួម​ក្នុង​សំណុំ​រឿង​ក្ស័យធន​ប្រាក់ពិន័យ និង​ផលវិបាក​ដែល​កើតឡើង​ជា​យថាហេតុ​ដែល​តម្រូវ​ឱ្យ​កូនបំណុល​បង់ប្រាក់​។ ​ល​។

ប្រាក់​ដែល​ទទួល​បាន​ពី​ការជម្រះ​បញ្ជី​ទ្រព្យសម្បត្តិ​របស់​កូនបំណុល​ត្រូវ​ប្រើប្រាស់​សម្រាប់​​ទូទាត់​ការទាមទារ​សង​តាម​លំដាប់​អាទិភាព ដោយ​ប្រាក់​បៀវត្សរ៍​បុគ្គលិក និង​និយោជិត​ប្រាក់​បំណាច់​របស់​អភិបាល​បណ្តោះអាសន្ន សេវា​រដ្ឋបាល​ និង​ប្រាក់​ប្រដាប់​ក្តី តុលាការ​ត្រូវ​បាន​ទូទាត់​មុន​។ ​បន្ទាប់មក​ទើប​ការទាមទារ​ដែល​មាន​កិច្ចធានា​ពន្ធដារ​របស់​រដ្ឋ​ដែល​មិនទាន់​បាន​ប្រកាស និង​ការទាមទារ​ផ្សេងទៀត​ទាំងអស់​ដែល​គ្មាន​កិច្ចធានា​។ ប្រាក់​ថ្លៃ​លក់​ដែល​នៅសល់​ពី​ការបែងចែក​បន្ទាប់ពី​ទូទាត់​ម្ចាស់បំណុល​រួច​ត្រូវប្រគល់​ទៅ​ឲ្យ​កូនបំណុល​។

អានុភាព​នៃ​ការបើក​សំណុំ​រឿង​ក្ស័យធន​​ បន្ទាប់ពី​តុលាការ​សម្រេច​បង្គាប់​ឱ្យ​បើក​សំណុំរឿង​ក្ស័យធន​រហូត​ទាល់តែ​សំណុំរឿង​ក្ស័យធន​ត្រូវ​បានបញ្ចប់​គ្មាន​ដំណើរការ​ក្ដី នីតិវិធី​ ឬ​បណ្ដឹង​ក្នុង​រូបភាព​ណាក៏ដោយ ដែល​ធ្វើឡើង​ដោយ​ម្ចាស់បំណុល​ ឬ​ក្នុង​​នាម​ម្ចាស់បំណុល​ទល់នឹង​កូន​បំណុល​ ឬ​ទ្រព្យសកម្ម​របស់​កូនបំណុល​នោះទេ​។ ​នេះ​មាន​ន័យ​ថា រាល់​សកម្មភាព​ផ្លូវច្បាប់​ទល់​នឹង​កូនបំណុល​ត្រូវបាន​ព្យួរ​។

ទ្រព្យ​នៃ​កូនបំណុល​ត្រូវ​ស្ថិត​នៅ​ក្រោម​ការចាត់ចែង និង​សិទ្ធិអំណាច​របស់​អភិបាល​បណ្ដោះអាសន្ន​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​តុលាការ​។

អភិបាល​បណ្ដោះអាសន្ន​ត្រូវមាន​ការយល់ព្រម​ពី​ម្ចាស់​បំណុល​ក្នុង​ការលក់​អចលនទ្រព្យ​ណាមួយ ផ្ទេរ​ទ្រព្យសម្បត្តិ​ណាមួយ​ទៅ​ឱ្យ​បុគ្គល​ដែល​ពាក់ព័ន្ធ ឬ​អនុវត្ត​ប្រតិបត្តិការ​ណា​មួយ​ដែល​អាច​ប៉ះពាល់​ដល់​ការអនុម័ត ឬ​ការអនុវត្ត​​ផែនការ​សម្របសម្រួល​។

អភិបាល​បណ្ដោះអាសន្ន​អាច​​សម្រេច​ឱ្យ​បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កូនបំណុល និង​ភាគី​នៃ​កិច្ចសន្យា​មិនទាន់​បាន​អនុវត្ត​ចប់ ​សព្វគ្រប់​ដោយ​កូនបំណុល​ និង​ដោយ​ភាគី​នៃ​កិច្ចសន្យា​មុនពេល​​បើក​សំណុំរឿង​ក្ស័យធន​។

ការផ្តន្ទាទោស​ចំពោះ​ការខកខាន​ដាក់ពាក្យ​បណ្ដឹងសុំ​បើក​សំណុំរឿង​ក្ស័យធន​​កូនបំណុល​ដែល​លែង​មាន​លទ្ធភាព​បំពេញ​កាតព្វកិច្ច​មួយ ឬ​ច្រើន​ដែលមាន​សុពលភាព និង​ដល់កំណត់​សង​ដែល​មាន​​ទឹកប្រាក់​ចំនួន​ ៥០០០ ០០០ រៀល ឬ​ច្រើនជាង​នេះ​ត្រូវ​ដាក់ពាក្យ​បណ្ដឹងសុំ​បើក​សំណុំរឿង​ក្ស័យធន​ទល់នឹង​ខ្លួនឯង​។

ក្នុង​ករណី​ដែលមាន​កូន​បំណុល​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​​ ឬ​ក្រុមហ៊ុន​មូលធន​ផ្អែក​តាម​ករណី​នីមួយៗ អភិបាល​សហកម្ម​សិទ្ធិករ​ ឬ​អ្នកចាត់ការ ត្រូវមាន​កាតព្វកិច្ច​ដាក់​ពាក្យ​បណ្ដឹងសុំ​បើក​សំណុំរឿង​ក្ស័យធន​ឱ្យ​​បាន​ទាន់​ពេលវេលា​។

បុគ្គល​ទាំងឡាយ​ណា​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការដាក់​ពាក្យបណ្ដឹង​សុំ​បើក​សំណុំរឿង​ក្ស័យធន​ដោយ​ចេតនា​ក្ដី ឬ​ការធ្វេស​ប្រហែស​ក្ដី​ត្រូវ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​ចំពោះ​ម្ចាស់បំណុល​ម្នាក់​ ឬ​ច្រើន​នាក់​របស់​កូនបំណុល​លើ​ការខូចខាត​ដែល​កើតឡើង​ដោយ​ផ្ទាល់​ពី​ការខកខាន​នេះ​។

ប្រសិន​បើ​កាតព្វកិច្ច​នេះ​ធ្លាក់​ទៅលើ​បុគ្គល​ច្រើន​នាក់​បុគ្គល​ដែល​មាន​ចេតនា​ ឬ​មាន​ការធ្វេសប្រហែស​ទាំងនេះ​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​សាមគ្គី​គ្នា​ចំពោះ​ការខូចខាត​នេះ​។

បើ​ទោះបី​ជា​មាន​ច្បាប់​ស្ដីពី​ក្ស័យធន​ក៏ដោយ ក៏​ច្បាប់​នេះ​ត្រូវ​បាន​ប្រើប្រាស់​តិចតួច​តែប៉ុណ្ណោះ ដោយ​ពាណិជ្ជករ ​អាជីវករ មេធាវី និង​បុគ្គល​ដែល​​ពាក់ព័ន្ធ​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។

រហូត​មក​ទល់​ពេលនេះ​ពាក្យ​បណ្ដឹង​សុំ​បើក​សំណុំរឿង​ក្ស័យធន​ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ​មាន​សមត្ថកិច្ច​មាន​ចំនួន​ប្រមាណ​តិចជាង​ ១០ ​ករណី​នៅឡើយ​។ បទពិសោធ​នេះ​បានបង្ហាញ​ពី​ភាពជោគជ័យ​ដ៏​មាន​កម្រិត​ទាប ដោយសារ​តែ​ភាពស្មុគស្មាញ​គ្មាន​ប្រសិទ្ធភាព ​និង​ភាព​មិនប្រាកដប្រជា​នៃ​នីតិវិធី​ក្ស័យធន និង​កង្វះ​ចំណេះដឹង​ផ្នែក​ច្បាប់​ស្ដីពី​ក្ស័យធន​។​ល​។

ច្បាប់​ស្ដីពី​ក្ស័យធន​ផ្តល់​អំណាច​ជូន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក្នុង​ការចេញ​ប្រកាស​ដើម្បី​បំពេញបន្ថែម​បទប្បញ្ញត្តិ​ស្ដីពី​ការអនុវត្ត​ច្បាប់​នេះ​រួមមាន​ការកំណត់​លក្ខណ​សម្បត្តិ​តួនាទី និង​សិទ្ធិអំណាច​របស់​អភិបាល​បណ្ដោះអាសន្ន​ការកំណត់​​កាតព្វកិច្ច​អប្បបរមា​ជា​មូលដ្ឋាន ដើម្បី​ដំណើរការ​នីតិវិធី​ក្ស័យធន និង​ការកំណត់​ប្រាក់​បំណាច់​ថ្លៃ​សេវា និង​ចំណាយ​របស់​អភិបាល​បណ្ដោះអាសន្ន​។

ប៉ុន្តែ​បទប្បញ្ញត្តិ​ទាំងនេះ​មិន​ត្រូវ​បាន​ចេញ​នោះ​ទេ ចាប់តាំងពី​ឆ្នាំ​ ២០០៧ ដែល​ច្បាប់​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​មក​។

រហូត​មក​ទល់​ពេលនេះ​មាន​អភិបាល​បណ្ដោះអាសន្ន​ចំនួន​ប្រហែល​ជាង​ ១០ ​នាក់​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដើម្បី​ធ្វើជា​អភិបាល​បណ្តោះអាសន្ន​សម្រាប់​​អនុវត្ត​នីតិវិធី​ក្ស័យធន​។ ប៉ុន្តែ​បទប្បញ្ញត្តិ​លម្អិត​ដែល​កំណត់​គុណវុឌ្ឍិ លក្ខណសម្បត្តិ​សិទ្ធិអំណាច ប្រាក់​បំណាច់ ថ្លៃ​សេវា និង​ចំណាយ​របស់​អភិបាល​បណ្ដោះអាសន្ន​មិនមាន​នៅឡើយ​ទេ​។

ដើម្បី​អនុវត្ត​ច្បាប់​ស្ដីពី​ក្ស័យធន​ឱ្យមាន​ប្រសិទ្ធភាព​ក្រសួង​យុត្តិធម៌ និង​ក្រសួងពាណិជ្ជកម្ម​គួរតែ​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការចេញ​ប្រកាស​ដើម្បី​បំពេញបន្ថែម​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ដើម្បី​ធានា​ឱ្យបាន​នូវ​នីតិវិធី​ក្ស័យធន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ងាយស្រួល​។

លើស​ពី​នេះ​ទៅ​ទៀត​ក្រសួង​ទាំងនេះ​ក៏​គួរតែ​ពន្លឿន​នូវ​ការដាក់​ឲ្យ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​នៅតាម​សាលាដំបូង​មួយ​ចំនួន​ផងដែរ​។

តាម​បទពិសោធ​របស់ខ្ញុំ ការជម្រះបញ្ជី​រំលាយ​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពស្មុគស្មាញ និង​ចំណាយពេល​ច្រើនជាង​ការចុះបញ្ជី​បង្កើត​​ក្រុមហ៊ុន​ពាណិជ្ជកម្ម​។ ​ហេតុនេះ​ហើយ​បុគ្គល​មួយចំនួន​បាន​ជ្រើសរើស​ទុកឱ្យ​អាជីវកម្ម​របស់ខ្លួន​រលំ​ជាជាង​ប្រកាស​ក្ស័យធន​ដោយសារ​តែ​ភាពស្មុគស្មាញ​ភាពមិន​ប្រាកដប្រជា និង​គ្មាន​ប្រសិទ្ធភាព​នៃ​នីតិវិធី​ក្ស័យធន​។ ​ជា​ផលវិបាក​ច្បាប់​ស្តីពី​ក្ស័យធន មិន​ត្រូវបាន​ប្រើប្រាស់​ឲ្យ​ស្របតាម​គោលបំណង​របស់​វា​ក្នុង​ការដោះស្រាយ​វិវាទ​ផ្លូវច្បាប់​ជួយ​ជំរុញ​សេដ្ឋកិច្ច និង​កាត់បន្ថយ​បញ្ហា​សោកសៅ​ក្នុង​សង្គម​។

យើង​ខ្ញុំ​យល់​ថា រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ត្រូវ​តែ​យកចិត្ត​ទុកដាក់​ជា​បន្ទាន់​៕

អ្នកនិពន្ធ​គឺជា​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន​មេធាវី និង​មន្ទីរ​សារការី អេចប៊ីអេស​។

លោក​ស្វាគមន៍​ជានិច្ច​ចំពោះ​យោបល់​របស់​អស់​លោកអ្នក និង​អាច​ទាក់ទង​បាន​តាមរយៈ​សារ​អេឡិចត្រូនិក​៖ Tayseng@hbslaw.asia​។

ទស្សនៈ​ខាង​លើ​គឺជា​ទស្សនៈ​របស់​អ្នកនិពន្ធ និង​មាន​គោលបំណង​ផ្សព្វផ្សាយ​ជា​ព័ត៌មាន​ទូទៅ​តែ​ប៉ុណ្ណោះ​។ ភ្នំពេញ​ប៉ុស្តិ៍​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ដោយ​អចេតនា​ណាមួយ​ដែល​កើតឡើង​ដោយសារ​តែ​ទស្សនៈ​ដែល​បាន​លើកឡើង​នៅក្នុង​អត្ថបទ​នេះឡើយ​។