ម្នាក់ៗឲ្យតែជជែកគ្នារឿងការប្រើពាក្យ និងអត្ថន័យខុស ឬក៏ត្រូវគឺផ្អែកទៅលើវចនានុក្រមសម្តេចសង្ឃ ជួន ណាត តែចំពោះពាក្យ និងការពន្យល់ថ្មីដែលមិនមានក្នុងវចនានុក្រមនោះគឺហាក់ដូចជានាំគ្នាប្រើទៅតាមចិត្តចង់ ឬតាមការយល់ឃើញរៀងៗខ្លួន និងទៅតាមស្ថាប័ននីមួយៗ ដោយសារគ្មានអ្វីជាគោល ឬជាស្តង់ដា ពោលគឺឲ្យតែពាក្យណាសមទំនងក៏នាំគ្នាយកមកប្រើតែម្ដង។ ត្រង់ចំណុចនេះមានសំណួរសួរថា ចុះហេតុអ្វីបានជាមិនព្រមនាំគ្នាធ្វើបច្ចុប្បន្នភាពពាក្យពេចន៍ និងការពន្យល់បន្ថែមពីលើវចនានុក្រមសម្តេចសង្ឃ ជួន ណាត ដើម្បីកែលម្អការអភិវឌ្ឍនៃពាក្យខ្មែរ និងការពន្យល់រួចបោះពុម្ពឲ្យប្រើប្រាស់ផ្លូវការទៅ?
កាលពីមុនយើងតែងតែលើកឡើងថា អ្វីៗដែលមិនអាចដំណើរការទៅមុខបាន ដោយសារខ្វះធនធានមនុស្ស។
ក៏ប៉ុន្តែឥឡូវសម្បូរអ្នកប្រាជ្ញខ្មែរហើយទេតើ ដែលអ្នកចេះ អ្នកដឹងខ្លះ សុទ្ធតែមានសញ្ញាបត្រថ្នាក់បណ្ឌិតទៀតផង។
បើយ៉ាងដូច្នេះ ចុះហេតុអ្វីបានជាឃើញមានចេញត្រឹមតែព្រឹត្តិបត្ររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីតាំងពីសម័យលោក សុខ អាន នៅរស់ និងបានត្រឹមចេញវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរលើកទី ២ ឆ្នាំ ២០១៧ ដោយវិទ្យាស្ថានជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាដែលបង្កើនតែចំនួនពាក្យ និងសូរអាន តែមិនបានពន្យល់ពាក្យឲ្យស៊ីជម្រៅទៅវិញ?
ជាការពិតណាស់ ក្រុមប្រឹក្សាជាតិភាសាខ្មែរនេះបានបកស្រាយនូវពាក្យពេចន៍ថ្មីៗខ្លះឲ្យងាយយល់ តែភាគច្រើនជាកន្សោមពាក្យ និងមានការកំណត់ឲ្យប្រើប្រព័ន្ធលេខក្នុងភាសាខ្មែរតាំងពីឆ្នាំ ២០១៥ មក ហើយយូរៗឃើញចេញផ្សាយនៅតាមព្រឹត្តិបត្រម្តង បន្ទាប់មកក៏បាត់ទៅវិញ។ នេះគឺដោយសារតែការចេញជាលក្ខណៈព្រឹត្តិបត្រ រីឯការផ្សាយទៀតសោតហាក់ដូចជាមិនទាន់ទូលំទូលាយ។
អ៊ីចឹងហើយបានទាមទារឲ្យមានការអភិវឌ្ឍពាក្យខ្មែរ និងការពន្យល់ពីលើវចនានុក្រមសម្តេចសង្ឃតែម្តងទៅ ដើម្បីឲ្យប្រសើរឡើងហើយឲ្យកាន់តែងាយយល់ និងមានការបន្ថែមពាក្យថ្មីជាភាសាយានរបស់ខ្លួនផង។
ចំពោះស្ថាប័នដឹកនាំដែលស័ក្ដិសមបំផុតក្នុងការធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរគឺទំនងជាគ្មានអ្វីឲ្យលើសពីរាជបណ្ឌិត្យសភានោះទេ ពីព្រោះស្ថាប័នមួយនេះសម្បូរទៅដោយបណ្ឌិតៗច្រើនក្នុងនោះក៏មានគ្រូបង្រៀនផង អ្នកស្រាវជ្រាវផង រួមទាំងអ្នកជំនាញអក្សរសាស្ត្រខ្មែរច្រើននៅទីនោះផងដែរ។
បើនៅប្រទេសជិតខាងកម្ពុជា ដូចជា ថៃ និងវៀតណាមវិញ ស្ថាប័នដូចរាជបណ្ឌិត្យសភានេះ គឺគេតែងតែចេញរបាយការណ៍ស្រាវជ្រាវពីរបកគំហើញថ្មីៗ និងបកប្រែពីភាសាបរទេសឲ្យទៅជាភាសាកំណើតរបស់គេ ហើយសុំសិទ្ធិបោះពុម្ពផ្សាយដើម្បីបង្កលក្ខណៈឲ្យអ្នកស្រាវជ្រាវ និស្សិត និងសិស្សានុសិស្សរបស់គេកាន់តែងាយយល់។
អ៊ីចឹងនិស្សិតរបស់គេមិនចាំបាច់ប្រឹងរៀនភាសាបរទេសប៉ុន្មានទេ ព្រោះគេមិនបានយកភាសាបរទេសជាគោលទេ តែគេយកចំណេះដឹងបចេ្ចកវិទ្យាមកប្រើដែលសូម្បីតែឈ្មោះក្នុងគ្រឿងម៉ាស៊ីន ឬភាសាវេជ្ជសាស្ត្រ ពេទ្យ ក៏គេបកមកប្រើជាភាសាជាតិរបស់គេបានច្រើនដែរ។ ចុះរាជបណ្ឌិត្យសភាកម្ពុជា តើផលិតបានឯកសារគោលអ្វីខ្លះសម្រាប់ប្រើទូទាំងប្រទេស ពិសេសទាក់ទងនឹងអក្សរសាស្ត្រជាតិនោះ?
បើតាមការសង្កេត គ្រាន់តែស្ថាប័នរាជបណ្ឌិត្យសភាមួយគឺមានវេបសាយផ្លូវការដល់ទៅ ២ គឺ www.rac-academy.edu.kh និង www.rac.gov.kh ឈ្មោះជាភាសាអង់គេ្លស Royal Academy of Cambodia ដូចគ្នា តែព័ត៌មានផ្សេងគ្នា។ នៅពេលបើកមើលពីសមិទ្ធផលការសិក្សាស្រាវជ្រាវវិញគឺខ្លះកំពុងតែធ្វើខ្លះក៏បានធ្វើរួចហើយមានត្រឹមតែ ៤ ទៅ ១០ ទំព័រដែលប្រៀបដូចជានិស្សិតធ្វើកិច្ចការតូចៗដែលគ្រូដាក់ឲ្យធ្វើអ៊ីចឹង។
ចំណុចមួយគួរឲ្យចាប់អារម្មណ៍គឺថា ឲ្យតែជួបមន្ត្រីធ្វើការនៅទីនោះឮតែត្អូញត្អែរថា អត់ថវិកាសម្រាប់ស្រាវជ្រាវ ឬអត់លុយធ្វើអ្វីៗអត់ចេញទេ។ ចុះហេតុអ្វីបានជាអ្នកប្រាជ្ញៗនៅទីនោះមិនប្រឹងប្រែងធ្វើសំណើសុំថវិកាដើម្បីសិក្សាស្រាវជ្រាវពីរាជរដ្ឋាភិបាល ឬក៏អង្គការអភិវឌ្ឍន៍ដៃគូនានា? តែមុននឹងបានថវិកា ស្ថាប័ននេះគួរខំពង្រឹងខ្លួនឯង តាមរយៈរបាយការណ៍ស្រាវជ្រាវសិនថា តើខ្លួនបានធ្វើអ្វីខ្លះនៅអំឡុងពេលប្រើប្រាស់ថវិការដ្ឋ ចាយប្រាក់ខែរដ្ឋ? កាលណាពង្រឹងសមត្ថភាពស្ថាប័នបានហើយគឺដាក់សំណើសុំថវិកាងាយនឹងទទួលបានណាស់ ដូចជា អង្គការ CDRI រកតែពេលធ្វើមិនចង់បានផង សូម្បីតែក្រសួងផែនការ អង្គការសហប្រជាជាតិ និងធនាគារពិភពលោកក៏ទម្លាក់ថវិកាឲ្យស្រាវជ្រាវដែរ តាមរយៈការដេញថ្លៃ។
ហេតុអ្វីក៏គេធ្វើបាន? ហើយបើធ្វើជាវាគ្មិនធ្វើបទបង្ហាញវិញ យកតែរបាយការណ៍ស្រាវជ្រាវផ្ទាល់ខ្លួនមកបង្ហាញដដែលៗដោយមិនយករបាយការណ៍ណាដែលជាតំណាងរបស់ស្ថាប័នខ្លួនបានធ្វើមកបង្ហាញទេ។
ឥឡូវនេះ បើរាជបណ្ឌិត្យសភាសាកល្បងដាក់សំណើសុំដឹកនាំស្រាវជ្រាវដើម្បីធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរសម្តេចសង្ឃ ជួន ណាត រយៈពេល ២ ឆ្នាំរួចបោះពុម្ពជាសៀវភៅ ហើយដាក់ក្នុងកម្មវិធីតាមអនឡាញ ឬក៏បញ្ចូលក្នុងកម្មវិធីកុំព្យូទ័រ និងផ្សព្វផ្សាយឲ្យប្រើប្រាស់ជាសាធារណៈតើល្អដែរទេ? ការចាប់ផ្ដើមមួយ ដែលអាចទៅរួចនៅត្រង់ថាយើងមានគណៈកម្មការជាតិស្រាប់ទៅហើយ នៅឡើយតែការដាក់ផែនការប្រជុំ ឬធ្វើសន្និសីទជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ដើម្បីចូលរួមផ្តល់យោបល់បន្ថែមនូវអ្វីដែលបានព្រាងប៉ុណ្ណោះ។ ចំពោះថវិកាស្រាវជ្រាវគឺងាយទេ ឲ្យតែស្ថាប័នមួយរឹងប៉ឹង និងបង្ហាញខ្លួនឲ្យបានច្បាស់លាស់នោះមុខជាមានគេទម្លាក់ថវិកាឲ្យធ្វើហើយពោលគឺសឹងតែមិនចាំបាច់ធ្វើសំណើសុំថវិកាពីស្ថាប័នណាមួយផង។
ការលើកកម្ពស់ និងការអភិវឌ្ឍភាសាជាតិមានសារៈសំខាន់ណាស់ក្នុងការប្រើឯកសារលិខិតបទដ្ឋានគតិយុត្តរបស់ស្ថាប័ននីមួយៗ ជាពិសេសស្ថាប័នអប់រំភាសាខ្មែរ និងតុលាការដែលជាការប្រើពាក្យពេចន៍ជាភាសាខ្មែរទាំងអស់។ បើយើងយកពាក្យទៅប្រើតាមនិយាមស្តង់ដាណាមួយ មកធ្វើជាឯកសារយោងគឺលែងមានបញ្ហាប្រកែកគ្នាទៀតហើយ។ ដូចបញ្ហាកន្លងមកមានការជជែកគ្នាបែកខ្ទិះបែកម៉ាំហើយដោយសារតែពាក្យខ្មែរខ្លះដូចជានៅសេចក្តីប្រកាសព័ត៌មានរឿងជំងឺកូវីដ១៩ ឯកសារផ្លូវការរបស់ក្រសួងសុខាភិបាលប្រើពាក្យ «ជំងឺ» ព្យាង្គរាយទៅតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត។ រីឯរាជរដ្ឋាភិបាលប្រើពាក្យ «ជម្ងឺ» ព្យាង្គតម្រួត។ ពាក្យ «ជម្ងឺ» នេះ ទោះបីជាមិនមានក្នុងវចនានុក្រមសម្តេចសង្ឃក៏ដោយក៏មន្ត្រីរាជការ ១ រូបថាពាក្យ «ជម្ងឺ» ក៏ត្រូវដែរទៅតាមវចនានុក្រមបកប្រែទៅជាភាសាអង់គេ្លសគឺអាចប្រើបានដូចគ្នា។
យ៉ាងណាមិញពាក្យ «ផ្លាកលេខ» និងពាក្យ «ស្លាកលេខ» ហ្នឹងក៏មានការប្រកែកគ្នាច្រើនដែរ ដូរទៅដូរមកៗកាលពីទសវត្សរ៍ឆ្នាំ ៨០ ឆ្នាំ ៩០ គេប្រើ «ផ្លាកលេខ» តែក្រោយមកគេនិយមប្រើ «ស្លាកលេខ» ទើបបានត្រឹមត្រូវ។
ករណីនេះសូម្បីតែនៅក្នុងព្រះរាជក្រឹត្យអនុក្រឹត្យ និងប្រកាសខ្លះ ក៏ឃើញមានប្រើពាក្យ «ផ្លាកលេខ» ដែរ តែសារព័ត៌មានក្នុងស្រុកមួយចំនួនធំតែងតែប្រើពាក្យថា «ស្លាកលេខ» ដោយផ្អែកលើវចនានុក្រម ដែលចំណុចនេះទាមទារឲ្យមានការបកស្រាយពីមន្ត្រីជំនាញភាសាខ្មែរឲ្យបានច្បាស់លាស់។
ជាងនេះទៅទៀត គឺភាសាបច្ចេកទេសដែលខ្ចីពីបរទេសច្រើនជាងគេគឺភាសាអង់គ្លេស ហើយមានការកែប្រែឧទាហរណ៍ក្នុងអំឡុងពេលកូវីដ១៩នេះពាក្យអង់គ្លេស «SocialDistancing» ពីមុនបកប្រែថា «គម្លាតសង្គម» តែក្រោយមកបកថា «គម្លាតសុវត្ថិភាពសង្គម» វិញទំនងជាងក្នុងបរិបទជំងឺកូវីដ ១៩ នេះ។ ទាំងនេះហើយសុទ្ធតែជាបញ្ហានៃការប្រើពាក្យនិយាមមិនមានស្តង់ដាគោលរួមជាក់លាក់ ពោលគឺប្រើទៅតាមស្ថាប័នរៀងៗខ្លួន។
ហេតុដូច្នេះហើយរាជរដ្ឋាភិបាលគួរតែផ្តល់ថវិកាទៅស្ថាប័នរាជបណ្ឌិត្យសភាដែលមានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងវិទ្យាស្ថានភាសាខ្មែរស្រាប់ដឹកនាំការធ្វើបច្ចុប្បន្នភាពវចនានុក្រមភាសាខ្មែរ ដោយបន្ថែមពាក្យ និងការពន្យល់ពាក្យពីលើអ្វីដែលមាននៅក្នុងវចនានុក្រមសម្តេច ជួន ណាត ឬក៏កែសម្រួល ប្រសិនបើមានការធ្វើបច្ចុប្បន្នភាពនេះល្អជាង។
ក្នុងនោះដែរក៏មានសកម្មភាពបើកការប្រជុំ និងធ្វើសន្និសីទដើម្បីស្ថាប័នពាក់ព័ន្ធភាសាខ្មែរនានាចូលរួមផ្តល់យោបល់ ឬក៏បកស្រាយឲ្យកាន់តែងាយយល់ ហើយឈានទៅកំណត់ជាស្តង់ដាតែមួយ។ ចំពោះភាសាអង់គ្លេសវិញគឺវចនានុក្រមរបស់គេផលិតចេញមកមានការប្រកួតប្រជែងគ្នា ហើយគេធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ ដូចជា វចនានុក្រម Oxford English Dictionary ជាដើមគឺតែងតែបន្ថែមពាក្យ និងការពន្យល់ពាក្យជាង ១ ពាន់ឯណោះក្នុង ១ ឆ្នាំៗ (www.public.oed.com)៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com