ជារៀងរាល់ឆ្នាំ មិនថាទីក្រុងឬក៏ជនបទនោះទេឲ្យតែមានកម្មវិធីសំខាន់ៗដូចជា បុណ្យចូលឆ្នាំឬក៏បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ គឺតែងតែឃើញមានករណីវាយតប់គ្នាក្នុងចំណោមយុវជននៅកន្លែងរាំកម្សាន្តជុំគ្នាសប្បាយឬក៏ទីប្រជុំជនផឹកស៊ីដោយមានទាំងចាស់ទាំងក្មេងក៏វ៉ៃគ្នាដែរ។
ការវាយតប់គ្នាដៃទល់នឹងដៃមិនសូវមានរបួសប៉ុន្មានទេ តែការប្រើអាវុធឬក៏កាំបិតប៉័ងតោ ដាវសាមួរ៉ៃឬក៏ដំបងគឺមានរបួសធ្ងន់ធ្ងរអាចស្លាប់ក៏មាន។
ម្យ៉ាងទៀតសកម្មភាពវាយតប់គ្នាគឺគំនុំគ្នាពីមុនមក ពេលខ្លះមិនសមហេតុសមផលសោះដូចជា គ្រាន់តែមើលមុខគ្នាក៏វាយគ្នាប្រ៉ាវ ខ្លះរាំជាន់ជើងគ្នាប៉ះកែងជើងគ្នាក៏វាយគ្នាដែរ ហើយបើវាយគ្នានៅកន្លែងវង់រាំមិនបានគឺកាក់តាមផ្លូវចាំវាយតែម្តងដោយខ្លះកើតពីការដណ្តើមស្រីស្នេហ៍គ្នា ជាពិសេសការនិយាយឌឺដងពីការងារដាក់គ្នារវាងយុវជនចំណាកស្រុកពេលត្រឡប់មកលេងស្រុកវិញជាមួយយុវជនក្នុងភូមិស្រាប់។
យ៉ាងណាមិញភាពងាយស្រួលក្នុងការទិញគ្រឿងញៀន បើទោះបីជាសមត្ថកិច្ចបង្ក្រាបដល់កន្លែងជួញដូរ និងកន្លែងចែកចាយធំដូចនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកក៏ដោយ។ រីឯស្រា និងស្រាបៀរវិញ ទីណាក៏មានលក់ ហើយក្មេងអាយុប៉ុន្មានក៏ទិញផឹកបានដែរ ខណៈផ្ទាំងផ្សាយពាណិជ្ជកម្មស្រាក៏ដាក់ដល់មុខផ្ទះអ្នកផឹកដូចគ្នា។
ថ្មីៗនេះការប្រើអំពើហិង្សាកាប់សម្លាប់គ្នាហាក់បីដូចជាសងសឹកឬក៏ស្អប់គ្នាពីណាពីណីមកអ៊ីចឹងដូចជា កាលពីសប្តាហ៍មុន នៅភូមិ-ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ២ នាក់យាយ និងចៅត្រូវបានឃាតករសម្លាប់កាត់ក្បាលទាំងនៅមិនឆ្ងាយពីផ្ទះតែម្តង។
ឥឡូវសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបុរសម្នាក់ដែលរស់នៅក្បែរព្រំចម្ការជាប់គ្នាជាមួយជនរងគ្រោះ។ករណីអំពើហិង្សាក្នុងគ្រួសារមួយផ្សេងទៀតមិនថា អ្នកក្រទេអ្នកមានទ្រព្យធូរធារ ក៏នៅតែចងអាឃាតនឹងគ្នារវាងប្តីនិងប្រពន្ធ ហើយបើឈប់ស្រឡាញ់ឬក៏ស្អប់គ្នាម៉េចក៏មិនលែងគ្នាទៅ បែរជាប៉ុនប៉ងធ្វើឃាតគ្នា ហើយតាំងរត់ទៅធ្វើអត្តឃាតខ្លួនឯង។
ដូចជាករណីនៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវថ្មីៗនេះគឺមានករណីសម្លាប់គ្នាដោយប្តីមានមុខរបរជាទាហានមានឡានទំនើប Lexus 330 ជិះ ហើយនៅមិនអស់ចិត្តទៀត បែរជាទៅសម្លាប់ប្រពន្ធចោលនៅផ្ទះហើយឆ្លេឆ្លាស្លន់ស្លោចង់សម្លាប់ខ្លួនចោលកូនស្រីអាយុ ៥ ឆ្នាំដោយមិនដឹងថាធ្វើដូច្នេះមានប្រយោជន៍អ្វីឲ្យពិតប្រាកដនោះទេ? ករណីប្រើអំពើហិង្សាក្នុងគ្រួសារសម្លាប់គ្នានេះ ធ្វើឲ្យមានការលំបាកអន្តរាគមន៍ពីអ្នកជិតខាងឬក៏សមត្ថកិច្ចណាស់ព្រោះឃាតករនិងជនរងគ្រោះរស់នៅជាប្តីប្រពន្ធនឹងគ្នានៅក្នុងផ្ទះតែ ១។
នៅពេលមានអំពើហិង្សាបែបនេះយូរៗទៅខ្លាចរអា លែងចង់ទុកចិត្តគ្នានៅអំឡុងពេលចូលឆ្នាំម្តងៗដោយរាំលេងចង់សប្បាយក្នុងភូមិឬក៏នៅវត្តអារាមសោះ បែរជាគិតតែភ្នែកនៅកញ្ចឹងក ដោយរាំបណ្តើរត្រៀមខ្លួនប្រយ័ត្នបណ្តើរដោយសារខ្លាចប៉ះគេឬក៏ជាន់ជើងគេនាំឲ្យមានការវាយតប់ឬដេញកាប់ផ្អើលភូមិលែងសប្បាយទៅកើត។
បើនៅកន្លែងផឹកស៊ីវិញ ជាមួយអ្នកជិតខាងឬក៏បងប្អូនឯងសោះលើសតែមួយមាត់មួយកឌឺគ្នាក៏វ៉ៃគ្នាប្រ៉ាវដែរ។ ការវាយតប់គ្នានៅពេលបុណ្យទានប្រពៃណីខ្មែរធំៗបែបនេះ មិនថាតែឧបាសក ឧបាសិកានោះទេ តែមានម្តងម្កាលដោយទាំងព្រះសង្ឃក៏ធ្លាប់វាយតប់គ្នាដែរ។
មិនតែប៉ុណ្ណោះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់អាជ្ញាធរមូលដ្ឋានមិនបានរាយការណ៍ទៅថ្នាក់លើទេ ព្រោះខ្លាចធ្លាក់ពិន្ទុនៅពេលករណីវាយតប់គ្នាកើតឡើងច្រើននៅមូលដ្ឋានរបស់ខ្លួន។
យ៉ាងណាមិញ ក៏មានមតិរិះគន់ថា ពលរដ្ឋខ្មែរជាង ៩៥ ភាគរយគឺជាអ្នកកាន់ព្រះពុទ្ធសាសនាហើយនៅក្នុងឃុំណាក៏មានវត្តនិងមានសាលាឆទានគ្រាន់គោរពប្រណិប័តន៍ដែរ តែដល់ពេលមានរឿងទំនាស់បន្តិចបន្តួច អ្វីៗដែលកើតឡើងគឺភាគីម្ខាងៗចាប់ផ្តើមបញ្ចេញកំហឹង និងប្រើហិង្សា ឬ ក៏ចងអាឃាតដាក់គ្នាដោយខ្វះការអត់ឱនពោលគឺមិនអនុវត្តទៅតាមធម៌ព្រះពុទ្ធដែលទូន្មានមិនឲ្យមានហិង្សាដាក់គ្នាទាល់តែសោះហើយមានខ្លះរាំក្នុងវត្តវាយតប់គ្នាក្នុងវត្តដោយមិនបានចេញទៅប្រព្រឹត្តនៅខាងក្រៅវត្តឬក៏ចាំស្អែកទាន់នោះទេ។
នៅពេលយុវជនឬក៏អ្នកស្រវឹងវាយគ្នាវាជាការបង្កបរិយាកាសអាប់អួមួយទៅហើយតែដល់ពេលត្រូវរបួសលំបាកគឺលំបាកដល់សមត្ថកិច្ចតាមចាប់ជនដៃដល់ឬក៏បក្ខពួក និងលំបាកដល់គ្រូពេទ្យនៅមណ្ឌលសុខភាព ហើយជួនកាលពេលជួយមិនបានក៏បញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកទៀត ដែលពេលខ្លះស្លាប់តាមផ្លូវក៏មាន។
ដោយឡែក ចំពោះពន្ធនាគារវិញសឹងតែញាត់លែងចូលទៅហើយ បើបូកទាំងបទល្មើសផ្សេងៗ ជាមួយនឹងករណីកាប់ឬវាយតប់គ្នានៅពេលបុណ្យចូលឆ្នាំម្តងៗនោះ។ តើមានន័យអ្វីនៅពេលដែលនៅសុខៗមកត្រូវរបួសឬក៏ស្លាប់ដោយសារកាប់ចាក់ក្នុងសមរភូមិវង់រាំបែបហ្នឹង?
ហេតុដូច្នេះ នៅមុនពេលចូលឆ្នាំមកដល់ខាងមុខនេះ អាជ្ញាធរដែនដីគួរផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំងក្រុងទាំងជនបទ និងបន្តរឹតបន្តឹងដាក់ពង្រាយកម្លាំងបង្ការជាមុនចំពោះសកម្មភាពអំពើហិង្សាឬក៏មានគំនុំគ្នាសងសឹកគ្នាស្លាប់រស់នោះ។
រីឯព្រះសង្ឃវិញ ក៏គួរតែចូលរួមចំណែកអប់រំតាមវត្តដែលជាកន្លែងមានវង់រាំផងដែរដោយប្រសិនបើបង្កើតឲ្យមានកម្មវិធីរាំ គឺគួរក្រើនរំឭកជាមុនដើម្បីកុំឲ្យមានករណីឈ្លោះគ្នាកើតឡើងដែលនាំឲ្យខូចដល់ប្រពៃណីខ្មែរនាថ្ងៃបុណ្យសង្ក្រាន្តឆ្នាំថ្មី៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com