«​សីលធម៌ និង​អភិសមាចារ​ (​មារយាទ​ដ៏ល្អ​ក្រៃលែង​ ឬ​ជ្រះថ្លា​) ​ក្នុង​ជីវភាព​សង្គម​ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ដែរ ដែល ជា​ហេតុ​នាំឲ្យ​មាន ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គម​ទៅ​អនាគត​»​។ ​នេះ​គឺជា​ព្រះរាជបន្ទូល​ក្នុង​ព្រះរាជសារ​ដ៏កម្រ​មួយ​នៃ​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣ ខែ​ កញ្ញា ឆ្នាំ​ ២០២០ ​កន្លង​ទៅ​​ បន្ទាប់ពី​មាន​អំពើហិង្សា និង​ឃាតកម្ម​សាហាវៗ​ប្រមាណ​ជាង​ ១០ ​ករណី​ កាលពី​សប្តាហ៍​មុននេះ​។

អំពើហិង្សា និង​ឃាតកម្ម​សាហាវៗ​ដែល​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​រួមមាន​៖ ទី​១) ​យុវជន​ ២ ​នាក់​ខឹង​ម្ចាស់​ហាង​មើលងាយ​បាន​បាញ់​ស្លាក​ហាង​ស៊ីកណេតឈ័រ​ចំនួន​ ៤ ​គ្រាប់​នៅក្នុង​សង្កាត់​បឹងកក់​ ១ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។ ទី​២) ​កូនប្រុស​របស់​ឧកញ៉ា ញឹក ផន ដែល​មាន​ជម្លោះ​ពាក្យសម្តី​ក្នុង​រឿង​បើកបរ​រហូត​ដក​កាំភ្លើង​ AK ​មក​សម្ញែង​គំរាម​ដៃគូ​ជម្លោះ​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។ ទី​៣) ករណី​យុវជន​អាយុ​ ២៤ ​ឆ្នាំ រំលោភ​សេពសន្ថវៈ និង​សម្លាប់​កុមារី​អាយុ​ ១៤ ​ឆ្នាំ​ក្នុង​បន្ទប់​ជួល​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ទី​៤) ករណី​បុរស​ម្នាក់​បាន​អារ.ក សម្លាប់​ម្តាយ​បង្កើត​របស់ខ្លួន​ប្រព្រឹត្ត​នៅ​សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ​ទី​៥) ករណី​បុរស​ជា​ប្ដី​បាន​ចាក់​សម្លាប់​ប្រពន្ធ​រួច​ក៏​អារ.ក ខ្លួនឯង​តែ​មិន​ទាន់​ស្លាប់ ដោយសារ​បុរស​ជា​ប្តី​នោះ​មក​សុំ​ត្រូវ​គ្នា​វិញ​តែ​ប្រពន្ធ​មិន​ព្រម​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ទី​៦) ​មាន​ករណី​ស្រដៀង​គ្នា​ទៅ​នឹង​ករណី​ទី​ ៥ ​ដែរ បុរស​ជា​ជន​ដៃដល់​ដែល​អារ.ក សម្លាប់​សង្សារ​ខ្លួនឯង​ជា​អ្នកលក់​ឡេ​តាម​អនឡាញ​រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ទី​៧) មាន​ករណី​សម្លាប់​រង្គាល​ក្នុង​គ្រួសារ​ដែល​បង្កឡើង​ដោយ​ឪពុក​ច្របាច់ក​សម្លាប់​កូនស្រី​ ៣ ​នាក់ រួច​ឪពុក​រូបនោះ​ក៏​បាន​ចងក​សម្លាប់​ខ្លួន​តាម​ក្រោយ​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ ទី​៨) មាន​ករណី​យុវជន​ម្នាក់​ខឹង​ម្ដាយ​របស់​ជនរងគ្រោះ​ជា​សង្សារ មិន​ព្រម​ឲ្យ​ពួកគេ​ស្រឡាញ់​គ្នា ក៏​ដាច់ចិត្ត​ចាក់​សម្លាប់​សង្សារ​ខ្លួន​នៅលើ​ថ្នល់​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ​ទី​៩) ​មាន​ករណី​កុមារី​ម្នាក់​ត្រូវបាន​គេ​សង្ស័យថា​ត្រូវបាន​ឃាតករ​អារ.ក រួច​រំលោភ​តាម​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ និង​ទី​១០) ​ករណី​មន្ដ្រី​យោធា​ម្នាក់​កាប់​ប្រពន្ធ​ខ្លួនឯង​ចំនួន​ ៤ ​ពូថៅ​ផ្ទួនៗ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ រួច​រត់​ទៅ​ចងក​បញ្ចប់ជីវិត​ខ្លួនឯង​តាម​ក្រោយ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ជាដើម​។

ចំពោះ​ករណី​អំពើហិង្សា និង​ឃាតកម្ម​ ១០ ​ករណី​ខាងលើ​នេះ​ គឺ​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនល្មើស និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​តុលាការ​ស្ទើរតែ​គ្រប់​ករណី​។ ​ទាក់ទង​នឹង​ការស៊ើបអង្កេត​រក​អត្តសញ្ញាណ និង​ឈានដល់​ការចាប់ខ្លួន​ជនល្មើស​របស់​សមត្ថកិច្ច ឥឡូវ​មាន​គ្រប់គ្រាន់​ហើយ​ពោល​គឺ​ជនល្មើស​មិន​ងាយ​រត់​រួច​នោះទេ​។ ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ទេ តែ​អ្វីដែល​សំខាន់​នោះ​គឺ​ការទប់ស្កាត់​អំពើហិង្សា និង​ឃាតកម្ម​កុំ​ឲ្យ​កើតឡើង​នៅក្នុង​តំបន់​របស់ខ្លួន​។

ក៏ប៉ុន្តែ​ការបង្ការ​កុំឲ្យ​មាន​ករណី​ទាំងនេះ​កើតឡើង គឺ​មិនត្រូវ​ពឹងផ្អែក​ទាំងស្រុង​តែ​ទៅលើ​កងកម្លាំង​សមត្ថកិច្ច​នោះទេ​។

ផ្ទុយទៅវិញ​លុះត្រា​តែ​មាន​ការចូលរួម​ទាំងអស់​គ្នា ពីព្រោះ​ថា​ករណី​នៃ​អំពើ​ហិង្សា និង​ឃាតកម្ម វា​មាន​ដើមចម​របស់​វា​។ ដូច​ករណី​ទាំង​ ១០ ​ខាង​លើ​នេះ គឺ​មាន​មូលហេតុ​ខ្លះ​ដូចគ្នា​នឹង​ជនល្មើស​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​ដែល​តែង​យក​មក​ធ្វើជា​លេស​ដើម្បី​ធ្វើ​សកម្មភាព ខ្លះ​មាន​កាំភ្លើង​នៅ​នឹង​ដៃ ចេះ​តែ​រមាស់​ដៃ លើស​សម្តី​សូម្បី​ ១ ​ម៉ាត់​ក៏​មិនបាន​។

ករណី​ខ្លះ​គឺ​មាន​គំនុំ​តែ​ម្តង ដោយ​ខ្លួន​ជា​បុរស​មិន​ខំប្រឹង​ធ្វើ​អំពើ​ឲ្យ​ល្អ​ទេ តែ​បែរ​ជា​ចាំតែ​ប្រចណ្ឌ​ប្រពន្ធ ឬ​ឲ្យ​តែ​មាន​ការទើសទាស់​អី​បន្ដិច ក៏​សម្លាប់​ចោល​តែម្តង ហើយ​ករណី​ហិង្សា និង​ឃាតកម្ម​ទាំង​ ១០ ​ខាង​លើ​នេះ​គឺ​បុរស​ជា​អ្នកប្រព្រឹត្ត​ទាំងអស់​។ អ៊ីចឹង​ហើយ​បាន​មាន​មតិ​ភាគច្រើន​ចោទ​សួរថា តើ​បុរស​គួរ​ឲ្យ​ខា្លច​មែន​ទេ​? អ៊ីចឹង​ការអប់រំ​សីលធម៌​ក្តី ការតាំង​ផ្លូវចិត្ត​ក្តី ជាទូទៅ​គឺ​ផ្តោត​ទៅ​បុរស​ក្នុង​បំណង​ឲ្យ​មាន​សន្តិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដើម្បី​ឲ្យ​ជីវិត​រស់នៅ​ក្នុង​សង្គម​មាន​ភាពថ្លៃថ្នូរ​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​មក​ដល់​សម័យ​ឌីជីថល​សង្គម​ហ្វេសប៊ុក​វិញ ហាក់បី​ដូចជា មាន​ការបង្ហាញ​ពី​សកម្មភាព​របស់​ជន​ប្រព្រឹត្ត​បទល្មើស ហើយ​អូសបន្លាយ​ (Drama) ​ទៅ​តាម​ការចែករំលែក​គ្នា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​ដាក់​រូបភាព​ហិង្សា ឬ​ឃាតកម្ម​ជាក់ស្ដែង ដែល​រំលេច​ឲ្យ​ឃើញ​ពី​ទង្វើ​វាយដំ កាប់​ចាក់​គ្នា បាញ់​គ្នា​ជាក់ស្តែង ឬ​ក៏​កាត់​ក ដាច់​ស្រស់ៗ​ឈាម​ហូរ​ដូច​អារ.ក មាន់​តែ​ម្ដង​។ ​ចំណែក​អ្នក​ចូលរួម​ផ្តល់យោបល់ មិន​ព្រម​ឲ្យ​លុប​រូបនោះ​ចោល​ទេ គឺ​មាន​តែ​ជេរ​គ្នា បញ្ចោរ​គ្នា​បន្ថែម​ពី​លើ​រូបភាព​សាហាវៗ ហើយ​រូបភាព​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​ចែក​គ្នា​ព្រោងព្រាត​យ៉ាងច្រើន​លើសលប់ ដែល​ចេតនា​នេះ​ហាក់​ចង់​បង្ហាញ​គេឯង​ថា​ខ្លួន​បាន​បង្ហោះ​រូបថត​សាហាវ​ហ្នឹង​មុនគេ ដែល​មាន​អ្នក​ចុច​ Like ឬក៏​ Share ច្រើន​។ រីឯ​ការឈ្លោះ​ជេរ​បញ្ចោរ​គ្នា​ដែល​ជា​ដើមហេតុ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​វិញ​គឺ​ដូចជា​ស្បើយ​ពី​ករណី​តារាៗ​មក​លេចធ្លោ​ច្រើនលើក​ករណី​ស្ត្រីៗ​លក់ឡេ​តាម​ហ្វេសប៊ុក​ផ្សាយ​បន្ត​ផ្ទាល់​វិញ​ម្ដង ពោល​​គឺ​បើ​មិន​ឈ្លោះ​គ្នា​ជាមួយ​អ្នកលក់​ឡេ​គ្នា ឯង ក៏​ឈ្លោះ​គ្នា​រវាង​អ្នកលក់​ឡេ​ជាមួយ​សង្សារ​របស់​ខ្លួន​យ៉ាង​អនាធិបតេយ្យ​ពេញបន្ទុក​ដែរ​។

កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ការប្រៀបធៀប​​គ្នា​រវាង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ហ្វេសប៊ុក​របស់​ស្រី្ត​អ្នកលក់​ឡេ​ឈ្លោះ​ជេរបញ្ចោរ​គ្នា​ដោយ​មាន​មនុស្ស​ជិត​ ១០ ​ម៉ឺន​នាក់ បាន​ចូល​មើល ហើយ​បើ​ប្រៀបធៀប​ជាមួយ​ការបង្រៀន​គណិតវិទ្យា និង​ការពន្យល់​ពី​សារៈសំខាន់​នៃ​មុខវិជ្ជា​គណិតវិទ្យា​វិញ គឺ​មាន​អ្នក​ចូល​មើល​ត្រឹមតែ​ ១ ៣០០ ​នាក់​ប៉ុណ្ណោះ​។

ម្យ៉ាងវិញ​ទៀត​អ្នកលក់​ឡេ​ខ្លះ​សុទ្ធតែ​អាងខ្នង​នៅ​ពីក្រោយ​ដោយ​ខ្លះ​លេចឮ​មក​ថា ជា​ស្រី​ស្នេហ៍​លោក​នេះ លោក​នោះ ឬ​ក៏​ឧកញ៉ា​នេះ ឧកញ៉ា​នោះ ហើយ​មាន​ស្ត្រី​លក់ឡេ​ខ្លះ ពេល​រកស៊ី​មាន​បាន​រហូត​ឈាន​ដល់​ជួល​មេធាវី​ឲ្យ​មក​ការពារ​ទំនាស់​ផលប្រយោជន៍​របស់​ខ្លួន​ទៀតផង និយាយ​ឲ្យ​ខ្លី បើ​ស្តាប់​សម្ដី​ពួកគេ​ខ្លះ​ដូច​យក​មេឃ​ទ្រាប់​អង្គុយ​អ៊ីចឹង​។ ​ទាំងនេះ​សុទ្ធ​ជា​ឫសគល់​នៃ​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​មាន​អំពើហិង្សា​ដែល​ជះឥទ្ធិពល​នៅក្នុង​សង្គម​សព្វថ្ងៃនេះ​ជាពិសេស​ក្នុង​អំឡុងពេល​កូវីដ​១៩​នេះ​គឺ​មនុស្ស​ភាគច្រើន​ទំនេរ​នៅ​ផ្ទះ អ៊ីចឹង​ដើម្បី​បំបាត់​ស្ត្រេស​គឺ​មាន​តែ​ហ្វេសប៊ុក​ហ្នឹងហើយ ដែល​មាន​គ្រប់​រសជាតិ​គ្រប់​រឿង តែ​ក៏​មាន​មេរៀន​អវិជ្ជមាន​ពី​អំពើហិង្សា​ផងដែរ​។

យ៉ាងណា​មិញ​វិធានការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ គឺ​ដូចជា​បាន​រារាំង​ដល់​​សកម្មភាព​ចុះ​អប់រំ​សុខភាព និង​អប់រំ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​ដូចជា អំពើ​ហិង្សា​ផ្នែក​យេនឌ័រ នៅ​តាម​សហគមន៍​ផ្ទាល់ ព្រោះ​មិនថាឡើយ អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ​​ទេ​គឺ​មិន​បាន​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​ដូច​ពេល​មុន​ឡើយ​។ ​រីឯ​កងកម្លាំង​សមត្ថកិច្ច​វិញ ក៏​រវល់​នឹង​រឿង​កូវីដ​១៩​ហ្នឹង​ដែរ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ជនល្មើស​ឆក់​ឱកាស​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​បាន​ដោយ​ងាយ​នោះ​។

ចំពោះ​ដំណោះស្រាយ​បញ្ហា​សង្គម​ និង​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​អំឡុង​កូវីដ​១៩ គឺ​បាន​តែ​ ១ ​ផ្នែក​ទេ តែ​បញ្ហា​ក្នុង​គ្រួសារ​ទាក់ទង​ផ្លូវចិត្ត ទាក់ទង​នឹង​សេដ្ឋកិច្ច​គ្រួសារ​ទាំងមូល គឺ​រងផលប៉ះពាល់​ខ្លាំងណាស់​ពី​ជំងឺ​កូវីដ​១៩​នេះ​។ បញ្ហា​អំពើហិង្សា​ដែល​មាន​ការកើនឡើង​នេះ​មិនមែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ ក៏ប៉ុន្តែ​នៅ​ប្រទេស​ដទៃ​ក៏​ជួប​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះដែរ ខណៈ​ពេល​នៅផ្ទះ​ជុំៗ​គ្នា ហើយ​ឪពុក ឬ​ម្តាយ​បាត់បង់​ការងារ ជាហេតុ​ធ្វើឲ្យ​បាត់​ប្រាក់​ចំណូល ស្រប​ពេល​ដែល​កូន​ពួកគាត់​ខ្លះ​រៀន​តាម​អនឡាញ និង​ខ្លះ​មិន​បាន​ចូល​សាលា​ជាដើម​នោះ​។

សរុបសេចក្ដី​មក បញ្ហា​នៃ​អំពើ​ហិង្សា​ និង​ឃាតកម្ម​ដែល​មាន​ការកើនឡើង​នេះ គឺ​ទំនង​ជា​មាន​ទំនាក់ទំនង​ជាមួយ​​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

ហេតុដូច្នេះ​ការអន្តរាគមន៍​ត្រូវតែ​ដោះស្រាយ​តាម​ប្រទេស​រៀងៗ​ខ្លួន និង​តាម​ផ្នែក​នីមួយៗ​ដែល​អាច​ធ្វើបាន ឬក៏​បញ្ជ្រាប​ទៅបាន តាមរយៈ​ប្រព័ន្ធ​អប់រំ​លើ​អនឡាញ ការផ្តល់​យោបល់​វិជ្ជមាន​តាម​សហគមន៍​ក្តី​តាមរយៈ​មេក្រូ​អម​ជាមួយ​នឹង​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ និង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ជាង​នៅ​ស្ងៀមស្ងាត់​។

ជាមួយ​នេះ​​ត្រូវ​រក​វិធីសាស្ត្រ​លុបបំបាត់​ការជេរបញ្ចោរ​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​តែង​កើត​មាន​ជារឿយៗ​ដែល​នេះ​ក៏​ជា​ឫសគល់​នៃ​បញ្ហា​ហិង្សា និង​ឃាតកម្ម​ផងដែរ​។ រីឯ​ការបង្កើន​ភ្លើង​ដោយ​ប្រើ​ប្រព័ន្ធ​សូឡា​តាម​ផ្លូវ​តូចៗ​ក្នុង​សហគមន៍​ក៏​ជា​ដំណោះស្រាយ​មួយ​ដែរ​ជាពិសេស​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ដែល​ជា​តំបន់​រស់នៅ​មាន​​លក្ខណៈ​ចង្អៀត​ហើយ​ងងឹត​ដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ជនល្មើស​អាច​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​អំពើ​អបាយមុខ ហិង្សា និង​រំលោភ​សេពសន្ថវៈ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com