បន្ទាប់ពី​មានការ​ឈ្វេងយល់​ដឹង​ច្រើន​ពី​អត្ថន័យ​ពិត​នៃ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​ទី​ ១៤ ខែកុម្ភៈ​កាន់តែ​ទូលំទូលាយ​ទៅ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​យុវវ័យ​នាំគ្នា​បង្អើល​ទាញយក​លេស​ថា​ជា​ថ្ងៃបុណ្យ​សង្សារ គឺ​សម្រាប់តែ​អ្នកមាន​ស្នេហា ឬ​ក៏​អាច​ងាយស្រួល​រក​សង្សារ​នៅថ្ងៃ​នោះ​ ឬ​ក៏​ជា​ថ្ងៃ​ដែល​យុវវ័យ​យក​ហេតុផល​ដើម្បី​នាំគ្នា​រួមភេទ​ផងដែរ ជាពិសេស​ឲ្យ​តែ​ដល់​ថ្ងៃ​ហ្នឹង គឺ​​បន្ទប់​ជួល​តាម​ផ្ទះសំណាក់​តែង​ពេញ​អស់​។

ក៏ប៉ុន្តែ​ឥឡូវនេះ​ឲ្យ​តែ​ដល់​ថ្ងៃទី​ ១៤ ​កុម្ភៈ មិន​ថា យុវជន​ទេ សូម្បី​កុមារ មនុស្ស​វ័យ​ចំណាស់​ក៏បាន​បង្ហាញ​ក្តី​ស្រឡាញ់​ជា​ទូទៅ ដោយ​លែង​ចាត់ទុក​ជា​ថ្ងៃ​សម្រាប់​យុវវ័យ​ស្នេហា​គ្នា​ទៀត​​ហើយ​។ រីឯ​ការបង្ហាញ​ក្តីស្រឡាញ់​របស់​យុវវ័យ​ក៏មាន​លក្ខណៈ​ផ្លាស់ប្តូរ​ទិសដៅ​ការកម្សាន្ត​តាមបែប​រ៉ូមែនទិក ឬ​ក៏​ការកម្សាន្ត​លក្ខណៈ​ជា​ក្រុមៗ ដូចជា​ការ​ទៅ​ទស្សនា​ខ្សែ​ភាពយន្ត ការ​ទៅ​ផ្សារ​ទំនើប ការទៅ​ញ៉ាំ​កាហ្វេ​ជជែក​គ្នា​លេង​សំខាន់​គឺ​កន្លែង​បើកទូលាយ​ជាជាង​ទៅរក​តែ​កន្លែង​កូនខ្ទម​ស្ងាត់ៗ​​តែ​ ២ ​នាក់​ ឬ​ក៏​ទៅរក​ផ្ទះ​សំណាក់​ ឬ​ក៏​សណ្ឋាគារ​ដូច​កាលពីមុន​។ នេះ​បើ​ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​ទាំង​បរិមាណ​វិស័យ ទាំង​គុណភាព​វិស័យ និង​ការសង្កេត​តាមដាន​ឥរិយាបថ​ផ្លូវភេទ​របស់​យុវវ័យ​នៅ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​ (​ពីមុន​ហៅថា ថ្ងៃបុណ្យ​សង្សារ​) ​ដែល​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​នេះ​ផ្ទាល់​តាំងពី​ឆ្នាំ​ ២០០៨ ឆ្នាំ​ ២០០៩ ​ឆ្នាំ​ ២០១៤ ​និង​ឆ្នាំ​ ២០១៩ ​កន្លងទៅនេះ​។

ម្យ៉ាងវិញទៀត​ដោយ​មាន​ការចូលរួម​ធ្វើ​អន្តរាគមន៍​តាំងពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​នៅ​ទិវា​សិទ្ធិនារី​ឆ្នាំ​ ២០១០ បន្ទាប់​បាន​អាន​របាយការណ៍​ស្រាវជ្រាវ​អំពី​ឥរិយាបថ​យុវវ័យ និង​ទំនាក់ទំនង​ផ្លូវភេទ​នៅ​ថ្ងៃបុណ្យ​សង្សារ​ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០០៩​។ ​លោក​បាន​មានប្រតិកម្ម​ថា វា​មិន​​គប្បី​ទាល់តែ​សោះ​ដែល​យុវវ័យ​ប្រគល់​ខ្លួនប្រាណ​ឲ្យ​គ្នា​នៅ​ថ្ងៃបុណ្យ​សង្សារ​ដែល​មិនមែន​ជា​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​នោះ​។

ប៉ុន្តែ​លោក​បាន​លើកទឹកចិត្ត​ឲ្យ​ប្រែក្លាយ​ថ្ងៃបុណ្យ​សង្សារ​នេះ​ឲ្យ​ទៅជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​បងប្អូន ឪពុកម្តាយ យាយ​តាចៅ​ដោយ​យក​ថ្ងៃនេះ​ទៅ​បរិច្ចាគ​ថវិកា​ដល់​អ្នកក្រ ចាស់ជរា និង​អ្នក​ពិការ​ជាដើម​។ ជាមួយ​នេះ​ដែរ​ក្រសួង​អប់រំ ក្រសួង​កិច្ចការ​នារី ក្រសួង​វប្បធម៌ អាជ្ញាធរ​ដែនដី និង​សារព័ត៌មាន​នានា​បាន​ចូលរួម​យ៉ាង​សស្រោកសស្រាំ ដើម្បី​លើកកម្ពស់​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​យេនឌ័រ និង​អត្ថន័យ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​ដល់​យុវវ័យ​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ដើម្បី​កុំ​ឲ្យ​ភ្លើតភ្លើន​ទៀត​។

ប៉ុន្តែ​អ្វីដែល​កាន់តែ​ចម្លែក និង​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្រៅ​​ពី​ក្តី​ស្រឡាញ់ ឪពុកម្តាយ កូនចៅ ចំពោះ​លោកគ្រូ-អ្នកគ្រូ ចាស់​ព្រឹទ្ធាចារ្យ​ទៀត​នោះ​គឺ​ការបរិច្ចាគ​​ជា​ថវិកា​មក​មន្ទីរពេទ្យ​គន្ធបុប្ផា ការយក​អំណោយ​ទៅជូន​អ្នកក្រីក្រ ជនពិការ ជន​ងាយ​រងគ្រោះ​ជាដើម​។ មួយ​វិញទៀត​​នៅ​ឆ្នាំ​នេះដែរ មន្ត្រី​ក្រសួង​បរិស្ថាន​ចំនួន​ ៥០០ ​នាក់​បាន​រៀបចំ​បោះតង់​នៅ​ព្រៃ​ឡង់​ដើម្បី​សម្តែង​នូវ​ក្តី​ស្រឡាញ់​ដល់​ព្រៃឈើ និង​ជីវចម្រុះ​ដែល​កំពុង​រស់រាន​មាន​ជីវិត​នៅ​ទីនោះ​។ ​

រីឯ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​វិញ​ចាប់តាំងពី​ឆ្នាំ​ ២០១៤ ​មក​​ទល់​ឆ្នាំនេះ បាន​ធ្វើ​យុទ្ធនាការ​លើកកម្ពស់​ការផ្តល់​ឈាម​ដោយ​​ស្ម័គ្រចិត្ត​ក្នុង​អំឡុង​ថ្ងៃ​នៃ​ក្តីស្រឡាញ់​ក្រោម​ប្រធានបទ​៖ «១៤ ​កុម្ភៈ​ផ្តល់​ឈាម​ផ្ដល់​ក្តីស្រឡាញ់​» ​ទៅតាម​គោលដៅ​ដែល​បានកំណត់​ទីតាំង​ផ្សេង​គ្នា​នៅតាម​សាកលវិទ្យាល័យ សាលា​ទាហាន ក្រុមយុវជន ក្រុមហ៊ុន​ឯកជន មន្ទីរពេទ្យ និង​ស្ថាប័នរដ្ឋ​ជាដើម​។ តាមរយៈ​ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​គឺ​សកម្មភាព​បរិច្ចាគ​ឈាម​នៅ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​ខែកុម្ភៈ​ឆ្នាំ​ ២០១៤ មាន​អ្នក​មក​បរិច្ចាគ​ឈាម​តែ ៣៤២ ​នាក់​ទេ តែ​រហូត​មក​ដល់​ឆ្នាំ​ ២០១៩ ​ចំនួន​កើនឡើង​ទ្វេដង​ដល់​ទៅ​ ៧៨១ ​នាក់​។ ​សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​គឺមាន​អ្នកបរិច្ចាគ​ឈាម​ក្នុង​​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ​ដល់​ចំនួន​ ១ ៣៨៦ ​នាក់ ដែលជា​ការ​ហក់ឡើង​ជិត​ ២ ​ដង​បើ​ប្រៀបធៀប​ជាមួយ​នឹង​ឆ្នាំ​ ២០១៩​។

ទិន្នន័យ​នេះ​គឺ​គិតតែ​សកម្មភាព​នៅ​រាជធានី​ភ្នំពេញ​ទេ តែ​ក៏​នៅមាន​ការចូលរួម​បរិច្ចាគ​ឈាម​បែបនេះ​នៅតាម​មន្ទីរពេទ្យ​នៃ​បណ្តា​ខេត្ត​ខ្លះ​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ​ផងដែរ​។ ​សម្រាប់​​អ្នក​ដែល​យល់ច្បាស់​អំពី​ថ្ងៃ​នៃ​ក្តីស្រឡាញ់ និង​អំពី​ការបរិច្ចាគ​ឈាម​គឺ​ពួកគេ​មិន​រាថយ​នោះទេ ព្រោះ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ មាន​ន័យ​ថា បន្ទាប់ពី​បូម​ឈាម​ចេញ ជាលិកា​ឈាមក្រហម​នឹង​បង្កើតឡើង​មកវិញ​ដូច​ធម្មតា​ទេ​។ មិនមែន​ដូច​ដង​​ទឹក​ ១ ​ផ្តិល​ចេញ​ពី​ធុង​មិនបាន​ទឹក​ ១ ​ផ្តិល​មកវិញ​ដាក់​ធុង​នោះទេ​។ ​

ជាង​នេះ​ទៅ​ទៀត​​សម្រាប់​អ្នក​ដែល​និយម​ផ្តល់​ឈាម​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការផ្តល់​នៃ​ក្តីស្រឡាញ់​ដោយ​ការបរិច្ចាគ​ឈាម​នៅ​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ​នេះ​តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ «Long Viseth» បាន​សរសេរថា​៖ «​ថ្ងៃនេះ​សូម​ផ្តល់​ក្តីស្រឡាញ់​ដល់​ទាំងអស់គ្នា​។ ​ខ្ញុំ​សប្បាយចិត្ត​ដែល​បានឃើញ​យុវជន​មាន​ការផ្តល់​ក្តី​ស្រឡាញ់​ដោយ​ការបរិច្ចាគ​ឈាម​ដើម្បី​ទាំងអស់​គ្នា​សូមសរសើរ​ដោយ​អស់ពី​ចិត្ត​»​។

រឿង​ផ្តល់​ឈាម​នេះ​ជាទូទៅ​ប្រសិនបើ​មិនត្រូវ​ការចាំបាច់​បំផុត​ទេ មនុស្ស​ទូទៅ​ហាក់​មិនសូវ​យកចិត្ត​ទុកដាក់​បរិច្ចាគ​ឈាម​នេះ​ទេ បើទោះបី​ជា​អ្នកមាន​សុខភាព​ល្អ​ក៏ដោយ​។ ​តែ​នៅពេល​ប៉ះ​ខ្លួនឯង ឬ​ក៏​សមាជិក​ក្រុមគ្រួសារ​ណា​ម្នាក់​មាន​បញ្ហា​ត្រូវការ​ឈាម​ទើប​នាំគ្នា​រត់​ខ្វែងដៃ​ខ្វែងជើង​រក​ទិញ​ផង និង​ប្រវេប្រវា​អំពាវនាវ​ឲ្យ​គេ​ជួយផ្តល់​ឈាម​ផង​។ ​ពេលនោះ​ហើយ​ទើប​បាន​ដឹងថា ឈាម​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ជួយ​មនុស្ស​ដើម្បី​រស់​។ នេះ​មកពី​មានការ​ខ្វះខាត​ឈ្វេង​យល់ដឹង​អំពី​សារៈប្រយោជន៍​នៃ​ការផ្តល់​ឈាម​នេះ បើទោះបី​ជា​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ខិតខំ​លើកកម្ពស់​ការចូលរួម​ចំណែក​ផ្តល់​ឈាម​ដើម្បី​សង្គ្រោះ​មនុស្សជាតិ​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​លោកអ្នក​ក៏ដោយ​ក៏​ម្នាក់ៗ គិត​តែ​ពី​អត្មានិយម​នៅតែ​មាន​ការភ័យខ្លាច​ខ្វះ​ឈាម​។ ​រៀងរាល់​ឆ្នាំ​មជ្ឈមណ្ឌល​តែងតែ​លើកឡើង​ពី​ការខ្វះខាត​ឈាម​សម្រាប់​ផ្តល់​អ្នកជំងឺ​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​សង្គ្រោះ​ជីវិត​ប្រចាំថ្ងៃ​។

ហេតុ​ដូច្នេះហើយ​រាជរដ្ឋាភិបាល​គួរតែ​បង្កើន​ការលើក​ទឹក​ចិត្ត​ជា​បុគ្គល​ក្តី ជា​អង្គភាព​ក្តី ជា​ស្ថាប័នរដ្ឋ​ក្តី ស្ថាប័ន​ឯកជន​ឲ្យ​ចូលរួម​ចំណែក​បរិច្ចាគឈាម​ឲ្យ​បង្ហាញ​ក្តីស្រឡាញ់​ដល់​មនុស្ស​គ្រប់ៗ​រូប​ទូទៅ​។ ​រីឯ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​គួរតែ​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​ ដើម្បី​បង្ហាញ​តម្លាភាព និង​គណនេយ្យភាព​ចំពោះ​អ្នកផ្តល់​ឈាម​ផងដែរ​តាមរយៈ​ការបង្ហាញ​របាយការណ៍​វឌ្ឍនភាព​ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ ដើម្បី​ឲ្យ​ដឹងថា តើ​ការផ្តល់​ឈាម​បាន​កើនឡើង​ ឬ​ក៏​ថយចុះ​ប៉ុនណា​ ឬ​ក៏​ការយក​ឈាម​ដែល​បានផ្តល់​ទៅ​ជួយ​សង្គ្រោះ​ដល់​អ្នកណាខ្លះ​? ​ឧទាហរណ៍​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា​បានបង្ហាញ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​តាំងពី​អ្នកជំងឺ​ចូល អ្នកជំងឺ​ជា អ្នកជំងឺ​ស្លាប់​តាម​ខែ​តាម​ឆ្នាំ និង​ទាំង​ថវិកា​ទទួល​បាន និង​ចំណាយ​សម្រាប់​សេវា​មន្ទីរពេទ្យ​​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ (https://www.beat-richner.ch/about-kantha-bopha )៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com