
ការប្រកួតកីឡាបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក កន្លងមក។ ស្រេង ម៉េងស្រ៊ុន
នៅពាក់កណ្តាលខែមីនាខាងមុខ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានឹងរៀបចំមិត្តហ្វូនខេមបូឌាលីក (MCL) រដូវកាលថ្មីឆ្នាំ ២០១៩ បានវិលត្រឡប់មកវិញហើយ។
រីឯក្លិបខ្លះបានរៀបចំកម្មវិធីបង្ហាញសមាសភាពកីឡាកររបស់ខ្លួន និងឈុតសម្លៀកបំពាក់ដែលនឹងលេងនៅរដូវកាលថ្មីនេះ ដូចជាក្លិបវិសាខា និងក្លិបបឹងកេត ជាដើម ហើយក្លិប ២ នេះ សុទ្ធតែបង្ហាញកីឡដ្ឋានថ្មីរបស់ខ្លួនដែលដាំស្មៅធម្មជាតិល្អ ដើម្បីទាក់ទាញអ្នកគាំទ្រក្លិបរបស់គេរៀងៗខ្លួន។
តែអ្វីដែលសំខាន់សួរទៅប្រិយមិត្តគាំទ្រវិស័យកីឡាបាល់ទាត់ថា តើអ្វីដែលជាបញ្ហាស្រពេចស្រពិល ក្នុងការគាំទ្រវិស័យបាល់ទាត់នេះកាន់តែរីកចម្រើនថែមទៀត?
បើរាល់ការរិះគន់ ដើម្បីស្ថាបនាត្រូវបានកែសម្រួល និងរកដំណោះស្រាយធ្វើឲ្យកាន់តែប្រសើរ តាំងពីសហព័ន្ធបាល់ទាត់កម្ពុជាបានរៀបចំអនុវត្តច្បាប់ ពិន័យក្លិប និងកីឡាករទៅតាមច្បាប់របស់ FIFA នៅអាស៊ី រីឯអាជ្ញាកណ្តាល មិនមានចេតនាក្នុងការដាក់សម្ពាធ ឬក៏លម្អៀងទៅលើក្លិបណាមួយដែរ ព្រោះមានវិធានការសម្រាប់អាជ្ញាកណ្តាលផង។ អ្វីដែលជាកំហុសរបស់អាជ្ញាកណ្តាល គឺភាគច្រើន គឺមើលមិនទាន់ឬក៏មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយទេ មិនមែនមានន័យថា គាត់មានចេតនានោះទេ។
តើនេះជាការដែលមានការធ្លាក់ចុះ ឬក៏មិនសូវមានអ្នកទស្សនាបាល់ទាត់ផ្ទាល់ ការប្រកួតជម្រើសជាតិក្តី ឬក៏លីកក្តី គឺបណ្តាលមកពីទស្សនិកជនខ្លួនឯងខ្លះមិនសូវបានតាមដានស្វែងយល់ពីរបៀបលេង ឬក៏ប្លង់ ឬក៏ការកម្សាន្តពេលសម្រាកតង់ទី ១ នោះ?
កន្លងមកទស្សនិកជន ដែលនិយមមើលបាល់ទាត់ផ្ទាល់ភ្នែកនៅកីឡដ្ឋាន មានការចាប់អារម្មណ៍ឡើងចុះៗតាមគ្នា ជាពិសេសការប្រកួតលក្ខណៈអន្តរជាតិ។
រីឯលីកកំពូលវិញ ពុំសូវមានការចូលជាលក្ខណៈគាំទ្រ (Fans) ក្លិបណាមួយពេញទំហឹងនោះទេ បើទោះបីជាម្ចាស់ក្លិបនីមួយៗខំចំណាយថវិកាផ្ទាល់ក្តី ឬក៏ក្រុមហ៊ុនក្តី ដើម្បីឲ្យវិស័យកីឡាបាល់ទាត់លីកកំពូលមានដំណើរការប្រសើរឡើងសម្រាប់ជ្រើសរើសកីឡាករចេញពីក្លិបមួយៗ យកមកផ្គុំគ្នាសម្រាប់ជម្រើសជាតិ។
ហេតុដូច្នេះហើយ យុវជន និងប្រិយមិត្តដែលនិយមចូលចិត្តបាល់ទាត់តែមិនមានលក្ខណៈជាប់លាប់ដូចនៅប្រទេសរីកចម្រើន ដូចនៅប្រទេសអង់គ្លេសពួកគេបានលើកឡើងថា៖ «បន់ឲ្យតែដល់ថ្ងៃសៅរ៍ទេ ដើម្បីមើលបាល់ទាត់! When Saturday Comes!» ហើយបើនៅប្រទេសហូឡង់វិញ គេហៅថា «មើលការប្រកួតបាល់ទាត់ និងការពេញចិត្តក្លិប ប្រៀបដូចទៅនឹងសរសៃឈាមពួកគេ បើអត់បានមើលទេ គឺអាចស្លាប់!»។
ទិសស្លោកទាំងនេះគឺសុទ្ធតែចូលចិត្តបាល់ទាត់ងប់ងុល នេះក៏ដោយសារតែពួកគេមើលយល់ពីរបៀបលេង ក៏ដូចជាប្លង់លេងផងដែរ ដោយមិនគិតពីចាំតែឈ្នះបានទៅមើលនោះទេ។ អ៊ីចឹងហើយ បានជាខ្ញុំចង់ចែករំលែកពីរបៀបមើលបាល់ទាត់ ដែលខ្ញុំមើលជាង ៣០ ឆ្នាំហើយ នៅតែមិនជិនណាយ មិនថា ការប្រកួតក្លិបអន្តរជាតិ និងក្លិបនៅក្នុងស្រុកនោះទេ។
អ្នកគាំទ្របាល់ទាត់គួរតែ ៖
ទី១ កីឡាករ៖ ការទាត់បាល់បញ្ជូលទីរបស់កីឡាករ ដើម្បីស្រែកហ៊ោកញ្ជ្រៀវជារឿងមួយ តែរបៀបមើលការលេងជាក្រុម និងការលេងបចេ្ចកទេសជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនក្នុងការអូសទាញ ឬក៏បោះបាល់ឆ្លងពីមួយទៅមួយ និងការប្រើល្បឿនដើម្បីបំបែកកម្លាំងភាគីម្ខាងទៀត។ រីឯការលេងមានចលនារបស់កីឡាករឡើងចុះ ទាន់ពេលនឹងឡើងទៅប្រយុទ្ធ និងចុះជួយដល់ក្រោមវិញដើម្បីឲ្យចង្វាក់កាន់តែទាក់ទាញ។
ម្យ៉ាងទៀតកីឡាករសំខាន់ (Key player) ដែលលេងទាក់ទាញដូចជា កីឡាករចាន់ វឌ្ឍនាកា ប្រាក់ មន្នីឧត្តម គួច សុកុម្ភៈ និងស៊ូ យ៉ាទី ជាដើម គឺលេងទាក់ទាញទស្សនិកជនផង។
ទី២ ប្លង់លេង៖ តែការមើលប្លង់លេងរបស់ក្លិប ឬក៏ប្រទេសនីមួយៗលេងខុសគ្នាខ្លះហើយមានការផ្លាស់ប្តូរ។ ទម្រង់ដើមលេងរបស់ប្រទេសហូឡង់ចូលចិត្តលេង ៤-៤-២ រីឯអាល្លឺម៉ង់ ចូលចិត្តលេង ៣-៥-២ រីឯបារាំងចូលចិត្តលេង ៤-៥-១ និងអ៊ីតាលី ចូលចិត្តប្លង់ ៤-៣-៣។ រីឯក្លិបវិញគឺក្លិបមែនឆេស្ទ័រយូណាយធីត និយមលេង ៤-៤-២ រីឯក្លិបអាសេណលវិញទម្លាប់លេង ៤-៥-១។
ប្លង់លេងនេះ គឺអាស្រ័យទៅក្លិបចូលចិត្ត និងគ្រូបង្វឹកផងដែរ ចំពោះការលេងមើលទៅតាមសមត្ថភាពកីឡាកររបស់ខ្លួន ហើយប្លង់មួយណាក៏ល្អដែរ អាស្រ័យការលេងជាក់ស្តែង ជួនកាលប្លង់ហ្នឹងគេអាចរុះរើបានជាពិសេសចូលតង់ទី ២ ឬក៏បាល់គេឈ្នះ ឬក៏ចាញ់គ្រាប់ហើយ។
ទី៣ មើលរបៀបដឹកនាំរបស់គ្រូ ឬក៏គ្រប់គ្រង៖ គ្រូដើរតួនាទីសំខាន់ណាស់ ក្នុងដោះដូរប្លង់ ឬក៏ដោះដូរកីឡាករ ពេលអនុវត្តជាក់ស្តែង ហើយបើមានប្លង់ ដែលរៀបពីដំបូងលេងមិនបានទេអ៊ីចឹងដូរយុទ្ធសាស្រ្ត គឺអាចដូរតួនាទី ឬក៏ទីតាំងឈរជើង។ ឧទាហរណ៍ ដូរពីលេងពីខាងឆ្វេង ឲ្យទៅលេងខាងស្តាំ ឬក៏ពីតំបន់ប្រយុទ្ធខាងលើ ឲ្យមកលេងបម្រើកណ្តាលគឺធ្វើយ៉ាងណា ឲ្យមានតុល្យភាពមកដើមវិញ ឬក៏អាចប្ដូរលែងចុះទប់ នាំគ្នាវ៉ៃបកឡើងប្រយុទ្ធច្រើនជាងរបៀបលឿនៗ (Counter attack) ដើម្បីដាក់សម្ពាធគូប្រកួតទៅវិញ។
រីឯកន្លែងណារាងទន់វិញ គឺយកកីឡាករដែលមាំទាំយកមកដាក់ផង ពោលគឺដោះដូរភ្លាមៗ នៅពេលចាំបាច់ ជាពិសេសនៅពេលដាក់កីឡាករសំខាន់។
ទី៤ ស្រឡាញ់ក្លិបណាមួយឲ្យប្រាកដ៖ ការប្រកួតតែងតែចង់ឈ្នះរៀងៗខ្លួន តែមានក្រុមរបស់ខ្លួនដែលពេញចិត្តលេងគឺពេញចិត្តចង់ឲ្យក្រុមខ្លួនឈ្នះ ហើយឲ្យក្រុមដទៃដែលជាគូប្រជែង គឺបន់ឲ្យតែចាញ់ទេ។
ការដែលស្រឡាញ់ក្លិបរបស់ខ្លួននេះ បើមិនបានទៅមើលក្លិបទាំងអស់ទេ យ៉ាងហោចណាស់ក៏បានទៅមើលក្លិបរបស់ខ្លួនហើយទិញអាវ និងកន្សែងបង់ករបស់ក្លិបគឺបង្ហាញសេចក្តីស្មោះត្រង់ជាមួយក្លិប។
ទី៥ បរិយាកាសកម្សាន្ត ៖ ក្រៅពីការប្រកួតបាល់ទាត់ នៅទីលាននៅបញ្ចប់តង់ទី១ គឺមានល្បែងកម្សាន្តដូចជាការចាប់ឆ្នោតយករង្វាន់ ការទាត់បាល់បញ្ចូលទីពីចម្ងាយ ការទាត់បាល់បណ្តាក់គ្នា ការឱបបាល់រត់បណ្តាក់គ្នា និងការប្រគំតន្ត្រីមានអ្នកចម្រៀងល្បីៗមកកម្សាន្ត៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com