ក្រុងឡាហាវ៉ានៈ ក្រុមហ៊ុនអាកាសចរណ៍ American Airlines (AA) បានប្រកាសពីថ្ងៃចន្ទថា ខ្លួននឹងផ្ដល់ជើងហោះហើរប្រចាំថ្ងៃបន្ថែមទៀតដល់ប្រទេស គុយបា ត្រឹមឆ្នាំ ២០១៩ ទោះបីជាមានការរឹតបន្តឹងរបស់អាមេរិកលើការធ្វើដំណើររបស់ជនជាតិអាមេរិកទៅកាន់ប្រទេសនេះក៏ដោយ។
លោក Ramon Jimenez អ្នកគ្រប់គ្រងក្រុមហ៊ុន AA ប្រចាំនៅប្រទេស គុយបា បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ថ្មីៗនេះ យើងបានចាប់ផ្ដើមជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុង ឡាហាវ៉ាន និងទីក្រុង ម៉ៃអាមី ហើយឆ្នាំក្រោយ (នៅខែឧសភា) យើងនឹងដំណើរការជើងហោះហើរប្រចាំថ្ងៃថ្មីមួយ រវាងទីក្រុងម៉ៃអាមី និងទីក្រុង Santiago de Cuba ដែលជាទិសដៅទី ៦ របស់យើងក្នុងប្រទេសនេះ»។
បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានជើងហោះហើរ ១០ ជើងក្នុង ១ ថ្ងៃទៅកាន់ប្រទេសដីកោះមួយនេះ ពាក់កណ្ដាលនៃជើងហោះហើរទាំងនោះគឺរវាងទីក្រុង ម៉ៃអាមី និងទីក្រុង ឡាហាវ៉ាន។
ជើងហោះហើរផ្សេងទៀតទៅកាន់ទីក្រុងខេត្ត ដូចជាទីក្រុង Camaguey ទីក្រុង Holguin ទីក្រុង Santa Clara និងទីក្រុង Varadero ។
ក្រុមហ៊ុន AA បានឲ្យដឹងថា ចំនួនជើងហោះហើរប្រចាំថ្ងៃនឹងកើនដល់ ១១ ជើង។
ក្រុមហ៊ុនអាកាសចរណ៍ AA បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Havanatur របស់រដ្ឋគុយបា ដែលនឹងលក់សំបុត្រយន្តហោះនៅសាខាទាំង ៨០ កន្លែងរបស់ខ្លួននៅទូទាំងប្រទេសនេះ។
ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើន ត្រូវបានដំណើរការឡើងវិញ កាលពីខែសីហា ឆ្នាំ ២០១៦ ដោយសារតែការផ្សះផ្សាការទូត រវាងប្រទេសអតីតសត្រូវសង្គ្រាមត្រជាក់ទាំង ២ នៅពេលលោក បារ៉ាក់ អូបាម៉ា នៅធ្វើជាប្រធានាធិបតី។
បច្ចុប្បន្ន ការហ៊ុមព័ទ្ធសេដ្ឋកិច្ចទាំងស្រុងរបស់អាមេរិក នៅតែមានលើប្រទេស គុយបា ដែលជាប្រទេសកុម្មុយនីស្ដ និងជាប្រទេសឯកបក្សតែមួយគត់នៅអាមេរិកឡាទីន។
រហូតមកដល់ពេលនេះ អាមេរិកបានអនុញ្ញាតឲ្យប្រជាជនអាមេរិកទៅទស្សនាប្រទេស គុយបា សម្រាប់វប្បធម៌ ការអប់រំ ហេតុផលជាប់ទាក់ទងនឹងកីឡា ឬមនុស្សធម៌តែប៉ុណ្ណោះ មិនមែនជាកញ្ចប់ទេសចរណ៍ ឬជាភ្ញៀវទេសចរទៀងទាត់នោះទេ៕ AFP/LA