ក្រុង​តូក្យូៈ ការ​​​ចាកចេញ​​​​នៅ​ពេល​ថ្មីៗ​របស់​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​​ពី​ចក្រ​​ភព​អង់គ្លេស​ ​មិន​​​មែន​កើត​មាន​ឡើង​ជា​ចម្បង​​ដោយ​​សារ​កត្តា​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​​ពី​សហភាព​អឺរ៉ុប​ (Brexit) ​នោះ​ទេ ប៉ុន្តែ​វា​មាន​​​ករណី​ជា​ច្រើន​​ដែល​ជួយ​​បង្កើន​ល្បឿន​ឲ្យ​មាន​​​ការ​សម្រេច​​ចិត្ត​​​​​​ចាកចេញ​នេះ​។​ នេះ​បើ​យោង​​តាម​ក្រុម​អ្នក​វិភាគ​​។

កាល​ពី​ថ្ងៃ​អង្គារ ​ក្រុមហ៊ុន​ផលិត​រថយន្ត Honda របស់​ជប៉ុន​បាន​ក្លាយ​ជា​ក្រុមហ៊ុន​​ចុង​​ក្រោយ​បំផុត ដែល​បាន​ផ្ញើ​សារ​ដ៏​តក់ស្លុត​មួយ​ទៅ​កាន់​​​​​ឧស្សាហកម្ម​របស់​ចក្រ​ភព​អង់គ្លេស តាម​រយៈ​ការ​​ប្រកាស​ថា​នឹង​​បិទ​​​រោងចក្រ​របស់​ខ្លួន​នៅ​ទីក្រុង Swindon ជា​ទី​​ដែល​​កម្មករ​ប្រហែល​ ៣ ៥០០ នាក់​កំពុង​ធ្វើ​ការងារ​អស់​រយៈ​ពេល​ជាង ​២៤​ ឆ្នាំ​មក​ហើយ​នោះ។​

ក្រុម​មន្ដ្រី​បាន​​​ប្រញាប់​ប្រញាល់​​​​បង្វែរ​ការ​ស្ដី​បន្ទោស​ងាក​​ចេញ​ពី​កត្តា Brexit ដោយ​លោក Justin Tomlinson សមាជិក​សភា​​​មូលដ្ឋាន​​បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​នេះ​​ បាន​កើត​​មាន​ឡើង​​ដោយ​សារ​តែ «​និន្នាការ​ពិភព​លោក​» និង​ចង្អុល​បង្ហាញ​ថា ​ក្រុមហ៊ុន​ Honda កំពុង​​ផ្ទេរ​​ផលិតកម្ម​​នៅ​​អឺរ៉ុប​ទាំង​អស់​ត្រឡប់​ទៅ​ប្រទេស ជប៉ុន​ វិញ​។​

ទោះ​ជា​​​​មាន​មូលហេតុ​ជាក់លាក់​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​នីមួយៗ​ក្តី ក៏​ក្រុម​អ្នក​វិភាគ​​បាន​ឲ្យ​ដឹង​ថា បញ្ហា Brexit កំពុង​បន្លាច​​ក្រុមហ៊ុន​​ជប៉ុន ជា​ទូទៅ​។​

លោក Seiji Sugiura អ្នក​វិភាគ​ប្រចាំ​​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Tokai Tokyo បាន​ថ្លែង​ថា​៖ «​​ក្រុមហ៊ុន​ Honda ហាក់​ដូច​ជា​​បាន​និង​កំពុង​ត្រៀម​ខ្លួន​ចំពោះ​​ការ​ចាកចេញ​នេះ​សម្រាប់​​រយៈ​ពេល​វែង។ បន្ទាប់​មក Brexit បាន​កើត​ឡើង​ ដែល​អាច​​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​ការ​​សម្រេច​ចិត្ត​នៅ​ពេល​នេះ​»។​

ទាំង​លោក Sugiura និង​លោក Satoru Takada ដែល​ជា​អ្នក​វិភាគ​ផ្នែក​ឧស្សាហកម្ម​រថយន្ត​ប្រចាំ​​​ក្រុមហ៊ុន​ស្រាវជ្រាវ​ TIW ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ បាន​កត់​សម្គាល់​ថា ​ក្រុមហ៊ុន Hon​da បាន​​ពិភាក្សា​​គ្នា​អំពី​​អ្វី​ដែល​ត្រូវ​ធ្វើ​ចំពោះ​​​រោងចក្រ​នៅ​ទីក្រុង​ Swindon សម្រាប់​ពេល​​ណា​មួយ​ ។​

​លោក Takada ថ្លែង​ថា​៖ «​​ក្រុមហ៊ុន Honda បាន​តស៊ូ​រស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ក្រោយ​មក Brexit ក៏​​បាន​​កើត​ឡើង​។ ​ការ​ផ្លាស់​ប្តូរ​​បរិយាកាស​អាជីវកម្ម​នេះ បាន​ជំរុញ​​ឲ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​នេះ​»។​

ការ​សម្រេច​ចិត្ត​របស់​​ក្រុមហ៊ុន​ Honda បាន​ធ្វើ​ឡើង​ភា្លមៗ​​បន្ទាប់​​​ពី​ក្រុមហ៊ុន Nissan បាន​​កាត់​បន្ថយ​ការ​ផលិត​របស់​ខ្លួន​​នៅ​​រោងចក្រ​នា​ទីក្រុង​ Sunderland ស្ថិត​នៅ​​ភាគ​​ឦសាន​ចក្រ​ភព​អង់គ្លេស ។​

មាន​ក្រុមហ៊ុន​​ជប៉ុន​ប្រហែល ១ ​០០០​ ក្រុមហ៊ុន​ ដែល​កំពុង​​ប្រតិបត្តិការ​នៅ​​ចក្រ​ភព​អង់គ្លេស ដែល​ផ្តល់​ការងារ​ប្រហែល​ ១៤០ ០០០​ កន្លែង។​

ម៉្យាង​បើ​ទោះ​ជា​​​​ក្រុមហ៊ុន​​មក​​ពី​ប្រទេស ជប៉ុន ​មិន​មែន​ជា​ក្រុមហ៊ុន​តែ​មួយ​គត់ ដែល​ដក​ខ្លួន​ចេញ​ពី​ចក្រ​ភព​អង់គ្លេស​ក្តី ក៏​ប្រវត្តិ​ដ៏​វែង​ឆ្ងាយ​នៃ​ការ​វិនិយោគ​​របស់​​​ជប៉ុន​ក្នុង​ចក្រភព​​នេះ​​ដែល​កើត​ចេញ​ពី​​សម័យ​កាល​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ជប៉ុន​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ នោះ ធ្វើ​ឲ្យ​ការ​ចាកចេញ​ទាំង​នេះ​ មាន​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង​។​

លោកស្រី Sue Davis ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​មួយ​រូប​បាន​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា ទីក្រុង​ Swindon បាន​បញ្ចប់​ដោយ​មិន​មាន​​ក្រុមហ៊ុន Honda»។ ​លោក​ស្រី​​បាន​បន្ត​ថា​៖ «​អតីត​ស្វាមី​របស់​ខ្ញុំ​ធ្វើ​ការងារ​នៅ​​ទីនោះ អស់​រយៈ​ពេល​ ២០ ឆ្នាំ​​ហើយ​»។​

លោក Sugiura បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ផលិត​រថយន្ត​​ជប៉ុន​ជា​ច្រើន ត្រូវ​បាន​ទាក់​ទាញ​ដោយ​បរិយាកាស​​អំណោយ​​​ផល​​សម្រាប់​អាជីវកម្ម ស្ថិត​ក្រោម​​មេដឹក​នាំ​អភិរក្ស​និយម​លោកស្រី Margaret Thatcher កាល​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩​៨០ ព្រម​ទាំង​ដោយ​សារ​លទ្ធភាព​​របស់​ចក្រភព​អង់គ្លេស​​​ចូល​ទៅ​​ក្នុង​ទីផ្សារ​អឺរ៉ុប។

អ្នក​វិភាគ​រូប​នេះ​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «ដើម​ឡើយ ក្រុមហ៊ុន​ជប៉ុន​សម្រេច​ចិត្ត​ចូល​ទៅ​វិនិយោគ​នៅ​​ចក្រភព​អង់គ្លេស​ជា​ជាង​ទៅ​ទ្វីប​អឺរ៉ុប ពី​ព្រោះ​អង់គ្លេស​ផ្តល់​សិទ្ធិ​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម។ ឥឡូវ អ្វីៗ​វា​ផ្ទុយ​ពី​នេះ»។

លោក​បន្ត​ថា៖ «នៅ​ពេល​និយាយ​អំពី​ក្រុមហ៊ុន​ផលិត​រថយន្ត ការ​ផ្លាស់​ប្តូរ​ដ៏​រហ័ស​ក្នុង​ឧស្សាហកម្ម​រថយន្ត និង​បរិយាកាស​វិនិយោគ​ពិភព​លោក ក៏​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ការ​​កាត់​បន្ថយ​ប្រតិបត្តិការ​ផង​ដែរ។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​រវាង​សហភាព​អឺរ៉ុប និង​ជប៉ុន ដែល​បាន​ចូល​ជា​ធរមាន​នៅ​ខែ​នេះ​ដែល​​​​​​កាត់​បន្ថយ​ពន្ធគយ​​សន្សឹមៗ​នោះ​​ ក៏​កាត់​បន្ថយ​​​កត្តា​លើក​ទឹក​ចិត្ត​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​ប្រតិបត្តិការ​នៅ​អឺរ៉ុប​​​​​ផង​ដែរ។

លោក Takada ក៏​​ចង្អុល​បង្ហាញ​ផង​ដែរ​ថា ក្រុមហ៊ុន​ជប៉ុន​ ជា​ទូទៅ​កំពុង​ប្រឹង​​តស៊ូ​រស់​​ក្នុង​​អឺរ៉ុប ជា​ទី​ដែល​ក្រុមហ៊ុន​ទាំង​នេះ​កំពុង​ប្រកួត​ប្រជែង​​ជា​មួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ​​របស់​អាល្លឺម៉ង់​​​ដូច​ជា ​ក្រុមហ៊ុន Volkswagen ជា​ដើម។

ប៉ុន្តែ​វា​មិន​មែន​មាន​តែ​ក្រុមហ៊ុន​​ផលិត​រថយន្ត​នោះ​ទេ​ដែល​​​សម្រេច​ចិត្ត​កាត់​បន្ថយ​វត្តមាន​របស់​ពួក​គេ។ ក្រុមហ៊ុន​អេឡិចត្រូនិក Sony និង​ Panasonic ក៏​បាន​ប្រកាស​ប្តូរ​ផលិតកម្ម​ចេញ​ពី​​ចក្រភព​អង់គ្លេស​ផង​ដែរ។

ធនាគារ​ធំៗ​របស់​ជប៉ុន​កំពុង​ចាក​ចេញ​ពី​ទីក្រុង​ឡុងដ៍ ហើយ​​ក្រុមហ៊ុន​នុយក្លេអ៊ែរ Hitachi កាល​ពី​ខែ​មុនបាន​ប្រកាស​ផ្អាក​រោងចក្រ​ថាមពល​ដ៏​ធំ​មួយ​នៅ​ប្រទេស ​វែលស៍ ដែល​ជា​ផ្នែក​មួយ​របស់​ចក្រភព​អង់គ្លេស។

ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ចំណោម​​ក្រុមហ៊ុន​ទាំង​នេះ​ បាន​ឲ្យ​ដឹង​ថា Brexit មិនមែន​ជា​កត្តា​តែ​មួយ​គត់​ដែល​បាន​និង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​ឡើយ តែ​​​វា​ជា​ផ្នែក​មួយ​ដែរ។

លោក Yosuku Tsuchida អ្នក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន​ប្រឹក្សា​ និង​ស្រាវជ្រាវ Mitsubishi UFJ Research and Consulting បាន​ថ្លែង​ថា៖ «តើ​អ្វី​ដែល​ជា​ហេតុផល​សម្រាប់​ការ​ដក​ខ្លួន​នេះ ? ហេតុផល​មួយ​​ក្នុង​ចំណោម​ហេតុផល​ទាំង​​នេះ គឺ​មន្ទិល​សង្ស័យ​នៅ​ចក្រភព​អង់គ្លេស​ខ្លួន​ឯង​ផ្ទាល់ ពោល​គឺ​សេដ្ឋកិច្ច នយោបាយ និង​សង្គម​របស់​អង់គ្លេស​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់»។

លោក Tsuchida ព្យាករ​ថា ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​ចក្រភព​អង់គ្លេស​​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ទ្វីប​អឺរ៉ុប នឹង​ពិចារណា​ដក​ខ្លួន​ចេញ។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​ស្នើ​សុំ​ឲ្យ​មាន​ភាពច្បាស់​លាស់​សម្រាប់​ក្រុមហ៊ុន​​ជប៉ុន និង​បាន​ថ្លែង​ថា «ពិភព​លោក​ទាំង​មូល» កំពុង​សង្ឃឹម​ថា Brexit ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​អាច​ចៀស​​​​ផុត។

អ្នក​វិភាគ Sugiura មក​ពី​ក្រុមហ៊ុន Tokai Tokyo​ ដដែល​រូប​នេះ ​បាន​ថ្លែង​ថា អនាគត​សម្រាប់​ការ​វិនិយោគ​​ក្នុង​ចក្រភព​អង់គ្លេស ស្ថិត​នៅ​ឆ្ងាយ​ពី​ភាព​ភ្លឺ​ថ្លា។

លោក​ថ្លែង​ថា៖ «កង្វះ​ភាព​ច្បាស់​លាស់​របស់ Brexit កំពុង​​បន្ទច់​បង្អាក់​ក្រុមហ៊ុន​​ពី​ការ​ធ្វើ​ការ​​វិនិយោគ​ថ្មី​ៗ។ ការ​វិនិយោគ​នៅ​​ចក្រភព​អង់គ្លេស​ហាក់​ដូច​ជា​មិន​មាន​ភាព​ទាក់ទាញ​​តទៅ​​​ទៀត​ទេ​​​ ឥឡូវ​នេះ»។

លោក Takada បាន​ថ្លែង​ថា៖ «មាន​សំណួរ​ ១ លើក​ឡើង​ថា តើ​ចក្រភព​អង់គ្លេស​ឥឡូវ​នេះ​ នៅ​តែ​ជា​ទី​កន្លែង​ដែល​មាន​ភាព​ស័ក្តិសម​សម្រាប់​ធ្វើ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម ១ ​ដែរ​ឬ​អត់?» ៕ AFP/LA