ភ្នំពេញៈ បញ្ជរតែមួយជាតិ ឬ (National Single Window) ដែលជាប្រព័ន្ធស្នើសុំនាំចូលទំនិញបម្រើឲ្យគម្រោងវិនិយោគតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដាក់ឲ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃព្រហស្បតិ៍។
ការប្រកាសដាក់ឲ្យដំណើរការនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការដាក់ពាក្យស្នើសុំបញ្ជីមេអនឡាញនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក សុក ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិយាយថា ការដាក់ប្រើប្រាស់នូវប្រព័ន្ធនេះនឹងផ្តល់នូវផលប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ។ លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ប្រព័ន្ធនេះនឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគតាមរយៈការកាត់បន្ថយពេលវេលា និងការចំណាយមិនចាំបាច់នានា»។
លោកបន្តថា ការរៀបចំដាក់ឲ្យដំណើរការនូវប្រព័ន្ធបញ្ជរតែមួយជាតិនេះក៏ជាផ្នែកមួយនៃវិធានការកំណែទម្រង់មុតស្រួចរបស់រដ្ឋាភិបាលកម្ពុជាសំដៅកែលម្អបរិយាកាសធុរកិច្ចវិនិយោគ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
លោកថ្លែងថា៖ «វានឹងជួយឲ្យក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលមានភាពងាយស្រួលក្នុងការពង្រឹងការគ្រប់គ្រងទិន្នន័យ និងមានភាពកាន់តែសុក្រឹត»។
បើតាមលោក ចិន្តាសោភា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១០១ បានបង្កើតគណនីនៅ CDC រួចហើយដែលក្រុមហ៊ុនទាំងនោះមានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំនាំចូលទំនិញបម្រើឲ្យការអនុវត្តគម្រោងវិនិយោគរបស់ខ្លួនមកកាន់ CDC ដោយផ្ទាល់បានតាមរយៈប្រព័ន្ធបញ្ជរតែមួយជាតិ។
ទោះយ៉ាងណារហូតមកដល់ពេលនេះមានតែគណនីចំនួន ១៦ ប៉ុណ្ណោះដែលបានដាក់ពាក្យស្នើសុំ ហើយភាគច្រើនជាក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា វិស័យឯកជនពិតជារីករាយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដាក់ចេញឲ្យមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការបំពេញបែបបទក្នុងការស្នើសុំនាំចូលទំនិញបម្រើឲ្យការអនុវត្តគម្រោងវិនិយោគនៅពេលនេះ។ លោកបន្តថា ការប្រើប្រាស់ប្រព័ន្ធនេះនឹងចូលរួមចំណែកយ៉ាងច្រើនដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទផ្សេងៗ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ប្រព័ន្ធនេះមានភាពល្អប្រសើរច្រើន ដោយយើងមិនចាំបាច់មកបំពេញឯកសារដោយផ្ទាល់នៅ CDC នោះទេហើយថែមទាំងអាចធ្វើការបំពេញព័ត៌មានបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដែលនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញល្បឿនការងារ»។
លោកបន្តទៀតថា បច្ចុប្បន្ននៅស្ទើរគ្រប់ប្រទេសលើពិភពលោកគេតែងតែនិយាយពីការផ្សារភ្ជាប់បច្ចេកវិទ្យាទៅលើគ្រប់វិស័យ ហេតុនេះក្រុមហ៊ុន និងសហគ្រាសនីមួយៗក៏ត្រូវតែខិតខំពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួនឲ្យក្លាយជា E-People ផងដែរ។
លោកបានលើកឡើងថា៖ «កម្ពុជាត្រូវតែដើរឲ្យទាន់សភាពការណ៍នៃការវិវត្តរបស់សង្គម។ បើសិនយើងមាន E(ប្រព័ន្ធព័ត៌មានវិទ្យា) ទាំងអស់ ការងាររបស់យើងនឹងរីកចម្រើនខ្លាំង។ នេះជាអ្វីដែលអ្នកវិនិយោគចង់បានដោយធ្វើយ៉ាងណាឲ្យមានភាពលឿន និងមិនត្រូវការពេលវេលាយូរក្នុងការអនុម័ត»។
ប្រព័ន្ធបញ្ជរតែមួយជាតិនឹងជួយធ្វើឲ្យការស្នើសុំនាំចូលទំនិញដើម្បីទ្រទ្រង់ដល់សកម្មភាពវិនិយោគត្រូវកាត់បន្ថយពីចំនួន ១៥ ថ្ងៃនាពេលបច្ចុប្បន្ននេះ មកនៅសល់ត្រឹមតែ ១០ ប៉ុណ្ណោះ។ នេះបើយោងតាមលោក ចិន្តាសោភា៕ LA