ភ្នំពេញៈ អគារ​ពាណិជ្ជកម្ម Exchange Square ដែល​ជា​ការវិនិយោគ​ដោយ​ក្រុមហ៊ុន Hongkong Land ក្នុង​ទឹកប្រាក់ ១០០ លាន​ដុល្លារ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​រំពឹង​ថា ទីតាំង​ជួល​ក្នុង​អគារ​នេះ​នឹង​ត្រូវ​បាន​ជួល​អស់​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​នេះ​។ នេះ​បើ​តាម​តំណាង​ក្រុមហ៊ុន​។

អគារ​ពាណិជ្ជកម្ម​ដែល​មាន​ផ្ទៃក្រឡា​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​សរុប ៣៩ ៧០០ ម៉ែត្រការ៉េ និង​បាន​ដំណើរការ​សាកល្បង​កាលពី​ខែ​សីហា​ឆ្នាំ​មុន​មាន​ការិយាល័យ​ធ្វើការ និង​ហាង​លក់​ទំនិញ​សរុប ៦០ ​នោះ​ត្រូវ​បាន​ជួល​អស់​ ៦០ ​ភាគរយ​ហើយ​។

តំណាង​ក្រុមហ៊ុន Hongkong Land បាន​រំពឹង​ថា​ទីតាំង​ជួល​នឹង​ត្រូវ​បំពេញ​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​ ២០១៨ ​នេះ​។

លោក Robert Wong ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Hong Kong Land បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការវិនិយោគ​លើ​អគារ Exchange Square បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ដ៏រឹងមាំ និង​ទំនុក​ចិត្ត​ពី​ក្រុមហ៊ុន​របស់​លោក​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​ថ្លែង​ថា​៖ «​យើង​ជឿជាក់​ថា អចលនទ្រព្យ​ថ្នាក់​ពិភពលោក​នេះ​នឹង​ធ្វើឲ្យ​មាន​គុណភាព​កម្រិត​ថ្មី​ក្នុង​វិស័យ​សាងសង់ ការគ្រប់គ្រង​អចលនទ្រព្យ និង​សេវា​បម្រើ​អតិថិជន​ដល់​ទីផ្សារ​នេះ ហើយ​និង​ធ្វើឲ្យ​មាន​ការ​រួមចំណែក​ផ្លាស់ប្តូរ​ការប្រកួតប្រជែង​នៃ​ទីក្រុង​ភ្នំពេញ​»​។

អគារ Exchange Square មាន​កម្ពស់​ ១៦ ​ជាន់​ និងមាន​ជាន់​ក្រោម​ដី​ ៤ ​ជាន់​ដែល​បម្រើ​ជា​ទីតាំង​ចំណត​។ ចាប់ពី​ជាន់​ផ្ទាល់​ដី​ដល់​ជាន់​ទី​ ៣ គឺជា​ទីតាំង​ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​លក់រាយ និង​ហាង​អាជីវកម្ម​ផ្សេង​ទៀត​។

​បច្ចុប្បន្ន​ អគារនេះត្រូវ​បាន​ជួល​ឲ្យស្ថាប័នអន្តរជាតិ​សំខាន់ៗ ដូចជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA (Cambodia) ធនាគារ CIMB Bank សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ធនាគារ World Bank Group និង​ហាង​លក់​អាហារ និង​ភេសជ្ជៈ និង​ហាង​លក់រាយ​ល្បីៗ​មួយ​ចំនួន​ផ្សេង​ទៀត​។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ប្រតិបត្តិការ​អគារ Exchange Square នឹង​រួមចំណែក​ក្នុង​ការ​លើក​កម្ពស់​ស្ដង់ដារ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​កំណើន​អចលនទ្រព្យ និង​សំណង់​ពិត​ជា​បាន​បង្កើត​ផល​ជា​វិជ្ជមាន និង​រួម​ចំណែក​យ៉ាង​ល្អប្រសើរ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​»៕LA