ក្រុងប្រ៊ុចសែលៈ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បាន​វាយប្រហារ​ក្រុមហ៊ុន Google ជាមួយ​ការផាក​ពិន័យ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ចំនួន ៤,៣៤ ពាន់​លាន​អឺរ៉ូ (៥ ពាន់​លាន​ដុល្លារ​) ពី​បទ​រំលោភបំពាន​លើ​ការគ្រប់គ្រង​ដោយ​ខុស​ច្បាប់​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​សម្រាប់​ឧបករណ៍​ចល័ត​។

ទីក្រុង​ប្រ៊ុចសែល​បាន​ចោទប្រកាន់​ក្រុមហ៊ុន Google ពី​បទ​ប្រើប្រាស់​ការគ្រប់គ្រង​ស្ទើរ​ទាំងអស់​របស់​ប្រព័ន្ធ Android លើ​ទូរស័ព្ទ​ចល័ត និង​ថេប្ល៊ិត ដើម្បី​ផ្សព្វផ្សាយ​ការប្រើប្រាស់​ម៉ាស៊ីន​ស្វែងរក Google ផ្ទាល់​របស់​ក្រុមហ៊ុន​ខ្លួន និង​រារាំង​ដៃគូ​ប្រកួត​ប្រជែង​។

ការសម្រេចចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ការស៊ើបអង្កេត​រយៈពេល ៣ ឆ្នាំ​។

លោកស្រី Margrethe Vestager ស្នងការ​ការប្រកួត​ប្រជែង EU បាន​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​ Google ជាប់​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ដោយ​ខុសច្បាប់ ដើម្បី​ពង្រឹង​តួនាទី​ទីផ្សារ​ដ៏លើសលប់​របស់​ខ្លួន​ក្នុង​ការស្វែងរក​តាម​អ៊ីនធឺណិត​»​។

លោកស្រី Vestager បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Google ត្រូវ «​បញ្ចប់​ដោយ​ប្រសិទ្ធភាព​នូវ​ការអនុវត្ត​នេះ​ក្នុង​រយៈពេល ៩០ ថ្ងៃ បើ​មិន​អ៊ីចឹង​ទេ​ប្រឈម​នឹង​ការបង់ប្រាក់​ពិន័យ​» ដែល​មាន​ចំនួន​រហូត​ដល់ ៥ ភាគរយ​នៃ​ផលរបរ (turnover) ប្រចាំ​ថ្ងៃ​ជា​មធ្យម​របស់​ខ្លួន​។

Google ផ្ដល់​ប្រព័ន្ធ Android មិន​គិត​ថ្លែ​ដល់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន ហើយ​ការរក​ប្រាក់​ចំណូល​ភាគច្រើន​របស់​ខ្លួន​បាន​ពី​ការលក់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​លេចឡើង​ស្រប​ជាមួយ​នឹង​លទ្ធផល​ស្វែងរក​ពី​គេហទំព័រ​នេះ​។

លោកស្រី Vestager បាន​ថ្លែង​ថា​ក្រុមហ៊ុន Google បាន​រារាំង​ដៃគូ​ប្រកួតប្រជែង​ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ធំ រួមទាំង​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Huawei ដំឡើង​ជា​មុន​នូវ​ម៉ាស៊ីន​ស្វែងរក​របស់​ខ្លួន និង​គេហទំព័រ​ស្វែងរក Google Chrome៕ LA