ភ្នំពេញៈ លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា បាន​ឱ្យ​ដឹងថា ការផ្ទុះ​ឡើង​នៃ​ការឆ្លង​កូវីដ ​១៩ ក្នុង​សហគមន៍​លើក​ទី៣ នៅពេល​នេះ​ដែល​ហៅថា «​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​» ​មិន​ធ្វើឱ្យ​ប៉ះពាល់​អវិជ្ជមាន​លើ​តម្លៃ​ភាគហ៊ុន​នោះទេ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២០ ខែកុម្ភៈ បានប្រកាស​ពី​ការផ្ទុះ​ឡើង​ការឆ្លង​ជំងឺ​កូវីដ ​១៩ ក្នុង​សហគមន៍​ជា​លើក​ទី៣ បន្ទាប់ពី​មនុស្ស​ ៣២ ​នាក់ ​បានធ្វើ​តេស្ដ​វិជ្ជមាន​ក្នុង​រយៈពេល​ជាង​ ១០ ​ម៉ោង​តែប៉ុណ្ណោះ​។ នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ពី​ករណី​រកឃើញ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៤០ ​នាក់​បន្ថែម​ទៀត ដោយ​ក្នុងនោះ​ ៣៨ ​នាក់​ មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

លោក Jong Weon Ha បានឱ្យដឹងថា មានការ​ជួញដូរ​រយៈពេល ២ ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ព័ត៌មាន​ថា មានការ​រីករាលដាល​ជំងឺ​កូវីដ​ ១៩​ ជា​ចង្កោម​ផ្សេងទៀត​។ មកដល់​ពេល​នេះ​តម្លៃ​ភាគហ៊ុន​នៅ CSX នៅតែមាន​ស្ថិរភាព និង​មិន​មាន​ការប្រែប្រួល​ខ្លាំង​នោះទេ​។

លោក​ថ្លែងថា​៖ «​យើង​នឹងត្រូវ​រង់ចាំ​មើល​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ខាងមុខ​។ ករណី​វិជ្ជមាន​ដែល​រកឃើញ​ថ្មី​រហូតមក​ដល់ពេល​នេះ​ហាក់​ដូចជា​មិនមាន​ផលប៉ះពាល់​ខ្លាំង​ដល់​ទីផ្សារ​ភាគហ៊ុន​នៅឡើយ​ទេ​។ ទោះយ៉ាងណា បើ​និន្នាការ​នេះ​បន្ត និង​ក្លាយជា​មិនអាច​គ្រប់គ្រង​បាន​ផលប៉ះពាល់​នឹង​កើតឡើង​ជាមិនខាន ដោយសារ​តែ​ទីផ្សារ​ភាគហ៊ុន​មួយ​នេះ​វា​ឆ្លុះបញ្ចាំង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល និង​គ្មាន​ប្រទេស​ណាមួយ​ដែលមាន​ភាពស៊ាំ និង​ផលប៉ះពាល់​ក្នុង​អំឡុងពេល​ការរីករាលដាល​បែប​នោះទេ​»​។

លោក​ក៏បាន​បង្ហាញថា រហូត​មក​ដល់​ពេលនេះ ក៏​មិនមាន​ការធ្លាក់ចុះ​ខ្លាំង​នៃ​សកម្មភាព​ជួញដូរ​នៅ​ទីផ្សារ​ហ៊ុន​ទេ​។

លោក​ថ្លែងថា​៖ «​យើង​នៅ​មិនបាន​មើលឃើញ​សកម្មភាព​ជួញដូរ​មាន​ការធ្លាក់ចុះ​ទេ​។ ម្យ៉ាងទៀត យើង​ក៏​កំពុង​រៀបចំ «​ការប្រកួតប្រជែង​ការជួញដូរ​ភាគហ៊ុន​» ដែល​មាន​បំណង​បង្កើន​ការយល់ដឹង​របស់​សាធារណជន​លើ​ទីផ្សារ​ភាគហ៊ុន និង​ជំរុញ​ឱ្យ​សាធារណជន​យល់ដឹង​អំពី​ការវិនិយោគ​លើ​ភាគហ៊ុន​ផងដែរ​»​។

ទិន្នន័យ​របស់ CSX បង្ហាញថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ ១៣ ​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​នោះ ក្រុមហ៊ុន ៧ ​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ និង ៦ ​ផ្សេងទៀត​ជា​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង​ ១៣ ​នេះ​បាន​ប្រមូល​មូលនិធិ​រួមគ្នា​ចំនួន​ ២៥៣ ​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំមុន និង​សន្ទស្សន៍​ភាគហ៊ុន​បាន​កើនឡើង ៥៨,៣៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨ ធ្លាក់​មក​នៅត្រឹម​ ១៤,៩៣ ​ភាគរយ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ជួញដូរ​បាន​ពី CSX ការបិទ​ការជួញដូរ​កាលពី​ម្សិលមិញ​ (​ថ្ងៃទី​ ២៤) សន្ទស្សន៍ CSX បាន​កើន​ ០,៤១ ​ភាគរយ​ចំនួន ៦៤១,៨៨ ​ពិន្ទុ​ធៀប​នឹង​ការបើក​ដំណើរការ ៦៣៩,២៨ ពិន្ទុ​ ក្នុង​ទំហំ​ជួញដូរ ៥៥ ២៦៨ ​ភាគហ៊ុន ដែលមាន​តម្លៃ​ ១៣៩ ៧៩៣ ០០០ ​រៀល​៕ LA