ក្រុង​មុយនិចៈ លោក​ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាល​ពី​ថ្ងៃ​សៅរ៍​បាន​ហៅ​វោហារស័ព្ទ​ពាណិជ្ជកម្ម​​​របស់​សហរដ្ឋ​អាមេរិក​ ដែល​គ្រោង​​នឹង​​​ប្រកាស​ថា ការ​នាំចូល​​​រថយន្ត​របស់​អឺរ៉ុប​ គឺ​ជា​ការ​គំរាម​ផ្នែក​សន្តិសុខ​ជាតិ​​​នោះ​ថា​ជា​រឿង «គួរ​ឲ្យ​ខ្លាច»។

លោក​ស្រី​បាន​មាន​ប្រសាសន៍​​​ថា៖ «ប្រសិន​​បើ​រថយន្ត​ទាំង​​នេះ ភ្លាម​ៗ​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​​អាមេរិក​ ពេល​នោះ​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច ចំពោះ​យើង»។

លោក​ស្រី Merkel បាន​ចង្អុល​​បង្ហាញ​ថា រោងចក្រ​ផលិត​រថយន្ត​ធំ​បំផុត​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​ BMW របស់​អាល្លឺម៉ង់ មិន​ស្ថិត​នៅ​​រដ្ឋ Bavaria របស់​អាល្លឺម៉ង់​ទេ ប៉ុន្តែ​ស្ថិត​​​ក្នុង​រដ្ឋ South Carolina របស់​សហរដ្ឋ​អាមេរិក ជា​ទី​ដែល​ក្រុមហ៊ុន​នាំចេញ​រថយន្ត​ទៅ​កាន់​ប្រទេស​ ​ចិន។

លោក​ស្រី​ថ្លែង​នៅ​ឯ​សន្និសីទ​​សន្តិសុខ​ទីក្រុង​មុយនិច​ថា៖ «អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​នោះ​គឺ​ថា វា​នឹង​ល្អ​ប្រសិន​បើ​យើង​អាច​បន្ត​ការ​ចរចា​សម​ស្រប​ឡើង​វិញ​ជា​មួយ​គ្នា»។

លោក​ស្រី​បន្ថែម​ថា៖ «នៅ​ពេល​​នោះ យើង​នឹង​ស្វែង​រក​ដំណោះ​ស្រាយ​មួយ»។

មនុស្ស ​២ នាក់​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​​​សប្តាហ៍​​មុន​ថា របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិ​បាន​សន្និដ្ឋាន​​ថា ការ​នាំចូល​រថយន្ត​គំរាម​កំហែង​​ដល់​សន្តិសុខ​ជាតិ ដែល​​បង្កើត​ឲ្យ​មាន​ដំណាក់​កាល​នៃ​ការ​​ដក​ហូត​ពន្ធ​ដែល​អាច​កើត​មាន​ដោយ​សេតវិមាន។

ប្រភព​មួយ​ពី​វិស័យ​រថយន្ត​របស់​អឺរ៉ុប​បាន​​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​ដែល​បញ្ជា​ឲ្យ​ធ្វើ​ឡើង​ដោយ​លោក ដូណាល់ ត្រាំ កាល​ពី​ខែ​ឧសភា គឺ​ជា​ «ភាព​វិជ្ជមាន» ទាក់ទង​នឹង​សំណួរ​សំខាន់​មួយ​ថា​​ តើ​ការ​នាំចូល «ប៉ះ​ពាល់​» ដល់​សន្តិសុខ​ជាតិ​អាមេរិក​ដែរ​ឬ​យ៉ាង​ណា?

មន្ត្រី​មួយ​រូប​​របស់​ក្រុមហ៊ុន ផលិត​រថយន្ត​មួយ​ផ្សេង​ទៀត​បាន​ថ្លែង​ថា៖ «នឹង​មាន​ការ​និយាយ​ថា ការ​នាំចូល​រថយន្ត ​គឺ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ»។

របាយការណ៍​នេះ​​ត្រូវ​បាន​រំពឹង​ថា នឹង​បញ្ជូន​​​ទៅ​កាន់​សេតវិមាន​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ត្រូវ​បាន​គេ​មើល​ឃើញ​​ថា​ជា​ហានិភ័យ​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស។

លោក ត្រាំ បាន​គំរាម​ដក​ហូត​ពន្ធ​គយ ២៥ ភាគរយ​លើ​ការ​នាំចូល​រថយន្ត​អឺរ៉ុប ជា​ពិសេស​ផ្តោត​លើ​ប្រទេស ​អាល្លឺម៉ង់ ដែល​លោក​និយាយ​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​រថយន្ត​អាមេរិក។

តាម​នីតិវិធី បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ខាង​លើ​នេះ ប្រធានាធិបតី​អាមេរិក​នឹង​មាន​ពេល ៩០ ថ្ងៃ​ដើម្បី​សម្រេច​ថា​ តើ​ត្រូវ​ចាត់​វិធានការ​បន្ត​ទៅ​មុខ​ទៀត​ឬ​យ៉ាង​ណា​តាម​រយៈ​ការ​ដក​ពន្ធ​គយ។

លោក ត្រាំ កាល​ពី​ខែ​កក្កដា​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ពាណិជ្ជកម្ម​មួយ​ជា​មួយ​​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប ដោយ​ភាគី​ទាំង ​២ បានប្តេជ្ញា​ថា​ មិន​មាន​ការ​ដក​ហូត​ពន្ធ​គយ​រវាង​គ្នា​នឹង​គ្នា​ ខណៈ​ពេល​ដែល​ការ​ចរចា​បាន​បន្ត​ធ្វើ​ឡើង៕ AFP/KC