ភ្នំពេញៈ ការផលិត និងនាំចេញអង្កររបស់កម្ពុជានឹងទំនងជាបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំក្រោយដែលត្រូវបានជំរុញដោយតម្រូវការខ្លាំងពីប្រទេសចិន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្មអាមេរិក (USDA)។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន USDA បានព្យាករកំណើនផលិតកម្ម ៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងអំឡុងរដូវប្រមូលផលឆ្នាំ ២០១៧-២០១៨ ដែលប៉ាន់ប្រមាណចំនួនសរុប ៨,១ លានតោន។ ស្រូវនៅប្រទេសកម្ពុជាជាធម្មតាត្រូវប្រមូលផល ២ ដងក្នុង ១ ឆ្នាំគឺស្រូវរដូវវស្សា និងរដូវប្រាំង។
របាយការណ៍នេះបង្ហាញថាស្រូវរដូវប្រាំងនៅឆ្នាំនេះបានទទួលអត្ថប្រយោជន៍ដោយសារលក្ខណៈអាកាសធាតុអនុគ្រោះ និងត្រូវបានប្រមូលផលនៅក្នុងល្បឿនលឿន។
ការនាំចេញអង្ករផ្លូវការបានកើនឡើង ១៧ ភាគរយដល់ ៥៧៨ ០០០ តោនកាលពីឆ្នាំ ២០១៧ ហើយ USDA បានប៉ាន់ប្រមាណថា បន្ទាប់ពីរដូវប្រមូលផលនឹងមើលឃើញកំណើនបន្ថែម ៨ ភាគរយក្នុងការនាំចេញក្នុងឆ្នាំនីមួយៗដែលកើនឡើងដល់ ៦២២ ០០០ តោននៅឆ្នាំ ២០១៨ និង ៦៧២ ០០០ តោន នៅឆ្នាំ ២០១៩។
តម្រូវការនៅទ្រឹងពីបណ្ដាប្រទេសអឺរ៉ុបត្រូវបានប៉ះប៉ូវដោយកំណើនតម្រូវការមកពីប្រទេសចិន ដោយសារការនាំចេញអង្ករទៅប្រទេសចិនបានកើន ៥៧ ភាគរយកាលពីឆ្នាំមុន។
លើសពីនេះរបាយការណ៍នេះកត់សម្គាល់ថាការនាំចេញរបស់កម្ពុជាមានចំនួនចន្លោះ ២ ទៅ ៤ ភាគរយប៉ុណ្ណោះនៃការនាំចូលអង្ករសរុបរបស់ប្រទេសចិនកាលពីឆ្នាំមុនដែលបង្ហាញការមានសក្ដានុពលសម្រាប់កំណើនបន្ថែមទៀត។
ការផលិតអង្ករត្រូវបានប៉ាន់ប្រមាណស្រដៀងគ្នានឹងការផលិតដែលបានរាយការណ៍ដោយអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិកាលពីខែមុន។ នៅក្នុងរបាយការណ៍របស់ FAO ក៏បានប៉ាន់ប្រមាណថា ការនាំចេញស្រូវអង្ករសរុបរបស់កម្ពុជាដោយរត់ពន្ធមាន ៤៤ ភាគរយនៅឆ្នាំនេះជាមួយនឹងការនាំចេញអង្ករស្របច្បាប់ និងរត់ពន្ធកើនឡើង ៥ ភាគរយដល់ ១,៣៥ លានតោន។ USDA មិនបានផ្ដល់ការប៉ាន់ប្រមាណស្ដីពីការនាំចេញអង្ករដោយរត់ពន្ធ ឬចំនួនអង្ករដែលមិនបានកត់ត្រាទេ៕ LA