ភ្នំពេញៈ ប្រទេសកម្ពុជាទំនងជានឹងត្រូវនាំចូលអំបិល ៣ ម៉ឺនតោននៅឆ្នាំនេះដើម្បីផ្គត់ផ្គង់តម្រូវការ ខណៈការផលិតក្នុងស្រុកប្រឈមនឹងកង្វះខាត ដោយសារតែអាកាសធាតុប្រែប្រួល។ នេះបើយោងតាមសហគមន៍ផលិតអំបិល។
លោក ប៊ុន បារាំង សហប្រធានសហគមន៍ផលិតអំបិលកែបកំពត បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា នេះជាលើកទី ២ សម្រាប់កម្ពុជាដែលនឹងនាំចូលអំបិលយកមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ លោកបានថ្លែងថា៖ «បន្ទាប់ពីការទទួលរងផលប៉ះពាល់ដោយសារមហន្តរាយទឹកភ្លៀងដែលធ្វើឲ្យអ្នកផលិតអំបិលកម្ពុជាមិនអាចប្រមូលផលអំបិលបាន»។
មានគ្រួសារជាសមាជិកប្រហែល ២០០ គ្រួសារនៃសហគមន៍អំបិល។ នេះបើយោងតាមលោក ប៊ុន បារាំង។ លោកថ្លែងថាកសិករមិនអាចប្រមូលអំបិលបានទេនៅឆ្នាំនេះដោយសារទឹកភ្លៀងច្រើនចាប់តាំងពីរដូវប្រាំងរហូតមកដល់ពេលនេះ។
លោកបានថ្លែងថា៖ «យើងមិនអាចប្រមូលអំបិលបានទេ ចាប់តាំងពីដើមរដូវរហូតមកដល់ពេលនេះ ដោយសារតែភ្លៀងបានធ្វើឲ្យខូចទឹកអំបិល»។ លោកបន្តថា៖ «នៅឆ្នាំនេះកសិករប្រឈមនឹងការខាតបង់ច្រើនដោយសារការផលិតអំបិលរបស់ពួកគេ»។
ផ្ទៃដីសម្រាប់កសិដ្ឋានអំបិលទូទាំងខេត្តកំពត និងខេត្តកែបមានប្រហែល ៥ ០០០ ហិកតា ដែលរដូវប្រមូលចាប់ពីខែមករាដល់ចុងខែមេសា។ នេះបើយោងតាមលោក ប៊ុន បារាំង។
លោក ប៊ុន បារាំង បានថ្លែងថាសហគមន៍នេះនឹងបញ្ជូនរបាយការណ៍ពីកង្វះអំបិល ដើម្បីស្នើសុំការនាំចូលទៅក្រសួងឧស្សាហកម្ម។ លោកបញ្ជាក់ថា៖ «នេះជាលើកទី ២ របស់យើងដែលប្រឈមនឹងកង្វះអំបិល យើងបានប្រឈមបញ្ហានេះម្តងកាលពីឆ្នាំ ២០០៨ ហើយយើងបាននាំចូលនូវចំនួនដូចគ្នានេះដែរ ដើម្បីឆ្លើយតបតម្រូវការអំបិលនៅក្នុងប្រទេសនេះ»។
លោកបន្ថែមថាការនាំចូលអំបិលអាចមកពីប្រទេសចិន ឬឥណ្ឌា។ លោកបន្ថែមថា៖ «នៅពេលនេះយើងកំពុងសិក្សាតម្លៃអំបិលមកពីប្រទេសចិន ឥណ្ឌា និងស្រីលង្កា»។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសផលិតអំបិលដែលនាំចូលអំបិលចំនួន ៣ ម៉ឺនតោនជាលើកដំបូងកាលពីឆ្នាំ ២០០៨ ពីប្រទេសចិន។
បច្ចុប្បន្នតម្លៃអំបិលបានកើនឡើងបន្តិចបន្តួចដល់ប្រហែល ១៧ ០០០ រៀល (៤,២៥ ដុល្លារ) ក្នុង ៥០ គីឡូក្រាមគឺកើនឡើង ៥០ សេនបើធៀបនឹងឆ្នាំមុន។
លោក កឹង ស៊ុនទៀង ជាកសិករផលិតអំបិលមួយរូបដែលមានស្រែអំបិល ៣០ ហិកតាបានថ្លែងថាលោកអាចប្រមូលអំបិលបាន ១,៥ តោនប៉ុណ្ណោះនៅឆ្នាំនេះធៀបនឹង ២ ០០០ តោនក្នុង ១ រដូវកាលពីឆ្នាំទៅ។
លោកថា៖ «ជារួមខ្ញុំបោះចោលប្រាក់ទាំងអស់របស់ខ្ញុំទៅក្នុងទឹកនៅឆ្នាំនេះ ខ្ញុំមិនអាចរកប្រាក់ចំណេញខ្លះបានទេ»។ ស៊ុនទៀង បានវិនិយោគ ៤ ០០០ ដុល្លាររួចរាល់ហើយលើកសិដ្ឋានអំបិលហើយ ៩០ ភាគរយនៃអ្នកផលិតអំបិលមិនអាចផលិតអំបិលបានទេ។
លោក ស៊ុន សេងហ៊ួត នាយកគណៈកម្មាធិការអំបិលនៅក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថាលោកក៏បានឮអំពីកង្វះអំបិលនៅឆ្នាំនេះផងដែរ។ ប៉ុន្តែក្រសួងកំពុងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបតម្រូវការទីផ្សារ។
លោកបានថ្លែងថា៖ «ខ្ញុំទើបនឹងឮអំពីកង្វះអំបិល ប៉ុន្តែព័ត៌មានផ្លូវការបានពីសហគមន៍អំបិលមិនបានជូនដំណឹងដល់ពួកយើងអំពីចំនួនពិតប្រាកដនៅឡើយទេ ប៉ុន្តែយើងនឹងស្វែងរកដំណោះស្រាយដោយផ្អែកលើតម្រូវការ»។
ឧស្សាហកម្មអំបិលរបស់កម្ពុជារកប្រាក់ចំណូលសរុបប្រហែល ២២ លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបានពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ យោងតាមរបាយការណ៍ តម្រូវការអំបិលក្នុងស្រុករបស់កម្ពុជា មានប្រមាណ ៩ ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈសម្រាប់ឆ្នាំនេះមានតែប្រមាណ ៦ ម៉ឺនតោនប៉ុណ្ណោះ៕LA