ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងស្ថានទូតប្រទេសអូស្ដ្រាលី ប្រចាំនៅកម្ពុជាបានប្តេជ្ញាថា នឹងរួមគ្នាជំរុញការដោះដូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ ឲ្យមានទំហំកាន់តែធំបន្ថែមទៀត។
ការសន្យានេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក គិត ម៉េង ប្រធាន CCC ជាមួយលោក Pablo Chiho Kang ឯកអគ្គរាជទូតប្រទេសអូស្រ្ដាលី ទើបនឹងតែងតាំងថ្មីនៅទីស្នាក់ការរបស់ CCC កាលពីថ្ងៃពុធ។
លោក គិត ម៉េង ដែលជាម្ចាស់ក្រុមហ៊ុនពហុផលិតផលក្នុងស្រុក Royal Group ដែរនោះ បានឲ្យដឹងថា លោកធ្លាប់បានដឹកនាំវិស័យឯកជនដែលជាសមាជិករបស់ CCC រួមអមដំណើរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅកាន់ប្រទេសអូស្រ្ដាលី ចំនួន ២ ដងរួចមកហើយ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា និងអូស្រ្តាលី។ លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនរបស់លោកក៏បាននាំយកក្រុមហ៊ុនធំៗមួយចំនួនពីប្រទេសអូស្ដ្រាលី មកកម្ពុជាផងដែរ មានដូចជាក្រុមហ៊ុន ANZ Royal ក្រុមហ៊ុន Toll Group និងក្រុមហ៊ុន Wing ជាដើម។
លោកថ្លែងថា៖ «យើងស្វាគមន៍កិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញក្រុមវិនិយោគិនអូស្ដ្រាលីកាន់តែច្រើនចូលមកប្រទេសកម្ពុជា។ នេះជាវិធានការមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត»។
លោក Pablo Chiho Kang បាននិយាយថា លោកយល់ស្របក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងកម្ពុជា តាមរយៈការចូលរួមជាមួយ CCC។ លោកប្រាប់ថា លោកក៏គ្រោងដឹកនាំក្រុមពាណិជ្ជករ និងក្រុមវិនិយោគិនអូស្ដ្រាលី ដើម្បីមកស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ។
លោក គិត ម៉េង បានស្វាគមន៍ផែនការរបស់លោកឯកអគ្គរាជទូតក្នុងការអញ្ជើញពាណិជ្ជករ និងក្រុមវិនិយោគិនកម្ពុជាកាន់តែច្រើន ដើម្បីជួបសហគមន៍ក្នុងស្រុក។ លោកក៏សង្ឃឹមថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ នឹងលើកកម្ពស់បន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា។
ប្រទេសអូស្ដ្រាលី គឺជាសមាជិកមួយនៅក្នុងចំណោមបណ្តាប្រទេសអាស៊ានបូក ៦ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ ដែលគ្រោងនឹងអនុម័តដោយមេដឹកនាំរបស់ប្រទេសនីមួយៗនៅចុងឆ្នាំនេះផងដែរ។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាលពីឆ្នាំ ២០១៩ មានចំនួនជាង ១៩៧ លានដុល្លារ កើនឡើង ៣២,៦ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។ ក្នុងចំណោមនោះការនាំចេញរបស់កម្ពុជា មានតម្លៃ ១៥៥ លានដុល្លារ កើនឡើង ៣៤,៩ ភាគរយ ខណៈការនាំចូលទំនិញពីអូស្រ្តាលី មានតម្លៃសរុប ៤២,១៩ លានដុល្លារ កើនឡើង ២៤,៨ ភាគរយ។ នេះបើយោងតាមទិន្នន័យពីស្ថានទូតអូស្រ្តាលី៕ LA