ភ្នំពេញៈ ប្រទេស ​កម្ពុជា ​និង​ឥណ្ឌា ​កំពុង​ឈាន​ឆ្ពោះ​ទៅ​រក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍ ​(ICT) ដើម្បី​សម្រេច​បាន​គោល​បំណង​ស្ថិរភាព​រយៈ​ពេល​វែង​នៅ​ក្នុង​វិស័យ​​នេះ​។ ​នេះ​បើ​​តាម​សេចក្ដី​​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​​ឥណ្ឌា​ប្រចាំ​​កម្ពុជា​​។​

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ ​២​ ​ថ្ងៃ​របស់​គណៈ​​ប្រតិភូ​មក​ពី​នាយកដ្ឋាន​ទូរគមានគមន៍​របស់​ប្រទេស ​ឥណ្ឌា ​មក​កម្ពុជា​ចាប់​ពី​ថ្ងៃទី ​១៨​-​១៩​ ខែ មីនា ​ភាគី​ទាំង ​២ ​បាន​សហការ​ក្នុង​ទម្រង់​នៃ​ការ​ចុះ​​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ក្រោម​ឆត្រ ​កម្ពុជា-​ឥណ្ឌា ដែល​នឹង​អាច​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​បំពេញ​ភាព​ខ្លាំង​ទៅ​វិញ​ទៅ​មក​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​។​

MoU​ នេះ​ដាក់​បញ្ចូល​វិសាលភាព​ដ៏​ទូលំ​ទូលាយ​បំផុត​នៃ​កិច្ច​​សហ​ប្រតិបត្តិការ​ ដូច​ជា​គោល​នយោបាយ​ទូរគមនាគមន៍ ​ក្រប​​ខ័ណ្ឌ​គ្រប់គ្រង​ និង​វិញ្ញាបនបត្រ ​កម្មវិធី​ទូរគមនាគមន៍​ សម្រាប់​ការ​គ្រប់គ្រង​គ្រោះ​ថ្នាក់ ​សន្ដិសុខ​អ៊ីនធឺណិត​ និង​ការ​ឆ្លើយ​តប​គ្រោះ​ថ្នាក់​ជា​ដើម​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បង្ហាញ​ថា MoU ​នេះ​នឹង​ជា​ឧបករណ៍​ដ៏​ទូលំ​ទូលាយ​មួយ ​ក្នុង​ការ​ឆ្លើយ​តប​តាម​តម្រូវ​ការ​​​​ប្រជាជន​ របស់​ប្រទេស​ទាំង ២ ​តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​ និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ ដោយ​ឈរ​លើ​មូលដ្ឋាន​​រយៈ​ពេល​​វែង​​ក្នុង​វិស័យ​នៃ​ការ​អភិវឌ្ឍ ​ICT។​

មជ្ឈមណ្ឌល​អង្គការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​បឋម​របស់​ប្រទេស​ ​ឥណ្ឌា ​សម្រាប់​ការ​អភិវឌ្ឍ​​ទូរគមនាគមន៍ និង​ព័ត៌មាន​វិទ្យា (C-DoT) និង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា ​(TC) ​ក៏​បាន​​ចុះ​ហត្ថលេខា​លើ MoU ដាច់​​ដោយ​ឡែក​ស្ដីពី​ដំណោះ​ស្រាយ​​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដ៏​រឹងមាំ​ផង​ដែរ​៕ LA