ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹងថា ជាមួយនឹង​ស្ថិរភាព​សង្គម នយោបាយ​ល្អប្រសើរ និង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​កន្លងមក ប្រទេស​កម្ពុជា​នៅតែ​ជា​កន្លែង​ដ៏គួរ​ឲ្យ​ទាក់ទាញ​មួយ​សម្រាប់​ការធ្វើ​អាជីវកម្ម និង​ការវិនិយោគ​។

ថ្លែង​នៅក្នុង​ការបើក​ពិព័រណ៍​ទំនិញ​នាំចូល និង​នាំចេញ​លើក​ទី​ ១៤ ឆ្នាំ​ ២០១៩ នៅ​មជ្ឈមណ្ឌល​សន្និសីទ​កោះពេជ្រ​កាលពី​ថ្ងៃអាទិត្យ​លោក ហ៊ុន សែន បាន​ឲ្យ​ដឹងថា ពិព័រណ៍​នេះ​កំពុង​បង្ហាញ​យ៉ាងច្បាស់​ដល់​សាធារណជន និង​ប្រទេស​ផ្សេងៗ​ឲ្យ​មើលឃើញ​បរិយាកាស​អាជីវកម្ម និង​ការវិនិយោគ ស្ថិរភាព​សង្គម និង​នយោបាយ​ល្អប្រសើរ​រួមទាំង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។ លោក​បន្តថា ពិព័រណ៍​នេះ​ក៏​ផ្ដល់​ជា​វេទិកា​មួយ​ផងដែរ​សម្រាប់​ទាំង​ក្រុមហ៊ុន និង​វិនិយោគិន​ក្នុងស្រុក និង​បរទេស ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន និង​ស្វែងរក​ដៃគូ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ដើម្បី​ធានា​បាន​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ និង​ស្ថិរភាព​នយោបាយ និង​សង្គម រដ្ឋាភិបាល​កម្ពុជា​បើកចំហ​យ៉ាង​ខ្លាំង​ដល់​ក្រុម​វិនិយោគិន​ទាំងអស់​ឲ្យ​មក​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយនឹង​លំហូរ​ចូល​ការវិនិយោគ​ពី​ប្រទេស​ក្រៅ វា​ផ្ដល់​ដល់​យើង​នូវ​ទុន បច្ចេកវិទ្យា​ថ្មី ការបង្កើត​ការងារ ជំនាញ​ និង​ចំណេះដឹង បទពិសោធ ជំនាញ​សហគ្រិនភាព និង​ការពង្រីក​មូលដ្ឋាន​ផលិតកម្ម​ក្នុងស្រុក​»​។

លោក​បន្តថា​៖ «​នៅពេល​នេះ​យើង​កំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​នឹង​កាន់តែ​បើកចំហ​ខ្លាំង និង​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន និង​លំហូរ​ចូល​ទុន​បន្ថែម​ទៀត​»​។

ពិព័រណ៍​ដែលមាន​ស្ដង់ ៣៤២ នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១៥ ដល់​ថ្ងៃទី​ ១៨ នៅ​មជ្ឈមណ្ឌល​សន្និសីទ​កោះពេជ្រ​។ ពិព័រណ៍​នេះ​មាន​ការចូលរួម​ពី​ប្រទេស​ចិន ជប៉ុន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និង​ឡាវ និង​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ការបើកដំណើរការ​ពិព័រណ៍​នេះ គឺ​ដើម្បី​បម្រើ​ជា​វេទិកា​អន្តរជាតិ​សម្រាប់​ឆ្នាំនេះ ក្នុង​គោលបំណង​លើកកម្ពស់​សកម្មភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​ឱកាស​វិនិយោគ​ប្រកប​ដោយ​សក្ដានុពល​ព្រម​ទាំង​ដើម្បី​បង្ហាញ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​ដល់​វិស័យ​ឯកជន​ផងដែរ​។

លោក​បន្តថា​៖ «​ជាមួយ​នឹង​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​វា​ក៏​បង្ហាញ​ផងដែរ​នូវ​ផលិតផល​របស់​យើង​មកពី​តាម​បណ្ដា​ខេត្ត​នានា​ដល់​ប្រជាជន​ក្នុង​ស្រុក​របស់​យើង ព្រមទាំង​ផលិតផល​នាំចេញ​របស់​យើង​។ ជាមួយ​គ្នា​នេះ​ដែរ ប្រជាជន​របស់​យើង​ក៏​នឹង​មើលឃើញ​ផលិតផល​នាំចូល​ដែល​មាន​គុណភាព​ខ្ពស់​ផងដែរ​»​។

យោង​តាម​លោកនាយក​រដ្ឋមន្ដ្រី​ដោយ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព ប្រទេស​កម្ពុជា​បាន​ធ្វើ​សមាហរណកម្ម​យ៉ាងសកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​ក៏បាន​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​យើង​លើ​គ្រប់​វិស័យ​ផងដែរ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម​កំពុង​រួមចំណែក​យ៉ាងច្រើន​ដល់​ការបង្កើត​ការងារ​ដល់​ប្រជាជន ព្រម​ទាំង​រួមចំណែក​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការនាំចេញ​ទំនិញ និង​សេវាកម្ម​ទៅកាន់​ប្រទេស​ ១៤២ នៃ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​នាំចូល​ទាំង​ទំនិញ និង​សេវាកម្ម​ពី​ប្រទេស ១៣៥ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ដែល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​អន្តរជាតិ​ដែល​សម្រេច​បាន​ជាង ៣០ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨»​។

លោកនាយក​រដ្ឋមន្ដ្រី​បន្ថែមថា​៖ «​ខ្ញុំ​សង្ឃឹមថា ដោយមាន​ពិព័រណ៍​នេះ​ពាណិជ្ជករ វិនិយោគិន នឹង​យល់ និង​រៀនសូត្រ​កាន់តែ​ច្រើន​អំពី​ឱកាស​វិនិយោគ និង​អាជីវកម្ម​នៅ​កម្ពុជា​សម្រាប់​ការស្វែងរក​ការវិនិយោគ​ណាមួយ និង​ការធ្វើ​អាជីវកម្ម​នៅទីនេះ​»៕ LA