ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបានស្នើសុំកម្ចីចំនួន ៦៥ លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) របស់ប្រទេសចិន ដើម្បីស្ដារសមត្ថភាពផលិតភាពជនបទឡើងវិញ និងគាំទ្ររដ្ឋាភិបាលក្នុងការឆ្លើយតបវិបត្តិជំងឺកូវីដ ១៩។
សេចក្ដីប្រកាសព័ត៌មានធនាគារ AIIB ក្នុងពេលកន្លងទៅថ្មីៗនេះបានឲ្យដឹងថា គម្រោងនេះមានបំណងចម្បងដើម្បីស្ដារសមត្ថភាពផលិតភាពជនបទឡើងវិញ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុនៅក្នុងតំបន់ជនបទដែលជាទិសដៅចង់បានរបស់កម្ពុជា។
ការស្នើសុំផ្ដល់ជំនួយហិរញ្ញវត្ថុនេះគឺស្ថិតក្រោម «កម្មវិធីជាតិស្ដារសមត្ថភាពផលិតភាពជនបទឡើងវិញ» ដែលមានទឹកប្រាក់សរុបចំនួន ៦៥ លានដុល្លារ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ដារវិបត្តិជំងឺកូវីដ ១៩ ឡើងវិញរបស់ធនាគារ AIIB ដែលប្រើប្រាស់មូលនិធិពិសេស (SFW) ដែលមានអត្រាការប្រាក់ជាលក្ខណៈសម្បទាន។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា៖ «ការឆ្លើយតបសារពើពន្ធរបស់រដ្ឋាភិបាល បានគាំទ្រដោយដៃគូអភិវឌ្ឍន៍ មិនទុកមូលនិធិច្រើន ដើម្បីស្ដារឡើងវិញសមត្ថភាពផលិតភាពនៃតំបន់ជនបទ ដែលស្រូបយកជនចំណាកស្រុកវិលត្រឡប់មកវិញមិនមានការងារធ្វើ»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ដោយលោកយល់ថា រដ្ឋាភិបាលមានការប្រយ័ត្នប្រយែងល្អក្នុងការទទួលកម្ចីពីស្ថាប័នអន្តរជាតិ ដែលអាចមានលទ្ធភាពខ្ចីបន្ថែមដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ត្រឲ្យកាន់តែរីកចម្រើន។
លោកថ្លែងថា៖ «ខ្ញុំសង្កេតឃើញថាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើងមិនទាន់ឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិកផលរបស់ពួកគាត់ទៅកាន់ទីផ្សារនោះទេ ដូច្នេះកម្ចីនេះនឹងផ្តល់លទ្ធភាពថែមទៀតឲ្យរដ្ឋាភិបាលអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទឲ្យកាន់តែមានប្រសិទ្ធភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនាពេលកន្លងមកថា ការបង្កើតធនាគារ AIIB របស់ចិននឹងផ្តល់ជាជម្រើសបន្ថែមទៀតដល់ប្រទេសទាំងឡាយក្នុងការអភិវឌ្ឍប្រទេស ស្របជាមួយនឹងការបង្កើតនូវមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវ ១ ខ្សែក្រវាត់ ១ ដែលនឹងដើរតួនាទីដ៏សំខាន់។
លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖ «ការបង្កើតធនាគារ AIIB គឺជាការបំពេញបន្ថែមទៅលើស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារពិភពលោក (WB) និងធនាគារអភិវិឌ្ឍន៍អាស៊ី (ADB) ជាដើម។ ខ្ញុំយល់ឃើញថា ធនាគារ AIIB នឹងមិនប្រកួតប្រជែងដើម្បីទៅដណ្តើមអំណាចពីស្ថាប័នណាមួយនោះទេ ប៉ុន្តែធនាគារនេះបង្កើតឡើងដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការទុននៃបណ្តាប្រទេសទាំងឡាយណាយកមកអភិវឌ្ឍ»។
ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបង្កើនថវិកាវិនិយោគសាធារណៈចំនួន ១,៤ ពាន់លានដុល្លារ លើការសាងសង់ និងការស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ដោយកើនឡើង ១១៧,៩ ភាគរយ ធៀបនឹងការចំណាយកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមច្បាប់ថវិកាជាតិឆ្នាំ ២០២០។
កម្ពុជាត្រូវការថវិកាជាង ១៣ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រឹមឆ្នាំ ២០២០ ដើម្បីទាក់ទាញការវិនិយោគបរទេស។ ក្នុងចំណោមនោះកម្ពុជាមានតម្រូវការប្រហែល ១,២ ពាន់លានក្នុងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធក្នុង ១ ឆ្នាំក្នុងនោះពាក់កណ្ដាលនឹងចំណាយលើគម្រោងថ្មីៗ និងពាក់កណ្ដាលផ្សេងទៀតសម្រាប់ការថែទាំ។
រដ្ឋាភិបាលនឹងខ្ចីមូលនិធិអន្តរជាតិ ២ ពាន់លានដុល្លារនៅឆ្នាំនេះ។ នេះបើយោងតាមច្បាប់ថវិកាជាតិឆ្នាំ ២០២០។
គិតត្រឹមខែមិថុនាឆ្នាំ ២០២០ កម្ពុជាមានបំណុលសាធារណៈចំនួន ៧,២ ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២០។
កាលពីចុងឆ្នាំ ២០១៨ បំណុលជាតិត្រូវបានជំរុញភាគច្រើនតាមរយៈកម្ចីសម្បទានទ្វេភាគី និងពហុភាគី ភាគច្រើនមកពីប្រទេសចិន។
តាំងពីការចាប់ផ្ដើមប្រតិបត្តិការកាលពីឆ្នាំ ២០១៦ ធនាគារ AIIB នេះបានពង្រីកសមាជិកភាពរបស់ខ្លួនដល់ ១០៣ ប្រទេស ហើយបានអនុម័តគម្រោងកម្ចី ៤៩ មានតម្លៃសរុបចំនួន ១៩,៩៨ ពាន់លានដុល្លារ៕ LA