ភ្នំពេញៈ ការនាំចេញចេកអំបូងលឿងពីកម្ពុជា ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេស ចិន អាចនឹងចាប់ផ្តើមជាផ្លូវការនៅចុងខែក្រោយ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងនាំចេញទៅប្រទេស ចិន ដោយត្រូវឆ្លងកាត់តាមប្រទេស វៀតណាម។ នេះបើយោងតាមលោក ហ៊ុន ឡាក់។
កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងលើពិធីសារស្តីពីការនាំចេញចេកកម្ពុជាទៅកាន់ប្រទេស ចិន កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៨។
ក្រុមហ៊ុន Longmate Agriculture Co., Ltd បានវិនិយោគទឹកប្រាក់ ៣២ លានដុល្លារលើការដាំចេកអំបូងលឿងលើផ្ទៃដីជាង ១ ពាន់ ហិកតា ក្នុងស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នក្រុមហ៊ុនកំពុងវិនិយោគក្នុងដំណាក់កាលទី ១ ដោយដាំចេកលើផ្ទៃដីទំហំ ៤០០ ហិកតា។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd បានឲ្យដឹងថា ចេកអំបូងលឿងរបស់ក្រុមហ៊ុនលោកបាននាំទៅប្រទេស ចិន ជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី ៨ ខែមករាមក ប៉ុន្តែក្នុងដំណាក់កាលដំបូងនេះ ការនាំចេញត្រូវឆ្លងកាត់ប្រទេស វៀតណាម ជាមុនសិន។
លោកបន្តថា បើទោះបីជាចេកនាំចេញរបស់យើងបានគោរពតាមស្តង់ដារអនាម័យ និងបានវេចខ្ចប់តាមភាគីប្រទេស ចិន តម្រូវក៏ដោយក៏ការនាំចេញជាផ្លូវការមិនទាន់ធ្វើបាននោះទេនាពេលនេះ ដោយត្រូវរង់ចាំអាជ្ញាធរចិនមកពិនិត្យជាលើកចុងក្រោយសិន។
លោកបានថ្លែងថា៖ «តាមព័ត៌មានក្រុមការងាររបស់ប្រទេស ចិន នឹងមកប្រទេស កម្ពុជា បន្ទាប់ពីបុណ្យចូលឆ្នាំចិនរួចរាល់ ដូច្នេះខ្ញុំគិតថា សម្រាប់ការនាំចេញពីកម្ពុជាដោយផ្ទាល់ទៅចិន អាចនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខ»។ បើតាមលោក ឡាក់ បែបបទ និងលក្ខខណ្ឌតម្រូវគឺភាគីចិនបានឯកភាពរួចរាល់ហើយ។
បច្ចុប្បន្ន ក្នុង ១ ថ្ងៃ ក្រុមហ៊ុន Longmate Agriculture Co.,Ltd បាននាំចេញចេកទៅប្រទេស ចិន ពី ១ ទៅ ២ កុងតឺន័រ ជារៀងរាល់ថ្ងៃ។
សម្រាប់តម្លៃ លោក ហ៊ុន ឡាក់ មិនបានប្រាប់ឲ្យដឹងនោះទេ ដោយលោកគ្រាន់តែនិយាយថា «អាចទទួលយកបាន»។
ចេកអំបូងលឿងជាប្រភេទចេក ដែលមានភាពធន់ជាមួយការដឹកជញ្ជូនមិនងាយទុំជោរ និងមានសម្បកក្រាស់។ ចេកប្រភេទនេះអាចផ្តល់ផលពី ៦០-៧៣ តោនក្នុង ១ ហិកតាក្នុង ១ ឆ្នាំ ដែលគេអាចប្រមូលផល ៣ ដងក្នុងរយៈពេល ២ ឆ្នាំ។
ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្មកាលពីត្រីមាសទី ៣ ឆ្នាំ ២០១៨ បានឲ្យដឹងថា នៅកម្ពុជាមានកសិដ្ឋានដាំចេកអំបូងលឿងធំៗចំនួន ៣ ខេត្តគឺខេត្តរតនគិរី ក្រចេះ និងខេត្តកំពត ដោយមានផ្ទៃដីសរុបចំនួន ៤ ៩៩៦ ហិកតាកំពុងដាំចេកអំបូងលឿងសម្រាប់នាំចេញ៕LA