ភ្នំពេញ៖ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការនឹងធ្វើឡើងនៅចុងខែមេសានេះ បន្ទាប់ពីការឆ្លងកាត់ការធ្វើតេស្តសាកល្បង និងឆ្លងកិច្ចព្រមព្រៀងយ៉ាងល្អិតល្អន់។ នេះបើយោងតាមអ្នកប្រកបអាជីវកម្មក្នុងវិស័យនាំចេញកសិកម្ម។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែលនឹងនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនបានអះអាងថា ក្រុមហ៊ុនលោកនឹងនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិននៅចុងខែមេសានេះ តាមកប៉ាល់ផ្លូវសមុទ្រ។ ទោះបីយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ពីបរិមាណនាំចេញក្នុងគ្រាដំបូងនេះទេ។
លោកបានបន្តទៀតថា ការនាំចេញលើកនេះ ភាគីចិនមិនកំណត់ចំនួននោះទេ ពោលគឺឲ្យតែមានគុណភាពតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន ប៉ុន្តែអ្វីដែលនាំឲ្យលោកព្រួយបារម្ភនោះគឺ ស្វាយដែលដាំដុះ និងថែទាំដោយប្រជាកសិករខ្មែរកន្លងមកមិនត្រូវតាមស្តង់ដាដែលកំណត់ដោយភាគីប្រទេសនាំចូលនោះទេ។
លោកបញ្ជាក់ថា៖ “ខ្ញុំជឿថា ផលិតផលស្វាយស្រស់ដែលថែទាំកន្លងមក ភាគច្រើនមិនត្រូវតាមស្តង់ដាដែលគេតម្រូវនោះទេ”។
ក្នុងខែមិថុនា ឆ្នាំ ២០២០ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដោយអាចនាំចេញស្វាយស្រស់ ៥០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។
បន្ទាប់ពីមានកិច្ចព្រមព្រៀងនេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានតម្រូវឲ្យម្ចាស់កសិដ្ឋានដំណាំស្វាយចុះបញ្ជី ដើម្បីត្រួតពិនិត្យគុណភាពសម្រាប់នាំចេញ ហើយក្រោយមកភាគីចិន បានទទួលស្គាល់ក្រុមហ៊ុននឹងកសិដ្ឋានខ្លះដែលអាចនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិន។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយ ១២៤ ៣១៩ ហិកតា ផ្តល់ផលជាមធ្យម ១៥,៥ តោន ក្នុង ១ ហិកតា សម្រាប់ ១ រដូវកាល ខណៈ ១ ឆ្នាំគេអាចប្រមូលផលបាន ២ ដង៕