ភ្នំពេញៈ ការសិក្សាពីសមិទ្ធិលទ្ធភាពលើការសាងសង់ព្រលានយន្តហោះថ្មីមួយក្នុងខេត្តស្ថិតនៅភាគឦសានប្រទេស កម្ពុជា នឹងត្រូវដំណើរការនៅឆមាសទី២ ឆ្នាំនេះ ដើម្បីត្រួសត្រាយផ្លូវឲ្យមានការវិនិយោគពីវិស័យឯកជន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងទេសចរណ៍កាលពីម្សិលមិញ។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីផែនការនេះត្រូវបានអនុម័តកាលពីសប្ដាហ៍មុនក្នុងកិច្ចប្រជុំដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ការសិក្សាពីការសាងសង់ព្រលានយន្តហោះថ្មីតូចមួយនៅខេត្តមណ្ឌលគិរី នឹងត្រូវចំណាយពេល ៦ ខែ ហើយផែនការនេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តភាគឦសានមួយនេះ ដែលមានសក្ដានុពលសម្រាប់អេកូទេសចរណ៍ និងជាទិសដៅមួយក្នុងចំណោមទិសដៅទេសចរណ៍ជាច្រើនដែលគ្មានព្រលានយន្តហោះ។
លោកបានថ្លែងថា៖ «ខេត្តមណ្ឌលគិរីមានសក្ដានុពលទេសចរណ៍ ប៉ុន្តែយើងមិនអាចតភ្ជាប់តាមផ្លូវអាកាសនោះទេរហូតមកដល់ពេលនេះ»។
លោកបន្តថា៖ «ដូច្នេះប្រសិនបើយើងមានព្រលានយន្តហោះ វានឹងផ្ដល់ជម្រើសកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរ ដោយសារតែវានឹងសន្សំពេលវេលាបានច្រើន និងអាចចូលទៅកាន់ប្រទេសជិតខាងបានដោយងាយស្រួល»។
លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងប្រមូលព័ត៌មានទាំងអស់ ដើម្បីគាំទ្រផែនការមេនេះ។
លោកបញ្ជាក់ថា៖ «បើយើងសម្លឹងមើលទៅទីផ្សារព្រលានយន្តហោះ ទិសដៅទេសចរណ៍ក្នុងប្រទេសមានហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះរបស់ខ្លួន ដូច្នេះខេត្តមណ្ឌលគិរី គឺជាទិសដៅទេសចរណ៍មួយដែរ ដែលគួរតែមានហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះប្រកបដោយសក្ដានុពល»។
លោកបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសិក្សាពីសមិទ្ធិលទ្ធភាពលើការសាងសង់ព្រលានយន្តហោះនេះនៅចុងឆ្នាំនេះ វានឹងជាឱកាសមួយសម្រាប់វិនិយោគិនក្នុងការវិនិយោគលើគម្រោងនេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានស្វាគមន៍ចំពោះដំណឹងអំពីការសិក្សាពីការសាងសង់ព្រលានយន្តហោះនេះ។ ប៉ុន្តែលោកស្រីលើកឡើងថា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក្នុងពេលនេះក្រសួងទេសចរណ៍គួរតែផ្ដោតការយកចិត្តទុកដាក់លើសម្ភាររូបវន្តទេសចរណ៍ផ្សេងទៀតវិញ។
លោកស្រីមានប្រសាសន៍ថា៖ «រដ្ឋាភិបាលគួរតែផ្ដោតការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នានាដូចជា បញ្ហាកង្វះសណ្ឋាគារ និងភោជនីយដ្ឋាន និងកង្វះសម្ភាររូបវន្តកម្សាន្ត ខណៈដែលពួកគេកំពុងសិក្សាផែនការព្រលានយន្តហោះនេះ»។
លោកស្រីបន្តថា៖ «ប្រសិនបើយើងមានព្រលានយន្តហោះ ខណៈដែលសម្ភាររូបវន្តទេសចរណ៍របស់យើងនៅមានកង្វះខាតនោះ នៅពេលនោះវានឹងគ្មានប្រយោជន៍ក្នុងការមានព្រលានយន្តហោះ»។
បច្ចុប្បន្ន កម្ពុជាមានព្រលានយន្តហោះចំនួន ៣ ដែលស្ថិតនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ៦,២ លាននាក់ កាលពីឆ្នាំមុន កើនឡើង ១០,៧ ភាគរយធៀបនឹងឆ្នាំ ២០១៧ និងរកប្រាក់បាន ៤,៣ ពាន់លានដុល្លារ កើនឡើង ២០ ភាគរយ។ ភ្ញៀវទេសចរក្នុងស្រុកកើនឡើងដល់ ១១ លាននាក់កាលពីឆ្នាំមុន កើន ១,៨ ភាគរយធៀបនឹងឆ្នាំ ២០១៧ ហើយភ្ញៀវទេសចរចេញទៅកម្សាន្តក្រៅប្រទេសកើនដល់ ២ លាននាក់ កើនឡើង ១៤ ភាគរយ៕ LA