ក្រុង​ហ្សឺណែវៈ អង្គការ​សហ​ប្រជាជាតិ​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ដាក់​ពាក្យ​សុំ​ប៉ាតង់​អន្តរជាតិ​ទូទាំង​ពិភព​លោក​កាល​ពី​ឆ្នាំ ​២០១៨ ជាង​ពាក់​កណ្ដាល​ បាន​មក​ពី​​ប្រទេស​នៅ​តំបន់​អាស៊ី ដែល​​នេះ​ជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​នវានុវត្តន៍​បន្ថែម​ទៀត​​ពី​ខាង​លិច​ទៅ​ខាង​កើត។​

ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​បំផុត​នៃ​ការ​ដាក់​ពាក្យ​សុំ​ប៉ាតង់​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភព​លោក (WIPO)​ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ប្រទេស​ដែល​ឈាន​មុខ​គេ​សម្រាប់​​ការ​ដាក់​ពាក្យ​សុំ​កាល​ពី​ឆ្នាំ ​២០១៨។​

ប៉ុន្តែ​ដោយ​ឈរ​លើ​មូលដ្ឋាន​គេ​ឃើញ​ថា ក្នុង​​តំបន់​អាស៊ី​ បាន​បន្ត​​ការ​កើន​ឡើង​ជា​លំដាប់​។​

លោក​ Francis Gurry អគ្គ​នាយក​របស់​ទីភ្នាក់​ងារ​មួយ​នេះ បាន​ឲ្យ​ដឹង​​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​នៅ​ពេល​នេះ​ប្រទេស​​ក្នុង​ទ្វីប​អាស៊ី​ គឺ​ជា​អ្នក​ដាក់​ពាក្យ​សុំប៉ាតង់​អន្តរជាតិ​ភាគ​ច្រើន​ តាមរយៈ​ WIPO ដែល​នេះ​គឺ​ជា​របត់​​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់​មួយ​សម្រាប់​តំបន់​ថាមពល​​​សេដ្ឋកិច្ច​មួយ​នេះ និង​បាន​គូស​បញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​​ភូមិសាស្ដ្រ​ជា​ប្រវត្តិសាស្ដ្រ​នៃ​សកម្មភាព​នវានុវត្តន៍ ពី​ខាង​លិច​ទៅ​ខាង​កើត»។

ប្រព័ន្ធ​មាន​ភាព​ស្មុគស្មាញ​របស់​ WIPO នៃ​ការ​ចុះ​បញ្ជិការ​ប៉ាតង់​អន្តរជាតិ​មាន​ការ​ពាក់ព័ន្ធ​នឹង​ផ្នែក​ជា​ច្រើន។​

នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់​នេះ​សន្ធិសញ្ញា​កិច្ច​សហ​ប្រតិបត្តិការ​ប៉ាតង់ ​នេះ​ សហរដ្ឋ​អាមេរិក​បាន​នាំ​មុខ​គេ​ជា​មួយ​នឹង​ពាក្យ​សុំ​ចំនួន​ ៥៦- ១៤២ បន្ទាប់​មក​ប្រទេស​ ​ចិន ​ដែល​មាន​ចំនួន ៥៣ ៣៤៥ និង​ប្រទេស ​ជប៉ុន ​មាន​ចំនួន​ ៤៩- ៧០២ ប៉ាតង់។​

ប្រទេស ​អាល្លឺម៉ង់ ជាប់​ចំណាត់​​ថ្នាក់​ទី​៤ និង​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ ទី​៥ ដោយ​ប្រទេស​នីមួយៗ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ២ នេះ​មាន​ការ​ដាក់​ពាក្យ​សុំ​ជាង​ ២០ ​០០០ ប៉ាតង់​។

ប្រទេស​ឥណ្ឌា បាន​ចុះ​បញ្ជិការ នវានុវត្តន៍​ឈាន​មុខ​គេ​កាល​ពី​ឆ្នាំ​មុន។ ការ​ដាក់​ពាក្យ​សុំ​ប៉ាតង់ បាន​​កើន​ឡើង​ជាង​ ២៧ ​ភាគរយ​ បើ​ធៀប​នឹង​ចំនួន​ ១ ៥៨៣​ កាល​ពី​ឆ្នាំ ​២០១៧ ដែល​មាន​រហូត​ដល់ ​២ ០១៣។​

Huawei ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​របស់​ចិន បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ចំនួន​ការ​ដាក់​ពាក្យ​សុំ​ប៉ាតង់​​ក្នុង​រយៈពេល​ ១ ​ឆ្នាំ មាន​ចំនួន ​៥ ៤០៥ ប៉ាតង់​៕ AFP/LA