ភ្នំពេញៈ ប្រាក់​ចំណូល​សរុប​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ ​(PPAP) ​​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ នៅ​ក្នុង​ត្រី​មាស​ទី ​១ ​ឆ្នាំ​ ២០១៨ ​មាន​ចំនួន​ជាង​ ៤,៧​ លាន​ដុល្លារ ​ដែល​ចំណូល​ភាគ​ច្រើន​បាន​មក​ពី​សេវា​លើក​ដាក់​ទំនិញ​លើ​ទីលាន (ជាង​ ១,៥​ លាន​ដុល្លារ)​ និង​ សេវា​លើក​ដាក់​ក្រោម​​ដង​យោង​ដែល​មាន​ជាង​ ១,៩​ លាន​ដុល្លារ​។ ​នេះ​បើ​​តាម​របាយ​ការណ៍​​មិន​​ទាន់​ធ្វើ​សវន​កម្ម​ចេញ​ផ្សាយ​លើ​ផ្សារ​ហ៊ុន​ នៅ​ថ្ងៃ​នេះ។

របាយ​ការណ៍​បង្ហាញ​ថា ​ចំណូល​របស់​កំពង់​ផែ​ សរុប​បាន​មក​ពី​ប្រភព​សេវា​ចំនួន ​១៤ ។​

របាយ​ការណ៍​បង្ហាញ​ថា ​ចំណូល​នៅ​ខែ​មីនា​ ទទួល​បាន​ ១,៦​ លាន​​ដុល្លារ​។ ​ទោះ​បី​យ៉ាង​នេះ​ក្តី​របាយ​ការណ៍​មិន​បាន​បង្ហាញ​តួលេខ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​ ២០១៧​ ទេ​ ប៉ុន្តែ​ធ្លាក់​ចុះបន្តិច​ បើ​ធៀប​នឹង​​ត្រីមាសទី​ ៤​ ឆ្នាំ​ ២០១៧ ​​ដែល​កំពង់​ផែ​នេះ​រក​ចំណូល​បាន​សរុប​ ៤,៨ ​លាន​ដុល្លារ​។

កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ ​(PPAP) គឺ​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ​ទី​ពីរ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ដែល​មិន​សូវ​សកម្ម។

ភាគ​ហ៊ុន​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញពុំ​មាន​ការ​ជួញ​ដូរ​ទេ​គិត​ត្រឹម​ម៉ោង​ ៣​ រសៀល​ថ្ងៃ​នេះ ​និង​បាន​រក្សា​តម្លៃ​​ជួញ​ដូរ​ ៥​ ៣០០​រៀលក្នុង​មួយ​ភាគ​ហ៊ុន៕